ខេត្តកំពង់ចាម ៖ ផ្លូវដីបែកភក់ក្នុងរដូវវស្សា ពិបាកក្នុងការធ្វើដំណើរ ស្ថិតនៅក្នុងភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម តភ្ជាប់ទៅឃុំរអាង ស្រុកកំពង់សៀម ដែលត្រូវបានទឹកភ្លៀងជន់លិចហូរកាត់ផ្លូវ។ ពេលនេះត្រូវបាន ឯកឧត្តមអ៊ុនចាន់ដា អភិបាលខេត្ត រួមនឹងស្ថាប័នជំនាញ គិតគូរខ្ពស់ដោយប្រែក្លាយទៅជាផ្លូវបេតុង នឹងរៀបចំដាក់ប្រព័ន្ធលូ ដើម្បីអោយមានសោភ័ណភាពងាយស្រួលប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅវិញទៅមក។

សមិទ្ធផលថ្មីនេះ ត្រូវបានប្រជាពលរដ្ឋនាំគ្នាអបអរសាទរចំពោះអាជ្ញាធរដែនដីដែលយកចិត្តទុកដាក់ពីការលំបាករបស់ពួកគាត់។
លោក ខ្យង អូន ចៅសង្កាត់បឹងកុក មានប្រសាសន៍ឲ្យដឹងថា ឆ្លៀតពេលវេលាដ៏មានតម្លៃ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តអមដំណើរដោយស្ថាប័នជំនាញនាព្រឹកថ្ងៃទី៥ សីហា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ផ្លូវបេតុងនៅភូមិបឹងកុកទី២ ដែលកំពុងតែដំណើរការសាងសង់ទាន់ពេលវេលាមុនរដូវទឹកទន្លេនៅក្រុងឡើងមកដល់។

លោកចៅសង្កាត់បឹងកុក មានប្រសាសន៍បន្តថា ជាមួយនោះ អាជ្ញាធរខេត្តបានអញ្ជើញដើរពិនិត្យផ្លូវតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ជាមួយនោះប្រសិនបើមានផ្ទះណាមួយដែលរកផលប៉ះពាល់បន្តិចបន្តួច សូមឱ្យមានការយោគយល់ ដើម្បីឲ្យដំណើរការសាងសង់ផ្លូវបេតុងបានប្រព្រឹត្តទៅដោយរលូន។
គួររំលឹកថា ក្នុងឆ្នាំ២០២០ កន្លងទៅ ឯកឧត្តមអភិបាលខេត្ត បានអញ្ជើញចុះមកពិនិត្យដោយផ្ទាល់ត្រង់ទីតាំងដែលមានលំនៅដ្ឋានប្រជាពលរដ្ឋជាច្រើនខ្នងត្រូវបានទឹកលិចចូលក្នុងផ្ទះ និងហូរកាត់ផ្លូវ ដោយទឹកត្រឹមជង្គង់មនុស្សចាស់ដើម្បីទៅជួបផ្ទាល់ជាមួយនឹងប្រជាពលរដ្ឋ។

ជាមួយនោះអភិបាលខេត្ត បានដាក់ផែនការយកគ្រឿងចក្រមកកាយដីដើម្បីសង្គ្រោះទឹកភ្លៀងដែលហូរច្រើនមកពីតំបន់លើឲ្យហូរចូលទៅបឹងកុកវិញ។ ក្រោមការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត បានរៀបចំគម្រោងផ្លូវដើម្បីដាក់ប្រព័ន្ធលូរំដោះទឹក ។ លុះមកដល់ពេលវេលាតាមការកំណត់ ក្រុមការងារបានឱ្យគ្រឿងចក្រ ព្រមទាំងកម្មករជាច្រើននាក់ ដើម្បីរៀបចំផ្លូវបេតុងមួយខ្សែ ដែលមានប្រវែងប្រមាណ១៥០០ម៉ែត្រ។ មិនយូរ ផ្លូវបេតុងនេះនឹងសាងសង់រួចរាល់ជាស្ថាពរហើយ ហើយនឹងធ្វើឲ្យប្រជាពលរដ្ឋមួយផ្នែកនៃក្រុងកំពង់ចាម និងស្រុកកំពង់សៀម ងាយស្រួលធ្វើដំណើរដឹកកសិផលមកកាន់ទីផ្សារដោយឆាប់រហ័ស និងមិនពិបាកដូចកាលពីមុនទៀតឡើយ។

លោក ខ្យង អូន ចៅសង្កាត់បឹងកុក គូសបញ្ជាក់ថា ក្នុងពេលដែលផ្លូវបេតុងមួយខ្សែថ្មីស្រឡាងនេះសាងសង់រួចរាល់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ស្នើដល់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវទាំងអស់ ត្រូវនាំគ្នាថែរក្សាធ្វើយ៉ាងណាប្រើប្រាស់ឲ្យបានយូរអង្វែង ហើយរថយន្តធុនធ្ងន់ក៏ត្រូវមិនអនុញ្ញាតឲ្យដឹងលើសទម្ងន់ដែរ ដើម្បីចៀសវាងកុំឱ្យខូចផ្លូវ។ ក្នុងនាមអាជ្ញាធរសង្កាត់បឹងកុក រួមជាមួយនឹងប្រជាពលរដ្ឋ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមអភិបាលខេត្ត ដែលជានិច្ចកាលតែងតែគិតគូរជួយដល់ប្រជាពលរដ្ឋមិនថានៅទីក្រុង ឬជនបទដូចទេ៕









ចែករំលែកព័តមាននេះ