ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ថ្លើមធំ​! ហ៊ាន​ក្លែង​លិខិត​ចាត់តាំង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​!

2 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ មានការ​ផ្សព្វផ្សាយ​នូវ​លិខិត​ឧទ្ទេសនាម ក្លែងក្លាយ​មួយ កំណត់​តែងតាំង​សមាសភាព​ជន ៣​នាក់ ដើម្បី​ចុះ​បំពេញបេសកកម្ម​កសាង​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងករណី​ពិសេស នៅតាម​ស្រុក​ក្នុង​ខេត្ត​ទាំង ៥ រួមមាន​៖…

​ភ្នំពេញ​៖ មានការ​ផ្សព្វផ្សាយ​នូវ​លិខិត​ឧទ្ទេសនាម ក្លែងក្លាយ​មួយ កំណត់​តែងតាំង​សមាសភាព​ជន ៣​នាក់ ដើម្បី​ចុះ​បំពេញបេសកកម្ម​កសាង​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងករណី​ពិសេស នៅតាម​ស្រុក​ក្នុង​ខេត្ត​ទាំង ៥ រួមមាន​៖ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ខេត្ត​ប៉ៃលិន និង​ខេត្តបន្ទាយមានជ័យ​។ លិខិត​ឧទ្ទេសនាម​នេះ អះអាងថា មាន​លោក សាន ភឿង ជា​ប្រធាន​ក្រុមការងារ ចុះ​កសាង​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងករណី​ពិសេស ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។​

​យ៉ាងណាក៏ដោយ នៅ​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២១ គណបក្ស​ប្រជាជន​កម្ពុជា តាមរយៈ​លោក ម៉ម សារិន ប្រធាន​ខុទ្ទកាល័យ នៃ​គណៈកម្មាធិការ​កណ្តាល បានចេញ​លិខិត ជម្រាបជូន​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ខេត្ត ក្រសួង ស្ថាប័ន ឲ្យ​ជ្រាបថា ថ្មីៗ​នេះ មាន​ជន​ក្លែងបន្លំ​មួយក្រុម បានចេញ​លិខិត​ឧទ្ទេសនាម ដោយ​ប្រើ​រូប​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា និង​យកឈ្មោះ​ជា «​កម្លាំង​សហប្រតិបត្តិ​ការកសាង​សមាជិក​គណបក្ស ជូន​សម្តេច​តេ​ជោ​»​។ ក្រុម​នេះ បាន​ទៅទាក់ទង តាម​ខេត្ត​មួយចំនួន​រួចហើយ ដើម្បី​សុំ​ចុះ​បំពេញបេសកកម្ម​កសាង​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងករណី​ពិសេស​។​

​ចំពោះ​ករណីនេះ ខុទ្ទកាល័យ​នៃ​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា សូម​ច្រានចោល​ទាំងស្រុង​នូវ​សកម្មភាព​ល្មើស​ខាងលើនេះ ព្រោះ​ខុសពី​គោលការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ក្រុម​នេះ ពុំមាន​ការចាត់តាំង​ចេញពី​អង្គការ​ចាត់តាំង​ណាមួយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ​។​

​ខុទ្ទកាល័យ​គណបក្ស​ប្រជាជន​កម្ពុជា ក៏បាន​ជម្រាបជូន​គណៈកម្មាធិកា​រ​គណបក្ស​ប្រជាជន​កម្ពុជា រាជធានី ខេត្ត ក្រសួង ស្ថាប័ន ធ្វើការ​តាមដាន ត្រួតពិនិត្យ និង​ស្នើសុំ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ជា​ធរមាន​។​

​ករណី​ក្លែងបន្លំ​នេះ ត្រូវបាន​លោកស្រី បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បានប្រកាស​តាម​ហ្វេ​ស​ប៊ុ​កនូវ​លិខិត​ក្លែងបន្លំ និង​លិខិត​បដិសេធ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​សរសេរថា «​មាន​ជនក​ក្លែងបន្លំ ចេញ​លិខិត​ឧទ្ទេសនាម ជា​ក្រុមការងារ​សហប្រតិបត្តិ​ការ​ករណី​ពិសេស ជូន​សម្តេច​តេ​ជោ​។ ប៉ៃលិន ធ្លាប់​ជួប​ហើយ តែ​ទៅ​អត់​រួច ចូល​ទ្រុង​»។

យ៉ាងណាក៏ដោយ ក្រុមជន​ក្លែងបន្លំទាំងនោះ មិនត្រូវបាន​គេបង្ហាញថា ចាប់ខ្លួនបាន នាំទៅកាត់ទោស និងថតបង្ហោះ​សាធារណជន ដោយភ្ជាប់នឹងលិខិត​ក្លែងក្លាយ និងលិខិតបដិសេធ​របស់​គណបក្សប្រជាជនកម្ពុជា នៅឡើយទេ៕