ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​​​នៅ​ផ្សារ​ក្តាម​រាប់រយ​នាក់ ស្ម័គ្រចិត្ត​ទៅ​ធ្វើតេស្ត​​​​រក​មេរោគ​កូ​វី​ដ​១៩

2 ឆ្នាំ មុន
  • កែប

ក្រុម​អាជីវករ​លក់​គ្រឿង​សមុទ្រ​នៅ​ផ្សារ​ក្ដាម ក្រុងកែប កាលពី​ព្រឹក​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២១ បាន​ស្ម័គ្រចិត្ត​ទៅ​ធ្វើ​សំណាក​ខ្លួនឯង​នៅ​ជាប់​នឹង​កន្លែង​លក់​ក្ដាម និង​លក់​គ្រឿង​សមុទ្រ​ផ្សេង​ៗ​ទៀត

ខេត្ត​កែប ៖ ក្រុម​អាជីវករ​លក់​គ្រឿង​សមុទ្រ​នៅ​ផ្សារ​ក្ដាម ក្រុងកែប កាលពី​ព្រឹក​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២១ បាន​ស្ម័គ្រចិត្ត​ទៅ​ធ្វើ​សំណាក​ខ្លួនឯង​នៅ​ជាប់​នឹង​កន្លែង​លក់​ក្ដាម និង​លក់​គ្រឿង​សមុទ្រ​ផ្សេង​ៗ​ទៀត​។

ហើយ​នៅ​ក្រោម​អាកាសធាតុ​កំពុង​តែ​មាន​ភ្លៀងរលឹម​ក្នុង​ព្រឹក​ថ្ងៃ​ទី​៥ ខែសីហា​នេះ ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប អមដំណើរ​លោកស្រី ទិ​ត សុខា អភិបាល​ក្រុងកែប និង​លោក ម៉ែ​ន សុធី ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កែប​ផង​ដែរ​។

បើ​តាម​លោក​សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​មាន​ប្រសាសន៍​ថា នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ក្រុម​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ក្ដាម ក៏​ដូច​ជា​អ្នកលក់​ក្ដាម មាន​ឆន្ទៈ​ដោយ​ខ្លួនឯង​ចូល​ទៅ​អោយ​ក្រុម​គ្រូពេទ្យ​យក​សំណាក​ធ្វើតេស្តរ​ហ័យ​លើ​ក្រុម​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ក្ដាម​ដែល​មាន​មនុស្ស​ចំនួន​២០០​នាក់ ហើយ​ការ​ធ្វើតេស្ត​នេះ​គឺ​មាន​រយៈពេល​២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​៥ ខែសីហា រហូត​ដល់​ថ្ងៃ​ទី​៦ ខែសីហា ឆ្នា​២០២១ ។

លោក សោម ពិសិដ្ឋ បាន​មាន​ប្រសាសន៍​ថា ចាប់តាំងពី​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩​មក ដោយឡែក​នៅ​ខេត្ត​កែប ដែល​ជា​កន្លែង​ទេសចរណ៍​ដ៏​សំខាន់​មួយ​នេះ បើ​គិត​មក​ដល់​ថ្ងៃ​ទី​៥ ខែសីហា នេះ គឺ​មាន​ពលរដ្ឋ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ មាន​ចំនួន​៣២៨​នាក់​តែ​ប៉ុណ្ណោះ និង​អ្នក​ស្លា​.​ប់​ដោយសារ​ជំងឺ​កូ​វី​ដ គឺ​មាន​តែ​ម្នាក់​គត់​។

លោក សោម ពិសិដ្ឋ មាន​ប្រសាសន៍​បន្ត​ថា មក​ដល់​ពេល​នេះ ពលរដ្ឋ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ដែល​កំពុង​សម្រាក​ព្យាបាល​មាន​តិច​តូច​បំផុត​។ លោក​អភិបាលខេត្ត​កែប បន្ត​ថា ទោះបី​ជំងឺ​កូ​វី​ដ​១៩ មិន​ឆ្លង​រីក​រាលដាល​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​កែប​ក៏​ដោយ ក៏​មន្ត្រីរាជការ​ក្រុង​-​ស្រុក​ទាំងអស់ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ជា​និច្ច និង​អោយ​កងកម្លាំង​ទាំង​៣​ជួយ​អន្តរាគមន៍​ដល់​ប្រជាពលរដ្ឋ ដើម្បី​កុំឱ្យ​ពួក​គាត់​មានការ​ប្រមូល​ម្ដុំ​គ្នា ដូច​ជា ក្លិប​កំសាន្ត ឬ​ប្រមូល​ម្ដុំ​ផឹកស្រា​ទាំង​អស់នេះ គឺ​សុទ្ធតែ​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​។

លោក សោម ពិសិដ្ឋ មាន​ប្រសាសន៍​បន្ត​ទៀត​ថា ប្រជាពលរដ្ឋ​គ្រប់​រូប ត្រូវ​តែ​ទៅ​ចាក់​វ៉ាក់សាំង​បង្កា​ជំងឺ​កូ​វី​ដ​១៩ អោយ​បាន​គ្រប់​ៗ​គ្នា គឺ​ដើម្បី​ការពារ​អាយុជីវិត​របស់​ខ្លួនឯង​តែ​ប៉ុណ្ណោះ​។ លោក​ក៏​បាន​ថ្លែងអំណរគុណ​ដល់​ក្រុម​គ្រូពេទ្យ​ខេត្ត​កែប ដែល​បាន​ជួយ​យកចិត្តទុកដាក់​បំផុត​ជាមួយ​អ្នកជំងឺ​កូ​វី​ដ​១៩ មិន​ថា​យប់ មិន​ថា​ភ្លៀងរលឹម គឺ​បាន​ចេញ​បំពេញភារកិច្ច​របស់​ខ្លួន​តាម​គោលការណ៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​មាន​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​តែងតែ​គិត​គួរ​ជា​និច្ច​ជាមួយ​ប្រជាពលរដ្ឋ​។

គួរ​បញ្ជាក់​ថា នៅ​រសៀល​ថ្ងៃ​ទី​៥ ខែសីហា​នេះ​ផង​ដែរ លោក ឡាយ ផេង ប្រធាន​ប្រធាន​អាជីវករ​ផ្សារ​ក្ដាម​ក្រុងកែប ក៏​បាន​និយាយ​ប្រាប់​អោយ​ដឹង​ដែរ​ថា ក្រុម​អាជីវក​លក់ដូរ​ក្នុង​ផ្សារ​ក្ដាម បាន​ស្ម័គ្រចិត្ត​ចូល​ទៅ​ធ្វើ​សំណាក​នោះ គឺ​អវិជ្ជមាន​ទាំងអស់​។

អាជ្ញាធរ​ខេត្ត​កែប​ក៏ បាន​ជូនដំណឹង​រួច​ហើយ​ថា ការ​ធ្វើតេស្ត​រហ័ស​រក​មេរោគ​កូ​វី​ដ​១៩ ជូន​ដល់​អាជីវករ​លក់ដូរ​តាម​ផ្សារ​នានា​ទូ​ទាំង​ខេត្ត​កែប គឺ​ចាប់ពី​ថ្ងែ​ទី​៥ ខែសីហា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២១ ។ ក្នុង​នោះ​មាន​អា​ជី​រក​ផ្សារ​ក្ដាម​, ផ្សារ​សេះស​, ផ្សារ​ដំណាក់​ចង្អើរ​, ផ្សារ​ចំការ​បី​ភ្នំ​វល្លិរ​, ផ្សារ​ពងទឹក​, ផ្សា​កែប​, អ្នក​លក់ដូរ​នៅ​ជ្រោយ​ដូង​, អ្នក​លក់ដូរ​តាម​បណ្ដោយ​ឆ្នេរសមុទ្រ និង​អ្នក​លក់ដូរ​នៅ​កន្លែង​ងូតទឹក​ស្រី​សរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ