ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រណាំងទូក​ផ្កាចារ​នៅ​ឆ្នេរសមុទ្រ​កែប​និង​បង្ហោះ​ខ្លែង

8 ឆ្នាំ មុន

ខេត្ត​កែប ៖ ការ​ប្រណាំងទូក​ប្រភេទ​ផ្កាចារ និង​បង្ហោះ​ខ្លែង​នៅ​មាត់សមុទ្រ​ខេត្ត​កែប​ត្រូវ​បាន​រៀបចំ​ឡើង​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២៩​ដល់​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៥ ដោយ​មានការ​ចូលរួម​ពី​ភ្ញៀវ​ជាតិ និង​អន្តរជាតិ

ខេត្ត​កែប ៖ ការ​ប្រណាំងទូក​ប្រភេទ​ផ្កាចារ និង​បង្ហោះ​ខ្លែង​នៅ​មាត់សមុទ្រ​ខេត្ត​កែប​ត្រូវ​បាន​រៀបចំ​ឡើង​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២៩​ដល់​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៥ ដោយ​មានការ​ចូលរួម​ពី​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​មក​លំហែកាយ​ជិត​២០​ម៉ឺន​នាក់ ។

លោក កែន ស​ត្ថា អភិបាលខេត្ត បាន​ថ្លែង​ទៅ​កាន់​ភ្ញៀវ​ទេសចរ​ដែល​មក​ចូលរួម​ក្នុង​ពិធី​ប្រណាំងទូក​ផ្កាចារ នា​ព្រឹក​ថ្ងៃ​ទី​៣១ ខែធ្នូ ថា ការ​ប្រណាំងទូក​ផ្កាចារ​ពេញ​មួយ​ព្រឹក​នេះ​ឃើញ​ថា កីឡាករ​កីឡាការិនី​ចំណុះ​ទូក​នីមួយ​ៗ​ពិតជា​បាន​យកចិត្តទុកដាក់​បំផុត ដើម្បី​បញ្ចេញ​ឱ្យ​អស់ពី​សមត្ថភាព​របស់​ខ្លួន​យកឈ្នះ យក​ចាញ់​ទៅ​វិញ​ទៅ​មក ក្នុង​នាម​ជា​អ្នកកីឡា​ដែល​តែង​តែង​ចង់​ឈ្នះ​គូប្រកួត ។

លោក​អភិបាលខេត្ត មាន​ប្រសាសន៍​បន្ត​ថា ការ​ប្រណាំងទូក​ផ្កាចារ​នៅ​ឆ្នេរសមុទ្រ​កែប​នេះ​គឺជា​លើក​ទី​៨​ហើយ ។ មិនតែប៉ុណ្ណោះ ពិធី​នេះ​ក៏​ជា​ការ​ចូលរួម​អបអរសាទរ​បុណ្យ​ឆ្លង​ឆ្នាំ​សាកល​២០១៥​ចូល​ឆ្នាំ​២០១៦ ផង​ដែរ ។

ចំពោះ​រង្វាន់​ចែក​ជូន​ដល់​កីឡាករ​កីឡាការិនី​ប្រណាំងទូក​ដែល​ទទួល​បាន​ជ័យ​លា​ភី សម្រាប់​លេខ​១ ឧបត្ថម្ភ​ប្រាក់​៥០​ម៉ឺន​រៀល លេខ​២​ចំនួន​៤០​ម៉ឺន​រៀល និង​លេខ​៣​ចំនួន​៣០​ម៉ឺន​រៀល ។​ចំណែក​កីឡាករ​កីឡាការិនី​ដែល​មិន​បាន​ទទួល​ជ័យ​លា​ភី ក៏​បាន​ឧបត្ថម្ភ​លើកទឹកចិត្ត​ផង​ដែរ ព្រោះ​មាន​ទូក​៣៧​គ្រឿង​ដែល​បាន​ដាក់​ពាក្យ​ចូលរួម​ប្រកួត ។

នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែធ្នូ នោះ​ដែរ ពិធី​បង្ហោះ​ខ្លែង បាន​ប្រារព្ធ​ធ្វើ​ឡើង ។ លោក ទេព យុ​ទ្ធី អភិបាលរង​ខេត្ត ថ្លែង​ថា ខ្លែង​ជាង​១០០​ត្រូវ​បាន​ប្រជាពលរដ្ឋ​និង​មន្ទីរ​នានា​ជុំវិញ​ខេត្ត យក​មក​បង្ហោះ​នៅ​មុខ​សាលាខេត្ត ។ ការ​បង្ហោះ​ខ្លែង​នេះ
មិនមែន​ប្រឡងប្រណាំង​គ្នា​ទេ ប៉ុន្តែ​ចំពោះ​ខ្លែង​ដែល​ហោះ​ទៅ​បាន​ខ្ពស់​ជាងគេ​នឹង​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ ។ លោក​អភិបាលរង​ខេត្ត​មាន​ប្រសាសន៍​ទៀត​ថា កន្លង​មក​ខ្លែង​នៅ​ប្រទេស​យើង​ធ្លាប់​បាន​យក​ទៅ​ប្រឡង​នៅ​ប្រទេស​ផ្សេង​ៗ ហើយ​ក៏​ទទួល​បាន​ជោគជ័យ​ផង​ដែរ ។ 

លោក  ទេព យុ​ទ្ធី បាន​ផ្ដាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ជំនាញ​ធ្វើ​ខ្លែង ត្រូវ​តែ​បង្រៀន​ក្មេង​ៗ​ជំនាន់​ក្រោយ ព្រោះ​ខ្លែង​នេះ​មាន​ប្រវត្តិ​យូរលង់​តាំងពី​ដូនតា​មក ៕