ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត​២​ខែ​ហើយ​! ជម្រើសជាតិ​ប្រណាំង​កង់​កម្ពុជា​ហ្វឹកហាត់​នៅ​បារាំង ត្រៀម​ស៊ី​ហ្គេ​ម២០២២

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ នៅ​ក្នុង​គម្រោង​ហ្វឹកហាត់​រយៈពេល​៣​ខែ នៅ​តំបន់​ភ្នំ អា​លែស ភាគ​ខាងត្បូង នៃ​ប្រទេស​បារាំង ក្រុម​កីឡាករ​

រាជធានី​ភ្នំពេញ​ ៖ នៅ​ក្នុង​គម្រោង​ហ្វឹកហាត់​រយៈពេល​៣​ខែ នៅ​តំបន់​ភ្នំ អា​លែស ភាគ​ខាងត្បូង នៃ​ប្រទេស​បារាំង ក្រុម​កីឡាករ​ជម្រើសជាតិ​ទោចក្រយាន (​កង់​) កំពុង​បង្កើន​ការ​ហ្វឹកហាត់​យ៉ាង​សកម្ម​បាន​រយៈពេល​ជិត​២​ខែ​ហើយ គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២១​នេះ ដើម្បី​សម្រួច​បច្ចេកទេស​ឲ្យ​កាន់តែ​ប្រសើរ ត្រៀម​ចូលរួម​ប្រកួតប្រជែង​មេដាយ ក្នុង​ការ​ប្រកួត​ស៊ី​ហ្គេ​ម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម ដែល​គ្រោង​នឹង​ដំណើរការ នា​ចុង​ខែមេសា ដល់​ដើមខែ​ឧសភា ឆ្នាំ​២០២២​។

លោក នូ ចំរើន អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​បញ្ជាក់​ថា កីឡាករ​ជម្រើសជាតិ​កង់​ទាំង​៣​នាក់ កំពុង​បង្កើន​ការ​ហ្វឹកហាត់​នៅ​ទីនោះ​ច​ម្លោះ​ពី​៤ ទៅ​៥​ម៉ោង ឬ​ថ្ងៃ​ខ្លះ​ច្រើន​ជាង​៥​ម៉ោង ដោយ​ការ​ជិះ​កង់​ច្រើន​ជាង​១០០​គីឡូម៉ែត្រ ក្នុង​១​ថ្ងៃ​ៗ​ផង និង​ការ​ធ្វើ​លំ​ហាត់​កម្តៅ​សាច់ដុំ​តាម​បច្ចេកទេស ដើម្បី​ពង្រឹង​កាយសម្បទា ថាមពល​កម្លាំង រួម​ទាំង​បង្កើន​ល្បឿន​នៃ​ការ​ជិះ​ផង​ដែរ​។ នៅ​តំបន់​នេះ គឺជា​តំបន់​ភ្នំ​ឡើង​ចុះ​មាន​ផ្លូវ​កាច់​កោង​ចុះឡើង​ៗ ដែល​តំបន់​បែប​នេះ​សម​ស្រប​ដល់​ការ​ហ្វឹកហាត់​កង់​ឲ្យ​កាន់តែ​មានគុណ​ភាព​ខ្ពស់ ម្យ៉ាងទៀត​ក្រុម​កង់​កម្ពុជា​ទាំង​៣​នាក់ ក៏​បាន​ហ្វឹកហាត់ និង​ដកស្រង់​បច្ចេកទេស​បន្ថែម​ជាមួយ​ក្រុម​កង់​អាជីព នៅ​ប្រទេស​បារាំង​ផង​ដែរ​។

លោក នូ ចំរើន អះអាង​ទៀត​ថា ចំពោះ​ការ​ហូប​អាហារ​វិញ គឺ​កីឡាករ​កម្ពុជា​មិនសូវ​ស៊ាំ​នឹង​អាហារ​បរទេស​នោះ​ទេ ដែល​កីឡាករ​ត្រូវ​ចំណាយ​កម្លាំង​ច្រើន​ណាស់ ក្នុង​ការ​ស្តារ​ថាមពល​កម្លាំង​ឡើង​វិញ ដូច្នេះ​ដើម្បី​ជួយ​សម្រួល​បន្ថែម គឺ​លោកស្រី ប៉ែន ស្រី​មុំ ប្រធាន​សមាគម​កីឡា​ប្រណាំង​កង់​កម្ពុជា (Cambodia Cycling Accademy-CCA) ដែល​មាន​ទីស្នាក់ការ​នៅ​កម្ពុជា​-​បារាំង តែងតែ​ធ្វើ​ម្អូ​ប​អាហារ​ខ្មែរ​ជូន​ដល់​ពួក​គាត់​ញឹកញាប់​ទៀត​ផង​។ ក្រុម​ជម្រើសជាតិ​កីឡា​ទោចក្រយាន​ទាំង​៣​នាក់ ដែល​កំពុង​ហ្វឹកហាត់​នៅ​ប្រទេស​បារាំង​នេះ គឺ​កីឡាករ គឹ​ម ចាន់ធូ​, សាន ណា​ម៉ា​, កីឡាករ សាន ណា​ម៉ា​វ និង​គ្រូបង្វឹក​ម្នាក់ គឺ​លោក ខ្លូត ករណី បាន​ចាក​ចេញពី​មាតុភូមិ​កំណើត កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២១​។

សូម​បញ្ជាក់​ថា ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ស៊ី​ហ្គេ​ម នៅ​ប្រទេស​វៀតណាម នា​ឆ្នាំ​២០២២ ក៏​ដូច​ជា​ត្រៀម​គោលដៅ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣​ខាង​មុខ លោក​ ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ទោ​ចក្រយាន កំពុង​ឧបត្ថម្ភ​គាំទ្រ​លើកទឹកចិត្ត​យ៉ាង​ពេញទំហឹង​ដល់​ក្រុម​ជម្រើសជាតិ​ផ្សេង​ទៀត ក្រៅពី​ហ្វឹកហាត់​នៅ​បារាំង គឺ​មាន​កីឡាករ​ជម្រើសជាតិ​កង់​ម្នាក់​ទៀត ជា​កូន​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក​។ ក្រៅពី​នេះ ក៏​មានការ​ប្រមូលផ្តុំ​ហ្វឹកហាត់​ក្នុងស្រុក​លក្ខណៈ​បិទ​ខ្ទប់​ធ្វើ​ឡើង​នៅ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ដែល​មាន​កីឡាករ កីឡាការិនី​៩​នាក់ សរុប​ក្រុម​ជម្រើសជាតិ (​កង់​ភ្នំ​-​កង់​គួ​ក​) មាន​ចំនួន​សរុប​ចំនួន​១៦​នាក់ ក្នុង​នោះ​ពេញ​សិទ្ធិ​១២​នាក់ និង​បម្រុង​៣​នាក់ ព្រមទាំង​គ្រូបង្វឹក​ចំនួន​៤​នាក់ (​សរុប​ទាំ​អស់ ២០​នាក់​)​។

គម្រោង​បោះជំរុំ​ហ្វឹកហាត់​នេះ ត្រូវ​បន្ត​ធ្វើ​រហូត​ដល់​ខែមេសា ឆ្នាំ​២០២២ ខាង​មុខ ពោល​គឺ​បន្ត​ការ​ហ្វឹកហាត់​រហូត​ជិត​ដល់ ស៊ី​ហ្គេ​ម នៅ​ប្រទេស​វៀតណាម​តែ​ម្តង ក្រោម​ការ​ឧបត្ថម្ភ​ថវិកា​ប្រចាំខែ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា តាម​រយៈ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ហើយ​ក៏​ទទួល​បានការ​ឧបត្ថម្ភ​បន្ថែម​ផ្សេង​ៗ​ទៀត ពី​​លោក​ ប៉ាន សូរ​ស័ក្តិ​ ផង​ដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ