ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុវត្ត​យុទ្ធនាការ អប់រំ ផ្សព្វផ្សាយ និង​បណ្តុះ​បណ្តាល​ប្រជាពលរដ្ឋ «​រួមគ្នា​ទទួលខុសត្រូវ​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ ១៩»

2 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ ក្នុងនាម​គណៈកម្មការ​អន្តរក្រសួង​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បានចេញ​លិខិត​នៅ​យប់​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០២១ ជម្រាបជូន​ឯកឧត្តម…

​ភ្នំពេញ​៖ ក្នុងនាម​គណៈកម្មការ​អន្តរក្រសួង​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បានចេញ​លិខិត​នៅ​យប់​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០២១ ជម្រាបជូន​ឯកឧត្តម លោកជំទាវ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រួមទាំង​អភិបាល​រាជធានី​ខេត្ត ទាំង ២៥ ក្នុង​កម្មវត្ថុ អនុវត្ត​យុទ្ធនាការ អប់រំ ផ្សព្វផ្សាយ និង​បណ្តុះបណ្តាល​ប្រជាពលរដ្ឋ ក្រោម​ប្រធានបទ «​រួមគ្នា​ទទួលខុសត្រូវ​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​១៩» ដើម្បី​ជំរុញ​ការទទួលខុសត្រូវ​រប​ស់បុ​គ្គល សហគមន៍ ស្ថាប័ន​ពាក់ព័ន្ធ​ជាពិសេស​សេវា​ឯកជន អាជ្ញាធរ​មូលដ្ឋាន រួមគ្នា​ទទួលខុសត្រូវ​ក្នុង​ស្មារតី​សាមគ្គីភាព ដើម្បី​កាត់ផ្តាច់​ខ្សែចម្លង​វីរុស​កូ​វីដ​១៩ ព្រមទាំង​រស់នៅ​ជាមួយនឹង​វីរុស​កូ​វីដ​១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី​ឲ្យ​បាន​ត្រឹមត្រូវ​។​

ក្នុង​លិខិត លោក​រដ្ឋមន្ត្រី ម៉ម ប៊ុនហេង លើកឡើងថា យុទ្ធនាការ​អនុវត្ត​យុទ្ធសាស្ត្រ ៦​ចំណុច របស់​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី សំដៅ​ទប់ស្កាត់​រលក​ទី​៣ នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ និង​ដើម្បី​ត្រៀមខ្លួន​រស់​ជាមួយ​ជំងឺ​កូ​វីដ​១៩ ក្នុង​គន្លង​ប្រក្រតីភាព​ថ្មី កំពុងតែ​ដំណើរការ​យ៉ាងសកម្ម ដើម្បី​ទប់ស្កាត់​ស្ថានភាព​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​។

​លិខិត បន្តថា ទន្ទឹមនឹងនេះ ដើម្បី​ទាក់ទាញ​ប្រជាពលរដ្ឋ​ឲ្យ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់​ឡើងវិញ​ក្នុងការ​ប្រកាន់ខ្ជាប់​នូវ​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល ជាពិសេស​វិធានការ «៣​ការពារ និង ៣​កុំ​» ព្រមទាំង​ផ្លាស់ប្តូរ​ឥរិយាបថ ដើម្បី​រៀន​រស់នៅ​ជា​បណ្តើរៗ ជាមួយនឹង​វត្ត​មាននៃ​មេរោគ​កូ​វីដ​១៩ គណៈកម្មការ​អន្តរក្រសួង​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ បានដាក់​ចេញ​នូវ​លិខិត​ចុះ​ថ្ងៃទី​២៦ ខែកក្កដា​កន្លងមក ស្តីពី​ការអនុវត្ត​យុទ្ធនាការ​ទូទាំងប្រទេស ដើម្បី​អប់រំ ផ្សព្វផ្សាយ និង​បណ្តុះបណ្តាល​ប្រជាពលរដ្ឋ​ឲ្យ​យល់ដឹង​អំពី​គ្រោះថ្នាក់​នៃ​វីរុស​កូ​វីដ​១៩ ដែល​ត្រូវ​បន្ត​ជាប់​ជាប្រចាំ​ដោយ​សា្មរ​តី​យកចិត្តទុកដាក់​ខ្ពស់​។​

សេចក្តីណែនាំ​ដដែល លើកឡើងថា យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​អំពី​វិធានការ​ការពារ​ជំងឺ​កូ​វីដ​១៩ បាន​ធ្វើឡើង​យ៉ាងច្រើន​ក្នុង​រយៈពេល​កន្លងមក​។ ប៉ុន្តែ​សកម្មភាព​ទាំងអស់នេះ មិនទាន់​គ្រប់គ្រាន់ សម្រាប់​ឆ្លើយតប​ទៅនឹង​ស្ថានភាព​នៃ​ការចម្លង​វីរុស​កូ​វីដ​១៩ នាបច្ចុប្បន្ន​។ ដូច្នេះ​ការរៀបចំ​បន្ត​យុទ្ធនាការ ដែលមាន​លក្ខណៈ​ផ្តោត​ចំពោះ និង​មាន​កិច្ចសហការ​រវាង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដោយ​ល្អិតល្អន់ និង​សម្រុក​ក្នុងពេល​តែមួយ ចាប់ពីពេលនេះ​តទៅ គឺមាន​សារៈ​សំខាន់បំផុត ដើម្បី​ឈានទៅ​សម្រេចបាន​ការផ្លាស់ប្តូរ​ឥរិយាបថ​របស់​ប្រជាជន​ក្នុងការ​រស់នៅ​តាមបែប​គន្លង​ថ្មី​ជាមួយ​វីរុស​កូ​វីដ​១៩​។​

ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ក៏បាន​បន្ថែមថា អនុគណៈកម្មការ​អប់រំ បណ្តុះបណ្តាល និង​ទំនាក់ទំនង​សាធារណៈ នៃ​គណៈកម្មការ​អន្តរក្រសួង​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ក៏បាន​រៀបចំ​ជា​សេចក្តីណែនាំ​ក្នុងការ​រៀបចំ​យុទ្ធនា​ការអប់រំ ផ្សព្វផ្សាយ និង​បណ្តុះបណ្តាល​ប្រជាពលរដ្ឋ ក្រោម​ប្រធានបទ «​រួមគ្នា​ទទួលខុសត្រូវ​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​១៩» ដើម្បី​ជាម​គ្គុ​ទេស​ជំនួយ​បន្ថែម​ក្នុងការ​រៀបចំ​អនុវត្ត​យុទ្ធនាការ​ថ្នាក់ជាតិ​នេះ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។​

​សូម​រម្លឹកថា សេចក្តីណែនាំ​ឲ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​អភិបាល​រាជធានី​ខេត្ត ទូទាំងប្រទេស អនុវត្ត​យុទ្ធនាការ អប់រំ ផ្សព្វ​ផ្សាយ និង​បណ្តុះបណ្តាល​ប្រជាពលរដ្ឋ ក្រោម​ប្រធានបទ «​រួមគ្នា​ទទួលខុសត្រូវ​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ ១៩» បានធ្វើ​ឡើង ខណៈដែល​រាជធានី​ខេត្ត​មួយចំនួន កំពុង​ឆ្លង​រាតត្បាត​វីរុស​កូ​វីដ​១៩ ប្រភេទ​បំប្លែង​ថ្មី ដែល​តា រហូត​ឈានដល់​ការបិទ​ខ្ទប់​ផ្នែក​ខ្លះ​ក្នុងភូមិ​សង្កាត់​ឃុំ​មួយចំនួន​។ ក្នុងនោះ ខេត្ត​ជាប់​ព្រំដែន​ថៃ ៨​ខេត្ត ក៏បាន​បិទ​ខ្ទប់​រយៈពេល ១៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​២៩ ខែកក្កដា រហូតដល់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១​។ នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ផ្សេងទៀត ក៏បាន​អនុវត្ត​វិធានការ​រដ្ឋបាល និង​បម្រាម​គោចរ ក្នុង​រយៈពេល ១៤​ថ្ងៃនេះ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ពិសេស​មេរោគ​បំប្លែង​ថ្មី ដែល​តា​៕​