ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរុសបំប្លែងថ្មី Delta វាយលុកភ្នំពេញ ៖ បិទខ្ទប់តំបន់ចំនួន២ នៅខណ្ឌឫស្ស៊ីកែវ និងទួលគោក

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រេច​បិទ​ខ្ទប់​តំបន់​ចំនូ​ន ២ ក្នុង​ទឹកដី​ខណ្ឌទួលគោក និង​ឫ​ស្ស៊ី​កែវ ចាប់ពី​ម៉ោង​សូន្យ ឈានចូល​ថ្ងៃ​ទី ៣ ខែសីហា…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រេច​បិទ​ខ្ទប់​តំបន់​ចំនូ​ន ២ ក្នុង​ទឹកដី​ខណ្ឌទួលគោក និង​ឫ​ស្ស៊ី​កែវ ចាប់ពី​ម៉ោង​សូន្យ ឈានចូល​ថ្ងៃ​ទី ៣ ខែសីហា ឆ្នាំ​២០២១ ដើម្បី​ទប់ស្កាត់ និង​កាត់​ផ្ដាច់​ការ​ឆ្លង​រាលដាល​នៅ​ក្នុង​សហគមន៍ ។ នេះ​បើ​យោង​តាម​សេចក្តីសម្រេច​របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ។

យោង​តាម​សេចក្តីសម្រេច ចុះ​ថ្ងៃ​ទី ២ ខែសីហា នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​សម្រេច បិទ​ខ្ទប់​ច្រក​ផ្លូវ​លេខ ៣៧២, ៣៧២Z និង​ផ្លូវ​លេខ ៣៦២ ស្ថិត​ក្នុងភូមិ​៥ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដែល​មានការ​ឆ្លង​រាលដាល​នៃ​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា (Delta) ដើម្បី​ទប់ស្កាត់ និង​កាត់​ផ្ដាច់​ការ​ឆ្លង​រាលដាល​នៅ​ក្នុង​សហគមន៍ សម្រាប់​រយៈពេល ១៤​ថ្ងៃ គិត​ចាប់ពី​ម៉ោង​សូន្យ នា​ថ្ងៃ​ទី​០៣ ដល់​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២១​។

ប្រការ ២ នៃ​សេចក្តីសម្រេច​បិទ​ខ្ទប់​តំបន់​ក្នុង​ខណ្ឌទួលគោក បាន​ចែង​ថា «​ក្នុង​កំលុង​ពេល​នៃ​ការ​អនុវត្ត​វិធានការ​បិទ​ខ្ទប់ ត្រូវ​បាន​ហាមឃាត់​រាល់​ការ​ចេញ​-​ចូល និង​រាល​ការ​ជួបជុំ ឬ​ការ​ប្រមូលផ្តុំ​មនុស្ស ក្នុង​ទីតាំង​ខាងលើ​» លើកលែងតែ ករណី​ចាំបាច់​មួយ​ចំនួន ដូច​ជា ការ​ចេញ​-​ចូល ដោយ​មូលហេតុ​សុខភាព​បន្ទាន់ ឬ​ការ​ចេញ​-​ចូល ដើម្បី​ផ្តល់​វត្ថុ​សំណាក​ធ្វើតេស្ត​រក​ជំងឺ​កូ​វី​ដ​-១៩ តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​មូលដ្ឋាន ។ ការ​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន ឬ​ទី​សំណាក់ របស់​ខ្លួន​វិញ​របស់​បុគ្គល​ដែល​បាន​បញ្ចប់​ការ​ច​ត្តា​ឡី​ស័ក និង​អ្នកជំងឺ​ចេញពី​មន្ទីរពេទ្យ ឬ​កន្លែង​សម្រាក​ព្យាបាល ចូល​ទៅ​ក្នុង​ទីតាំង​បិទ​ខ្ទប់ ដោយ​មានការ​សម្របសម្រួល​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច ជាដើម ។

ក្នុង​សេចក្តីសម្រេច លោក ឃួ​ង ស្រេង បាន​បញ្ជាក់​ក្នុង​ប្រការ​៤ ថា «​បុគ្គល ឬ​នីតិបុគ្គល​ទាំងឡាយ​ណា ដែល​មិន​អនុវត្ត​តាម​ប្រការ​២ នៃ​សេចក្តីសម្រេច​នេះ នឹង​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្ថាប័ន​តុលាការ ដើម្បី​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ និង​ទោសពិន័យ​ជា​ប្រាក់ ស្រប​តាម​មាត្រា ១០ និង​មាត្រា ១១» នៃ​ច្បាប់​ស្តី​ពី​កូ​វី​ដ​-១៩ ។

នៅ​រសៀល​នេះ​ផង​ដែរ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ក៏​បាន សម្រេច​បិទ​កំណាត់​ផ្លូវ​លេខ ៩៣ ក្នុងភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ ដោយ​សង្ស័យ​ពាក់ព័ន្ធ​មេរោគ​បំប្លែង​ថ្មី Delta ។

យោង​តាម​សេចក្តីសម្រេច​របស់ រដ្ឋបាល​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី ២ សីហា និង​ចុះហត្ថលេខា​ដោយ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា «​ត្រូវ​បិទ​ខ្ទប់​មិន​ឱ្យ​មានការ​ចេញ​-​ចូល ចំពោះ​កំណាត់​ផ្លូវ​លេខ ៩៣ ពី​ចំណុច​សាលា​បឋម​សិក្សា​ពញាក្រែក រហូត​ដល់​ចំណុច​ផ្ទះ​លេខ ១១៦ រួម​ទាំង​លំនៅ​ឋាន​ក្នុង​បុរី ខេ​ស៊ី (KC)​ស្ថិត​នៅ​ក្រុម​ទី ៤ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ រ​ជ​ធានី​ភ្នំពេញ ដោយ​សង្ស័យ​ពាក់ព័ន្ធ​មេរោគ​បំប្លែង​ថ្មី Delta ។

ការ​សម្រេច​បិទ​រយៈពេល ៧ ថ្ងៃ​គិត​ចាប់ពី​ម៉ោង​សូន្យ នា​ថ្ងៃ​ទី ៣ ខែសីហា ដល់​ថ្ងៃ​ទី ៩ ខែសីហា ឆ្នាំ ២០២១ រហូត​ការ​ស្រាវជ្រាវ​ត្រូវ​បាន​បិទ​បញ្ចប់ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នូវ​មេរោគ​បំប្លែង​ថ្មី ក្នុង​សហគមន៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ