ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋនាំគ្នាសម្រុកមកធ្វើប័ណ្ណសម្គាល់ទោចក្រយានយន្ត (កាតគ្រីម៉ូតូ) បើកបរម៉ូតូ ក្នុងរយៈពេល២សប្តាហ៌នេះ ព្រោះច្បាប់ចរាចរណ៍ថ្មីនឹងចាប់ផ្តើមអនុវត្តន៍នៅថ្ងៃទី១ មករា ២០១៦ខាងមុខ ជាពិសេស សិស្ស និស្សិត និងកម្មករ កម្មការិនី ព្រួយបារម្ភបញ្ហាច្បាប់ចរាចរណ៍ថ្មីតម្រូវឲ្យអ្នកបើកបរម៉ូតូទាំងឡាយត្រូវមានប័ណ្ណបើកបរ បើគ្មានប័ណ្ណបើកបរម៉ូតូនោះទេ ត្រូវទទួលការផាកពិន័យ ជាពិសេស ក្មេងៗក្រោមអាយុ១៦ឆ្នាំ ។
លោក តី ស៊ីថន អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានឲ្យដឹងថា រយៈពេល២សប្តាហ៍មកនេះ មានប្រជាពលរដ្ឋ មន្ត្រីរាជការ នាំគ្នាសម្រុកមកធ្វើប័ណ្ណសម្គាល់ទោចក្រយានយន្ត (ស្លាកលេខម៉ូតូ) ច្រើនក្នុងមួយថ្ងៃជាង១០០គ្រឿង កើនទ្វេដង និងកំពុងសម្រុកមកចុះបញ្ជីជាបន្តបន្ទាប់ គឺដោយមានម៉ូតូមួយចំនួនតាំងពីឆ្នាំ២០១២_២០១៣មិនបានមកចុះបញ្ជី ។ មួយចំនួនត្រឹមឆ្នាំ២០១៤_២០១៥ មកចុះបញ្ជីនាពេលនេះ ។ លោកបន្តថា យានយន្តដែលបានចុះបញ្ជីរួចទូទាំងខេត្តស្វាយរៀងមានម៉ូតូ1Aសរុបចំនួន៤៤.៣៥៥គ្រឿង ។ រថយន្តធុនតូច2Aចំនួន៨៦០គ្រឿង រថយន្តធុនធំ 3Aចំនួន៧៣០គ្រឿង 4Aចំនួន៤គ្រឿង 5Aចំនួន២៦គ្រឿង 6Aគោយន្តចំនួន៦៤២គ្រឿង ម៉ូតូរ៉ឺម៉ក និងម៉ូតូកង់បី ចំនួន៤២៩គ្រឿង ។
ចំពោះម៉ូតូមិនទាន់បានចុះបញ្ជីឆ្នាំ២០១២_២០១៣ ត្រូវយកទៅពិនិត្យឯកសារពន្ធនៅសាខាគយ និងរដ្ឋាករខេត្ត មុនមកចុះបញ្ជីឆ្នាំ២០១៤_២០១៥ ។ មកចុះបញ្ជីនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត តម្លៃ១២ម៉ឺនរៀល ។
ទាក់ទិនទៅនឹងការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ និងសិស្ស និស្សិត គឺបញ្ហាប័ណ្ណបើកបរម៉ូតូ ដែលច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី១ មករា ២០១៦ខាងមុខនេះ តម្រូវឲ្យអ្នកបើកបរម៉ូតូត្រូវតែមានប័ណ្ណបើកបរ និងមានកាតគ្រីជាប់តាមខ្លួនជានិច្ច ជាពិសេសក្មេងក្រោមអាយុ១៦ឆ្នាំ មិនអនុញ្ញាតឲ្យបើកបរម៉ូតូឡើយ ។ ប៉ុន្តែបច្ចុប្បន្នមានក្មេងក្រោមអាយុ១៦ឆ្នាំ ជិះម៉ូតូច្រើនដោយសារក្មេងអាយុ១៤អាយុ១៥ឆ្នាំរៀនដល់ថ្នាក់ទី៧ ទី៨ ដល់ថ្នាក់ទី១១ ដូច្នេះពួកគេត្រូវជិះម៉ូតូទៅរៀននេះជាការព្រួយបារម្ភ ៕
ចែករំលែកព័តមាននេះ