ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកដឹង​មូលហេតុ​! ​រុ​ស្ស៊ី​មិន​ប្រើ​ឈ្មោះ និង​ទង់ជាតិ​ខ្លួន​នៅ​អូ​ឡាំ​ពិ​កក្រុងតូក្យូ

2 ឆ្នាំ មុន

ជប៉ុន ៖ អ្នក​ទស្សនា​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ មួយ​ចំនួន​ប្រហែល​មាន​ច​ម្ង​ល់​ថា មូលហេតុ​អ្វី​បានជា​ក្រុម​ជម្រើសជាតិ​រុ​ស្ស៊ី​

ជប៉ុន ៖ អ្នក​ទស្សនា​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ មួយ​ចំនួន​ប្រហែល​មាន​ច​ម្ង​ល់​ថា មូលហេតុ​អ្វី​បានជា​ក្រុម​ជម្រើសជាតិ​រុ​ស្ស៊ី​មិន​ប្រើ​ឈ្មោះ និង​ទង់ជាតិ​របស់​ខ្លួន​។

តាម​ពិត​នេះ​លើក​ទី​២​ហើយ ដែល​រុ​ស្ស៊ី​ប្រើ​ឈ្មោះ និង​ទង់ជាតិ​ផ្សេង​នៅ​អូ​ឡាំ​ពិ​ក​។ ដោយ​កាលពី​អូ​ឡាំ​ពិ​ក​រដូវរងារ Pyeongchang ឆ្នាំ ២០១៨ នៅ​កូរ៉េ​ខាងត្បូង រុ​ស្ស៊ី​បាន​ប្រើ​ឈ្មោះ​ថា Olympic Athletes from Russia (OAR) «​អត្ត​ព​លិ​ក​អូ​ឡាំ​ពិ​កមក​ពី​ប្រទេស​រុ​ស្ស៊ី​»​។ ហើយ​សម្រាប់​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ រុ​ស្ស៊ី​បាន​ប្រើ​ឈ្មោះ​ថា Russian Olympic Committee (ROC) «​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​រុ​ស្ស៊ី​» រួម​ជាមួយ​ការ​ប្រើ​ទង់ជាតិ​ផ្សេង​។

តើ​ហេតុ​អ្វី​រុ​ស្ស៊ី មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រកួតប្រជែង​ក្រោម​ឈ្មោះ​ប្រទេស និង​ទង់ជាតិ​របស់​ខ្លួន?

បញ្ហា​នេះ ផ្តើម​ចេញពី​រឿងអាស្រូវ​គ្រឿងញៀន ដែល​រំជើបរំជួល​ខ្លាំង​លើ​អត្ត​ព​លិ​ក​រុ​ស្ស៊ី​ចាប់តាំងពី​ឆ្នាំ ២០១១ ដល់​ឆ្នាំ ២០១៥​។ រហូត​បណ្តាល​ឱ្យ​មានការ​ហាមឃាត់​ពួក​គេ​ពី​ការ​ប្រកួត​អូ​ឡាំ​ពិ​ក​ថែម​ទៀត​ផង​។

នៅ​ឆ្នាំ ២០១៩ រុ​ស្ស៊ី​ត្រូវ​ជាប់​បម្រាម​រយៈពេល ៤​ឆ្នាំ​ពី​ព្រឹត្តិការណ៍​កីឡា​ធំ​ៗ​នានា រួម​និង World Cup 2022 នៅ​កា​តា​ផង​ដែរ ដោយ​ទីភ្នាក់ងារ​ប្រឆាំង​គ្រឿងញៀន​ពិភពលោក (WADA)​។ ប៉ុន្តែ​រយៈពេល​នៃ​ការ​ដាក់​ទណ្ឌកម្ម​ត្រូវ​កាត់​បន្ថយ​ត្រឹម​២​ឆ្នាំ ក្រោយ​ការ​ប្តឹង​ឧទ្ធរណ៍​របស់​ភាគី​រុ​ស្ស៊ី​។ រឿងរ៉ាវ​នេះ​កើតឡើង បន្ទាប់​ពី​ទីភ្នាក់ងារ WADA បាន​ចោទប្រកាន់​រុ​ស្ស៊ី​លើ​បទ ផ្ដល់​ទិន្នន័យ​មិន​ត្រឹមត្រូវ​ពាក់ព័ន្ធ​លទ្ធផល​តេស្ត​សារធាតុ​ញៀន​លើ​អត្ត​ព​លិ​ក​ខ្លួន​។

រំលឹក​ថា កន្លង​មក​រុ​ស្ស៊ី​ក៏​ធ្លាប់​រង​ពិន័យ​ផង​ដែរ បន្ទាប់​ពី​ការ​រក​ឃើញ​ភាព​មិន​ប្រក្រតី​លើ​អត្ត​ព​លិ​ក​ពួក​គេ នៅ​ឯ​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​រដូវរងា​ទីក្រុង Sochi ឆ្នាំ ២០១៤ ដែល​រុ​ស្ស៊ី​ផ្ទាល់​ជា​ម្ចាស់ផ្ទះ​។ ដោយ​គ្រានោះ មាន​ទាំង​ការ​ដកហូត​មេដាយ​ពី​អត្ត​ព​លិ​ក​រុ​ស្ស៊ី​មួយ​ចំនួន​ផង​ដែរ​។

សរុប​មក​មាន​ន័យ​ថា ទោះ​ជាប់​បម្រាម​ក៏​ពិតមែន ប៉ុន្តែ​រុ​ស្ស៊ី​នៅ​តែ​អាច​បញ្ជូន​អត្ត​ព​លិ​ក​ខ្លួន​ទៅ​ចូលរួម​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ឆ្នាំ ២០១៨ និង​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ ក្នុង​នាម​ជា​អត្ត​ព​លិ​ក​មិន​តំណាង​ឱ្យ​ប្រទេស​។ ហើយ​បម្រាម​នេះ ធ្វើ​ឱ្យ​រុ​ស្ស៊ី​មិន​អាច​បង្ហាញ​ទង់ជាតិ និង​ភ្លេងជាតិ​ផ្លូវការ​ឡើយ នៅ​ពេល​អត្ត​លិ​ក​ខ្លួន​ឈ្នះ​មេដាយ ដោយ​ត្រូវ​ជំនួស​ដោយ​ការ​ប្រើ​ទង់ និង​ភ្លេង​សហព័ន្ធ​រុ​ស្ស៊ី​៕ (​ដកស្រង់​ចេញពី EuroSport និង Sporting News)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ