ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានជិះម៉ូតូមួយគ្រឿង ទៅឈប់ចតទុកចោល រួចដើរ ទៅលួចម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង ដែលម្ចាស់បានចាក់សោរទុក នៅខាងមុខហាង បោកអ៊ុតយីហោ «សៀហ័របោកអ៊ុត» តែត្រូវបានសន្តិសុខឃើញ ដេញចាប់ ប្រគល់ទៅឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង ១២ និង ១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ នៅខាងមុខសាលាបឋមសិក្សាបឹងសាឡាង តាមបណ្ដោយផ្លូវ៣៣៥ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
ជនសង្ស័យ មានឈ្មោះ ភក្ត្រា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ម៉ូតូសណ្តោងរ៉ឺម៉ក ដែលត្រូវបានជនសង្ស័យលួចនោះ គឺជារបស់ម្ចាស់ហាងបោកគក់ សម្លៀកបំពាក់យីហោ សៀហ័របោកអ៊ុត។ ម៉ូតូសណ្តោងរ៉ឺម៉កនោះ គឺសំរាប់ដឹកពងទា យកទៅលក់ ព្រោះហាងនោះ បើកទទួលបោកគក់សម្លៀកបំពាក់ផង និងលក់ពងទាផង។ ជារៀងរាល់ថ្ងៃ ពេលដែលដល់ម៉ោងបិទទ្វារសំរាក ម្ចាស់ហាងនោះ តែងតែលើកដែកស្នួលហាលខោអាវដាក់ទៅលើម៉ូតូសណ្តោងរ៉ឺម៉ក រួចបើកយកទៅឈប់ចតចាក់សោទុកចោល នៅត្រង់ចំណុចកើតហេតុ។ នៅថ្ងៃកើតហេតុ ម្ចាស់ហាងនោះ ក៏បានបើកម៉ូតូសណ្តោងរ៉ឺម៉ក យកទៅចាក់សោទុកចោល នៅត្រង់ចំណុចកើតហេតុជាធម្មតា ដូចសព្វដង
លុះដល់វេលាកើតហេតុ ក៏ស្រាប់តែលេចមុខជនសង្ស័យខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េ ជាប្រភេទម៉ូតូសណ្តោង គ្មានស្លាកលេខ បានជិះទៅឈប់ចតចោលក្បែរហាងកើតហេតុ ហើយជនសង្ស័យ ក៏បានដើរទៅលួចម៉ូតូសណ្តោងរ៉ឺម៉ករបស់ម្ចាស់ហាងនោះ បានសម្រេច រួចបានព្យាយាមជិះគេចខ្លួន ចេញពីកន្លែងកើតហេតុ។ តែភ្លាមនោះ សន្តិសុខ ដែលយាមនៅអាគារបន្ទប់ជួល ក្បែរហាងកើតហេតុ បានឃើញសកម្មភាពរបស់ជនសង្ស័យ តាមកាំមេរ៉ាសុវត្ថិភាព ក៏ប្រញាប់ស្ទុះចេញមក ស្រែកឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋរស់នៅជុំវិញនោះ នាំគ្នាដេញតាមពីក្រោយជនសង្ស័យ រហូតអាចស្ទាក់ចាប់បាន នៅត្រង់ចំណុចក្បែរអធិការដ្ឋាននគរបាលខណ្ឌទួលគោក។ រួចក៏បានរាយការណ៍ ជូនសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះទៅជួយអន្តរាគមន៍ផងដែរ។
ក្រោយពេលកើតហេតុ ជនសង្ស័យ រួមទាំងវត្ថុតាំង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំចាត់ការទៅតាមនីតិវិធី៕
ចែករំលែកព័តមាននេះ