ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

​ភ្នំពេញ​៖ នៅពេល​ប្រទេស​យើង ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ បាន​ច្រើន ពោលគឺ​មនុស្សពេញវ័យ អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើងទៅ ចាក់​ឲ្យ​បាន​គ្រប់គ្នា ដែល​តាម​ការប៉ាន់ប្រមាណ មាន​ចំនួន…

​ភ្នំពេញ​៖ នៅពេល​ប្រទេស​យើង ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ បាន​ច្រើន ពោលគឺ​មនុស្សពេញវ័យ អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើងទៅ ចាក់​ឲ្យ​បាន​គ្រប់គ្នា ដែល​តាម​ការប៉ាន់ប្រមាណ មាន​ចំនួន ១០​លាន​នាក់ ហើយ​កុមារ និង​យុវជន អាយុ​ចាប់ពី ១២​ឆ្នាំ ដល់ ១៧​ឆ្នាំ មាន​ប្រមាណ ២​លាន​នាក់​ទៀត​នោះ កម្ពុជា​យើង នឹងមាន​ភាពស៊ាំ​នៅ​សហគមន៍​កាន់តែច្រើន ហើយ​អ្វីៗ អាច​នឹង​បើក​ដំណើរការ​ឡើងវិញ រាប់ទាំង​សាលារៀន​ផងដែរ​។​

​កាលពី​យប់​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២១ ក្នុងពេល​ទទួល​ជំនួយ​វ៉ាក់សាំង​ជប៉ុន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដល់​កុមារ និង​យុវវ័យ អាយុ ១២​ឆ្នាំ ដល់ ១៧​ឆ្នាំ ដែល​នឹង​ចាប់ផ្តើម នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​១ ខែសីហា ឆ្នាំ​២០២១​។ យុទ្ធនាការ​នេះ នឹង​ចាប់ផ្តើម​មុនគេ នៅ​រាជធានី​ភ្នំពេញ ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​អញ្ជើញ​ជា​អធិបតីភាព បើក​យុទ្ធនាការ​នេះ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ព្រមទាំង​នឹង​នាំ​ចៅៗ​របស់​សម្តេច ដែលមាន​អាយុ​ចាប់ពី ១២​ឆ្នាំ​ឡើងទៅ ទៅ​ទទួល​វ៉ាក់សាំង ជាមួយនឹង​កូនចៅ​មន្ត្រីជាន់ខ្ពស់​ជាច្រើន​ផ្សេងទៀត​។​

This image has an empty alt attribute; its file name is f408fee7c5fc6287dc6bf42c3289dfd5.jpg

​ដោយសារតែ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ ចាប់​តាំង​ដើមឆ្នាំ​២០២០ សាលារៀន​ទាំងអស់ ត្រូវបាន​បិទទ្វារ​ដំបូង​។ ក្រោយមក ក៏​បើក​វិញ​រប៉េះរប៉ោះ រហូតដល់​សិស្ស មិនអាច​ប្រឡង​ឌី​ប្លូ​ម និង​ប្រឡង​បាក់​ឌុប បាន​ពេញលេញ​ឡើយ ខណៈ​ការរៀនសូត្រ​តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណេ​ត និង​រៀន​តាម​ទូរទស្សន៍​ជាតិ ពី​ចម្ងាយ ក៏​មិនសូវ​ជា​បាន​ដិតដល់​។​

​ចូលដល់​ឆ្នាំ​សិក្សា​ថ្មី ឆ្នាំ​២០២០-២០២១ កូ​វីដ ក៏​នៅតែ​បន្ត​យាយី​សាលារៀន និង​ឆ្លង​រាលដាល​ប្រជាពលរដ្ឋ​ខ្លាំង​ជាង​មុន ដោយ​ឆ្លង​ចូល​សហគមន៍​ដំបូង​គេ គឺ​ព្រឹត្តិការណ៍​ថ្ងៃ ៣​វិច្ឆិកា ឆ្លង​តិចតួច ត្រឹមតែ ៤​នាក់ ជា​ថ្នាក់ដឹកនាំ​កំពូល នៅក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី​។ បន្ទាប់មក ក៏​កើតមាន​ព្រឹត្តិការណ៍​ឆ្លង​សហគមន៍ ២៨​វិច្ឆិកា ឆ្លង​ច្រើនជាង​មុន រហូតដល់ ៤១​នាក់ ហើយ​មាន​អ្នកពាក់ព័ន្ធ​ច្រើន​រាប់ពាន់នាក់ មិន​ត្រឹមតែ​នៅ​ភ្នំពេញ និង​ថ្នាក់ដឹកនាំ​កំពូល​ទេ ក៏​រាលដាល​ដល់​បណ្តា​ខេត្ត​មួយចំនួនទៀត​។ តែ​ព្រឹត្តិការណ៍​សហគមន៍​ទាំង ២​នោះ បញ្ចប់ទៅ​ឆាប់រហ័ស ហើយ​សាលារៀន ក៏​បិទ​តែមួយ​រយៈពេល​នៃ​ការឆ្លង​រាលដាល​ប៉ុណ្ណោះ​។​

This image has an empty alt attribute; its file name is 41362b6deef7ad60f4a24d0df3b6723c.jpg

​យ៉ាងណាក៏ដោយ ចុងក្រោយ​នេះ ចូលដល់​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ឆ្លង​រាលដាល​ធ្ងន់ធ្ងរ ដោយ​ដំបូង​ផ្តើមចេញពី​សហគមន៍​ចិន នៅ​ភ្នំពេញ ក្រោយមក​ក៏​រាលដាល​ដល់​ខេត្ត​ព្រះសីហនុ រួមទាំង​បណ្តា​ខេត្ត​ជាច្រើន រហូតដល់​ទូទាំងប្រទេស ហើយ​អូសបន្លាយ​មកដល់​សព្វ​ថ្ងៃ​។ មាន​អ្នក​ឆ្លង​មួយថ្ងៃៗ​រាប់រយ​នាក់ ហើយ​ក៏មាន​អ្នកស្លាប់​ដោយសារ​កូ​វីដ ចាប់ពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២១ អ្នកស្លាប់​កើនឡើង ដល់ ១៣០៥​នាក់​។ រីឯ​ករណី​ឆ្លង​កូ​វីដ សរុប ៧៣៧០១​នាក់ ដែល​ក្នុងនោះ មាន​អ្នកជា​សះស្បើយ ៦៥៩៥០​នាក់ គិត​ត្រឹម​ថ្ងៃទី​២៥​កក្កដា​។​

​យ៉ាងណាក៏ដោយ ក្នុងអំឡុងពេល​កូ​វីដ​ឆ្លង​រាលដាល​ខ្លាំង ហើយ​សាលារៀន ត្រូវ​បិទទ្វារ រហូតដល់​បិទ​ប្រទេស រាជធានី​ខេត្ត​មួយរយៈ​ផង​កាលពី​ខែមេសា ជាដើម​នោះ គឺ​សិស្សានុសិស្ស មិន​ថា សាលារៀន​រដ្ឋ ឬ​សាល​ឯកជន ចាប់ពី​ថ្នាក់​មតេយ្យ រហូតដល់​មហាវិទ្យាល័យ សាកលវិទ្យាល័យ ត្រូវ​រៀន​តាម​អន​ឡាញ​។ រៀន​តាម​អន​ឡាញ ដែល​ជួប​ផល​លំបាក​យ៉ាងច្រើន មាន​ជាអាទិ៍ គឺ​មិន​ថា ថ្នាក់​តូចៗ ដល់​មហាវិទ្យាល័យ ទាំង​សិស្ស ទាំង​គ្រូ មាន​បញ្ហា​អ៊ី​ន​ធើ​ណែ​ត​រអាក់រអួល ហើយក៏​ចំណាយ​ច្រើនជាង​មុន ឧបករណ៍​សម្ភារៈ​សិក្សា​ក៏​ជួប​បញ្ហា ពិសេស​សិស្ស​នៅតាម​ខេត្ត និង​ជនបទ​។ ក្នុងនោះ គុណភាព​សិក្សា​របស់​សិស្ស គឺ​បាត់​សឹងតែ​លើស ៥០​ភាគរយ​។ សិស្ស​ខ្លះ ចូលរៀន យកតែ​វត្តមាន​ទេ​។ និស្សិត នៅ​មហាវិទ្យាល័យ រៀន​តាម Microsoft team ហើយ​សិស្ស​តូចៗ រៀន​តាម zoom និង​តាម​តេ​ឡេ​ក្រាម​។​

​គ្រូៗ ក៏​ត្អូញត្អែរថា សិស្ស​មិនសូវ​ចេះ ពេល​រៀន​តាម​អន​ឡាញ​។ រីឯ​ឪពុកម្តាយ​វិញ រអ៊ូ​រឿង​អស់​លុយ​ច្រើន ដោយ​ចំណាយ​ទិញ​ឧបករណ៍ ដូចជា ទូរ​សព្ទ iPad បង់ថ្លៃ​អ៊ី​ន​ធើ​ណែ​ត ឬក៏​ត្រូវ​ភ្ជាប់ Wifi ជាដើម​។ ថ្លៃ​សាលា ក៏​មិន​ចុះ ហើយ​បើ​ចុះ ក៏​ចុះ​តិចតួច​។ កូនៗ​មួយចំនួន រៀនៗ មើល​តែ​យូ​ធូប និង​ញៀន​នឹង​លេង​ហ្គេម ក៏មាន​។ សាលា​ឯកជន​ជាច្រើន ពិសេស​សាលារៀន​អង់គ្លេស និង​ចំណេះ​ទូទៅ សម្រាប់​កុមារ ក៏បាន​បិទទ្វារ​។​

​និយាយ​ដូច្នេះ មិនមែន​ថា អំឡុងពេល​កូ​វីដ​នេះ សិស្ស​រៀន​ពី​ចម្ងាយ តាម​ប្រព័ន្ធ​អន​ឡាញ មិនបាន​ផល​អ្វី​ទាំងស្រុង​នោះទេ​។ យ៉ាងហោចណាស់ ក៏​យើង​អាច​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន ក្នុង​វិស័យ​អប់រំ​យើង ដែលជា​ផែនការ​របស់​ក្រសួង​អប់រំ ហើយ​នៅ​ប្រទេស​ជឿនលឿន បាន​អនុវត្ត​រួចមកហើយ​។ ក្នុងនោះ ក៏មាន​សិស្ស និស្សិត​ច្រើន​ទៀត រៀន​ចេះ ហើយក៏​ប្រឡង​ជាប់​។ សំខាន់​ទៀត​នោះ យើង​អាច​ការពារ​សិស្ស​និស្សិត​យើង​ពី​កូ​វីដ ហើយ​ចូរ​កុំភ្លេចថា រហូតដល់​ពេលនេះ កូ​វីដ មិនទាន់​ឆ្លង​ចូល​សាលារៀន​ណាមួយ​នៅឡើយ​ទេ​។ កន្លងមក មានតែ​គ្រូ ឬក៏​សិស្ស​ប៉ុន្មាន​នាក់ ឆ្លង​កូ​វីដ ជា​លក្ខណៈ​បុគ្គល ហើយក៏​ឆ្លង​នៅក្រៅ​សាលារៀន​ដែរ​។​

​ជា​សរុបមក នៅពេលនេះ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​រួចហើយ​ថា ទោះបី​តម្លៃ​ណាក៏ដោយ កម្ពុជា​ត្រូវតែ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩ ជូន​ប្រជាពលរដ្ឋ ឲ្យ​បាន​ជោគជ័យ​។ ក្នុងនោះ គឺ​សម្តេច គ្រោង​នឹង​ចាក់​វ៉ាក់សាំង ឲ្យ​បាន​ដល់ ១៣​លាន​នាក់ ដែល​ស្មើនឹង​ជាង ៨០% នៃ​ប្រជាជន​កម្ពុជា សរុប ១៦​លាន​នាក់​។​

​សម្រាប់​កុមារ និង​យុវវ័យ អាយុ ១២​ឆ្នាំ ដល់ ១៧​ឆ្នាំ ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ នៅ​ទូទាំងប្រទេស ត្រូវបាន​ប្រកាសថា មាន​ប្រមាណ ២​លាន​នាក់​។ ក្នុងនោះ នៅ​ភ្នំពេញ មាន​ជាង ២៨​ម៉ឺន​នាក់​។​

​គិត​ត្រឹម​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២១ សម្រាប់​មនុស្សពេញវ័យ អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើងទៅ នៅ​ទូទាំងប្រទេស ចាក់​វ៉ាក់សាំង បាន​ចំនួន ៦ ៨៣៩ ១០៩​នាក់ ស្មើនឹង ៦៨,៣៩% នៃ​ចំនួន​គោលដៅ ដែល​ត្រូវ​ចាក់​វ៉ាក់សាំង ចំនួន ១០​លាន​នាក់​។​

​តាម​ផែនការ នៅ​ខែសីហា និង​ខែកញ្ញា វ៉ាក់សាំង ៥​លាន​ដូ​ស សម្រាប់​ចាក់​ឲ្យ​កុមារ និង​យុវវ័យ នឹង​មកដល់​កម្ពុជា​យើង ខណៈដែល​វ៉ាក់សាំង សម្រាប់​មនុស្សពេញវ័យ នឹង​មកដល់​គ្រប់​ចំនួន ២០​លាន​ដូ​ស នៅត្រឹម​ខែសីហា​។ ក្នុងនោះ តាម​គម្រោង​យ៉ាងយូរ ត្រឹម​ខែតុលា ឆ្នាំ​២០២១​នេះ កម្ពុជា​យើង នឹង​សម្រេច​ផែន​ការចាក់​វ៉ាក់សាំង​ដល់​មនុស្ស ១០​លាន​នាក់​ហើយ​។​

​ដូច្នេះ នៅពេលដែល​យើង​អាច​ចាក់​វ៉ាក់សាំង សម្រេច​តាម​ផែនការ ទាំង​មនុស្សពេញវ័យ និង​ទាំង​កុមារ​ឲ្យ​បាន​រហូតដល់​ជាង ៨០%​នៃ​ប្រជាជន​សរុប ១៦​លាន​នាក់ ពេលនោះ យើង​នឹងមាន​ភាពស៊ាំ​កាន់តែ​ខ្ពស់ ហើយ​អ្វីៗ នឹង​បាន​ប្រសើរ ដែល​អាច​ចូលរួម​ស្រោចស្រង់​សង្គម​កម្ពុជា​យើង​ឡើងវិញ ចេញពី​វិបត្តិ​កូ​វីដ​។​

​ប៉ុន្តែ​ទន្ទឹមនឹងនោះ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​បុគ្គល​គ្រប់រូប ក៏ត្រូវ​តែ​បន្ត​អនុវត្ត​នូវ​វិធានការ​សុខាភិបាល និង​រួមគ្នា ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ បន្តទៀត​។ កុំភ្លេចថា ចាក់​វ៉ាក់សាំង​រួចហើយ ២​ដូ​ស​ក្តី ឬ ៣​ដូ​ស​ក្តី ក៏​នៅតែ​អាច​ឆ្លង​កូ​វីដ បើសិនជា​យើង​ម្នាក់ៗ ធ្វេសប្រហែស​តែ​បន្តិច​។ ពាក់​ម៉ាស លាង​សម្អាត​ដៃ​ឲ្យ​ញឹកញាប់ និង​រក្សា​គម្លាត​សុវត្ថិភាព ពិសេស​បន្ត​កុំ​ទាន់​ជួបជុំ​គ្នាច្រើន ជា​វិធី​ល្អ​បំផុត ដើម្បី​កុំ​ឲ្យ​ឆ្លង​កូ​វីដ​៕​