ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

2015​ឆ្នាំ​ស៊យ​របស់​កីឡាករ​-​កីឡាការិនី​ជើង​ខ្លាំង​4​រូប

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ពេញ​មួយ​ឆ្នាំ​២០១៥​នេះ គេ​ចាប់អារម្មណ៍​ថា​មាន​កីឡាករ​កីឡាការិនី​ល្បីឈ្មោះ​មួយ​ចំនួន​បាន​រអិល​ធ្លាក់​លេខ​ពី​ល្បី​សុសសាយ​មក​បាត់​ទីផ្សារ ឬ​អស់​ប្រជាប្រិយភាព ។ ក្នុង​ចំណោម​ជើង​ខ្លាំង​ធ្លាក់​កូដ​ទាំងនោះ

រាជធានី​ភ្នំពេញ ៖ ពេញ​មួយ​ឆ្នាំ​២០១៥​នេះ គេ​ចាប់អារម្មណ៍​ថា​មាន​កីឡាករ​កីឡាការិនី​ល្បីឈ្មោះ​មួយ​ចំនួន​បាន​រអិល​ធ្លាក់​លេខ​ពី​ល្បី​សុសសាយ​មក​បាត់​ទីផ្សារ ឬ​អស់​ប្រជាប្រិយភាព ។ ក្នុង​ចំណោម​ជើង​ខ្លាំង​ធ្លាក់​កូដ​ទាំងនោះ កីឡាករ​កីឡាការិនី​លេចធ្លោ​៤​រូប​ខាងក្រោម​នេះ​បាន​ឈាន​ដល់​ដំណាក់កាល​ស៊យ ដោយសារ​តែ​អាជីព​របស់​ពួក​គេ​ត្រូវ​បាន​ផ្កាប់​ចោល​នៅ​ក្នុងឆ្នាំនេះ​តែ​ម្ដង ។

វ៉​ន វី​វ៉ា ៖ គ្មាន​អ្នក​ណា​មិនដឹង​នោះ​ទេ​ថា កីឡាករ​រូប​នេះ គឺជា​ជើង​ខ្លាំង​មួយ​រូប​នៅ​ក្នុង​ពិភព​ប្រដាល់ ។ កេរ្តិ៍ឈ្មោះ​របស់​លោក​ត្រូវ​គេ​ឃើញ​ស្ទុះ​ឡើង​កាន់តែ​ខ្លាំង​ក្រោយ​ពេល​ផ្ទុះ​ជម្លោះ​ជាមួយ​កីឡាករ​សេន ប៊ុ​ន​ថេ​ន កាលពី​ដំណាច់ឆ្នាំ​២០១៤ និង​ក្រោយ​ពី​មាន​ដំណឹង​រៀប​ការ​ជាមួយ​អតីត​កីឡាការិនី​ស៊ន ដា​វី​ន ធ្វើ​ឱ្យ​មានការ​តាមដាន​កាន់តែ​ច្រើន​ផ្អើល​អស់​មហាជន​នៅ​ក្នុងឆ្នាំនេះ ។ ជីវិត​ក្រៅ​សង្វៀន​របស់​គេ​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ហើយ​ក៏​មាន​ភាព​ហ៊ឺហា​ណាស់​ដែរ ក្រោម​ចំហាយ​ក្លាយជា​សមា​ជិកគ្រួសារ​កញ្ញា ស៊ន សៀវ​ម៉ី នៅ​ក្នុងឆ្នាំនេះ ។ ប៉ុន្តែ​ទន្ទឹម​នឹង​ការ​ឡើង​កូដ កីឡាករ​វ៉​ន វី​វ៉ា ក៏​ជំពប់​រឿង​ស៊យ​រហូត​ដល់​សម្រេចចិត្ត​បោះបង់​អាជីព​ក្នុង​ឆ្នាំ​២០១៥​នេះ​ដូច​គ្នា។

កាលពី​ថ្ងៃ​ទី​២១ មិថុនា ២០១៥ លោក​ភ្លាត់​បណ្ដាល​ឱ្យ​បាក់ឆ្អឹង​ដៃ​ធ្ងន់ធ្ងរ​ក្នុង​ការ​ប្រកួត​ជាមួយ​កីឡាករ​ស៊ុ​យ​អែ​ត ហើយ​ត្រូវ​គ្រូពេទ្យ​ប្រកាស​មិន​ឱ្យ​ឡើង​ប្រកួត​បន្ត​ទៀត​ដោយ​​មិន​មានការ​កំណត់ ។ ម្ដាយក្មេក​របស់​កីឡាករ​រូប​នេះ​បាន​អះអាង​ថា វ៉​ន វី​វ៉ា នឹង​ឈប់​ប្រឡូក​ការ​ប្រដាល់​រហូត បើ​ទោះជា​គេ​អាច​ជា​ដៃ​បាក់​១០០% ក្រោយ​ការ​វះកាត់ ។ ការ​បញ្ជាក់​មួយ​នេះ​ស្របគ្នា​ទាំងស្រុង​នឹង​ការ​ប្រកាស​របស់​អ្នក​នាង​ស៊ន ដា​វី​ន ជា​ភរិយា ដែល​ចង់ឱ្យ វ៉​ន វី​វ៉ា បោះបង់​មហិច្ឆតា​ឡើង​ប្រដាល់ ស្របគ្នា​ដែល​វ៉​ន វី​វ៉ា ក៏​មាន​អារម្មណ៍​នឿយណាយ​ក្រោយ​ពី​មានការ​រិះគន់ និង​វាយប្រហារ​យ៉ាង​ចាស់ដៃ​នៅ​លើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ករ​ហូត​បណ្ដាល​ឱ្យ​លោក​ត្រូវ​តែ​សុំ​ដកខ្លួន​នោះ ។

វ៉​ន វី​វ៉ា ធ្លាប់​បាន​ថ្លែងប្រាប់​ឱ្យ​ដឹង​ថា ស្ថានភាព​នឿយហត់ និង​ការ​គេច​ចេញពី​ការ​បំបាក់ទឹកចិត្ត គឺជា​ហេតុផល​ដែល​ធ្វើ​ឱ្យ​លោក​លែង​ចង់​ប្រដាល់  បើ​ទោះជា​ដៃ​របស់​លោក​អាច​ត្រឡប់​មក​វាយតប់​ដូច​ដើម​។ ទន្ទឹម​នឹង​ការ​បាត់បង់​អាជីព​បណ្ដាល​មក​ពី​បាក់ដៃ​ដែល​មហាជន​បាន​កត់​សម្គាល់ថា​ជា​រឿង​ស៊យ​ដ៏​កម្រ កីឡាករ​រូប​នេះ​ក៏​ត្រូវ​គេ​អះអាង​ថា​បាន​ប្រកាស​លក់​ដី និង​លក់​បន្ទប់​ជួល​ដែល​ទើប​សាងសង់​រួច​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ ។

ប្រភព​ពី​អ្នក​ភូមិ​ក្រាំងធ្នុង ក្នុង​សង្កាត់​សែន​សុខ រាជធានី​ភ្នំពេញ ជាទី​ដែល​វ៉​ន វី​វ៉ា ប្រកាស​លក់​ដី និង​ធ្វើ​បន្ទប់​ជួល​បាន​អះអាង​ថា វ៉​ន វី​វ៉ា បាន​ប្រកាស​លក់​ដី​ទំនេរ​ទំហំ​១០​ម៉ែត្រ​គុណ​១៧​ម៉ែត្រ និង​លក់​អគារ​បន្ទប់​ជួល​២០​បន្ទប់​លើ​ដី​ទំហំ​៨​គុណ នឹង​២៣​ម៉ែត្រ​នៅ​ទីនោះ​យូរ​មក​ហើយ ប៉ុន្តែ​មិន​មាន​អ្នក​ណា​ត្រូវចិត្ត​នៅឡើយ​ទេ ។ មានការ​បញ្ជាក់​ថា លោក និង​ភរិយា​ត្រូវការ​ប្រាក់​ដើម្បី​ទិញ​ផ្ទះ​ថ្មី និង​បើក​អាជីព​ថ្មី​ទើប​ប្រកាស​លក់​ដី​តម្លៃ​២៣.០០០​ដុល្លារ និង​លក់​ផ្ទះ​ជួល​តម្លៃ​ជាង​៥​ម៉ឺន​ដុល្លារ​ដែល​លក់​មិន​ទាន់​ដាច់​នៅឡើយ នៅ​ក្នុង​ឆ្នាំ​ស៊យ​នេះ​។

សេន ប៊ុ​ន​ថេ​ន ៖ គូ​ជម្លោះ​ពាក្យ​សម្ដី​ដ៏​រសើប​របស់​លោក​វ៉​ន វី​វ៉ា រូប​នេះ ក៏​ត្រូវ​គេ​មើលឃើញ​ថា​បាន​បោះបង់​អាជីព​ដែល​ធ្លាប់​ល្បីឈ្មោះ ដោយសារ​ប្រដាល់​ក្នុង​ឆ្នាំ​២០១៥​នេះ​ដែរ ។ តាំងពី​ដើមឆ្នាំ​រហូត​មក​ដល់​ពេល​នេះ លោក​មិន​មានការ​ប្រកួត​សូ​ម្បី​តែ​មួយ​ប្រកួត ដោយ​គេ​ចាត់​ទុក​ឆ្នាំ​នេះ​ក៏​ជា​ឆ្នាំ​ស៊យ​របស់ សេន ប៊ុ​ន​ថេ​ន ផង​ដែរ ។ អ្នក​នាង ខាន់ សោ​ភ័​ណ្ឌ ភរិយា​របស់​លោក​បាន​អះអាង​ថា ការ​ដើរ​ចេញពី​ពិភព​គុន​របស់​ស្វាមី មិន​មាន​ន័យ​ថា​លោក​បោះចោល​អាជីព​ប្រដាល់​រហូត​នោះ​ទេ គឺ​គ្រាន់តែ​ចង់​សម្រាក​មួយ​ឆ្នាំ ហើយ​អាច​បង្ហាញខ្លួន​ជា​ថ្មី​វិញ​នៅ​ឆ្នាំ​២០១៦ ខាង​មុខ​ប៉ុណ្ណោះ ។

ទោះបី​យ៉ាងណា គេ​មើលឃើញ​ថា ទោះជា​ត្រូវ​សម្រេចចិត្ត​ចូល​វិញ ក៏​ទំនង​មិន​អាច​ជួយ​ឲ្យ​កីឡាករ​រូប​នេះ​មាន​និរន្តរភាព​ល្បីឈ្មោះ​បាន​យូរអង្វែង​នោះ​ដែរ ដោយសារ​តែ​វត្តមាន​របស់​កីឡាករ​ក្មេង​ៗ​មាន​កាន់តែ​ច្រើន ហើយ​សមត្ថភាព​របស់ សេន ប៊ុ​ន​ថេ​ន ក៏​ពិតជា​មានការ​ប្រែប្រួល​ផ្អែក​តាម​វ័យ​ជាក់ស្ដែង ។ អ្នក​នាង​ខាន់ សោ​ភ័​ណ្ឌ បាន​ថ្លែងប្រាប់​ថា ពេញ​មួយ​ឆ្នាំ​២០១៥ ស្ថានភាព​ហើម​សាច់ដុំ​ជើង និង​ការ​វាយប្រហារ​នៅ​លើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក គឺជា​មូលហេតុ​ធ្វើ​ឲ្យ​ស្វាមី​មិន​ព្រម​ទទួលយក​ការ​ប្រកួត ហើយ​ក៏​ជា​ឆ្នាំ​ដែល​ស្វាមី​ត្រូវ​ធ្លាក់​កាលី​ប​បើ​ធៀប​នឹង​ភាព​ខ្ទរខ្ទារ​មុន​ឆ្នាំ​២០១៥​ផង​ដែរ ។ យ៉ាងណា​ក៏​ដោយ លោក​ក៏​បានការ​ងារ​ជា​អ្នក​បង្ហាត់​សិស្ស និង​បាន​ថតកុន​រាយរង​តិចតួច​ផង​ដែរ បើ​ទោះ​មិន​អាច​ធៀប​នឹង​ឱកាស​ឡើង​រេញ​ដែល​ក្រៅពី​រក​លុយ​បាន ក៏​មាន​អ្នកគាំទ្រ​លើសលប់​នោះ ។

កីឡាករ​សេន ប៊ុ​ន​ថេ​ន បាន​អះអាង​ថា លោក​ចង់​ឡើង​ប្រដាល់​នៅ​ឆ្នាំ​២០១៦​ឡើង​វិញ ដើម្បី​រក​លុយ​ទិញ​ផ្ទះ​បង់​រំលស់​រស់នៅ​ឱ្យ​បាន​សមរម្យ ប៉ុន្តែ​លោក​ហាក់​មិន​បាន​កំណត់​ពី​កាលបរិច្ឆេទ និង​នៅ​ស្ទាក់​ស្ទើរចិត្ត​នៅឡើយ​ភ័យ​ខ្លាច​ឡើង​ប្រដាល់​មិន​បាន​ជោគជ័យ ហើយ​ត្រូវ​យកឈ្មោះ​មក​ចោល​នៅ​លើ​រេញ ។ អ៊ីចឹង​ហើយ​ទើប​គេ​មើលឃើញ​ថា ស្ថានភាព​របស់​លោក​គឺ​ទោះជា​នៅ​ចង់​បន្ត​ការ​ប្រដាល់ ក៏​មិន​ខុស​ពី​បោះបង់​ទាំងស្រុង​នោះ​ដែរ ដោយសារ​តែ​ឆ្នាំ​២០១៥​ធ្វើ​ឱ្យ​លោក​ធ្លាក់​កូដ​ពេញបន្ទុក​ពី​ការ​គាំទ្រ ។

ស៊ន ដា​វី​ន​៖ អតីត​កីឡាការិនី​តេ​ក្វា​ន់​ដូ​រូប​នេះ ក៏​បោះបង់​អាជីព​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ផង​ដែរ​នៅ​ក្នុង​ឆ្នាំ​២០១៥​ដូច​គ្នា ។ ឆ្លងកាត់​ព្យុះ​ភ្លៀង​រាប់​មិន​អស់​នា​ពេល​អតីតកាល គឺ​មាន​តែ​ក្នុង​ឆ្នាំ​២០១៥​នេះ​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​នាង​ទ្រាំទ្រ​សម្ពាធ​ព្យុះ​ភ្លៀង​មិន​បាន ហើយ​ត្រូវ​តែ​សម្រេចចិត្ត​បោះបង់​អាជីព​ដោយ​មិន​ស្ដាយស្រណោះ​។ នាង​បាន​ដាក់​ពាក្យ​លាឈប់​ពី​កីឡាការិនី​តេ​ក្វា​ន់​ដូ កាលពី​ខែសីហា​ពាក់កណ្ដាល​ឆ្នាំ បន្ទាប់​ពី​រង​សម្ពាធ​ផ្លូវចិត្ត​ក្រោម​ការ​រិះគន់​នៅ​ពេល​ការ​ប្រកួត​បន្តបន្ទាប់​របស់​នាង​មិន​បាន​ជោគជ័យ និង​ស្របគ្នា​ដែល​មានការ​ប៉ះទង្គិច​ផ្លូវចិត្ត​ពី​គូប្រជែង​ដែល​សើចចំអក​ឡកឡាយ​ឱ្យ​ទៀត​ផង​នោះ ។

នាង​បាន​សម្រេចចិត្ត​មក​ធ្វើ​ជា​គ្រូ​កីឡា​តែ​មួយ​មុខ​នៅ​វិទ្យាល័យ​ឫស្សី​កែវ និង​យក​ពេល​រក​លុយ​ពី​ការ​បង្ហាត់​សិស្ស​នៅ​ក្នុង​ក្លិប​តេ​ក្វា​ន់​ដូរ​បស់​គ្រួសារ​នៅ​ក្នុង​វិទ្យាល័យ​ឫស្សី​កែវ​វិញ ។ នាង​បាន​ប្រកាស​ដោយ​ពេញ​ៗ​មាត់ លាឈប់​ការ​ប្រកួត និង​ឈប់​បន្ត​អាជីព​ជា​កីឡាការិនី​ទៀត​ហើយ បើ​ទោះជា​កីឡា​ដែល​នាង​ធ្លាប់​ប្រឡូក​ធ្លាប់​ជួយ​ឱ្យ​នាង​មាន​ថ្ងៃនេះ​ក្ដី​។

ហ៊ុន ឈុ​ន​ហេង ៖ លោក​គឺជា​កីឡាករ​ល្បីឈ្មោះ​ក្នុង​ចំណោម​អ្នក​ទាំង​៤​ដែល​បាន​សម្រេចចិត្ត​បោះបង់​អាជីព​ក្នុង​ឆ្នាំ​២០១៥​នេះ​ដូច​គ្នា ដោយសារ​តែ​ស៊យ​ជួប​រឿង​គ្រោះ​ថ្នាក់ បណ្ដាល​ឱ្យ​បាក់ជើង​កម្រិត​ធ្ងន់ ។ ធៀប​នឹង​ជើង​ខ្លាំង​ខាងលើ លោក​គឺជា​សមាសភាព​កីឡាករ​ដែល​ស្ទុះ​ឡើង​កូដ​ហើយ​មាន​អនាគត​វែង​ឆ្ងាយ​នៅ​ក្នុង​អាជីព​កីឡា​នេះ​ជាងគេ ប៉ុន្តែ​ស្ថានភាព​ជំងឺ​បាន​រុញ​ឱ្យ​លោក​ប្រែក្លាយ​ពី​កីឡាករ​ទទួល​បាន​ទីផ្សារ​គគ្រឹកគគ្រេង​ទៅ​ជា​ពិការ​មិន​គួរ​ឱ្យ​ជឿ ។

លោក​ត្រូវ​រថយន្ត​បុក​ពេញទំហឹង កាលពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ដោយ​ភាគី​ខាង​អ្នក​បង្កហេតុ​មិន​ព្រម​បង់​សំណង​ឱ្យ​បាន​សមរម្យ​នោះ​ផង បើ​ទោះជា​លោក​ត្រូវ​គេ​ដឹង​ថា​បាន​បញ្ចប់​អាជីព​ក្នុង​ពេល​ឡើង​កូដ​ទាំង​គួរ​ឱ្យ​សោកស្ដាយ ។ ធៀប​នឹង​កីឡាករ​ខាងលើ ឆ្នាំ​២០១៥ គឺជា​ឆ្នាំ​ស៊យ​បំផុត​របស់​ហ៊ុន ឈុ​ន​ហេង ក៏​ជា​ឆ្នាំ​ដែល​ធ្វើ​ឱ្យ​គេ​ស្គាល់​លោក​កាន់តែ​ច្បាស់​ផង​ដែរ តាម​រយៈ​ការ​ចុះ​ផ្សាយ​ពី​គ្រោះថ្នាក់​របស់​លោក​បណ្ដាល​ឱ្យ​លោក​បាត់បង់​តំណែង​ជា​កីឡាករ និង​បាត់​ទាំង​ឱកាស​រក​ប្រាក់​ពី​ការ​ប្រកួត​អន្តរជាតិ​ដែល​មាន​ហាងឆេង​តាំងពី​ដើមឆ្នាំ​នោះ​។ ក្នុង​ចំណោម​កីឡាករ​ទាំង​៤​រូប​ដែល​ស៊យ​រហូត​ដល់​បាត់បង់​អាជីព គេ​ទំនងជា​ស៊យ​ជាងគេ ដោយសារ​តែ​ក្រៅពី​មាន​ជីវភាព​ក្រីក្រ​នៅឡើយ ក៏​ត្រូវ​ធ្លាក់​ក្នុង​ភាព​ពិការ​ដោយ​មិនដឹង​ថា​បាន​ត្រឡប់​មក​កាន់​អាជីព​ប្រដាល់​រក​លុយ​ដូច​មុន​បាន​ឬ​មិន​បាន ៕