ភ្នំពេញ៖ ម្ចាស់ផ្ទះជួលមួយចំនួន នៅតែបន្តបញ្ចុះតម្លៃ ដល់កម្មករ កម្មការិនី និងអ្នកជួលស្នាក់នៅ ផ្សេងៗទៀត ខណៈពេលដែលអាជីវកម្ម សិប្បកម្ម រោងចក្រកាត់ដេរ បានដំណើរការឡើងវិញ ដោយរលូន ថែមម៉ោងទាំងយប់ទាំងថ្ងៃ និងធ្វើការទាំងថ្ងៃអាទិត្យនោះ។ ការបញ្ចុះតម្លៃជួលផ្ទះនេះ ត្រូវគេដឹងថា តិច ឬច្រើន ទៅតាមទឹកចិត្ត និងសទ្ធារបស់ម្ចាស់ផ្ទះតែប៉ុណ្ណោះ។
ទោះបីជាយ៉ាងណា មានម្ចាស់ផ្ទះជួលមួយចំនួនទៀត លែងបញ្ចុះតម្លៃតទៅទៀតហើយ ដោយលើកហេតុផលថា រោងចក្រកាត់ដេរ បានដំណើរឡើងវិញធម្មតាហើយ និងសំបូរការងារ ថែមម៉ោង រហូតដល់ម៉ោង ៨យប់ ព្រមទាំងធ្វើការ ទាំងថ្ងៃអាទិត្យទៀតផង។
ស្ត្រីម្នាក់ ឈ្មោះ ស្រី នាង អាយុ ២៦ឆ្នាំ ជាអ្នកលក់ដូរ ដែលជាជួលផ្ទះស្នាក់នៅ ក្នុងភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅ៣ បានអោយដឹងថា ម្ចាស់ផ្ទះជួលរបស់គាត់ នៅតែបន្តបញ្ចុះតម្លៃអោយគាត់ ក៏ដូចជាកម្មករកម្មការិនីនៅឡើយ។ ក្នុង ១បន្ទប់ តម្លៃ ២០០ដុល្លារ(ខាងមុខ) នៅសល់ ១៥០ដុល្លារ។ ចំណែកបន្ទប់ខាងក្នុងៗ ដែលកម្មករស្នាក់នៅ តម្លៃ ៥០ដុល្លារ បញ្ចុះ ១បន្ទប់ ១០ដុល្លារ។ ការបញ្ចុះតម្លៃនេះ ធ្វើឡើងជាច្រើនខែមកហើយ តាំងពី ផ្ទុះកូវីដ ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈមកម្លេះ។
អ្នកជួលផ្ទះម្នាក់ ឈ្មោះ ហ៊ន ធូ ភេទប្រុស អាយុ ៣៧ឆ្នាំ ដែលជាអ្នកស្នាក់នៅផ្ទះជួល នៅភូមិព្រៃព្រីង ខាងជើង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ បានអោយដឹងដែរថា បន្ទប់ផ្ទះជួលរបស់គាត់ ស្នាក់នៅតម្លៃ ១០ម៉ឺនរៀល ១ខែហើយ ត្រូវបានម្ចាស់ បញ្ចុះតម្លៃ ១បន្ទប់ ១ម៉ឺនរៀល រយៈពេល ២ខែ មកហើយ តាំងពីរោងចក្រ QMI បិទខ្ទប់ មកម្លេះ។
បុរសម្នាក់ទៀត ឈ្មោះ រុំ រិទ្ធ អាយុ ២៧ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ បានអោយដឹងថា គាត់បានស្នាក់នៅផ្ទះជួលនេះ ២នាក់ប្តីប្រពន្ធ រយៈពេលជាង ១ឆ្នាំមកហើយ។ នៅក្នុងស្ថានភាពកូវីដ បានផ្ទុះឡើងហើយ ឈានទៅបិទខ្ទប់តំបន់ព្រៃទា ម្ចាស់ផ្ទះជួល បានបញ្ចុះតម្លៃ រយៈពេល ៣ខែមកហើយ ដែលមុនដំបូង ក្នុង ១បន្ទប់ តម្លៃ ៤០ដុល្លារ បញ្ចុះតម្លៃ ៨ដុល្លារ ហើយក្រោយមកបញ្ចុះតម្លៃ ៥ដុល្លារ រហូតមកដល់ពេលនេះ។
ទោះបីជាយ៉ាងណា មានម្ចាស់ផ្ទះជួលខ្លះទៀត លែងបញ្ចុះតម្លៃហើយ ព្រោះស្ថានភាពរោងចក្រ បានដំណើរឡើងវិញ ដោយរលូន។
ស្ត្រីម្នាក់ ដែលជាអ្នកលក់ផ្លែឈើ ជួលផ្ទះនៅព្រៃទា បានអោយដឹងថា ម្ចាស់ផ្ទះជួលរបស់គាត់ បានបញ្ចុះតម្លៃ បានរយៈពេល ២ខែ ដោយបន្ទប់តម្លៃ ៧០ដុល្លារ បញ្ចុះបាន ១០ដុល្លារ ព្រោះរោងចក្រ និងមុខរបររកស៊ីផ្សេង បានដំណើរឡើងវិញហើយ។
ចំណែកកម្មករ ដែលស្នាក់នៅ បន្ទប់ជួលផ្សេងទៀត នៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ បានអោយដឹងថា បន្ទប់ផ្ទះជួលរបស់ពួកគាត់ ត្រូវបានម្ចាស់បញ្ចុះតម្លៃ ក្នុង ១បន្ទប់ ៥ដុល្លារ ឬ១០ដុល្លារ បានតែ ២ខែទេ គឺខែឧសភា និងខែមិថុនាតែប៉ុណ្ណោះ ខណៈពេលដែលតំបន់ព្រៃទា ត្រូវបានបិទខ្ទប់។ បច្ចុប្បន្ននេះ រោងចក្រ បានដំណើរឡើងវិញ និងបានថែមម៉ោង រាល់ថ្ងៃ ហើយថ្ងៃអាទិត្យ ក៏ធ្វើការដែរនោះ ម្ចាស់ផ្ទះជួលមិនបានបញ្ចុះតម្លៃទៀតទេ។
លោក ឈិន វីរៈ ភេទប្រុស អាយុ ៤១ឆ្នាំ ដែលជាអ្នកមើលការខុសត្រូវផ្ទះជួល នៅភូមិព្រៃព្រីងខាងជើង២ (ខាងកើតរោងចក្រ QMI) បានអោយដឹងថា គាត់បានមើលការផ្ទះជួល អោយឪពុកម្តាយធម៌របស់គាត់ចំនួន ៧០បន្ទប់។ បន្ទាប់ពីផ្ទុះកូវីដ១៩ ចាប់តាំងថ្ងៃទី២០កុម្ភៈ ឆ្នាំ២០២១ ផ្ទះជួលរបស់គាត់ មានការអនុគ្រោះ ដោយបញ្ចុះតម្លៃជូនកម្មករកម្មការិនី និងអ្នកដែលជួលផ្ទះស្នាក់នៅ រហូតមកដល់ពេលនេះ។ ក្នុង ១បន្ទប់ តម្លៃ ២០០ដុល្លារ បញ្ចុះ ៥០ដុល្លារ រីឯបន្ទប់តម្លៃ ៥០ដុល្លារ បញ្ចុះ ១០ដុល្លារ និងបន្ទប់ជាន់លើ តម្លៃ ៥០ដុល្លារ បញ្ចុះ ១៥ដុល្លារ។
លោក ឈិន វីរៈ បានអោយដឹងថា ខណៈពេលដែលបិទខ្ទប់ អ្នកស្នាក់នៅផ្ទះជួលរបស់គាត់ បានទទួលការជួយឧបត្ថម្ភពីអាជ្ញាធរ ចំនួន ២លើក ហើយក្នុងនាមម្ចាស់ផ្ទះជួល គាត់ក៏បានទិញ ត្រីខ ចែកជូនដល់កម្មករកម្មការិនី ក៏ដូចជាអ្នកស្នាក់នៅ ដោយក្នុង ១បន្ទប់ បានត្រីខ ១យួរ ដើម្បីជួយសម្រួលដល់ការលំបាករបស់បងប្អូន ក្នុងស្ថានភាព ដែលកំពុងតែបិទខ្ទប់។
លោក រឿង សាវឿន ភេទប្រុស អាយុ ៤៨ឆ្នាំ ដែលជាអ្នកម៉ៅផ្ទះជួល បានអោយដឹងថា គាត់បានម៉ៅផ្ទះជួល ចំនួន ៦២បន្ទប់ ក្នុងតម្លៃ ១ខែ ចំនួន ១២០០ដុល្លារ ដោយកុងត្រា រយៈពេល ២ឆ្នាំ។ នៅពេល ផ្ទុះកូវីដ នៅក្នុងរោងចក្រ ហើយតំបន់ព្រៃទា ត្រូវបិទខ្ទប់ គាត់បានបញ្ចុះតម្លៃផ្ទះជួល ចំនួន ៣ខែ គឺខែមេសា ឧសភា និងមិថុនា ដែលក្នុង ១បន្ទប់ បញ្ចុះតម្លៃ ៥ដុល្លារ ១០ដុល្លារ និង ៣០ដុល្លារ ទៅតាមបន្ទប់ធំតូច និងលើ ឬក្រោម។ ក្នុងស្ថានភាពបែបនេះ ម្ចាស់ផ្ទះ បានបញ្ចុះតម្លៃអោយគាត់ បានតែ ១០០ដុល្លារ ក្នុង ១ខែ ធ្វើអោយគាត់ខាតបង់អស់ប្រមាណជាង ២ពាន់ដុល្លារ ដោយសារតែការបញ្ចុះតម្លៃ ណាមួយនៅតំបន់បិទខ្ទប់ កម្មករកម្មការិនី និងអ្នកស្នាក់នៅ មួយចំនួន បានឈប់ជួលផ្ទះ ទៅស្រុកមួយរយៈ។ ទោះបីខាត គាត់នៅតែទ្រាំ រហូតដល់ចប់កិច្ចសន្យា នៅចំណាច់ឆ្នាំ២០២១ នេះ។
លោក រឿង សាវឿន បានអោយដឹងទៀតថា ចាប់ពីខែក្រោយនេះទៅ គាត់លែងបញ្ចុះ ថ្លៃឈ្នួលផ្ទះទៀតហើយ ដោយសារតែស្ថានភាពរោងចក្រ បានដំណើរការឡើងវិញ ហើយសំបូរការងារធ្វើ ថែមម៉ោងរាល់ថ្ងៃ រហូតដល់ម៉ោង ៨យប់ និងថ្ងៃអាទិត្យ ក៏ធ្វើការដែរ។ បើសិនជាម្ចាស់ផ្ទះ បញ្ចុះតម្លៃ អោយ គាត់នឹងបញ្ចុះតម្លៃជូនអ្នកជួលផ្ទះស្នាក់នៅដែរ។
ចំណែកលោកស្រី ស៊ាង ឡេង អាយុ ៤៥ឆ្នាំ អ្នកមើលការខុសត្រូវផ្ទះជួល ភូមិព្រៃព្រីងខាងជើង២ បានអោយដឹងថា ម្ចាស់ផ្ទះជួលរបស់គាត់ បានបញ្ចុះតម្លៃឈ្នួល ១ខែ បានតែ ៥ដុល្លារទេ តាំងពីបិទខ្ទប់រោងចក្រ QMI មកម្លេះ ឥឡូវរោងចក្រ បានដំណើរការវិញ មានការងារធ្វើថែមម៉ោង ទាំងយប់ថ្ងៃ ទាំងថ្ងៃ លែងបញ្ចុះតម្លៃផ្ទះទៀតហើយ៕ ម៉េង ធា
ចែករំលែកព័តមាននេះ