រាជធានីភ្នំពេញ ៖ ព្រះសង្ឃចំនួន២អង្គ និងគ្រូបង្រៀនម្នាក់ ដែលគង់ និងស្នាក់នៅក្នុងវត្តដំបូកខ្ពស់ ស្ថិតក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ ត្រូវរកឃើញមានវិជ្ជមានកូវីដ-១៩ កាលពីល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីឆ្លងកាត់ការតេស្តសំណាកលើកទី១ ដោយការចុះយកសំណាកពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ នៅក្នុងបរិវេណវត្តផ្ទាល់តែម្តង ។
លោកឌុច សុធុន នាយរងប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងទំពន់ទី២ បានប្រាប់អោយដឹងថា នៅល្ងាចថ្ងៃខែខាងលើ ក្រុមគ្រូពេទ្យបានចុះធ្វើសំណាកលើព្រះសង្ឃ តាអាចារ្យ យាយជី តាជី និងអ្នករស់នៅក្នុងវត្តទាំងអស់សរុប៨៦អង្គ/នាក់ ក្នុងនោះមានស្រី១៧នាក់ ។ ហើយជាលទ្ធផលនៃការតេស្តបញ្ជាក់ថា មានវិជ្ជមាន៣អង្គ/នាក់ ។
ក្រោយលទ្ធផលវិជ្ជមានហើយនោះ ព្រះសង្ឃ និងគ្រូបង្រៀន៣អង្គ/នាក់ ត្រូវបានដឹកតាមរថយន្តយកទៅព្យាបាល ។ ដោយឡែកព្រះសង្ឃ និងអ្នកពាក់ព័ន្ធដែលឆ្លងកាត់ការតេស្តសំណាកទាំងអស់ គឺត្រូវអោយធ្វើចត្តាឡីស័កនៅក្នុងវត្តទាំងអស់ ខណៈវត្តត្រូវបានអាជ្ញាធរសម្រេចធ្វើការបិទខ្ទប់ជាបណ្តោះអាសន្ន ។
លោកនាយរងប៉ុស្តិ៍ បន្តថា នៅក្នុងកំឡុងការចុះយកសំណាកនេះ មនុស្ស៣នាក់ជាអ្នករស់នៅក្នុងវត្ត មិនបានធ្វើសំណាកឡើយ ដោយក្នុងនោះ២នាក់ មានការរវល់នៅខាងក្រៅមិនបានមក និងម្នាក់ទៀត វ័យជាង៤០ឆ្នាំ ពុំព្រមធ្វើសំណាកសោះ បើទោះបីជាមានការនិយាយពន្យល់ណែនាំយ៉ាងណាពីក្រុមគ្រូពេទ្យ និងអាជ្ញាធរក៏ដោយ ។
ទន្ទឹមនឹងនោះ សមត្ថកិច្ចពុំអាចធ្វើអ្វីចំពោះទង្វើរឹងរុះរបស់គេបានឡើយ ព្រោះនៅក្នុងទីវត្តអារាម ដូច្នោះហើយ សមត្ថកិច្ចបានស្នើដល់ព្រះចៅអធិការវត្ត សូមធ្វើការបណ្តេញបុគ្គលចរិកបែបនេះចេញពីក្នុងវត្ត ដើម្បីកុំអោយរស់នៅបន្តទៀតតែម្តងទៅ ព្រោះមនុស្សប្រភេទនេះ បើទុកអោយបន្តរស់នៅនាំតែយកសេចក្តីអន្តរាយដល់គេឯង និងព្រះសង្ឃក្នុងវត្តតែប៉ុណ្ណោះ បើគ្រាន់តែរឿងយកសំណាកដើម្បីល្អទាំងអស់គ្នាសោះ មិនព្រមចូលរួមសហការជាមួយក្រុមគ្រូពេទ្យផងនោះ ។
នាយរងប៉ុស្តិ៍ដដែលបញ្ជាក់ថា មុនឈានដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ចុះទៅធ្វើសំណាកដល់ក្នុងវត្ត គឺដំបូងឡើយ មានព្រះសង្ឃ១អង្គមានអាការៈសុខភាពមិនស្រួល ដោយសង្ស័យថា ខ្លួនអាចកើតជំងឺកូវីដ១៩ ក៏បានទៅធ្វើសំណាកនៅកន្លែងយកសំណាកដែលអាជ្ញាធរបានកំណត់ ។
ក្រោយការតេស្តសំណាកហើយនោះ លទ្ធផលបញ្ជាក់ថា មានវិជ្ជមានកូវីដ១៩ ។ បន្ទាប់ពីដឹងលទ្ធផលហើយនោះ ក្រុមគ្រូពេទ្យក៏បានចុះទៅយកសំណាកលើព្រះសង្ឃ និងអ្នកពាក់ព័ន្ធរស់នៅក្នុងវត្តទាំងអស់តែម្តងទៅ ៕
ចែករំលែកព័តមាននេះ