រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសឱ្យដឹងថា ស្ថិតនៅក្នុងដំណាក់កាល ដែលមានការឆ្លងរាតត្បាតវីរុសកូវីដ១៩ ក្រសួងសូមប្រកាសណែនាំឱ្យបងប្អូនទាំងអស់បង្កើនការប្រុប្រយ័ត្នខ្ពស់ ជុំវិញ សុខភាព ព្រោះបញ្ហាសុខភាពបណ្តាលមកពីចំណីអាហារបង្កឡើងតាមរយៈការទទួលទានចំណីអាហារ ឬទឹកកខ្វក់ ដែលមានមេរោគ បាក់តេរី វីរុសប៉ារ៉ាស៊ីត ឬសារធាតុគីមី ក្នុងនោះក៏អាចមានវីរុសកូវីដ១៩ ផងដែរ។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មាន ស្តីពីការបង្ការបញ្ហាសុខភាពបណ្តាលមកពីចំណីអាហារ និងចំណីអាហារកក ក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ-១៩ ថា «រហូតដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ មានការសិក្សាខ្លះបានបង្ហាញថា មានវីរុសកូវីដ១៩ អាចនៅរស់នៅលើអាហារកកៗដែរ បើទោះបីជាវីរុសកូវីដ-១៩ មិនអាចបង្កើតកូនចៅ ក្នុងចំណីអាហារបានក៏ដោយ។ ក្នុងន័យនេះ ក្រសួងសុខាភិបាល សូមជម្រាបជូនថា បុគ្គលអាចមិនឆ្លងវីរុសកូវីដ១៩ ពីចំណីអាហារ ឬពីអាហារវេចខ្ចប់ ប្រសិនបើបានអនុវត្តវិធានការអនាម័យចំណីអាហារ ឲ្យបានជាប់ជានិច្ច» ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា ពលរដ្ឋយើងទាំងអស់គ្នា ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការលើកកម្ពស់សុវត្ថិភាពចំណីអាហារ ដើម្បីការពារខ្លួនឯង និងក្រុមគ្រួសារ ក៏ដូចជាសង្គមជាតិ ដូច្នេះក្រសួងណែនាំនូវវិធានការគន្លឹះ ៥ យ៉ាងសម្រាប់ធ្វើឱ្យចំណីអាហារមានសុវត្ថិភាពល្អ ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។

ក្នុងនោះគន្លឹះសំខាន់មួយក្នុងចំណោមគន្លឹះសំខាន់ទាំង ៥ គឺ «មិនត្រូវរក្សាទុកអាហារជាច្រើនថ្ងៃទេ ទោះជាស្ថិតក្នុងកម្រិតសីតុណ្ហភាពសុវត្ថិភាពក៏ដោយ» ។ ដូច្នេះ បើយើងរក្សាទុកអាហារក្នុងប្រព័ន្ធត្រជាក់ គឺត្រូវឱ្យនៅក្រោមសីតុណ្ហភាព ៥ អង្សាសេ និងបើយើងរក្សាទុកអាហារក្នុងប្រព័ន្ធកំដៅ គឺត្រូវឱ្យលើសពីសីតុណ្ហភាប ៦០ អង្សាសេ ៕




ចែករំលែកព័តមាននេះ