ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ អញ្ជើញ​ទទួល​វ៉ាក់សាំង​ជំនួយ​របស់​ជប៉ុននៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ យប់មិញ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ទទួល​វ៉ាក់សាំង​ជំនួយ​របស់​ជប៉ុន នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​រាត្រី ថ្ងៃ​សុក្រ ទី​២៣ ខែកក្កដា…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ទទួល​វ៉ាក់សាំង​ជំនួយ​របស់​ជប៉ុន នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​រាត្រី ថ្ងៃ​សុក្រ ទី​២៣ ខែកក្កដា ឆ្នាំ​២០២១​នះ ។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទៅ​ទទួល​ដោយ​ផ្ទាល់​នូវ​ការ​មក​ដល់​វ៉ាក់សាំង​ជំងឺ​កូ​វី​ដ​១៩ ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ។

រដ្ឋាភិបាល​ជប៉ុន កាលពី​ថ្ងៃ​ទី​១៣ ខែកក្កដា​កន្លង​ទៅ​នេះ​បាន​ប្រកាស​ផ្តល់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩ អា​ស្ត្រា​ហ្សេ​នី​កា (AstraZeneca) ចំនួន​១​លាន​ដូ​ស​ដល់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ហើយ​នៅ​រាត្រី​នេះ​វ៉ាក់សាំង​ជំនួយ​របស់​ជប៉ុន​ដែល​ដឹក​មក​កម្ពុ​ជានា​ពេល​នេះ មាន​ចំនួន​៣៣​ម៉ឺន​ដូ​ស ហើយ​ចំនួន​នៅ​សល់​នឹង​ដឹក​មក​ជា​បន្តបន្ទាប់​ទៀត​។

ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៉ី​រ៉ូ ( MIKAMI Masahiro ) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែង​ថា​ការ​ផ្ដល់​ជំនួយ​វ៉ាក់សាំង​ចំនួន ១​លាន​ដូ​ស នេះ​ធ្វើ​ឡើង​ស្រប​តាម​ចំណងមិត្តភាព​រវាង ជប៉ុន និង​កម្ពុជា និង​ដោយ​ផ្អែក​លើ​ស្ថានភាព​កូ​វី​ដ​១៩ នៅ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​។

ឯកឧត្តម បាន​បង្ហាញ​ក្តី​សង្ឃឹមថា ជំនួយ​វ៉ាក់សាំង​នេះ នឹង​ជួយ​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូ​វី​ដ​១៩ ក៏​ដូច​ជា​កាត់​បន្ថយ​ការ​ព្រួយបារម្ភ​មួយ​ចំនួន របស់​ប្រជាជន​កម្ពុជា ។ ឯកអគ្គរាជទូត បាន​គូសបញ្ជាក់​ថា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូ​វី​ដ​១៩​ដែល​ជា​បញ្ហា​ពិភពលោក​នេះ ជប៉ុន​នឹង​បន្ត​សហការ និង​ធ្វើការ​រួម​គ្នា​ជាមួយ​កម្ពុជា​ដែល​ជា​មិត្ត​ដ៏​សំខាន់​។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​ក៏​ដូច​ជា​ប្រជាជន​ជប៉ុន​ដែល​តែងតែ​ជួយ​ដល់​ប្រទេស​កម្ពុជា ជា​ពិសេស​អរគុណ​ចំពោះ​ការ​ផ្ដល់​អំណោយ​ជា​វ៉ាក់សាំង​១​លាន​ដូ​សនា​ពេល​នេះ​សម្រាប់​រដ្ឋាភិបាល ក៏​ដូច​ជា​ប្រជាជន​កម្ពុជា​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ថ្មី​ៗ​នេះ​, រាជ​ដ្ឋា​ភិ​បាល​កម្ពុជា​ក៏​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ចំនួន ០៦ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ផង​ដែរ
ដែល​ក្នុង​នោះ​រួម​មាន​៖

១)​បន្ត​ទប់ស្កាត់​ការ​នាំ​ចូល​នូវ​មេរោគ​កូ​វី​ដ​-១៩ បំប្លែង​ថ្មី
២)​កាត់​បន្ថយ​ទំហំ​តំបន់​ឆ្លង និង​ចំនួន​ឆ្លង​ឱ្យ​មាន​កម្រិត​ទាប
៣)​បន្ត​ខិតខំ​ព្យាបាល​អ្នក​ឆ្លង​ឱ្យ​បានជា​សះស្បើយ និង​កាត់​បន្ថយ​អត្រា​អ្នក​ស្លាប់
៤)​រុករក និង​គ្រប់គ្រង​ករណី​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩
៥)​ការ​រៀបចំ​បូជាសព​និង​បញ្ចុះសព​អ្នក​ស្លាប់​ឱ្យ​បាន​ល្អ​ប្រសើរ និង
៦)​ជំរុញ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង ។

នៅ​រាត្រី​នេះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​កុមារ និង យុវវ័យ អាយុ​១២​ឆ្នាំ ដល់ ១៧​ឆ្នាំ ហើយ​សម្តេច​នឹង​អញ្ជើញ​ជា​អធិបតីភាព បើក​យុទ្ធនាការ​នេះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ព្រមទាំង​នឹង​នាំ​ចៅ​ៗ​របស់​សម្តេច​ដែល​មាន​អាយុ​ចាប់ពី​១២​ឆ្នាំ​ឡើង​ទៅ ទៅ​ទទួល​វ៉ាក់សាំង​។ សម្តេច​តេ​ជោ​បាន​ប្រកាស​ថា​ទោះបី​តម្លៃ​ណា​ក៏​ដោយ កម្ពុជា​ត្រូវ​តែ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​១៩​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ជោគជ័យ​។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​ជំរុញ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ បន្ត​អនុវត្ត​វិធានការ​សុខាភិបាល និង​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩ បន្ត​ទៀត និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បន្ត​អនុវត្ត​វិធានការ​សុខាភិបាល ដើម្បី​រួម​គ្នា​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ និង​ស្រោចស្រង់​សង្គម​កម្ពុជា​ឡើង​វិញ​នា​ពេល​ខាង​មុខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ