ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ប្រកាស​យក​ថ្ងៃ​ទី​០១​សីហា បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​ជូន​ក្មេង​អាយុ​១២ ដល់​១៧​ឆ្នាំ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​-១៩ ដល់​កុមារ និង​ក្មេង​ជំទង់ ដែល​មាន​អាយុ​ចាប់ពី​១២…

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​-១៩ ដល់​កុមារ និង​ក្មេង​ជំទង់ ដែល​មាន​អាយុ​ចាប់ពី​១២ ដល់​១៧​ឆ្នាំ ដោយកំណត់យកថ្ងៃទី០១ ខែសីហា ឆ្នាំ​២០២១ ខាង​មុខ​ តទៅ ។

តាមរយៈ​បណ្តាញ​ព័ត៌មាន Fresh News ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ថ្លែង​ថា សម្តេច​នឹង​ធ្វើ​ជា​អធិបតីភាព​ក្នុង​ពិធី​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​កុមារ និង​យុវវ័យ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដោយ​សម្តេច​នឹង​នាំ​យក​ចៅ​ៗ​របស់​សម្តេច​ទាំងអស់ ដែល​មាន​អាយុ​ចាប់ពី​១២ ដល់​១៧​ឆ្នាំ ទៅ​ទទួល​វ៉ាក់សាំង នៅ​ថ្ងៃ​ទី​០១ ខែសីហា​តែ​ម្តង ក្នុង​នោះ​ក៏​មាន​ចៅ​ៗ របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ជា​ច្រើន​ទៀត ក៏​ទៅ​ទទួល​វ៉ាក់សាំង ផង​ដែរ ។

ការ​ចាក់​វ៉ាក់សាំង​ជូន​ក្មេង​អាយុ​ចាប់ពី​១២​ឆ្នាំ ទៅ​១៧​ឆ្នាំ​នេះ នៅ​តែ​ឈរ​លើ​គោលការណ៍​ស្ម័គ្រចិត្ត និង​ជា​ចំណុច​ពិសេស ក្នុង​ការ​បើក​ដំណើរការ​សាលារៀន​ឡើង​វិញ ដែល​យ៉ាង​ហោច​ណាស់ ចាប់ពី​ថ្នាក់​អនុ​វិទ្យាល័យ​ឡើង ។

គួរ​ជម្រាប​ថា នា​យប់​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២១​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​ទៅ​ទទួល​ដោយ​ផ្ទាល់​នូវ​ការ​មក​ដល់ វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​-១៩ (AstraZeneca) ចំនួន​១​លាន​ដូ​ស ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ។

នៅ​រសៀល​ថ្ងៃ​ទី​២៣ កក្កដា​នេះ​ដែរ ទីភ្នាក់ងារ​ជំនួយ​អា​មេ​រិ​ក USAID បានអោយ​ដឹង​ថា សហរដ្ឋអាមេរិក​នឹង​ផ្តល់​វ៉ាក់សាំង Johnson & Johnson ចំនួន​ជាង​មួយ​លាន​ដូ​ស ដល់​ប្រជាជន​កម្ពុជា នឹង​ដឹក​មក​ដល់​កម្ពុជា​ឆាប់​ៗ​ខាង​មុខ​នេះ​ហើយ ។

កាលពី​ម្សិលមិញ​នេះ វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម (Sinopharm Vaccine) របស់​ចិន ចំនួន​១​លាន​ដូ​ស​បន្ថែម​ទៀត ដែល ជា​ការ​បញ្ជា​ទិញ​របស់​រាជរដ្ឋាភិបាល បាន​ដឹក​មក​ដល់​កម្ពុជា រួច​ហើយ​ដែរ ។

វ៉ាក់សាំង ពិតជា​មាន​សារសំខាន់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​-១៩ ។

រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​កំណត់​ការ​ចាក់​វ៉ាក់សាំង ជា​ផែនការ​យុទ្ធសាស្ត្រ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ តាម​រយៈ​ផែនការ​យុទ្ធសាស្ត្រ​នេះ កម្ពុជា​បាន​ប្រឹងប្រែង​គ្រប់​វិធី​ក្នុង​ការ​រក​វ៉ាក់សាំង​ចាក់​ជូន​ប្រជាពលរដ្ឋ ហើយ​មក​ដល់​ពេល​នេះ កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​សរុប​ជាង ១៦​លាន​ដូ​ស​ហើយ ។

នៅ​ក្នុង​ខែសីហា ខាង​មុខ​នេះ វ៉ាក់សាំង​៤​លាន​ដូ​សទៀត ក៏​នឹង​ដឹក​ពី​ចិន មក​ដល់​កម្ពុជា​ផង​ដែរ ។

វ៉ាក់សាំង ដែល​កម្ពុជា​ទទួល​បាន គឺជា​ការ​សម្រេច​ផែនការ​របស់​កម្ពុជា ដែល​រក​វ៉ាក់សាំង​ឲ្យ​បាន ២០​លាន​ដូ​ស ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ប្រមាណ ១០​លាន​នាក់ ។ គិត​ត្រឹម​ថ្ងៃ​ទី​២០ ខែកក្កដា កម្ពុជា​សម្រេច​បាន​នូវ​ការ ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ជាង ៦​លាន​នាក់​រួច​ហើយ ដែល​ស្មើនឹង​ប្រមាណ​ជា ៦៣.៣៤% ធៀប​នឹង​គោលដៅ​ចំនួន ១០​លាន​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ