រាជធានីភ្នំពេញ ៖ មជ្ឈមណ្ឌលវិទ្យាសាស្ត្រប្រព័ន្ធប្រសាទនៃមន្ទីរពេទ្យកាល់ម៉ែតមានតែមួយគត់នៅព្រះរាជាណាចក្រកម្ពុជា ដែលពេលបច្ចុប្បន្នមានសម្ភារទំនើបៗទាន់សម័យសម្រាប់វះកាត់ដុំសាច់ក្នុងខួរក្បាល និងមានម៉ាស៊ីនទំនើបអាចមើលឃើញដុំសាច់ក្នុងខួរក្បាល ទោះបីជាដុំសាច់នោះតូចយា៉ងណាក៏មើលឃើញដែរ ។ នេះគឺជាប្រសាសន៍របស់លោកសាស្ត្រាចារ្យ Francois Xavier Roux (ហ្វ្រង់ស័រ សាវីយេ រ៉ូ) គ្រូពេទ្យវះកាត់ប្រព័ន្ធប្រសាទ ជាទីប្រឹក្សាបច្ចេកទេសមជ្ឈមណ្ឌលវិទ្យាសាស្ត្រប្រព័ន្ធប្រសាទនៃមន្ទីរពេទ្យកាល់ម៉ែត្រ និងជាសាស្ត្រាចារ្យរង វូ សុភៈរស្មី ប្រធានផ្នែកវះកាត់ប្រព័ន្ធប្រសាទ នៃមន្ទីរពេទ្យកាល់មែ៉ត ក្នុងកិច្ចផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននាពេលកន្លងមក ។
លោកសាស្ត្រាចារ្យ Francois Xavier Roux (ហ្វ្រង់ស័រ សាវីយេ រ៉ូ) បានមានប្រសាសន៍ទៀតថា មុនពេលធ្វើការវះកាត់អ្នកជំងឺ មជ្ឈមណ្ឌលវិទ្យាសាស្ត្រប្រព័ន្ធប្រសាទជារៀងរាល់ព្រឹកត្រូវតែបើកកិច្ចប្រជុំដើម្បីវែកញែកពីផលវិបាកផ្សេងៗដោយមានការចូលរួមពីគ្រូពេទ្យវះកាត់ប្រព័ន្ធប្រសាទ គ្រូពេទ្យផ្នែកប្រសាទសាស្ត្រ គ្រូពេទ្យផ្នែកសង្គ្រោះបន្ទាន់ ហើយយើងមានការពិភាក្សាគ្រប់ឯកទេសប្រព័ន្ធប្រសាទទាំងអស់ដើម្បីដោះស្រាយទៅលើបញ្ហាជំងឺពាក់ព័ន្ធ ទៅលើប្រព័ន្ធប្រសាទដូចជាការប៉ះទង្គិចក្បាល គ្រោះថ្នាក់មានឈាមក្នុងខួរក្បាល និងដូចជាមានបញ្ហាពាក់ព័ន្ធដុំសាច់ក្នុងខួរក្បាល ។ រាល់បញ្ហាទាំងអស់ យើងបានពិភាក្សាគ្នាយា៉ងម៉ត់ចត់ដើម្បីសម្រេចយកគោលដៅមួយដែលយើងជ្រើសរើសថា ត្រូវវះកាត់ ឬបន្តការព្យាបាល ដែលនេះជាការសម្រេចដោយរួម មិនមែនជាការសម្រេចតែម្នាក់ឯងនោះទេ យកគំនិតច្រើនដើម្បីសម្រេចព្យាបាលទៅលើអ្នកជំងឺ ។ ការដែលយើងធ្វើបែបនេះដូចប្រទេសជឿនលឿនមានប្រទេសបារាំងជាដើមក៏គេកំពុងអនុវត្តសព្វថ្ងៃនេះ ហើយការប្រជុំនេះដើម្បីរកដំណោះស្រាយល្អបំផុត សម្រាប់អ្នកជំងឺនិងធ្វើការវះកាត់មានលទ្ធផលល្អដោយសារតែការសម្រេចចិត្តចំគោលដៅក្រោយពីប្រជុំរួច ។
លោកសាស្ត្រាចារ្យ Francois Xavier Roux (ហ្វ្រង់ស័រ សាវីយេ រ៉ូ) គ្រូពេទ្យវះកាត់ប្រព័ន្ធប្រសាទ ជាទីប្រឹក្សាបច្ចេកទេសមជ្ឈមណ្ឌលវិទ្យាសាស្ត្រប្រព័ន្ធប្រសាទនៃមន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់ថា នៅក្នុងមជ្ឈមណ្ឌលវិទ្យាសាស្ត្រប្រព័ន្ធប្រសាទនេះមានសម្ភារគ្រប់គ្រាន់ ហើយល្អទំនើបសម្រាប់ធ្វើការវះកាត់ និងមានក្រុមគ្រូពេទ្យខាងសង្គ្រោះបន្ទាន់ក្រោយពីការវះកាត់គ្រប់លក្ខណៈត្រូវបានបញ្ចប់ហើយនោះ ។ មានទាំងផ្នែករូបភាពវេជ្ជសាស្ត្រទំនើបៗ មានម៉ាស៊ីនស្កាណែ អាយអអឹម មានប្រព័ន្ធសម្រាប់ជួយក្នុងការវះកាត់ និងមានសម្ភារផ្សេងៗដែលជាម៉ាស៊ីនទំនើបក្នុងការកាត់សាច់ក្នុងខួរក្បាលនិងមានមា៉សុីនទំនើបអាចមើលឃើញដុំសាច់ទោះបីតូចយ៉ាងណាក៏មើលឃើញដែរ ហើយការវះកាត់នេះវាធ្វើឱ្យប៉ះពាល់តិចបំផុត ។
មជ្ឈមណ្ឌលវិទ្យាសាស្ត្រប្រព័ន្ធប្រសាទនេះមានទាំងបច្ចេកទេសសម្ភារក្នុងការវះកាត់ដុំសាច់មានប្រសិទ្ធភាពខ្ពស់ក្នុងការផ្តល់សេវាខ្ពស់បំផុតសម្រាប់ការវះកាត់ទាន់សម័យ ។ ដូច្នេះការធ្វើនេះមិនមែនមានតែដុំសាច់ក្នុងខួរក្បាលប៉ុណ្ណោះទេ មានបញ្ហាដូចជាដាច់សរសៃឈាមក្នុងខួរក្បាល ឈាមកកក្នុងខួរក្បាលក៏យើងអាចព្យាបាលបាន អ្នកទង្គិចក្បាលផ្សេងៗ អ្នកឈឺចង្កេះ កៀបសរសៃប្រសាទ ជំងឺទាំងនេះសុទ្ធសឹងជាជំងឺដែលយើងអាចធ្វើការវះកាត់ដោយជោគជ័យខ្ពស់បំផុត ។ ចំពោះធនធានមនុស្សវិញគឺយើងមានធនធានមនុស្សល្អៗសុទ្ធតែគ្រូពេទ្យឯកទេសដែលបានសិក្សានៅប្រទេសបារាំងទាំងផ្នែកខាងគិលានុបដ្ឋាយិកា ទទួលបណ្តុះបណ្តាលនៅបរទេស និងអ្នកខ្លះទៀតទទួលការសិក្សាក្នុងប្រទេសដោយភ្នាក់ងារបរទេសមកជួយបណ្តុះបណ្តាលផ្ទាល់មានរយៈពេល៣ខែទៅ៦ខែ ។
មជ្ឈមណ្ឌលវិទ្យាសាស្ត្រប្រព័ន្ធប្រសាទនៃមន្ទីរពេទ្យកាល់មែ៉ត គឺមានតែមួយគត់ដែលដំណើរការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយមជ្ឈមណ្ឌលនេះសម្ពោធ កាលពីថ្ងៃទី៧ តុលា ឆ្នាំ២០១៤ ចាប់ផ្តើមដំណើរការដំបូងគឺមាន៩២គ្រែ បច្ចុប្បន្នមិនគ្រប់គ្រាន់ទេសម្រាប់អ្នកជំងឺទូទាំងប្រទេស ដូច្នេះទាមទារឱ្យមានការអភិវឌ្ឍទៅមុខទៀត តាមការប៉ាន់ស្មានត្រូវការគ្រែប្រហែលជា៤០០គ្រែបន្ថែមទៀតសម្រាប់អ្នកជំងឺប្រព័ន្ធប្រសាទទូទាំងប្រទេស ៕
ចែករំលែកព័តមាននេះ