ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២០ ឆ្នាំមុនយុវជនមកពីជនបទប្រាថ្នាត្រឹមការងារបើកឡាន សន្តិសុខ អនាម័យ និងរត់តុ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជារៀងរាល់ឆ្នាំយុវជនរាប់រយនាក់បានធ្វើដំណើរពីស្រុកកំណើតចូលមកភ្នំពេញ ដើម្បីរកការងារធ្វើ ឬបន្តការសិក្សា ។ ចរន្តយុជនចូលក្រុងដើម្បីបន្តការសិក្សាភាគច្រើនធ្វើឡើងនៅក្រោយពេលប្រឡងបាក់ឌុបរួច ។ ចំណែកកម្លំាងពលកម្មឡើងពីស្រុកមកភ្នំពេញ បន្ទាប់ពីរួចរាល់ការងារស្រែចម្ការ…

រាជធានីភ្នំពេញ ៖ ជារៀងរាល់ឆ្នាំយុវជនរាប់រយនាក់បានធ្វើដំណើរពីស្រុកកំណើតចូលមកភ្នំពេញ ដើម្បីរកការងារធ្វើ ឬបន្តការសិក្សា ។ ចរន្តយុជនចូលក្រុងដើម្បីបន្តការសិក្សាភាគច្រើនធ្វើឡើងនៅក្រោយពេលប្រឡងបាក់ឌុបរួច ។ ចំណែកកម្លំាងពលកម្មឡើងពីស្រុកមកភ្នំពេញ បន្ទាប់ពីរួចរាល់ការងារស្រែចម្ការ ។ ពលរដ្ឋជាច្រើនបានមើលឃើញថា ការងារនៅភ្នំពេញឥឡូវសម្បូរបែប ហើយព័ត៌មានស្តីពីការងារក៏ទូលំទូលាយខុសកាលពី ២០ ឬ ៣០ ឆ្នាំមុន ដែលយុវជននៅជនបទឡើងមកពីភ្នំពេញភាគច្រើនមិនដឹងថា ត្រូវធ្វើអ្វី ។ កាលនោះយុវជនច្រើនសំដៅរកការងារត្រឹមជាសន្តិសុខ ការងារនៅតាមសណ្ឋាគារ ភោជនីយដ្ឋាន អ្នកសម្អាត និងរត់តុ តែប៉ុណ្ណោះ ខុសពីពេលបច្ចុប្បន្នដែលប្រភេទការងារមានច្រើន ហើយការផ្សព្វផ្សាយទូលំទូលាយក្រៅពីការងារក្រៅម៉ោង ពេញម៉ោងហើយនៅមានការងារស្ម័គ្រចិត្តទៀត ។

លោក ញាន សុធី អាយុ ៤១ ឆ្នាំជាអតីតយុវជន ដែលមានស្រុកកំណើតនៅខេត្តកំពង់ចាម ។ លោក សុធី បានឡើងមកភ្នំពេញនៅឆ្នាំ ១៩៩៦ ក្រោយពីបានជាប់បាក់ឌុប ។ «កាលនោះខ្ញុំមកស្នាក់អាស្រ័យនឹងវត្តព្រះសង្ឃ ។ គ្រួសារខ្ញុំគ្មានសាច់ញាតិនៅភ្នំពេញទេ ដូច្នេះខ្ញុំមិនដឹងត្រូវធ្វើអ្វីឡើយ ហើយខ្ញុំក៏គ្មានបំណងបន្តការសិក្សានោះទេ ។ ទិសដៅរបស់ខ្ញុំ កាលនោះចង់រកលុយតាមរយៈការងារបើកឡានដឹកទឹក ។ ខ្ញុំនៅចាំថា ការនោះមានឡានដឹកទឹកកកដើម មិនទាន់មានទឹកកកអនាម័យតូចៗដូចពេលបច្ចុប្បន្ននោះទេ» ។

ដំបូងឡើយ លោក សុធី ចង់ធ្វើជាអ្នកបើកឡានដឹកទឹកកក តែដោយសារលោកគ្មានប្រាក់ទៅរៀនបើបបរ ដែលកាលនោះរៀនបើកបរមួយចេះតម្លៃ ៤០ ដុល្លារ ។ ទីបំផុតលោកបានក្លាយជាសុខសន្តិសណ្ឋាគារមួយ នៅម្តុំមាត់ទន្លេក្នុងសង្កាត់វត្តភ្នំ ដែលទទួលបានប្រាក់ខែ ៣០ ដុល្លារ ។ ការងារសន្តិសុខដែលធ្វើឲ្យលោកមានឱកាសស្គាល់ភ្នំពេញកាន់ច្រើន និងបានដឹងពីប្រភពដែលត្រូវសិក្សា និងអភិវឌ្ឍន៍ខ្លួន ។ ពីរឆ្នាំក្រោយពីបានធ្វើសន្តិសុខ លោកបានប្តូរទៅធ្វើការងារនៅសណ្ឋាគារ ដែលមានលទ្ធភាពបន្តការសិក្សានៅមហាវិទ្យាល័យ និងបច្ចុប្បន្ននេះលោកជាអាជីវករម្នាក់ដែលមានអាជីពឯករាជ្យ ។

លោក សុធី និយាយថា បច្ចុប្បន្ននេះមានភាពងាយស្រួលណាស់ យុវជនគេទទួលបានព័ត៌មានច្រើនពីបណ្តាញសង្គម ថាត្រូវរៀនអ្វី ធ្វើអ្វី ជាពិសេសបច្ចុប្បន្នមានការតម្រង់ទិសពីស្ថាប័នរដ្ឋនិងអង្គការជាច្រើនដល់យុវជន ។ លោកថា សម័យនេះឲ្យយយុវជនមានឆន្ទៈសិក្សា និងចង់ធ្វើការមិនខ្វះប្រភពនោះឡើយ ។ «កាលសម័យមុនខ្ញុំដឹងព័ត៌មានការងារដឹងតៗគ្នា ចង់បានការងារពេលខ្លះត្រូវចំណាយលុយឲ្យគេមួយខែសិន ទើបគេនាំចូលធ្វើ» លោកសុធី បញ្ជាក់ ។

ជាមួយគ្នានេះលោក រតនៈ អតីតយុវជនកាលសម័យចុងឆ្នាំ ៩១ ក៏លើកឡើងថា សម័យនេះព័ត៌មានការងារទូលំទូលាយហើយប្រភេទការងារមានច្រើន ទំាងការងារក្នុងស្រុក និងក្រៅផង ។ «មែនទែនទៅសម័យនេះ បើកតែកុំព្យូទ័រ និងទូរស័ព្ទដៃ គឺទទួលបានការងារភ្លាម ខុសពីសម័យមុនឆ្ងាយណាស់ ។ ខ្ញុំធ្លាប់ឲ្យគេ ៤០ ដុល្លារដើម្បីទទួលបានការងារដែលមានប្រាក់ខែ ៤០ ដុល្លារ កាលពីឆ្នាំ ២០០១» ។លោក រតនៈ លើកឡើងថា ដោយសារបច្ចុប្បន្នជាសម័យកាលបើកចំហរជើងមេឃយុវជនគេសំឡឹងឃើញឆ្ងាយ និងធំ ហើយក្តីសុបិនរបស់គេមិនតូចដូចយុវជនកាលពីសម័យ ២០ ឬ ៣០ ឆ្នាំមុន ដែលដឹងត្រឹមធ្វើការងារបើកឡាន សន្តិសុខ និងរត់តុ ប៉ុណ្ណោះ ។ 

ទោះយ៉ាងណាក្តី បច្ចុប្បន្នេះ គេមើលឃើញថា ជំងឺកូវីដ ១៩ បានបង្អាក់ដល់ទំនាក់ទំនងដើម្បីការសិក្សា និងការងាររបស់យុវជនមួយផ្នែក ដោយសារការធ្វើដំណើរចេញក្រៅផ្ទះ ការជួបជុំដោយផ្ទាល់បានកាត់បន្ថយ និងរឹតត្បិតក្នុងការទប់ស្កាត់ការឆ្លងកូវីដ ១៩ នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ