ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ​៖ នៅពេលនេះ កើតមាន​ករណី​រើសអើង​អ្នក​ឆ្លង​កូ​វីដ​១៩ ដែល​ទើប​ព្យាបាល​ជាសះស្បើយ​។ ទាំង​អ្នកជិតខាង និង​ទាំង​កន្លែង​ការងារ​ខ្លះ ហាក់ដូចជា​រើសអើង មិន​រាក់ទាក់ មិន​ជជែកនិយាយ​​គ្នា មិន​លក់​ឥ​វ៉ាន់​ឲ្យ…

ភ្នំពេញ​៖ នៅពេលនេះ កើតមាន​ករណី​រើសអើង​អ្នក​ឆ្លង​កូ​វីដ​១៩ ដែល​ទើប​ព្យាបាល​ជាសះស្បើយ​។ ទាំង​អ្នកជិតខាង និង​ទាំង​កន្លែង​ការងារ​ខ្លះ ហាក់ដូចជា​រើសអើង មិន​រាក់ទាក់ មិន​ជជែកនិយាយ​​គ្នា មិន​លក់​ឥ​វ៉ាន់​ឲ្យ និង​មិន​អនុញ្ញាត​ឲ្យ​អ្នក​កើត​កូ​វីដ ដែល​ព្យាបាល​ជាសះស្បើយ ចូលធ្វើការ​វិញ​ឡើយ​។​

​ករណី​ជាក់ស្តែង នៅ​ទួល​សង្កែ ក្នុង​រាជធានី​ភ្នំពេញ ស្ត្រី​​កម្មករ​រោងចក្រ​កាត់ដេរ​ម្នាក់ បាន​ឆ្លង​កូ​វីដ កាលពី​ខែមេសា ហើយ​បាន​ព្យាបាល​ជាសះស្បើយ និង​បានធ្វើ​ច​ត្តា​ឡី​ស័ក​ត្រឹមត្រូវ នៅ​បន្ទប់​ផ្ទះជួល ១៤​ថ្ងៃ​ទៀត តាម​ការណែនាំ​របស់​គ្រូពេទ្យ បន្ទាប់ពី​ព្យាបាល​ជាសះស្បើយ ចេញពី​កន្លែង​សម្រាក​ព្យាបាល​រួម នៅ​ព្រីម​មែរ សែន​សុខ ក្នុង​រាជធានី​ភ្នំពេញ​។​

​ក៏ប៉ុន្តែ​បន្ទាប់ពី​ជាសះស្បើយ​ពី​កូ​វីដ​វិញ ស្ត្រី​កម្មករ​កាត់ដេរ នៅ​រោងចក្រ​មួយ នៅ​ទួល​សង្កែ​នោះ មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចូលធ្វើការ​វិញ​ទេ។ ​ដំបូង​ខាង​រោងចក្រ​​ថា ទាល់តែ​ស្ត្រី​កម្មករ​កាត់ដេរ ដែល​ទើប​ជាសះស្បើយ​នោះ ​​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ សិន ទើប​រោងចក្រ ​អនុញ្ញាត​​ឲ្យ​​ចូលធ្វើ​ការ​ឡើង​វិញ​​។ តែ​​​មិន​​ដូច្នេះ​​ឡើយ ក្រោយ​ចាក់​វ៉ាក់សាំង​រួចរាល់​ហើយ បែរជា​រោងចក្រ​កាត់ដេរ​នោះ មិន​អនុញ្ញាត​ឲ្យ​ចូលធ្វើការ​ទេ ដោយ​ឲ្យ​រង់ចាំ​សិនៗ រហូតដល់​ពាក់កណ្តាល​ខែកក្កដា​នេះ​ទៅហើយ ក៏​នៅតែ​មិន​អនុញ្ញាត​ឲ្យ​ស្ត្រី​កម្មករ​កាត់ដេរ​នោះ ចូលធ្វើការ​វិញ​ដែរ​។​

​ដូចគ្នានេះដែរ នៅ​ផ្សារ​អ្នក​លឿង ស្ត្រី​អ្នក​កើត​កូ​វីដ​ម្នាក់ ទើប​ជាសះស្បើយ ហើយ​បានធ្វើ​ច​ត្តា​ឡី​ស័ក ១៤​ថ្ងៃ នៅផ្ទះ ក្រោយ​ព្យាបាល​ជាសះស្បើយ​។ ប៉ុន្តែ​ក្រោយ​ជាសះស្បើយ ហើយ​ធ្វើ​ច​ត្តា​ឡី​ស័ក​ត្រឹមត្រូវ​ហើយ អ្នក​ក្បែរ​ខាង​មួយចំនួន ហាក់​រើសអើង មិន​ចង់​ស្តី និង​មិនចង់​​និយាយ​​រក​​។ គ្រាន់​តែ​ឃើញ អ្នកខ្លះ​ ក៏​គេច រត់​ចូល​ផ្ទះ​។ អ្នកលក់ដូរ​របស់រ​បរ ចំណីអាហារខ្លះទៀត​​វិញ ក៏​មិនចង់​​លក់​ឲ្យ​ស្ត្រី​កើត​កូ​វីដ​នោះទេ​។ នេះ​បើតាម​ស្ត្រី​រូបនោះ សរសេរ​សារ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​។​

​ករណីនេះ យើង​នឹក​ដល់​កាលពី​ជាង ២០​ឆ្នាំមុន នៅ​ប្រទេស​យើង ក៏មាន​ករណី​រើសអើង​អ្នកជំងឺ​អេដស៍ ស្រដៀង​គ្នា​នេះដែរ​។ កាលណោះ លឺ​តែ​អ្នកណាម្នាក់ កើត​អេដស៍ គឺ​ហាក់​មិនមាន​អ្នក​និយាយ​រក ហើយក៏​គេចៗ មិន​ចង់​ជួប​មុខ​នោះឡើយ សូម្បីតែ​ដឹង​ហើយ​ថា អេដស៍ មិន​ឆ្លងតាម​ការនិយាយ​គ្នា ឬក៏​សូម្បីតែ​ប៉ះពាល់​គ្នា ក៏​មិន​ឆ្លង​ដែរ​។ គឺ​អេដស៍ ឆ្លងតាម​ឈាម និង​ការ​រួមភេទ​ប៉ុណ្ណោះ​។​

​យ៉ាងណាក៏ដោយ នៅពេល​មានការ​យល់ដឹង​ឲ្យ​ច្បាស់​ពី​មូលហេតុ​នៃ​ការឆ្លង​រាលដាល​ជំងឺអេដស៍ ពោលគឺ​អេដស៍ មិន​ឆ្លង​គ្រាន់តែ​និយាយ​គ្នា ឬក៏​ប៉ះពាល់​គ្នា​នោះ ទើប​ករណី​រើសអើង​អ្នកជំងឺ​អេដស៍ ហាក់ដូច​លែងមាន ខណៈដែល​ការឆ្លង​រាលដាល​ជំងឺអេដស៍ ក៏​លែង​សូវ​មាន​តទៅទៀត​ហើយ​។​

​ក្នុងករណី​​កូ​វីដ​១៩ នៅពេលនេះ​វិញ ក៏​មិនគួរ​រើសអើង​គ្នា​ឡើយ​។ គ្មាន​នរណាម្នាក់​ចង់​ឆ្លង ចង់​ឈឺ ​ជំងឺឆ្លង​តាមផ្លូវ​ដង្ហើម​នេះ​ទេ​។ យើង​គួរតែ​អាណិត និង​លើកទឹកចិត្ត​អ្នក​ឆ្លង​កូ​វីដ ជាជាង​ការរើសអើង មិន​ហ៊ាន​និយាយស្តី មិន​លក់​របស់របរ​នំចំណី​ឲ្យ​គ្នា ហើយ​រហូតដល់​មិន​ទទួលយក​អ្នកជំងឺ​កូ​វីដ ឲ្យ​ចូលធ្វើការ​វិញ ជាដើម។ ទាំងនេះ គឺជា​ការខុសឆ្គង​មួយ​ដ៏​ធ្ងន់​។​

​យើង​​ដឹង​​គ្រប់​គ្នា​​ហើយ​​​ថា កូ​វីដ ឆ្លង​តែ​តាមផ្លូវ​ដង្ហើម ឆ្លង​តាម​​ទឹក​រំអិល​​ពី​​ច្រមុះ និង​​ការ​ប៉ះពាល់​គ្នា ជាដើម​។ ដូច្នេះ​បើ​​យើង​​ខ្លាច គួរតែ​ម្នាក់ៗ​​បន្ត​វិធានការ​ការពារ​កូ​វីដ តាម​វិធី ៣​ការពារ និង​៣​កុំ គឺ​ពាក់​ម៉ាស លាងដៃ​ញឹកញាប់ និង​រក្សា​គម្លាត​សុវត្ថិភាព​ពី​ម្នាក់ ទៅ​ម្នាក់ យ៉ាងតិច ១​ម៉ែត្រ​កន្លះ​ពីគ្នា ហើយ​កុំ​ប៉ះពាល់​គ្នា នោះ​កូ​វីដ ក៏​មិន​ឆ្លង​ទេ​។​

​បើ​​ថា ខ្លាច​គ្នា​ណាស់ ពេល​ជួប​អ្នក​ទើប​ជាសះស្បើយ​​ពី​កូ​វីដ គឺ​ត្រូវ​ពាក់​ម៉ាស​គ្រប់គ្នា ហើយ​នៅ​ឃ្លាត​ពីគ្នា យ៉ាងតិច ១​​​ម៉ែត្រ​​​កន្លះ និង​​​ឧស្សាហ៍​​លាង​​សម្អាត​ដៃ​​នឹង​អាល់កុល ជែ​ល ឬក៏​សាប៊ូ​នឹង​ទឹកស្អាត​។ ឥ​វ៉ាន់​​ ដែល​​ត្រូវ​លក់​ឲ្យ​អ្នក​ទើប​​ជា​ពី​កូ​វីដ គួរ​ដាក់​នៅលើ​កៅអី ឬក៏​លើ​គ្រែ ហើយ​ថយក្រោយ​​សិន ចាំ​ឲ្យ​អ្នក​ទើប​ជា​ពី​កូ​វីដ​នោះ ចូល​យក​ឥ​វ៉ាន់ ទុក​លុយ​នៅលើ​កៅអី ឬ​លើ​គ្រែ​នោះ ហើយ​បាញ់​អាល់កុល សម្លាប់​មេរោគ​​ទៅ​។​

​ចំពោះ​អ្នក​ទើប​ជា​ពី​កូ​វីដ ក៏​កុំ​មាន​អារម្មណ៍​ថា គេ​រើសអើង នៅពេល​គេ​អនុវត្ត​វិធានការ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​កូ​វីដ ដូចជា ពាក់​ម៉ាស រក្សា​គម្លាត មិន​ហ៊ាន​មក​ជិតៗ​គ្នា និង​កាន់​ដប​អាល់កុល បាញ់សម្លាប់​មេរោគ​ញឹកញាប់ ជាដើម​។ ទាំងអស់នេះ ជា​វិធានការ​ទប់ស្កាត់​ការឆ្លង​កូ​វីដ ព្រោះ​យើង​មិនអាច​មើលឃើញ​មេរោគ​កូ​វីដ ឬក៏​ដឹងថា នរណាម្នាក់ ផ្ទុក​មេរោគ​កូ​វីដ​ឡើយ បើសិនជា​មិន​ទៅធ្វើ​តេស្ត​ យក​សំណាក​នោះ​។​

​ដោយឡែក នៅ​កន្លែងធ្វើការ​ងារ មិន​ថា នៅ​រោងចក្រកាត់ដេរ​ ឬ​​ក្រុមហ៊ុន​​ឯកជន ឬក៏​ស្ថាប័នរដ្ឋ​នោះ​ទេ​ ​គឺ​​អ្នក​ជា​​សះស្បើយ​​ពី​កូ​វីដ ក៏​គួរតែអនុញ្ញាត​ឲ្យ​គ្នា ចូលធ្វើ​ការងារ​វិញ ក្រោយ​ព្យាបាល​ជា​សះ​ស្បើយ ហើយ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤​ថ្ងៃ ធ្វើតេស្ត​​ម្តងទៀត បើ​អវិជ្ជមាន ត្រូវតែ​ឲ្យ​គ្នា​ចូលធ្វើ​ការងារ​ឡើងវិញ ព្រោះ​មិនមាន​នរណាម្នាក់ ចង់​ឆ្លង​កូ​វីដ​​ឡើយ​។ ពេលធ្វើការ ក៏ត្រូវ​បន្ត​វិធានការ​ការពារ និង​ទប់ស្កាត់​កូ​វីដ ដូច​អ្វី​ក្រសួងសុខាភិបាល បានប្រកាស​អនុវត្ត គឺ ៣​ការពារ និង​៣​កុំ​។ សំខាន់បំផុត ត្រូវ​ពាក់​ម៉ាស​គ្រប់គ្នា និង​រក្សា​គម្លាត​ពីគ្នា ហើយ​កន្លែងធ្វើការ គួរតែមាន​ទ្វារ បង្អួច​បើកចំហរ និង​កាត់បន្ថយ​ការប្រើប្រាស់​ម៉ាស៊ីនត្រជាក់ ជាដើម​៕​