ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​ផ្លូវ ៣៨ ខ្សែ ក្នុង​ទីរួមខេត្ត​សៀមរាប ចំណាយ​​ជាង ១៤៩ លាន​ដុល្លារ ​សម្រេចបានជាង ៦៦%​ ហើយ !

2 ឆ្នាំ មុន

ខេត្តសៀមរាប​ ៖ ថ្ងៃ​ទី​ ២០ ខែកក្កដា ឆ្នាំ​ ២០២១ យោង​តាម​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បានឱ្យ​ដឹង​ថា…

ខេត្តសៀមរាប​ ៖ ថ្ងៃ​ទី​ ២០ ខែកក្កដា ឆ្នាំ​ ២០២១ យោង​តាម​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បានឱ្យ​ដឹង​ថា គម្រោង​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប​ចំនួន ​៣៨ ខ្សែ​នោះ មាន​ប្រវែង​សរុប ១០៨,៧៤១ គីឡូម៉ែត្រ ប្រើប្រាស់​ថវិកាជាតិ​សរុប​ប្រមាណ​ជាង ១៤៩ លានដុល្លារ​អា​មេ​រិ​ក ដោយ​ក្នុង​នោះចំនួន​ ៩​ លាន​ដុល្លារ​អា​មេ​រិ​ក ចំណាយ​លើ​ការងារ​ចាំបាច់ ក្នុង​ការ​រៀបចំ​ស្ថាបនា​ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង និង​ទឹក​កខ្វក់ ឋិត​ក្រៅ​គម្រោង​សាងសង់​ខ្សែ​ផ្លូវ​ទាំង​៣៨​នេះ ចំណាយពេល​សាងសង់​ចំនួន​ ១៣ ខែ គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​ ២០២១ ត្រូវ​បាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ​ទី​ ៣០ ខែវិច្ឆិកា ឆ្នាំ​ ២០២០ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ការ​ចុះ​ពិនិត្យ​នេះធ្វើ​ឡើង​ក្នុង​គោលបំណង ដើម្បី​ពិនិត្យ​ការ​រៀបចំ​ខឿន​ចិញ្ចើម​ផ្លូវ សម្រាប់​អ្នក​ធ្វើ​ដំណើរដោយ​ថ្មើរជើង ដើម្បី​លើកកម្ពស់​សោភ័ណ​ភាព សុវត្ថិភាព​សងខាង​ផ្លូវ និង​ភាព​ទាក់ទាញ​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ឱ្យ​ស្រប​តាម​បទដ្ឋាន​បច្ចេកទេស ស័ក្តិ​សមជា​ទីក្រុង​ទេសចរណ៍​សម័យ​ទំនើប និង​ពិនិត្យ គុណភាព​នៃ​ការ​ចាក់​បេតុង​ស្ពាន​ និង​ផ្លូវដើម្បី​ធានា​បាន​គុណ​ភាពរឹងមាំ អាច​ប្រើប្រាស់​ជាប់​បាន​យូរអង្វែង នៃ​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន ​៣៨ ​ខ្សែ ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ​។

ការ​សាងសង់​ត្រូវ​បាន​បែងចែក​ជា​បួន​ប្រភេទ​រួម​មាន ​៖ ក​) ផ្លូវ​ជួសជុល​ដោយ​អ៊ុត​បេតុង​កៅស៊ូ (AC) បន្ថែម​ពីលើ កម្រាស់ ​៥ ​សង់ទីម៉ែត្រ ប្រវែង​សរុប​៣៥,៨៧៦ ​គីឡូម៉ែត្រ , ខ​) ផ្លូវ​ស្ថាបនា​ដោយ​ក្រាល​បេតុង សរសៃដែក កម្រាស់​ ២០ ​សង់ទីម៉ែត្រ រួច​អ៊ុត​ក្រាល​បេតុង​កៅស៊ូ ​(AC) ពីលើ កម្រាស់ ៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែង​សរុប​ ៩,៣៨៩ គីឡូម៉ែត្រ, គ​) ផ្លូវ​ជួសជុល​ដោយ​ក្រាល​ថ្ម​ម៉ិច រួច​អ៊ុត​បេតុង​កៅស៊ូ​ (AC) ពីលើ កម្រាស់ ​៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែង​សរុប​ ១០,៨៨០ គីឡូម៉ែត្រ, ឃ​) ផ្លូវ​ស្ថាបនា​ដោយ​ក្រាល​បេតុង សរសៃដែក កម្រាស់ ២០ ទៅ ២៥ សង់ទីម៉ែត្រ ប្រវែង​សរុប ​៥២,៥៩៦ គីឡូម៉ែត្រ​ ។

គម្រោង​សាងសង់​ផ្លូវ​ចំនួន​ ៣៨ ​ខ្សែ​ក្នុង​ទីរួមខេត្ត​សៀមរាប ខេត្តសៀមរាប​នេះ មាន​គោលដៅ​ប្រែក្លាយ​ក្រុង សៀមរាប ខេត្តសៀមរាប​ឱ្យ​ក្លាយជា​ទីក្រុង​ដ៏​ទំនើប ពោរពេញ​ដោយ​សោភ័ណ​ភាព បរិស្ថាន​ល្អ​សម្រាប់​ការ រស់នៅ ឱ្យ​ស័ក្តិ​សមជា​ទីក្រុង​ទេសចរណ៍ វប្បធម៌ និង​ប្រវត្តិសាស្ត្រ អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បាន​កាន់តែ​ច្រើន សំដៅ​លើក​ស្ទួយ​សេដ្ឋកិច្ចជាតិ​ឱ្យ​កាន់តែ​មានការ​រីក​ចម្រើន ព្រមទាំង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ដល់​ត​ភ្ជាប់ ពី​ទីប្រជុំជន​ក្រុង​សៀមរាប​ទៅ​កាន់​តំបន់​ដាច់​ស្រយាល​ផង​ដែរ​ ។

សូម​ជម្រាប​ជូន​ថា យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​បច្ចេកទេស នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន វឌ្ឍនភាព​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន ៣៨ ខ្សែ​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប​នេះ គិត​ត្រឹម​ថ្ងៃ​ទី​ ១២ ខែកក្កដា ឆ្នាំ​ ២០២១ សម្រេច​បាន​ ៦៦.៣៤% ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន​ ៧​ ខែ ​។

វឌ្ឍនភាព​គម្រោង​សាងសង់​នេះ មានការ​អ​ញ្ចើ​ញ​ចូលរួម​ពី ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល អនុប្រធាន​ប្រចាំការ​នៃ​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ៣៨ ខ្សែ​នៅ​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប និង​បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស ចុះ​ពិនិត្យ​ការ​រៀបចំ​ខឿន​ចិញ្ចើម ផ្លូវ​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង និង​ពិនិត្យ​គុណភាព​នៃ​ការ​ចាក់​បេតុង​ស្ពាន និង​ផ្លូវ​ដើម្បី​ធានា​បាន គុណ​ភាពរឹងមាំ​ស្រប​តាម​បទដ្ឋាន​បច្ចេកទេស ៕

អត្ថបទសរសេរ ដោយ