ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថាធិប្បាយ៖ ហេតុអ្វីកូវីដ បន្តឆ្លងខ្លាំង?

2 ខែ មុន
  • ភ្នំពេញ

ភ្នំពេញ៖ អត្រានៃការឆ្លងកូវីដ​១៩ នៅ​កម្ពុជា​យើង​ មិន​ថម​ថយ​ឡើង​។ មួយ​ថ្ងៃៗ​ មានឆ្លងថ្មី​ជិត ១០០០នាក់ ហើយអ្នក​ស្លាប់ មានចាប់ពីជាង ២០នាក់…

ភ្នំពេញ៖ អត្រានៃការឆ្លងកូវីដ​១៩ នៅ​កម្ពុជា​យើង​ មិន​ថម​ថយ​ឡើង​។ មួយ​ថ្ងៃៗ​ មានឆ្លងថ្មី​ជិត ១០០០នាក់ ហើយអ្នក​ស្លាប់ មានចាប់ពីជាង ២០នាក់ ទៅជាង ៣០​នាក់​ រៀងរាល់ថ្ងៃ​។ តើ​ការបន្ត​ឆ្លង​រាប់រយនាក់​រៀង​រាល់​ថ្ងៃ​នេះ មក​​ពី​មូលហេតុអ្វី?

បើ​គិតត្រឹមថ្ងៃទី១៨​កក្កដា នៅទូទាំងប្រទេស​ មានករណីឆ្លងកូវីដ ​​សរុប ៦៧១៨១​នាក់ ជាសះស្បើយ ៥៨៩៣០​នាក់ និង​​ករណី​ស្លាប់​សរុប កើនឡើងដល់ ១១០៦​នាក់​ហើយ​។​

ពាក់​ព័ន្ធនឹង​បញ្ហាកូវីដ១៩ នៅប្រទេសយើង​សព្វថ្ងៃនេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង​សុខាភិបាល និងជាប្រធានគណៈកម្មការ​ចំពោះកិច្ច​ចាក់វ៉ាក់សាំង​កូវីដ១៩ ក្នុងក្របខណ្ឌ​ទូទាំងប្រទេស កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍ ​បានប្រកាស​អំ​ពាវ​​នាវថា​ យើង​កំពុងតែប្រឈមទៅនឹងការដើរហួសបន្ទាត់ក្រហម  ប្រសិនបើបុគ្គល  និងគ្រួសារ  នៅតែមិនយកចិត្តទុក​ដាក់  ទទួលខុសត្រូវរៀងៗខ្លួន ក្នុងការការពារទេនោះ។  

លោកស្រី ឱ វណ្ណឌីន បានលើកឡើងនូវការបារម្ភ  និងសុំឱ្យបងប្អូនយើង ងាកមករកការការពាររៀងៗខ្លួន ឱ្យបានហ្មត់ចត់​ឡើង​វិញ  កុំបន្ធូរបន្ថយឱ្យសោះ បើយើងមិនចង់ឃើញ​សោកនាដកម្ម​សុខ​ភាព​សាធារណ:  ដែលវាអាច នឹងទៅហួសបន្ទាត់​ក្រ​ហម​នោះ​ទេ​។

ក្នុងសង្គម​យើងសព្វថ្ងៃ មិនថា នៅភ្នំ​ពេញ ឬ​នៅ​​តាម​បណ្តា​ខេត្ត​​នា​នា​ទេ​ ប្រ​ជា​ព​ល​រដ្ឋ​យើង​មួយ​ចំនួន​ នៅ​បន្ត​​ដើរលេង​​ ​នៅ​បន្ត​ជួប​ជុំ​ បន្ត​ផឹក​ស៊ី​ មិនថា តាមហាង ឬ​តា​ម​​ផ្ទះ​នោះទេ​ ពិសេស​អ្នកនៅផ្ទះជួល​។ ល្ងាចមិនទាន់ ពិសេសនៅ​​ថ្ងៃសៅរ៍-អាទិត្យ ឬថ្ងៃបុណ្យឈប់សម្រាក គឺ​ក្រុមអ្នកចូលចិត្តជួប​ផឹកស៊ីនេះ វាតវង់ ជួបគ្នាផឹក ហើយ​ត្រូវឥឡូវ​ មានធុងប៉ាស់​ អាចច្រៀង​បាន​ទៀតនោះ គឺផឹ៏​កផង ច្រៀងផង រាំផង​ ដោយមិនខ្វល់​ និងហាក់មិនខ្លាច​ឆ្លងកូវីដ​អ្វីទាល់តែសោះ។

ងាកទៅមើ​ល​តាមស្រុក​ភូមិ​វិញ ក៏មិនខុសគ្នាពីអ្នកចូលចិត្ត​ជួបជុំផឹកស៊ីនៅភ្នំពេញ​​ប៉ុន្មានឡើយ​។ ប្រជា​ពលរដ្ឋ យើង​ដោយច្រើន ហាក់ដូចជា​ការប្រុងប្រយ័ត្ន និងកិច្ចការពារកុំ​ឲ្យឆ្លងកូវីដ នៅមានកម្រិត​នៅឡើយ​។ ករណី ជាក់ស្តែង នៅតំបន់ផ្សារ​អ្នកលឿង​ត្រើយខាងកើត ក្នុងទឹកដីស្រុ​ក​​ពាមរក៍ ខេត្ត​ព្រៃវែង ក្នុងរយៈពេល​ប៉ុន្មានថ្ងៃនេះ កូវីដឆ្លងខ្លាំង​។ តែនៅតែមានអ្នកភូមិ​ខ្លះ ជួបជុំគ្នា​ សូម្បីតែស្ត្រីគ្រប់ខែឆ្លងទន្លេ ក៏ធ្វេសប្រហែស រហូតឆ្លងកូវីដនឹងគេដែរ​។​

ដោយសារតែការធ្វេសប្រហែស​ នៅតែបន្តជួបជុំពីផ្ទះមួយទៅផ្ទះមួយនេះហើយ ទើបលទ្ធផល​​ស្ត្រីមានផ្ទៃពោះ ដែលត្រូវឆ្លងទន្លេម្នាក់ បានឆ្លងកូវីដ។ ស្ត្រីរូបនេះ ត្រូវបាន​ធ្វើតេស្ត រកឃើញ​ឆ្លងកូវីដ នៅពេលទៅ​ពេទ្យ នៅអ្នកលឿង ដើម្បី​​​ឆ្លងទន្លេ ដោយវះកាត់​​​។ ប៉ុន្តែ​ពេទ្យនោះ តម្រូវ​ឲ្យ​ធ្វើតេស្ត​រហ័ស រកមេរោគកូវីដ១៩ ជាមុន​សិន​។

ក​រ​ណី​​​ដ​ដែ​ល​​នេះ​​ ​​លុះ​​​ធ្វើ​​តេ​​ស្ត​ ​​រក​​ឃើញ​​ថា ស្ត្រី​ពោះ​ធំនោះ ឆ្លងកូវីដហើយ បែរ​ជា​ពេទ្យ​ ដែលបាន​ធ្វើតេស្តឃើញលទ្ធផលវិជ្ជមាននោះ ឲ្យជម្រើស​អ្នកជំងឺ​​២ គឺទី១-​អាចទៅ​ពេទ្យ នៅខេត្ត​ព្រៃវែង ឬក៏ទៅ​ពេទ្យ​រុស្ស៊ី នៅភ្នំពេញ ដើម្បី​ឲ្យ​ពេទ្យ​ សម្រាលកូន​ឲ្យដោយវះកាត់ ក្នុងពេលស្ត្រីនោះ រកឃើញវិជ្ជមានកូវីដ១៩​។ ពេទ្យ​ឯកជននោះ ក៏បណ្តោយ​ឲ្យស្ត្រីមានផ្ទៃពោះគ្រប់ខែ តែមិនទាន់ឈឺពោះនោះ ធ្វើដំណើរ​ដោយម៉ូតូ ដែលមានប្តី​​ និងមានកូនតូចម្នាក់រួមដំណើរផង ​ឌុប​ពីផ្ទះនៅអ្នកលឿង ទៅដល់​ទីរួមខេត្តព្រៃវែង ចូលទៅកាន់មន្ទីរ​ពេទ្យ​​ខេត្ត កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១​។

ចំណែក​ប្តី និងកូនតូចរបស់ស្ត្រីនោះ ត្រូវបានធ្វើតេស្ត លទ្ធផលអវិជ្ជមានកូវីដ​ តែក៏មិនបានធ្វើចត្តាឡីស័ក​អ្វីទេ គឺ​បន្ទាប់​ពីនាំប្រពន្ធ ចូលសម្រាក​មន្ទីរ​ពេទ្យខេត្តព្រៃវែងហើយ បុរសនោះ និងកូនតូច បានទៅសម្រាកនៅ​ផ្ទះសំណាក​ ដើម្បីរង់ចាំ​​ទទួលកូនង៉ែត ដែល​ពេទ្យ​​ រៀបចំ​សម្រាលកូន ដោយ​វះកាត់​។ ករណីនេះ ​​ ​​គឺ​មិនគោរព តាមវិធានសុខាភិបាលទាល់តែសោះ ដើម្បីទប់ស្កាត់​ការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍​យើង​ ហើយយើង ​ក៏មិនដឹងថា អាជ្ញាធរសមត្ថ​កិច្ច និងក្រុមគ្រូពេទ្យ​ស្រុក​​ពាមរក៍ ឬក៏​ខេត្តព្រៃវែង មិនបានដឹង ហើយ​មិនបានចាត់វិធានការ ឬក៏​មកពីអ្វីនោះទេ​។

ដោយឡែក អ្នកប៉ះពាល់ផ្ទាល់នៅជិតផ្ទះស្ត្រី​ពោះធំគ្រប់ខែឆ្លងទន្លេ ដែលទើបរកឃើញ​វិជ្ជមានកូវីដ១៩ នៅជិតផ្សារអ្នកលឿងនេះ គឺ​ក្រោយទទួល​លទ្ធផលតេស្ត​ម្តងទៀតថា វិជ្ជមាន ពេលទៅដល់​មន្ទីរ​ពេទ្យ​ខេត្ត​ព្រៃវែងហើយ ស្ត្រីរូបនេះ បានទូរស័​ព្ទមកកាន់អ្នកផ្ទះ និងអ្នកជិតខាង​ ដែល​បា​ន​ជួប​គ្នា​ល្ងាចៗ ​ពីផ្ទះមួយទៅផ្ទះ ដោយប្រាប់​ថា ខ្លួនកើតកូវីដ ហើយ​ឲ្យអ្នកធ្លាប់ជួបនិយាយគ្នាលេងទាំងអស់នោះ ទៅធ្វើតេស្ត យកសំណាក​រកមេរោគកូវីដ​ និងដាក់ខ្លួន​ឲ្យនៅដាច់ដោយឡែក​ពីក្រុមគ្រួសារ ហើយកុំ​ចេញក្រៅផ្ទះ ទៅណា​ឲ្យសោះ​។

ប៉ុន្តែ​អ្នកធ្លាប់ប្រាស្រ័យ​​ទាក់ទងនឹងស្ត្រីមានផ្ទៃពោះគ្រប់ខែ​ឆ្លងកូវីដទាំងនោះ ហាក់ដូចជា មិន​ស្វះស្វែង​ទៅរកពេទ្យ ​យកសំណាក ពិនិត្យរកមេរោគកូវីដអ្វីសោះ ដោយអះអាងថា មិនមានអាការៈ​អ្វីធ្វើទុក្ខ ហើយថា ចាំឈឺ ចាំទៅពេទ្យ​។ ក្នុងនោះ សូម្បីតែស្ត្រី​ម្នាក់ និងកូនតូចម្នាក់ ធ្វើតេស្តខ្លួនឯង តាមឧបករណ៍តេស្តរហ័ស ហើយរកឃើញឆ្លងកូវីដ ក៏​មិនទៅ​ពេទ្យ និងមិន​ប្រាប់អាជ្ញាធរមូលដ្ឋានដែរ ដោយសំអាងថា មានបងប្អូនធ្វើពេទ្យ ហើយសង្ងំនៅផ្ទះ ដើម្បីព្យាបាលដោយ​ខ្លួនឯង ខណៈដែលផ្ទះនោះ លក់ប្រេងសាំង និងទំនិញចាប់ហួយ​ ដោយបើកលក់ដូរ ជាធម្មតា រាល់ថ្ងៃ​ដដែល​។

ឆ្លងកាត់​ករណីជាក់ស្តែង​ខាងលើនេះ យើងឃើញថា ការឆ្លងកូវីដ​ក្នុង​សហគមន៍​ នឹង​មិនអាចកាត់ផ្តាច់ ទៅបានឡើយ ហើយរឹតតែរាលដាលច្រើនទៅៗ បើសិនជា ម្នាក់ៗ បន្តជួបជុំ ផឹកស៊ី។ ម្យ៉ាង​នៅ​​មន្ទីរ​ពេទ្យ​ឯកជន ដែល​ពិនិត្យរកឃើញអ្នកជំងឺកូវីដហើយ បែរជាមិនទាក់ទង​ខាង​ពេទ្យរដ្ឋ ឬអាជ្ញាធរ​មូលដ្ឋាន ដើម្បីចាត់វិធានការ​ទប់ស្កាត់ និងយកអ្នកជំងឺ​នោះ ទៅកន្លែងសម្រាកព្យាបាល ហើយស្វែងរក​អ្នកពាក់ព័ន្ធដទៃទៀត ដើម្បីធ្វើតេស្ត និងធ្វើចត្តាឡីស័ក ព្រមទាំងបិទផ្ទះ​ បិទកន្លែង​លក់​ដូរទេនោះ​​។

រឿងនេះ គឺមានតែអាជ្ញាធរសមត្ថ​កិច្ចមូលដ្ឋាន នៅភូមិឃុំស្រុកនោះហើយ ជាអ្នក​អនុវត្ត ចាត់វិធានការ​ ដោយសហការ​ជាមួយក្រុមគ្រូពេទ្យស្រុក ​ពេទ្យខេត្ត ដើម្បីនាំអ្នកជំងឺទៅពេទ្យ​ តាមឡានពេទ្យ​ផង និងដើម្បី​ចាត់ចែង​រកអ្នកពាក់​ព័ន្ធ ហើយឲ្យអ្នកពាក់ព័ន្ធទាំងនោះ ធ្វើចត្តាឡីស័ក​​ តាមការកំណត់​​ត្រឹម​ត្រូវ​​។ ផ្ទុយ​​ទៅ​វិញ​ ក្រែង​លោ​ថា ​នៅ​អ្នក​លឿង​ឆ្លង​ច្រើន​នាក់​​ពេក ​ហើយយូរថ្ងៃ​ពេក​ អាចអាជ្ញាធរសមត្ថកិច្ច ក្រុមគ្រូ​ពេទ្យ​ហត់នឿយ និងមាន​កម្លាំងមិនគ្រប់ ដើម្បី​ចាត់វិធានការទប់ស្កាត់​ឲ្យទាន់​ពេលវេលា ទើបបណ្តែតបណ្តោយដូច្នេះ​។

បើដូច្នេះមែន គឺមានតែ​ប្រជាពលរដ្ឋ អ្នកពាក់​ព័ន្ធនឹងអ្នកជំងឺកូវីដ ត្រូវតែចូលរួមដោយខានមិនបាន ព្រោះចូរកុំភ្លេចថា បើសិនជា​អ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ ​​រកឃើញវិជ្ជមានដែរ​ ហើយ​ដោយសារតែការធ្វេសប្រហែស ក៏​ឆ្លងបន្ត​ទៅអ្នកផ្ទះ ដែលមានមនុស្ស​ចាស់​ជរាផង នោះគឺជាគ្រោះថ្នាក់​។ មួយវិញទៀត បើបណ្តែតបណ្តោយថា ចាំឈឺ ចាំជំងឺធ្វើទុក្ខ ចាំទៅពេទ្យ​ ក៏ខ្លាចតែហួស​ពេល ព្រោះកូវីដឥឡូវ កាចសាហាវខ្លាំងណាស់។ បើដល់ពេលជំងឺធ្វើទុក្ខ ចេញរោគសញ្ញា ខ្លាចតែដល់ដំណាក់កាលចុង​ក្រោយ​ ពេទ្យ​ជួយលែង​កើត ហើយក៏មិនដឹងថា បានចម្លង​ទៅអ្នកផ្សេងទៀត ទៅសមាជិកក្រុមគ្រួសារ និងអ្នកស្រុកអ្នកភូមិ​ប៉ុន្មាននាក់ទៀត​។

ចំពោះអ្នកសម្ងំព្យាបាលតាមផ្ទះ ក៏គួរតែ​ទាក់ទងអាជ្ញាធរសមត្ថកិច្ច និងក្រុមគ្រូពេទ្យ​​ឲ្យបានត្រឹមត្រូវ ព្រោះការព្យាបាល​អ្នកជំងឺកូវីដ តាមផ្ទះ មិនមែនចេះតែនឹកឃើញ ឬក៏សម្រេចលើអ្នកជំងឺទេ​។ មានលក្ខខណ្ឌ​ និងឆ្លងតាមការវាយតម្លៃរបស់​អាជ្ញាធរសមត្ថកិច្ច និងក្រុមគ្រូ​ពេទ្យត្រឹមត្រូវ ទើបអាច​សម្រាកព្យាបាលនៅផ្ទះបាន ហើយមកដល់ពេលនេះទៀត​ ការសម្រាក​ព្យាបាលអ្នកជំងឺកូវីដ កម្រិតស្រាលតាមផ្ទះ គឺក្រសួង​សុខាភិបាល ទើបតែអនុវត្ត​នៅភ្នំពេញ​​មួយ​ប៉ុណ្ណោះ៕

Picture
Picture
Picture