ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថាធិប្បាយ៖ បញ្ចប់គ្រោះថ្នាក់ តាមដងផ្លូវ ទាល់តែអ្នកបើកបរ ត្រូវតែគោរពច្បាប់

2 ខែ មុន
  • ភ្នំពេញ

ភ្នំ​ពេញ​​​៖ ​អ្នក​​បើក​​​បរ​យានយន្តមួយចំនួន ​​​​ក្នុង​​​ពេល​​ស​ព្វ​ថ្ងៃ ហាក់ដូចជា មិនមានការយោគយល់​អធ្យា​ស្រ័យ​​គ្នា​ ហើយ​​ខ្លះ​​ទៀត​ ​ក៏​ហា​ក់​ដូចជា ​មិនចេះច្បាប់ចរាចរណ៍ ​ឲ្យបាន​ច្បាស់​លាស់​ទាល់​តែ​សោះ​។ ករណីនេះ​ហើយ…

ភ្នំ​ពេញ​​​៖ ​អ្នក​​បើក​​​បរ​យានយន្តមួយចំនួន ​​​​ក្នុង​​​ពេល​​ស​ព្វ​ថ្ងៃ ហាក់ដូចជា មិនមានការយោគយល់​អធ្យា​ស្រ័យ​​គ្នា​ ហើយ​​ខ្លះ​​ទៀត​ ​ក៏​ហា​ក់​ដូចជា ​មិនចេះច្បាប់ចរាចរណ៍ ​ឲ្យបាន​ច្បាស់​លាស់​ទាល់​តែ​សោះ​។ ករណីនេះ​ហើយ ទើបបណ្តាល ​ឲ្យ​កើត​មាន​គ្រោះ​ថ្នាក់​ ​ជារៀងរាល់ថ្ងៃ​។

ដោយសារតែការបើកបរខ្វះការ​យោគយល់​អធ្យាស្រ័យ​គ្នានេះហើយ បានជា​​​ កាល​ពី​​ថ្ងៃ​ទី​​១៤ កក្កដា​ ឆ្នាំ២០២១ មាន​ហេតុ​ការណ៍​ប៉ះទង្គិច​គ្នា​ រវាង​រថយន្ត​ធុន​ធ្ងន់​​មួយគ្រឿង និង​រថយន្តគ្រួសារ​ Toyota Pruis នៅ​លើ​​ស្ពានដែកប៉ាឡេ​​​ ស្ថិតនៅ​ក្នុង​ភូមិ​ឫស្សី​​មួយ​គុម្ព ឃុំ​ត្រពាំង​គ្រញូង ស្រុក​​ត្រាំកក់ ខេត្តតាកែវ។​

​រូបថត​​នៃ​គ្រោះថ្នាក់នោះ ត្រូវបានគេ​​​បង្ហោះ​​ចែកចាយ​​នៅលើ​​បណ្ដាញ​សង្គម​​ហ្វេ​ស​​ប៊ុ​ក បង្ហាញពី​​​​​រថយន្ត​ធំគៀប​​​រថយន្ត Pruis ជាប់នៅ​​លើស្ពាន​។​ ករណីនេះ ត្រូវបាន​នារី​ម្នាក់ ​ដែលអះអាងថា ជា​ភាគី​​រថយន្ត Toyota Pruis បាន​បកស្រាយ​ ​នៅក្នុង​​ហ្វេ​ស​បុក​​របស់ខ្លួន​​ថា រថយន្ត​របស់ខ្លួន​ បាន​បើក​ចូលដល់​លើ​ស្ពាន​​ប្រមាណ​ ៣​​ម៉ែត្រ​ហើយ ស្រាប់តែ​ពេលនោះ រថយន្ត​ធំ ​បាន​បើក​បោះពួយ​​យ៉ាង​លឿន ហើយ​ខ្លួន​ជា​ម្ចាស់​ឡានតូច​ ខំ​ស៊ី​ផ្លេ​ផង វ៉ៃ​ភ្លើង​ផង ប៉ុន្តែ​ខាង​រថយន្ត​ធំ ​នៅតែ​បើក​សំដៅ​មក​យ៉ាង​លឿន មិន​ឈប់​ទេ រហូតដល់គៀបជាប់កណ្តាលស្ពានតែម្តង​។ ពេលដែល​ម្ចាស់​រថយន្ត​ធំ ​ចុះមក ​បាន​ប្រាប់ថា ជាន់​ហ្វ្រាំង​ មិន​ស៊ី​។​

​នៅក្នុងពេល​កើតហេតុ​នោះ រថយន្ត​ធំ​នោះ បាន​អូស​ឡានតូច​ថយ​ទៅក្រោយ ​ទើប​ឃើញ​រូបភាព ហាក់ដូចជា​ឡានតូច ទើបឡើងលើស្ពាន​បែបនេះ។

​លោក ឌុ​ក ធី​យ៉ា អធិការនគរបាល​ស្រុក​ត្រាំកក់ ​បានអោយដឹងថា ករណី​រថយន្ត​ទាំង​ ២​គ្រឿង​នេះ គឺ​រថយន្ត​តូច ​មិនបាន​ខុស​ឡើយ។ ​រថយន្ត​ធំ ​ជា​អ្នក​ខុស ​ដោយសារ​បើកបរ​ក្នុង​ល្បឿន​លឿន បើទោះបី​ដឹងថា នៅខាងមុខ​ មាន​ស្ពាន​ឆ្លងកាត់ ​ហើយ​មាន​រថយន្ត​តូច ​បើក​ចូលដល់​លើ​ស្ពាន​​មុន​ក៏ដោយ ក៏​រថយន្ត​ធំ ​នៅតែ​មិន​បន្ថយល្បឿន​ទៀត​។ ក្រោយកើតហេតុ ប៉ូលិស បានអូស​យក​រថយន្ត​ទាំង ​២​គ្រឿង​នេះ ទៅ​​រក្សាទុក​​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់ ដើម្បី​ម្ចាស់​មក​ដោះស្រាយ​គ្នា។​

ស្ពានដែក​​ប៉ាឡេនោះ មានទំហំ​ប្រហែលជាមិនដល់​ ៤​ម៉ែត្រផង​ គឺអាច​ចរាចរណ៍​តែឡានមួយប៉ុណ្ណោះ​។ ការធ្វើផ្លូវ និងស្ពាន​នោះ ប្រហែលជា​យូរឆ្នាំមកហើយ ដោយសារតែប្រទេស​យើង មាន​ឡាន​តិច ហើ​យ​ច្រើ​ន​តែ​ឡានតូចៗ​ទៀតផង។​ តែ​ពេល​នេះ ​ដោយសារតែ​ស្រុកទេស​ រី​ក​ចំ​រើ​ន ឡានក៏ធំៗ ហើយ​ក៏មាន​កំ​ណើ​ន​ឡានតូច ​រឹតតែ​ច្រើ​ន ដូ​ច្នេះ​ហើ​យ ​យើ​ង​មានតែ​ខិតខំ​​ព​ង្រើ​​ក​ផ្លូវ​ស្ពាន ឲ្យធំៗ អាចជៀសគ្នាបានដោយស្រួល​នៅលើស្ពានថ្មប៉ុណ្ណោះ។ ក្នុងនោះ អ្នក​បើ​ក​បរ​​ទាំងឡាយ ​ដែល​តែងតែ​បំពាន​ សូម​ទទួលខុសត្រូវ​​ដោយ​ខ្លួនឯង​ចុះ​។​​ នេះជាការយល់ឃើញ​របស់​អ្នកប្រើហ្វេសប៊ុក​ម្នាក់ទៀត គឺលោកឧកញ៉ា ម៉ុង ឫទ្ធី សមាជិក​ព្រឹទ្ធសភា និងជាសេដ្ឋីខាងកសិកម្ម។

​យ៉ាងណាក៏ដោយ ក៏មានអ្នក​​សង្កេតមើលឃើញថា ច្រើនតែ​ឡានធំ បើកបរ​មិនសូវ​​ចេះ​គោរព​គេឯង​ទេ ហើយ​​​ភាគច្រើន គឺ​រថយន្ត​ចាក់​ប៉េ​តុង និង​រថយន្ត​ដឹក​ដី។ ពួកគាត់​បើកបរ មិនសូវ​ជា​យឺត​ប៉ុន្មាន​ទេ អាង​តែ​គាត់​ធំ គឺ​បើកបរ​លឿនៗ​ណាស់​។

ការលើកឡើងដូច្នេះ បង្ហាញពីសកម្មភាពបើកបរជាក់ស្តែង​របស់ក្រុមអ្នកបើកបរឡាន​ធំមួយចំនួន ក្នុងសង្គម​យើងសព្វថ្ងៃ​។ តែ​ក៏មាន​អ្នកបើកបរ​ជាច្រើនទៀ​ត ជាអ្នកគោរ​ពច្បាប់ទម្លាប់ មានសីលធម៌ និងចេះបើកបរ ដោយឆ្លងកាត់​សាលារៀន​ត្រឹមត្រូវដែរ​។

ក្រុមអ្នកនិយម​បើកឡានលឿនៗ ​ពិសេសឡានដឹកទំនិញ ឡានដឹកដី ឬឡានកុងតឺន័រ ជាដើម ដោយ​ច្រើន​តែជាតៃកុងឡាន ដែលស៊ីឈ្នួល​បើកឡាន​ឲ្យក្រុមហ៊ុន ឬបើកឡាន​ឲ្យ​គេប៉ុណ្ណោះ​។ ក្រុម​ខិលខូចនេះ ឲ្យតែមានហេតុការណ៍បុកប៉ះអី ធ្វើម៉េច​ចុះពីឡាន រត់​ឲ្យតែរួច​ខ្លួន គឺ​មិនមានបញ្ហាអ្វីទេ​ ទុក​ឲ្យថៅកែ តំណាងក្រុមហ៊ុន ឬក្រុមហ៊ុនធានារ៉ាប់រង ចេញមុខ​ទៅដោះ​ស្រាយ ​ជាការស្រេច​។ ករណីនេះ កើតមានច្រើនមកហើយ ក្នុងសង្គមយើង​កន្លងមក​។​

ចំ​ពោះ​ហេតុការណ៍ឡានធំកៀបឡានតូចជាប់លើស្ពាន​ដែកបាឡេ នៅខេត្តតាកែវនោះ មកពីមូលហេតុ​ ខ្វះ​ការយោគយល់ អធ្យាស្រ័យ​គ្នា និងមិនគោរពច្បាប់ចរាចរណ៍​​។ ករណីនេះ បើថា ឡាន​តូចឡើងលើស្ពានហើយ គឺជាកំហុសទាំងស្រុង​របស់ឡានធំ។ មាត្រា ២០​ ចំណុចទី៧ នៃច្បាប់ ស្តីពី ចរាចរណ៍​ផ្លូវគោក បានចែងថា នៅលើស្ពាន​ចង្អៀត ដែលបើកបរបានតែ​រថយន្តមួយគ្រឿង យានយន្តធុនធំ ត្រូវទុកសិទ្ធិ​ឲ្យយានយន្ត​ធុនស្រាល​ទៅមុន​។ តែបើ​ក្នុងករណី​រថយន្ត​ធុនធំ បានទៅដល់​លើស្ពាន​មុន រថយន្តធុនស្រាល ត្រូវឈប់សិន រង់ចាំទាល់តែ​រថយន្តធុនធំ ឆ្លងផុត​ស្ពានមុនសិន​។​

នៅលើការអនុវត្តជាក់ស្តែងក្នុងសង្គមយើង បើថា មានឡានធំ ឡើងស្ពាន គួរតែ​ឲ្យឡានធំ​នោះ ទៅឲ្យផុតសិន ឬក៏​មានចន្លោះ ត្រូវបើកទៅមុនឡានធំៗ កុំ​នៅក្រោយ​ឲ្យសោះ។ បើ​ពេល​ចុះ​ស្ពាន​វិញ ​ក៏កុំ​នៅមុខ ឡានធំៗ ឡើយ​។ កន្លងមក មានច្រើន​ករណីហើយ ដែលឡានធំៗ ឡើង ឬចុះស្ពានដាច់ហ្វ្រាំង ហើយ​បង្កគ្រោះថ្នាក់ ​​មិនតិចទេ រហូតបណ្តាល​ឲ្យស្លាប់ របួសមនុស្ស​ជាច្រើន​​ថែមទៀត​។​ ពេលខ្លះ ដោយសារតែ​ផ្ទុក​ធ្ងន់ពេក ហើយឡានចាស់ ឡើងស្ពាន​មិនរួច រអិល​ថយក្រោយ ក៏មាន​។ ទាំងនេះ ជាគ្រោះថ្នាក់​ ដែលកើត​ចេញពីឡានធំៗមួយចំនួន​ នៅ​លើស្ពាន​។

ដូច្នេះ​មានការតែការបើកបរ យោគយល់ អធ្យាស្រ័យ​គ្នា ហើយ​គោរពច្បាប់ទម្លាប់ទាំងអស់គ្នា កុំ​បើកបរលឿនៗ​ពេកប៉ុណ្ណោះ ទើបអាច​ជៀសវាងគ្រោះថ្នាក់ចរាចរណ៍បាន​។ ករណីឆ្លងស្ពាននោះ បើ​អ្នកបើកបរ​ម្ខាង ចេះ​អធ្យាស្រ័យ ឈប់​ឲ្យ​ឡានមួយ ឆ្លងផុតស្ពាន​សិន គឺ​មិនមានរឿងហេតុ​ ត្រូវកកស្ទះចរាចរណ៍ផង ត្រូវខូចឡាន​ផង​ ហើយភាគី ដែល​ខុស តាមការលើក​ឡើងមកថា ឡានធំជាអ្នកខុសនោះ គឺត្រូវសងថ្លៃខូច​ខាតឡានតូចរាប់ពាន់ដុល្លារ ដោយសារតែការធ្វេសប្រហែស​តែមួយ​ប៉ព្រិចភ្នែក​។ នេះសំណាងហើយ មិនគ្រោះថ្នាក់ដល់មនុស្ស។ ​

ម្យ៉ាងទៀត នៅពេលបើកបរ ចូរកុំភ្លេចសុភាសិតខ្មែរបុរាណថា «សន្សឹមៗ កុំ​បំបោល ក្រែង​មិនដល់​ដូចប្រាថ្នា​»។ «ខឹងខុស ខឹងខាត» ហើយ «បើខឹង រឿងតូច នឹងក្លាយជារឿងធំ»។ ទាំងអស់នេះ យើង​មិន​ត្រូវ​​ភ្លេច​ឡើ​យ​។ នរណាចង់លឿន ចង់ទៅមុន ឲ្យគេទៅៗ កុំ​ទៅបើក​វ៉ាជែងគ្នា ប្រដេញគ្នា​ ដែលអាច​នឹងបង្ក​គ្រោះថ្នាក់ជាយថាហេតុ​​នោះ​​​៕

Picture
Picture
Picture
Picture
Picture
Picture