ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ​៖ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ នៅ​ភ្នំ​ពេ​ញ​ ​កក​ស្ទះ​ចរាចរណ៍​​ជាខ្លាំង​។ ការកកស្ទះចរាចរណ៍នោះហើយ នាំ​​ឲ្យ​​ឡាន​​ពេទ្យ​ ដែលដឹកអ្នកជំងឺ​ ទៅសង្គ្រោះបន្ទាន់ ក៏ត្រូវកកស្ទះ​ដែរ​។ ក្នុង​នោះ…

ភ្នំពេញ​៖ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ នៅ​ភ្នំ​ពេ​ញ​ ​កក​ស្ទះ​ចរាចរណ៍​​ជាខ្លាំង​។ ការកកស្ទះចរាចរណ៍នោះហើយ នាំ​​ឲ្យ​​ឡាន​​ពេទ្យ​ ដែលដឹកអ្នកជំងឺ​ ទៅសង្គ្រោះបន្ទាន់ ក៏ត្រូវកកស្ទះ​ដែរ​។ ក្នុង​នោះ ក៏លេចមុខ​​យុវជន​ជាច្រើនក្រុម ជិះ​ម៉ូតូ​​ បើកផ្លូវ នាំមុខឡានពេទ្យ ហើយ​មានខ្លះ ថែមទាំង​ដាក់សារ៉ែន​​លើម៉ូតូ​​ថែមទៀត​។

ឡានពេទ្យមានបេសកកម្មមួយ គឺដឹកអ្នកជំងឺកូវីដ១៩ និងអ្នកជំងឺផ្សេងទៀត ទៅសង្គ្រោះជីវិត​នៅមន្ទីរពេទ្យ។ ដូច្នេះ​មនុស្សគ្រប់គ្នា ត្រូវតែបើកផ្លូវ អោយឡានពេទ្យ។ ប៉ុន្តែតាមការសង្កេត គឺមិនដូច្នេះឡើយ។ ដូច្នេះ វាក៏លេចករណី រហូតដល់ឡានពេទ្យ ត្រូវមានអ្នកជិះម៉ូតូ ប្រឹងបើកផ្លូវ​បន្ថែមទៀត។

ក៏ប៉ុន្តែ​សកម្មភា​ពក្រុម​យុវជនជិះម៉ូតូ​ បើកផ្លូវ​ឡាន​ពេទ្យ​នោះ កន្លងមក បានជួបគ្រោះថ្នាក់ ដោយមួយករណី រហូតដល់​​ស្លាប់ នៅខាងច្បារអំពៅ ដោយសារតែជិះលឿន ហើយ​ជ្រុល​ចង្កូត​ ចូល​ក្រោ​ម​ឡាន។ ថ្មីៗនេះទៀត អ្នកជិះម៉ូតូ ដែលអះអាងថា ជា​ក្រុម​អ្នក​សម្រួល​ចរាចរណ៍ ជូន​រថយន្ត​សា​ម៉ុ​យ ក៏ត្រូវឡាន​មួយគ្រឿង បុក​នៅ​ផ្លូវបំបែក​ជា​៤​។ តែករណីចុងក្រោយ កាលពី​ម៉ោង ១១​យប់​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២១ នៅ​ផ្លូវបំបែក​ជា​៤ ស្តុ​ប​ទេព​ផន កែង​មហាវិថី​ម៉ៅ​សេទុង ស្ថិតនៅក្នុង​សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក​ គឺ​ត្រឹមតែខូចខាតម៉ូតូ​​បន្តិចបន្តួចប៉ុណ្ណោះ​។

ករណីក្រុមយុវជន​បើកម៉ូតូ​ នាំមុខឡានពេទ្យ​នេះ មាន​មតិ​គាំទ្រ និងមានទាំងមតិ​រិះគន់ ហើយសូម្បីតែប៉ូលិស ក៏មិនគាំទ្រ​ឲ្យមានក្រុម​អ្នកហែក​ផ្លូវ​នេះឡើយ​ ដោយសំអាងថា «ខុសច្បាប់» ហើយ​​ពេលខ្លះ ​បង្ក​បញ្ហា និងប្រឈម នឹងគ្រោះថ្នាក់​ចរាចរណ៍ថែមទៀត ដោយសារតែអ្នកបើកម៉ូតូ​លឿន ក្នុ​ង​​​ពេល​​ផ្លូវ​​កក​​ស្ទះ​​​ចរា​ចរណ៍​​​​។

អ្នកគាំទ្រ​ឲ្យ​មានក្រុមយុវជនបើកម៉ូតូនាំមុខឡានពេទ្យ បានលើកឡើងថា​ ក្រុមនេះ បានជួយច្រើន ដោយសារអ្នកបើកបរខ្លះ លឺឡានសារ៉ែនហើយ នៅធ្វើមិនដឹង។  តែក្រុមយុវជន​បើកម៉ូតូ​នាំមុខឡានពេទ្យនេះ បានជួយវែកផ្លូវ និងនាំឡានពេទ្យ ដល់គោលដៅដោយជោគជ័យ បានច្រើន​ករណី។  

ដោយ​សារ​​ផ្លូវស្ទះ ទើបមានអ្នកបើកផ្លូវឲ្យ​​​ឡានពេទ្យ​។ សំខាន់ពួកគាត់ ចេះជួយសម្រួលចរាចរណ៍​ វាជាទឹកចិត្តដ៏ប្រពៃ ព្រោះដោយសារផ្លូវយើង ពិតជាស្ទះខ្លាំងមែន ពេលម៉ោងចូលធ្វើការ និង​ចេញពី​ធ្វើ​ការ​​។ តែអ្វីដែលជាការខុសពួកគាត់ គឺប្រើស៊ឺ​រ៉ែន បើកផ្លូវ ដែលពួកគាត់ មិនមែនជាសមត្ថកិច្ច និងមិនមាន​សិទ្ធិប្រើស៊ឺ​រ៉ែនបើក​ផ្លូវទេ។ នេះបើតាមការយល់ឃើញ​អ្នកផ្សេងទៀត។​

អ្នកខ្លះលើកឡើងថា ក្រុម​យុវជន​បើកម៉ូតូ​មុខឡានពេទ្យ ដែលអះអាងថា ជាក្រុម​អ្នកបើកផ្លូវ និងសម្រួលចរាចរណ៍ទាំង​នោះ នាំមុខតែឡានពេទ្យ​ឯកជន​ប៉ុណ្ណោះ​ ហើយ​ក៏ធ្វើដើម្បី​បាន​លុយ​កាក​ពីសាច់ញាត្តិក្រុម​គ្រួសារអ្នកជំងឺ ឬក៏បានលុយពី​ពេទ្យ​ឯកជនតែប៉ុណ្ណោះ។​

ក៏ប៉ុន្តែ ការលើកឡើងដូច្នេះ ត្រូវបាន​ក្រុម​អ្នកបើកម៉ូតូ នាំមុខឡានពេទ្យ​ បដិសេធ ហើយថា មាន​ក្រុមមួយ ដែលមានឈ្មោះថា CEAS ក៏បាន​បើកម៉ូ​តូ នាំមុខ​ឡាន​ពេទ្យ​រដ្ឋ​ ដែលមកពីខេត្ត ហើយសុទ្ធ​តែអ្នក​ជំងឺ ដែលត្រូវសង្គ្រោះបន្ទាន់ដែរ។

យ៉ាងណាក៏ដោយ ករណីនេះ ក៏ត្រូវគេលើកឡើងថា ជាការពិត​មិនត្រូវអោយមានម៉ូតូបើកមុខឡានសារ៉ែនទេ។  ប៉ុន្តែបច្ចុប្បន្ននេះ បើមា​ន ​គឺល្អ  ដោយសារពលរដ្ឋខ្មែរយើង ស្ទើរតែ ៩០% អត់ចេះបើកបរ និងមិនស្គាល់គន្លងផ្លូវ  ហើយ​មិន​ស្តាប់សំឡេងឡានពេទ្យ។  ពេលខ្លះ អោយឡានពេទ្យ គេចគាត់វិញ​ បើឡាន​ពេទ្យ ​ចង់ទៅមុន។​

ក៏មានអ្នកកត់សម្គាល់ថា កន្លងមក ក្រុមអ្នកបើកម៉ូតូ​នាំមុខឡានពេទ្យនេះ ដូចមានម្តង គ្រោះថ្នាក់ ស្លាប់ខ្លួនឯងទៀត​។ ដូច្នេះ​គួរមានចំណាត់ការយូរហើយ ចំពោះពួកនេះ ដែល​បើកម៉ូតូ នាំផ្លូវឡានពេទ្យ ដែលខ្លះ ធ្វើឫ​កដូចមានតែ​ឯង​។​

ឡានពេទ្យ មានស៊ឺ​រ៉ែន ហើយ​មានម៉ូតូបើកស៊ឺ​រ៉ែននាំផ្លូវទៀត  វាបង្ហាញអោយបរទេសមើលមកថា អ្នកបើកបរខ្មែរយើង​ មិនគោរពច្បាប់។  ខ្មែរគ្មានសីលធម៌ក្នុងខ្លួន  ព្រោះសូម្បីតែឡានស៊ឺ​រ៉ែន ដឹកអ្នកជំងឺ នៅមិនផ្ដល់អាទិភាព​​អោយទៅមុនទេ​។

​បើសិនជាបងប្អូន ដែល​បើកម៉ូតូ សម្រួលចរាចរណ៍មុខ​ឡានពេទ្យទាំង​នោះ ​ជួបគ្រោះថ្នាក់ នៅពេលកំពុងសម្រួលចរចរណ៍ តើអ្នកណា ទទួលខុសត្រូវ ជូនពួកគាត់?​ រដ្ឋ ខាងមន្ទីពេទ្យ ឬក៏​ត្រូវ​ដោះស្រាយដោយខ្លួនឯង?​ ដូច្នេះ​បើអាចឈប់បាន ឈប់ទៅ ព្រោះឡានពេទ្យ មានស៊ឺ​រ៉ែន ដែល​ច្បាប់​ បានកំណត់​ជា​អាទិភាព ដូចឡានទឹក​ សម្រាប់ពន្លត់អគ្គិភ័យ​រួចទៅហើយ​។

កាលពីទសវត្ស​៨០ ការងារសង្គម ជួយសម្រួលចរាចរណ៍​ ក្រៅពីនគរបាលចរាចរណ៍​ និងសមត្ថកិច្ច គេប្រើកុមារឈានមុខ។  បច្ចុប្បន្ន គេប្រើក្រុមកាយឫទ្ធិ ដែល​សុទ្ធតែមានអង្គភាព មានមេ មានកើយដឹកនាំ និងទទួលខុសត្រូវ​។​ ចុះក្រុមស្ម័គចិត្តបើកម៉ូតូមុខឡានពេទ្យនេះ ពេលបើក​លឿន បង្កគ្រោះថ្នាក់ អ្នកណាទទួលខុសត្រូវ?​ ព្រោះពេលខ្លះ ឃើញពួកគាត់បើកលឿនៗណាស់ វ៉ាជ្រែ​គេជ្រែ​ឯង។​ ពេលខ្លះ ស្រែកឡូឡា​ពេញផ្លូវសាធារណៈ ធ្វើអោយអ្នកដំណើរខ្លះ មានការភ័​យខ្លា​ច​។

ប៉ូលិស ក៏គាំទ្រនូវការឈប់​ឲ្យ​មានក្រុមម៉ូតូបើកផ្លូវ មុខឡានពេទ្យនេះដែរ​​។ តែ​បញ្ហា​ធំ គឺ​ប្រជាពលរដ្ឋ ដែល​ជា​អ្នកប្រើប្រាស់ផ្លូវ មិនថា ​ថ្មើរជើង អ្នកបើកបរម៉ូតូ ឬរ៉ឺម៉កកង់បី និងឡាននោះទេ​ ទាំងអស់គ្នា ត្រូវតែ​គោរពច្បាប់ចរាចរណ៍ និងផ្តល់អាទិភាពដល់ឡានពេទ្យ ឡានស៊ឺរ៉ែន​។​

ការលើកឡើងថា អ្នកជិះតាមផ្លូវ មិនគោរពច្បាប់ គឺ​ជារឿងបុគ្គល។ ប៉ុន្តែ​ក្រុមអ្នកបើកម៉ូតូនាំមុខឡានពេទ្យ គឺនាំគ្នា​ធ្វើខុសទាំងក្រុម ដោយ​ជិះឆ្វេចឆ្វាច​ គឺ​ខុសជាក្រុមតែម្តង​។

ក៏ប៉ុន្តែក៏មានអ្នកលើកឡើងថា បើគួរផ្អាក គឺ​ផ្អាកតែក្រុម ដែល​រញ៉េរញ៉ៃ។ ចំពោះក្រុម ដែលល្អ មានវិន័យត្រឹមត្រូវ គួរបង្ហាត់បង្រៀនពួកគាត់បន្ថែម ដើម្បីជួយសង្គមយើង​ទាំងអស់គ្នា។ គេអាចបង្ហាត់បង្រៀនពួកគាត់បន្ថែម បើពួកគាត់មានឆន្ទៈល្អមែន​។

មានការលើកយក​ករណី នៅប្រទេសឥណ្ឌូនេស៊ី ដែល​មានក្រុមយុវជន​ស្ម័គ្រចិត្ត មានឯកសណ្ឋាន មាន​ការបណ្តុះបណ្តាល​ និងទទួលស្គាល់​ត្រឹមត្រូវពីអាជ្ញាធរសមត្ថកិច្ច​​​ ជិះម៉ូតូ​បើកផ្លូវចរាចរណ៍ នៅទីក្រុងដ៏មមាញឹក​​ ដើម្បី​ឲ្យឡានពេទ្យ នាំយកអ្នកជំងឺ ទៅកាន់​មន្ទីរ​ពេទ្យ​។​

នោះគឺ​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួង​សុខាភិបា​ល ក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំង​អាជ្ញាធរ​សមត្ថកិច្ចរាជធានីខេត្ត គួរតែមាន​​​ក្រុម​អ្នកបើកផ្លូវ​ពិសេស​ ឬ​នាំមុខឡាន​សង្រ្គោះបន្ទាន់​ បន្ថែមលើកម្លាំង​ប៉ូលិសចរាចរណ៍ ឬប៉េអឹម ដែលយើងមានស​ព្វថ្ងៃ ឈរជើង ប្រចាំការ​តាមគោលដៅ​​។

បើមិនដូច្នេះទេ ក៏គួរតែ​ចាត់ចែង​ក្រុម​សមត្ថ​កិច្ច គឺប៉ូលិសចរាចរណ៍ ឬក៏ប៉េអឹម រង់ចាំ​សារ៉េ​ចរាចរណ៍ នៅផ្លូវ​កកស្ទះ​ ហើយ​អាចមានម៉ូតូស​​បើកផ្លូវ នាំឡាន​ពេទ្យ​ នៅតំបន់ ដែលកកស្ទះខ្លាំង​។ ជាងនេះទៅទៀត មូលហេតុ​ចម្បងនៃការដែល​អ្នកបើកបរយានយន្ត មិនជៀសផ្លូវឡាន​ពេទ្យ​ គឺដោយច្រើន មកពីការកកស្ទះចរាចរណ៍នេះតែម្តង​ ព្រោះអ្នកបើកបរ​យើង មិនមែនដល់​ថ្នាក់ឃើញ​ឡានស៊ឺរ៉ែន ឡានពេទ្យ មកពីក្រោយហើយ មិនគេច មិនអែបខាងស្តាំ​ ឲ្យ​ឡានអាទិភាពទាំងនោះ ទៅមុនឡើយ។ បើមាន ក៏សឹងតែ ១០០នាក់ មាន ១ប៉ុណ្ណោះ ដែល​បើកបរទំនើង មិន​គោរពសិទ្ធិអាទិភាពរបស់ឡានពេទ្យ ឡានស៊ឺរ៉ែន​​។ តែបើ​ផ្លូវ​នោះ កំពុងកកស្ទះចរាចរណ៍ សួរថា តើឲ្យអ្នកបើកឡាន បើកម៉ូតូ ជៀសទៅណារួច​? នេះជាបញ្ហា​។

មួយវិញទៀត ឡានពេទ្យ​ មិនថា ឡាន​ពេទ្យឯ​កជន ឬឡានពេទ្យរដ្ឋទេ គឺ​មានបំពាក់ស៊ឺរ៉ែន និងទទួលស្គាល់ត្រឹមត្រូវ ហើយ​មាន​សិទ្ធិអាទិភាពគ្រប់គ្រាន់ ដែល​មិនទាមទារ​ឲ្យមានម៉ូតូរបស់ក្រុមយុវជនណា មក​បើកផ្លូវ មកហែកផ្លូវ​ឲ្យទៀត​​នោះទេ​។ អ្នកបើកបរទាំងអស់ មានត្រឹមតែស្មារតីទទួលខុសត្រូវ និងគោរពច្បាប់ ព្រមទាំង​មានសីលធម៌ និងគុណធម៌​ គឺ​អាច​ឲ្យឡាន​ពេទ្យ នាំអ្នកជំងឺទៅសង្គ្រោះបន្ទាន់ នៅមន្ទីរ​ពេទ្យ​បានហើយ​។ សំខាន់បំផុត ក្រុម​ប៉ូលិសចរាចរណ៍​ ធ្វើម៉េច​ កុំ​ឲ្យតែផ្លូវ​កក​ស្ទះចរាចរណ៍​​បានហើយ​​៕