ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប​បាល់ទាត់ Cambodian Tiger ប្រមូល​បាន​ជើង​ខ្លាំង​របស់​ក្លិប Western

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​ស្ថានភាព​ស្ងប់ស្ងាត់​របស់​ក្លិប​បាល់ទាត់ Western បាន​បង្ខំ​ឲ្យ​ក្លិប​ដែល​ធ្លាប់​ឈរជើង​ក្នុង​ចំណាត់ថ្នាក់​ល្អ​នឹង​គេ​នឹង​ឯង​មួយ​នេះ សម្រេចចិត្ត​ចូល​ជ្រក​ក្រោម​ស្លាក​របស់​ក្លិប Cambodian Tiger

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​ស្ថានភាព​ស្ងប់ស្ងាត់​របស់​ក្លិប​បាល់ទាត់ Western បាន​បង្ខំ​ឲ្យ​ក្លិប​ដែល​ធ្លាប់​ឈរជើង​ក្នុង​ចំណាត់ថ្នាក់​ល្អ​នឹង​គេ​នឹង​ឯង​មួយ​នេះ សម្រេចចិត្ត​ចូល​ជ្រក​ក្រោម​ស្លាក​របស់​ក្លិប Cambodian Tiger ដោយ​នឹក​ស្មាន​មិន​ដល់ ។ ប៉ុន្តែ​ក៏​មាន​ន័យ​ថា​ក្លិប Cambodian Tiger បាន​ប្រែ​ក្លាយជា​ក្លិប​ថ្មី​មួយ​ដែល​បាន​ប្រមូលផ្ដុំ​កីឡាករ​ល្អ​ៗ​មក​ពី​ក្លិប​ជា​ដៃគូ​បន្ថែម​ពីលើ​យុទ្ធសាស្ត្រ​ទិញ​ដូរ​កីឡាករ​ល្អ​ៗ​មក​ពី​ជប៉ុន ដើម្បី​សម្រេច​ផែនការ​ធ្វើ​ឲ្យ​ល្បីឈ្មោះ​ក្នុង​ពេល​ដ៏​ខ្លី​នៅ​ក្នុង​ពិភព​បាល់ទាត់​ផង​ដែរ ។

លោក តែ ឡូ​រិ​ន ប្រធាន​ក្លិប Western បាន​ថ្លែង​ក្នុង​ឱកាស​ធ្វើ​សន្និសីទកាសែត​កាលពី​ថ្ងៃ​ទី​១៥ ធ្នូ ម្សិលម្ង៉ៃ​ថា ហេតុផល​ដែល​លោក​សម្រេចចិត្ត​ដាក់​បញ្ចូល​ក្លិប​របស់​លោក​ទៅ​ក្នុង​ក្លិប Cambodian Tiger គឺ​ដោយសារ​តែ​ក្លិប​មួយ​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ជនជាតិ​ជប៉ុន ហើយ​មានការ​ដឹកនាំ​ត្រឹមត្រូវ​ដែល​នាំ​ឲ្យ​លោក​មើលឃើញ​ពី​ការ​ឈរជើង​បាន​រឹង​មាំ​របស់​កីឡាករ​ដែល​លោក​ខំ​បណ្ដុះ ។ យ៉ាងណា​ក៏​ដោយ​លោក​ថា ការ​រួម​បញ្ចូល​នេះ​មិន​បាន​រំលាយ​ចោល​ឈ្មោះ​ក្លិប​របស់​ខ្លួន​ហើយ​ផ្អាក​សម្មភាព​របស់​ក្លិប​បាត់​ទាត់ Western ដែល​អាច​និយាយ​បាន​បាត់ឈ្មោះ​ពី​ពិភព​គុន​នោះ​ឡើយ ។ គឺ​គ្រាន់តែ​ចាប់ដៃ​សហការ​ជាមួយ​ក្រុម Cambodian Tiger ដើម្បី​ស្វែងរក​បង្អែក​តែ​ប៉ុណ្ណោះ ។

លោក​បាន​ថ្លែង​ថា​៖«​ចាប់ពី​ថ្ងៃ​សន្និសីទកាសែត​នេះ​ទៅ ក្លិប​របស់​យើង​ទាំង​ពីរ​នឹង​ប្រែក្លាយ​តែ​មួយ ដោយ​មាន​ន័យ​ថា កីឡាករ​របស់​ក្លិប Western ទាំងអស់​នឹង​ត្រូវ​ប​ញ្ជូ​ល​ទៅ​ក្នុង​ក្លិប​Cambodian Tiger ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា​ក្លិប​យើង​បាត់ឈ្មោះ ឬ​ត្រូវ​រំលាយ​ចោល​នោះ​ទេ គឺ​យើង​នៅ​តែ​មាន​សកម្មភាព​ជា​ធម្មតា ដោយ​គ្រាន់តែ​យើង​សម្រាំង​​យក​កីឡាករ​កម្រិត​ទី​២​មក​លេង​ក្នុង​ការ​ប្រកួត​កម្រិត​ក្រោម​ៗ​វិញ ហើយ​សម្រាប់​ការ​ប្រកួត League  Metphone កម្រិត​១ គឺ​យើង​ជ្រើស​យក​កីឡាករ​ខ្លាំង​ៗ​របស់​ក្លិប​Cambodian Tiger​ខ្លះ ពី​ក្លិប​ខ្ញុំ​ខ្លះ ដើម្បី​ឲ្យ​សមាសភាព​ថ្មី​ហ្នឹង​ក្លាយជា​អ្នក​ប្រយុទ្ធ​តតាំង​នឹង​ក្លិប​បឹង​កេ​ត​អង្គរ និង​ភ្នំពេញ​ក្រោ​ន បាន​!» ។

លោក​អះអាង​ថា ផ្អែក​តាម​ទម្រង់​សហការ គឺ​ក្លិប​ទាំង​ពីរ​ដែល​រួម​បញ្ចូល​គ្នា​ត្រូវ​កំណត់​ប្រើ​ឈ្មោះ​ថ្មី ប៉ុន្តែ​ដោយសារ​តែ​ក្លិប Cambodian Tiger របស់​ជប៉ុន គេ​មាន​ម្ចាស់​ជំនួយ​ច្បាស់លាស់​នៅ​ពីក្រោយ ហើយ​បើ​មានការ​កែប្រែ​ឈ្មោះ គឺ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ឧបត្ថម្ភ​ពី​ក្រុម​បរទេស ទើប​លោក​សម្រេចចិត្ត​ដាក់​បញ្ចូល​កីឡាករ និង​គ្រូបង្វឹក​របស់​ក្លិប Western ឲ្យ​ជ្រក​ក្នុង​ក្លិប Cambodian Tiger របស់​ជប៉ុន​វិញ ។ លោក​ថា ពេល​កន្លង​មក ក្លិប​បាល់ទាត់​របស់​លោក​មិន​មានការ​ឧបត្ថម្ភ​ណាមួយ​ពី​សំណាក់​ដៃគូ​នោះ​ទេ ទើប​ពេល​ខ្លះ​ក្លិប​របស់​លោក​ក៏​មាន​ជំហាន​ទៅ​មុខ​លេចធ្លោ ហើយ​ពេល​ខ្លះ​ស្ថានភាព​កង្វះ​ហិរញ្ញវត្ថុ​ក៏​ធ្វើ​ឲ្យ​ក្លិប​របស់​លោក​មិន​មាន​សកម្មភាព​ប្រកួតប្រជែង ។

លោក​មិន​អាច​បណ្ដោយ​ឲ្យ​ក្លិប​ដែល​ខំ​កសាង​រហូត​មានឈ្មោះ​រលាយ​ដោយ​ឯកឯង​នៅ​ថ្ងៃ​ណាមួយ​នោះ​ទេ ទើប​សម្រេចចិត្ត​ចូល​ជ្រក​ក្នុង​ក្លិប​Cambodian Tiger  ដែល​ដឹកនាំ​ដោយ​ជនជាតិ​ជប៉ុន ។ ក្នុង​ពេល​ខាង​មុខ​ក្លិប Western នឹង​កំណត់​ឲ្យ​លេង​នៅ​ក្នុង​ក្របខ័ណ្ឌ​កម្រិត​មហាវិទ្យាល័យ និង​កម្រិត​ធម្មតា ក្រៅពី League ធំ​ៗ គឺ​មិន​ខុស​ពី​ក្លិប​មែកធាង​របស់​ក្លិប Cambodian Tiger  នោះ​ទេ​។ លោក​មាន​ប្រសាសន៍​ថា ៖«​ឥឡូវ​ហ្នឹង​កីឡាករ​យើង​ទាំងអស់​នឹង​ក្លាយជា​របស់​ក្លិប​គាត់ ប៉ុន្តែ​កុំ​ច្រឡំ​ថា​យើង​លក់​ក្លិប​ឲ្យ​គាត់ គឺ​យើង​គ្រាន់តែ​ចង់​រួម​គ្នា​ដើម្បី​ភាព​ខ្លាំង និង​ឲ្យ​មាន​ជោគជ័យ​សម្រាប់​ការ​ប្រកួត League Metphone ឆ្នាំ​ក្រោយ​ប៉ុណ្ណោះ ប៉ុន្តែ​អ្វី​ៗ​ក្លិប Western គឺ​នៅ​តែ​រក្សា​កីឡាករ និង​ធនធាន​របស់​ខ្លួន​ដដែល ដោយ​គ្រាន់តែ​សមាសភាព​ចាស់​ទាំង​អស់នោះ អ្នក​ណា​ខ្លាំង​យើង​ឲ្យ​លេង League កម្រិត​កំពូល ហើយ​ទាំង​កីឡាករ​របស់​គាត់ និង​របស់ខ្ញុំ​ដែល​មិន​ជាប់​ជម្រើស​គឺ​ឲ្យ​លេង​កម្រិត​បន្ទាប់​!»​។

តាម​រយៈ​កិច្ចព្រមព្រៀង ក្លិប​របស់​លោក​នឹង​ជ្រក​ក្រោម​ស្លាក​របស់​ក្លិប Cambodian Tiger ពេញ​រយៈពេល​១​ឆ្នាំ ដោយសារ​តែ​ក្លិប​មួយ​នេះ មាន​ថវិកា​គ្រប់គ្រាន់​ដើម្បី​ឈរ​ជើង និង​យុទ្ធសាស្ត្រ​គ្រប់គ្រាន់​ក្នុង​ការ​ប្រកួតប្រជែង ។ ជាមួយនឹង​ការ​ទទួលខុសត្រូវ​របស់​ភាគី​ជប៉ុន​នេះ លោក​ថា ធនធាន​របស់​ក្លិប Western នឹង​មិន​ពិបាក​បោះ​ជំហាន​ទៅ​មុខ​នោះ​ទេ ហើយ​បើ​ឈាន​ដល់​ដំណាក់កាល​បែក​គ្នា ក៏​លោក​ជឿ​ថា​សមាសភាព​ទាំងអស់​របស់​លោក​មានបទពិសោធន៍​ពេញ​ខ្លួន ដើម្បី​ក្លាយ​ខ្លួន​ជា​ក្រុម​ខ្លាំង​មួយ​នោះ​ដែរ ។

លោក Kato Akihiro ប្រធាន​ក្លិប Cambodian Tiger បាន​អះអាង​ថា ការ​រួម​បញ្ចូល​គ្នា​របស់​ក្លិប Western នឹង​ជួយ​ឲ្យ​ក្លិប​Cambodian Tiger ក្លាយជា​ក្លិប​ថ្មី​មួយ​ដែល​មាន​ធនធាន​កីឡាករ​ល្អ​ៗ​ចម្រុះ​គ្នា ដើម្បី​រំលេច​ភាព​ខ្លាំង ។ ក្នុង​ពេល​បច្ចុប្បន្ន​លោក​ថា កីឡាករ​អាជីព​របស់​ជប៉ុន​មក​លេង​ឲ្យ​ក្លិប​របស់​លោក​មាន​ចំនួន​៣​នាក់​មក​ហើយ ដោយ​លោក​គ្រោង​នឹង​ទិញ​កីឡាករ​អាជីព​ល្បី​មួយ​រូប​មក​បន្ថែម​ទៀត នៅ​ពេល​កីឡាករ​ល្អ​ៗ​របស់​ក្លិប Western ត្រូវ​បាន​ចូលរួម​ជា​សមាជិក​ថ្មី ដែល​មាន​ន័យ​ថា​ក្នុង​ក្រុម​ទាំងមូល​នឹង​មាន​តែ​កីឡាករ​ខ្លាំង​នៅ​ទីលាន ។ លោក​មាន​ជំនឿ​ថា ក្លិប​របស់​លោក ក្រោយ​ការ​ចូលរួម​របស់​ក្លិប Western នឹង​បាន​ក្លាយ​ខ្លួន​ជា​ក្រុម​ខ្លាំង​មួយ​ដែល​អាច​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ប្រហាក់ប្រហែល​នឹង​ក្រុម​បឹងកេ​ត​អង្គរ ឬ​ក្រុម​ភ្នំពេញ​ក្រោ​ន ក្នុង​ពេល​ដ៏​ខ្លី ។

ក្នុង​នោះ​លោក​ក៏​រៀប​យុទ្ធសាស្ត្រ​ដឹកនាំ​ក្រុម​បែប​ណា​ឲ្យ​ក្លាយជា​ក្រុម​ខ្លាំង​មួយ​នៅ​តំបន់​អាស៊ី​តាម​រយៈ​ការ​ទិញ​កីឡាករ​ល្អ​មក​ពី​ក្រៅប្រទេស និង​ការ​ចំណាយ​ប្រាក់​រក​គ្រូបង្វឹក​ដែល​មាន​សមត្ថភាព​មក​ពង្រឹង​សមាជិក​ឲ្យ​មានគុណ​ភាព​ពេញលេញ​នោះ​ផង​ដែរ ។ លោក​ថា អ្វី​ដែល​នៅ​ពីក្រោយ​ការ​រួម​សហការ​ជាមួយ​ក្រុម Western គឺ​ចង់​បង្រួម​កម្លាំង​ខ្លាំង​ៗ​ដណ្ដើម​កៅអី​ក្រុម​បឹង​កេ​ត​អង្គរ និង​ភ្នំពេញ​ក្រោ​ន​ដែល​ឈរ​នៅ​លំដាប់​កំពូល​ក្នុង​ប្រទេស​កម្ពុជា ។ ក្នុង​នោះ​ចំពោះ​ថវិកា​ទ្រទ្រង់​កីឡាករ​បូក​រួម​ទាំង​ការ​បំប៉ន​ផង លោក​អះអាង​ថា ក៏​មាន​គ្រប់​លក្ខខណ្ឌ​ដើម្បី​ប្រកួតប្រជែង​បន្ទាប់​ពី​កីឡាករ​ល្អ​ពី​ក្រុម Western ត្រូវ​បាន​រួម​បញ្ចូល​នោះ​ផង​ដែរ ។ យ៉ាងណា​ក៏​ដោយ​គេ​មិន​ទាន់​ដឹង​ថា អំនួត​របស់​ក្លិប​ទាំង​ពីរ​ក្រោយ​ការ​បញ្ចូល​គ្នា តើ​នឹង​លេច​ចេញ​លទ្ធផល​ដូច​មហិច្ឆតា​ចង់បាន​ឬ​យ៉ាងណា​នោះ​ទេ ៕