ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ចាត់វិធានការ​យូរ​មកហើយ លើ​រថយន្ត​ធុន​ធ្ងន់ ដឹក​លើស​ទម្ងន់ តាមរយៈ​ការដាក់​ជញ្ជីង​ថ្លឹង​រថយន្ត នៅតាម​បណ្តា​ផ្លូវជាតិ​សំខាន់ៗ រួមទាំង​ជញ្ជីង​ចល័ត​ជាច្រើន​ថែមទៀត​។ ប៉ុន្តែ​មកដល់ពេលនេះ…

ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ចាត់វិធានការ​យូរ​មកហើយ លើ​រថយន្ត​ធុន​ធ្ងន់ ដឹក​លើស​ទម្ងន់ តាមរយៈ​ការដាក់​ជញ្ជីង​ថ្លឹង​រថយន្ត នៅតាម​បណ្តា​ផ្លូវជាតិ​សំខាន់ៗ រួមទាំង​ជញ្ជីង​ចល័ត​ជាច្រើន​ថែមទៀត​។ ប៉ុន្តែ​មកដល់ពេលនេះ បញ្ហា​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់ នៅតែ​កើតឡើង​មាននៅ​ឡើយ​។ ដូច្នេះ​សំណួរ សួរថា មកពី​ហេតុអ្វី មិនអាច​លុបបំបាត់​ក​រ​ណី​ឡាន​ដឹក​លើស​ទម្ងន់​បាន នៅ​ប្រទេស​យើង​?

​ជាថ្មី​ម្តងទៀត នៅពេលនេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​រំលឹក​ជាថ្មី​ដល់​ម្ចាស់​រោងចក្រ​ស៊ីម៉ង់ត៍ ការដ្ឋាន​ផលិត​ថ្ម ដេប៉ូ​ខ្សាច់ ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​ថា ក្រសួង​នឹង​បន្ត​អនុវត្ត​តាមច្បាប់​យ៉ាង​តឹង​បំផុត ដោយ​គ្មាន​ការលើកលែង​ឡើយ​។ នោះ​គឺ​ក្រៅពី​ផាកពិន័យ​តាមច្បាប់​ហើយ​នោះ ក្រសួង​ត្រូវ​ឃាត់ទុក​រថយន្ត​ដឹក​លើស​ទម្ងន់​នោះ រយៈពេល ១​ឆ្នាំ​ថែមទៀត​។​

​មន្ត្រី​ជំនាញ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អនុវត្ត​ច្បាប់ និង​សេចក្ដីជូនដំណឹង ចំពោះ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់ ដោយ​គិត​ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​២០២០ ដល់​ខែកក្កដា ឆ្នាំ​២០២១​នេះ បាន​ផាកពិន័យ និង​ឃាត់​រក្សាទុក​រថយន្ត​រយៈ​ពេល​មួយឆ្នាំ ចំនួន ១៤៣​គ្រឿង​។ រថយន្ត​ទាំងនេះ ជា​រថយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់ លើសពី ២០% នៃ​ទម្ងន់​អនុញ្ញាត​។

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ប្រកាសថា រថយន្ត​ដឹក​លើស​ទម្ងន់​ទាំងនោះ ត្រូវបាន​ឃាត់ទុក​ដោយ​ក្រុមការងារ​ក្រសួង​ចល័ត​ចម្រុះ សម្រាប់​ឆ្មក់​ត្រួតពិនិត្យ​យានយន្ត​លើស​ទម្ងន់ ដែល​ចុះ​តាម​បណ្តា​ខេត្ត​នានា និង​គោលដៅ​ដើមទី ​នៅ​ខេត្តបាត់ដំបង និង​ស្ថានីយ​ជញ្ជីង​អចល័ត​ទូទាំងប្រទេស​។

​ក្នុងពេល​ចុះ​ពិនិត្យ​វឌ្ឍនភាព​ផ្លូវជាតិ​លេខ​៣ កាលពីពេល​ថ្មីៗ​នេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ព្រមាន​ថា ក្រសួង នឹង​ចាត់វិធានការ​តាម​នីតិវិធី ដោយ​គ្មាន​យោគយល់​ខ្សែ​នរណា​ឡើយ ហើយ​សកម្មភាព​នៃ​ការចុះ​ប្រតិបត្តិការ​នេះ នឹង​ធ្វើជា​បន្តបន្ទាប់​ទូទាំងប្រទេស ដូច​ភ្លៀងរលឹម ដើម្បី​រឹតបន្តឹង​ការដឹកជញ្ជូន​ឲ្យ​ស្របតាម​ច្បាប់ ការពារ​មិន​ឲ្យ​មាន​ជនខិលខូច ដឹក​លើស​ទម្ងន់​ឡើយ​។

​លោក​រដ្ឋមន្ត្រី បន្ថែមថា ក្រសួង​នៅតែ​បន្ត​អនុវត្ត​វិធានការ​នេះ ​បន្តទៀត ដោយ​មិន​យោគយល់ ចំពោះ​ឡាន​អ្នកក្រ ឡាន​អ្នកមាន អ្នកមាន​ខ្នង ឬ​ឡាន​អ្នក​អត់​ខ្នង​អ្វី​ឡើយ ព្រោះ​រថយន្ត​ដឹក​លើស​ទម្ងន់​ទាំងអស់នោះ ធ្វើឱ្យ​ខូច​ផ្លូវ​ដូចគ្នា​។​

​លោក​រដ្ឋមន្ត្រី ក៏បាន​ទទួលស្គាល់ថា រថយន្ត​ដឹកទំនិញ ដែល​ដឹក​លើស​ទម្ងន់​នៅ​កម្ពុជា​យើង ១​គ្រឿង ត្រូវ​ទៅ​សាង​ប្តូរ​ទំនិញ​នៅ​ព្រំដែន​វៀតណាម ដោយ​ប្រើ​ឡាន​ទំហំ​ដូចគ្នា ចំនួន ២​គ្រឿង ទើប​ដាក់​អស់​។​

​យើង​ដឹង​ជាទូទៅ​ហើយ​ថា ការដឹកជញ្ជូន​លើស​ទម្ងន់ បង្ក​ឱ្យ​ផ្លូវ​ឆាប់​ខូច​មុន​អាយុកាល​កំណត់ និង​ក៏​អាច​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ទៀតផង​។ ករណីនេះ ក៏ត្រូវ​បាន​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចាត់វិធានការ​យូរយារ​ណាស់​មកហើយ តែ​មកដល់​សព្វថ្ងៃ ករណី​រថយន្ត​ដឹក​លើស​ទម្ងន់ នៅតែ​បន្ត​មាន​ដដែល​។​

​បញ្ហា​រថយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់ ដែល​បំផ្លាញ​ផ្លូវ និង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នោះ មួយផ្នែក ក៏បាន​កើតឡើង​ដោយសារតែ​មន្ត្រី​ជំនាញ​មួយចំនួន​របស់​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ប្រចាំការ​នៅតាម​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត ឃុបឃិត ត្រូវរ៉ូវ​នឹង​ឈ្មួញ​។ តែមួយ​ផ្នែក​ទៀត ក៏បង្ក​ឡើង​ដោយ​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​ទាំងនោះ មាន​ខ្សែ​ក្រាស់ៗ ដែល​បាន​កាង​ឡាន​ដឹកទំនិញ​លើស​ទម្ងន់​នោះ មិន​ឲ្យ​ចូល​ជញ្ជីង​ថ្លឹង ក៏​ធ្លាប់​កើតមាន​ដែរ​។​

​កន្លងមក​ថ្មីៗ​នេះ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្រេច​កែសម្រួល ដែលជា​របៀប​វះកាត់​ទ្រង់ទ្រាយ​ធំ លើ​មន្ត្រី​បម្រើការ​នៅ​ស្ថានីយ​ថ្លឹង​រថយន្ត ដើម្បី​រឹតបន្តឹង​ការអនុវត្ត​ច្បាប់ និង​បង្កើន​វិធានការ​យ៉ាង​ម៉ឺងម៉ាត់ លើ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​ផងដែរ​។​

​ក្រៅពី​កែប្រែ​សមាសភាព​មន្ត្រី​តាម​ស្ថានីយ​ថ្លឹង​រថយន្ត​ហើយ​នោះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏បាន​បំពាក់​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មី ដោយ​ប្រើប្រាស់​កាមេរ៉ា និង​ជញ្ជីង​ស្វ័យប្រវត្តិ ដើម្បី​ជា​យន្តការ​ទប់ស្កាត់ និង​ត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន ដែល​អាច​បញ្ជូន​ព័ត៌មាន​បាន​យ៉ាង​រហ័ស ដល់​ថ្នាក់ដឹកនាំ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​។​

​ជាមួយគ្នានេះ ក្រសួង​សាធារណការ ក៏​បង្កើត​កម្មវិធី​រាយការណ៍​យានយន្ត​ដឹក​លើស​ទម្ងន់ និង​គ្រោះថ្នាក់​ចរាចរណ៍ តាមរយៈ​ទូរស័ព្ទដៃ ដូច​កម្មវិធី​ថែទាំ​ផ្លូវ Road Care Mobile App ដែរ​។

​កន្លងមក​ ដើម្បី​ទប់ស្កាត់​បទល្មើស​នៃ​ការដឹក​លើស​ទម្ងន់​កម្រិត​កំណត់ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានដាក់​ពង្រាយ​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត ចំនួន ២៧​កន្លែង នៅ​ទូទាំង​រាជធានី​ខេត្ត នៅតាម​ផ្លូវជាតិ​សំខាន់ៗ​។ ក្នុងនោះ ក៏មាន​ជញ្ជីង​ថ្លឹង​រថយន្ត​ចល័ត តាមផ្លូវ​ជាតិ​សំខាន់ៗ ផងដែរ​។​

​ប៉ុន្តែ​នៅ​រៀងរាល់ខែ ក្រុមការងារ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ផ្នែក​ជញ្ជីង​ថ្លឹង​រថយន្ត ក៏បាន​បន្ត​ចាប់​ឃាត់​រថយន្ត​ផ្ទុក​លើស​ចំណុះ ពិសេស​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​ធំៗ ហើយ​បើតាម​របាយការណ៍ គឺ​រថយន្ត​ទាំងនោះ បាន​ផ្ទុក​លើស​ទម្ងន់ ចាប់ពី ៥​តោន រហូតដល់ ៣២​តោន ក្នុង ១​គ្រឿងៗ​។​

​ការផ្ទុក​ទំនិញ​លើស​ទម្ងន់​នេះ បាន​បង្ក​មហន្តរាយ​ធ្ងន់ធ្ងរ​ច្រើនយ៉ាង​។ ទី​១-​រថយន្ត​ផ្ទុកទំនិញ​លើស​ទម្ងន់ បង្កមហន្តរាយ​ខ្លាំងជាងគេ គឺ​ធ្វើ​ឲ្យ​ខូច​ផ្លូវ បាក់​ស្ពាន​។ ទី​២-​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​កំណត់​នេះ ក៏​ពេលខ្លះ បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ ដូចជា ករណី​នៅលើ​ស្ពាន​អ្នក​លឿង កាលពី​ប៉ុន្មាន​ឆ្នាំមុន គឺ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​កំណត់​ផ្លូវជាតិ​លេខ​៤ បណ្តាល​ឲ្យ​ខូចខាត​ស្ពាន បណ្តាល​ឲ្យ​ស្លាប់ និង​របួស​ជាច្រើន​នាក់ ដោយសារតែ​រថយន្ត​ដឹក​ធ្ងន់​។​

​ជា​ដំណោះស្រាយ មន្ត្រី​ជំនាញ​ខាង​ជញ្ជីង​ថ្លឹង ត្រូវតែ​ស្មោះត្រង់ មាន​ភាព​ទទួលខុសត្រូវ ធ្វើការ​ដោយ​វិជ្ជាជីវៈ មិនត្រូវ​បន្ត​បណ្តែតបណ្តោយ​ឲ្យ​រថយន្ត​ដឹក​លើស​ទម្ងន់ បន្ត​បើកបរ​ឆ្លងកាត់​ផ្លូវ ពិសេស​នៅ​កន្លែង​ជញ្ជីង​ថ្លឹង​រថយន្ត ដោយ​គ្រាន់តែ​ក្រុម​ឈ្មួញ​អ្នករកស៊ី​ដឹកជញ្ជូន​ទាំងនោះ បង់លុយ ដាក់​ខែ​ឲ្យ ហើយ​ឡានធំៗ ដឹកទំនិញ ចង់​ផ្ទុកទំនិញ​​លើស​ប៉ុន្មាន​តោន ក៏​ស្រេច​តែ​ឡាន​ទាំងនោះ ​ទៀតឡើយ​។

​ករណី​មន្ត្រី​ជំនាញ​ខាង​ជញ្ជីង​ថ្លឹង បណ្តែតបណ្តោយ និង​ស៊ីលុយ​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន​​នេះ ត្រូវបាន​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចាត់វិធានការ ដក​មន្ត្រី​ខិលខូច​ទាំងនោះ បញ្ឈរជើង ហើយ​ក៏មាន​ករណីខ្លះ ក្រសួង​បាន​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​ផងដែរ​។

​ចំណែក​ឈ្មួញ​រកស៊ី​ឡាន​ដឹកជញ្ជូន​ទំនិញ ក៏​គួរតែ​ដល់ពេលភ្ញាក់រលឹក​ផង​។ ខ្លួន​រកស៊ី​ដឹកជញ្ជូន ធ្វើ​មាន ធ្វើបាន ហើយ​បែរជា​ផ្ទុកទំនិញ​លើស​ចំណុះ បណ្តាល​ឲ្យ​ខូច​ផ្លូវ និង​ពេលខ្លះ បង្ក​ជា​គ្រោះថ្នាក់ ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ និង​អាយុជីវិត​អ្នកធ្វើដំណើរ​តាមផ្លូវ តើ​សម​ដែរ ឬទេ​? គួរតែ​រកស៊ី​តាម​ផ្លូវធម៌ សុច្ចរិត ក៏អាច​មាន​បាន ហើយក៏​អាច​ឲ្យ​គេ​បាន​សុខ​ជាមួយ​ខ្លួន​ផង​។

​ផ្ទុយទៅវិញ នៅពេល​ផ្ទុក​លើស​ចំណុះ បើ​មន្ត្រី​ជំនាញ ចាប់បាន នឹងត្រូវ​ខាត​ពេលវេលា​ផង និង​ត្រូវ​រើ​ទំនិញ​លើស​ចំណុះ​នោះ ចេញ​ផង ហើយក៏​ត្រូវ​ផាកពិន័យ​លុយ​ថែមទៀត​។ នៅពេលនេះ​ទៀត ក៏ត្រូវ​ក្រសួង ចាប់​ឃាត់ទុក​រថយន្ត​នោះ ១​ឆ្នាំ​ទៀតផង​។​

​មួយវិញទៀត ក៏​ធ្លាប់​មានការ​លើកឡើងថា កន្លងមក ក្រុមហ៊ុន​ដឹកជញ្ជូន​ធំៗ​មួយចំនួន សុទ្ធ​តែមាន​ខ្នង​ក្រាស់ៗ នៅ​កាង​ពីក្រោយ គឺ​ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ ឧ​ត្ត​ម​សេនីយ៍ និង​ឈ្មួញ​ធំៗ ដោយ​មន្ត្រី​ជំនាញ​ខាង​ជញ្ជីង​ថ្លឹង​រថយន្ត ត្អូញត្អែរថា មិនអាច​ប៉ះ​បានឡើយ​។ រថយន្ត​ដឹកជញ្ជូន​ទំនិញ​ទាំងនោះ ក៏​​មិន​​ចូល​​ជញ្ជីង​​ថ្លឹង​ទេ ហើយក៏​មិន​ខ្លាចញញើត​នឹង​មន្ត្រី​ជំនាញ​ផ្នែក​ត្រួតពិនិត្យ​ទម្ងន់​ដែរ ចង់​ដាក់​លើស​ប៉ុន្មាន​តោន ក៏បាន ស្រេច​តែ​ចិត្ត​។ ករណីនេះ ប្រហែលជា​សូម្បី​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏​មិនមាន​ឥទ្ធិពល អាច​ចាប់​ឡាន​ទាំងនោះ យកមក​ពិនិត្យ​​បាន​​ផង​។​

​ដូច្នេះ បើសិនជា​មន្ត្រី​អនុវត្ត​ច្បាប់ ពោលគឺ​មន្ត្រី​ជញ្ជីង​ថ្លឹង​រថយន្ត​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន អនុវត្ត​ច្បាប់​ត្រឹមត្រូវ និង​តឹងរឹង គឺ​នឹង​មិនមាន​រថយន្ត​ដឹក​លើស​ទម្ងន់​ទេ​។ រថយន្ត​ទាំងអស់ នៅពេល​ផ្ទុកទំនិញ មុន​ចេញដំណើរ​ពី​ក្រុមហ៊ុន គឺ​មន្ត្រី​ជំនាញ គួរតែ​ថ្លឹង​ម្តង ហើយ​នៅតាម​ផ្លូវជាតិ​ធំៗ គឺ​ត្រូវ​ចាប់​រថយន្ត​ដឹកទំនិញ​ទាំងអស់ ត្រួតពិនិត្យ ថ្លឹង​ម្តងទៀត និង​នៅពេល​ចូលដល់​កន្លែង​ទម្លាក់​ទំនិញ ក៏ត្រូវ​ថ្លឹង​ម្តងទៀត ដើម្បី​ផ្ទៀងផ្ទាត់​។ នេះ​ជា​វិធី​ងាយៗ ដែល​មន្ត្រី​ជំនាញ អាចធ្វើ​បាន ក្នុង​បំណង​ទប់ស្កាត់​រថយន្ត​ដឹក​លើស​ទម្ងន់​។​

​ជាមួយគ្នា​នោះ រដ្ឋាភិបាល​គួរតែ​កាច់​ថ្មុ​ង​ក្រុម​នាយ​ឧ​ត្ត​ម​សេនីយ៍ ឧ​ត្ត​ម​សេនីយ៍ និង​ឈ្មួញ​ដ៏​មាន​ឥទ្ធិពល​ខិលខូច​មួយចំនួន ដែល​ការពារ​កាង​ពីក្រោយ​រថយន្ត​ដឹកទំនិញ មិន​ចូល​ជញ្ជីង​ថ្លឹង​។

​រដ្ឋាភិបាលត្រូវវះកាត់ ដើម្បី​ឲ្យ​ប្រាកដថា រថយន្ត​ដឹកទំនិញ​ទាំងអស់ មិន​ផ្ទុក​លើស​ទម្ងន់​កំណត់ ដែល​បង្កបញ្ហា​មុនគេ គឺ​ខូច​ផ្លូវ និង​ស្ពាន ហើយ​ធ្ងន់ធ្ងរ​ជាងនេះទៅទៀត គឺ​រថយន្ត​ដឹក​លើស​ទម្ងន់​នេះ ក៏​អាច​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឲ្យ​ស្លាប់ និង​របួស​អ្នកដំណើរ​ផ្សេងទៀត​​ផង​ដែរ​៕​