ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល១ឆមាសដំបូងចំណូលរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករធ្លាក់ចុះជិត៩ភាគរយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២១ នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រកចំណូ​ល​បាន​ចំនួន​ជាង​…

រាជធានីភ្នំពេញ ៖ រយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២១ នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រកចំណូ​ល​បាន​ចំនួន​ជាង​ ១ ​ពាន់​លាន​ដុល្លារអាមេរិក តែបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០ កន្លងទៅឃើញថា មានការថយចុះក្នុងអត្រា ៨,៩ ភាគរយ ។ នេះបើ​តាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាក្រោយកិច្ចប្រជុំបូកសរុបកាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២១​ នេះ ។

យោងតាមសេចក្ដីប្រកាសដដែលនេះឱ្យដឹងថា ក្នុងឆមាសទី ១ ឆ្នាំ ២០២១ នេះចំណូលបានពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មាន​ចំនួន ៤,៧ ទ្រីលានរៀល ឬស្មើនឹង ១.១៥៩ លានដុល្លារអាមេរិក ថយចុះ ៨,៩ ភាគរយធៀបនឹងឆមាសទី ១ ឆ្នាំ ២០២០ ។ លទ្ធផល​ចំណូ​លក្នុងឆមាសទី ១ នៃឆ្នាំ ២០២១ នេះ គឺស​ម្រេច​បាន ៥៩ ​ភាគរយ​នៃផែនការ​ឆ្នាំ​ដែលកំណត់​ដោយច្បាប់​ស្តី​ពីហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រងឆ្នាំ ២០២១ ។

សេចក្តីប្រកាសព័ត៌មានដដែល​ឱ្យដឹងទៀតថា បើគិតតាមប្រភេទពន្ធ និងអាករឃើញ អាករលើតម្លៃ​បន្ថែម​មាន​ចំនួន ​១,៧៧ ទ្រី​លាន​រៀលត្រូវជាប្រមាណ ៣៧,៨ ភាគរយនៃចំណូលសរុប អាករពិសេសមានចំនួន ១,៧៦ ទ្រីលានរៀលត្រូវជា ៣៧,៦ ភាគរយ​នៃ​ចំណូលសរុប ពន្ធគយមាន ៨៤៧ ពាន់លានរៀលត្រូវជាង ១៨,១ ភាគរយនៃចំណូលសរុប អាករបន្ថែម​លើ​ផលិត​ផលប្រេង​មាន ​២១៤ ​ពាន់រៀល ត្រូវជា ៤,៥ ភាគរយនៃចំណូលសរុប និងអាករនាំចេញ និងកម្រៃផ្សេងៗមាន ៩៤,១៣​ ពាន់លានរៀលត្រូវ​ជា​ ២ ភាគ​រយ​នៃចំណូលសរុប ។ បើគិតតាមក្រុមទំនិញវិញ ចំណូលពីយានយន្ត និងគ្រឿង​ចក្រមានចំនួនជិត ២ ​ទ្រីលានរៀលគ្រ​ប់​ដណ្ដប់​ ៤២,៣​ ភាគរយនៃចំណូលសរុប ទំនិញចម្រុះមានចំនួន ១,៣១ ទ្រីលានរៀលត្រូវជា ២៨ ភាគរយនៃចំណូលសរុប ផលិតផល​តេល​សីលា​​មានចំនួន ១,១ ទ្រីលានស្មើនឹង ២៣,៥ ភាគរយនៃចំណូលសរុប និងសម្ភារៈសំណង់​ និងកម្រៃ​ផ្សេងទៀតមាន​ចំនួន ២៩២ ​ពាន់​លាន​រៀលស្មើនឹង ៦,២ ភាគរយនៃចំណូលសរុប ។

បើពិនិត្យមើលតួលេខនៃទំហំពាណិជ្ជកម្មអន្តរជាតិក្នុងឆមាសទី ១ ឆ្នាំ ២០២១ នេះធៀបនឹងឆមាសទី ១ ឆ្នាំ ២០២០ កន្លងទៅ ឃើញថា ការនាំចេញផលិតផលកាត់ដេរមានចំនួន ៤.៧២១ លានដុល្លារអាមេរិក កើនឡើង ៤០,១ លានដុលក្លារអាមេរិកស្មើនឹង ០,៩ ភាគរយ ។ ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរដូចជាកង់ គ្រឿងបំណែកអេឡិចត្រូនិក បង្គុំខ្សែភ្លើង គ្រឿងបន្លាស់រថយន្ត អំពូលលម្អ កុងផ្លាកេ និងផលិតផលឧស្សាហកម្មផ្សេងៗទៀត មានចំនួន ១.៨៩៩,៧ លានដុល្លារអាមេរិក​កើន​ឡើង​ ៦៣២,៥​ លាន​ដុល្លារអាមេរិកស្មើនឹង ៤៩,៩ ភាគរយ ។ ក្នុងរបាយការណ៍ឱ្យដឹងថា កំណើនល្អប្រសើរនៃការនាំចេញផលិតផលវិនិយោគមិនមែ​នកាត់ដេរបានឆ្លុះបញ្ចាំងពីលទ្ធផល​នៃ​ការ​អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការធ្វើពិពិធកកម្មវិស័យឧស្សាហកម្មនៅកម្ពុជា ។

របាយការណ៍របស់គយ ​និងរដ្ឋាករកម្ពុជា បង្ហាញថា ការនាំចេញកសិផលមានចំនួន ១,៥៨ ពាន់លានដុល្លារអាមេរិក កើនឡើង​ប្រមាណ ​៦៥,១៣ ភាគរយក្នុងនោះរួមមានស្រូវនាំចេញមានចំនួន ១,៦៩ តោនមានតម្លៃ ៤២៥ លានដុល្លារអាមេរិក កើន​ឡើង​ប្រមាណ ​១,០១ លានតោន ការនាំចេញអង្ករសម្រេចបាន ២៩១ ពាន់តោន មាន​តម្លៃ​ ២០៤,២​ លាន​ដុល្លារ​ថយ​ចុះ​ ៧ ម៉ឺន ៨ ​ពាន់​តោន​ ឬ​ប្រមាណ ២១,២ ភាគរយ កៅស៊ូចំនួន ១០២ ពាន់តោនមានតម្លៃ ១៥៧ លានដុល្លារអាមេរិកកើនឡើង ៧៩,៧ ភាគរយ និង​កសិផល​ផ្សេង​ទៀតទទួលបានទឹកប្រាក់មកវិញ ៧៩៣,៧ លានដុល្លារកើនឡើងប្រមាណ ៤៦,៦ ភាគរយ ។

មន្ត្រីជាន់ខ្ពស់នៃក្រសួង​​សេដ្ឋកិច្ចកម្ពុជា បានបញ្ជាក់កន្លងមកថា ទោះបីជាកម្ពុជាបានជួបនឹងវិបត្តិកូវីដយ៉ាងណាក្ដី តែ​ការ​ធ្វើ​ពាណិជ្ជ​កម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិនៅតែមានសកម្មភាព នាំចេញនាំ​ចូលជាធម្មតា​ដើម្បី​បំពេញ​តម្រូវការ​ខ្សែ​ច្រវ៉ាក់​ផលិត​កម្មក្នុងស្រុក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ