ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉​ន រ​ដ្ឋា និង​សា​រឿ​ន ច័ន្ទ ចាញ់​ថៃ​យ៉ាង​ចាស់ដៃ​លើ​រេញ​អាស៊ី​អាគ្នេយ៍

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃអាទិត្យ​ទី​១៣ ធ្នូ ម្សិលម្ង៉ៃ កីឡាករ​កម្ពុជា​ទាំង​២​រូប​បាន​ទទួល​បរាជ័យ​ព្រម​គ្នា​តែ​ម្ដង​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ។ កីឡាករ​ជើង​ខ្លាំង ម៉​ន រ​ដ្ឋា

រាជធានី​ភ្នំពេញ ៖  កាលពី​រសៀល​ថ្ងៃអាទិត្យ​ទី​១៣ ធ្នូ ម្សិលម្ង៉ៃ កីឡាករ​កម្ពុជា​ទាំង​២​រូប​បាន​ទទួល​បរាជ័យ​ព្រម​គ្នា​តែ​ម្ដង​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ។ កីឡាករ​ជើង​ខ្លាំង ម៉​ន រ​ដ្ឋា និង​សា​រឿ​ន ច័ន្ទ មិន​ត្រឹមតែ​ចាញ់​ការ​ប្រកួត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ត្រូវ​កីឡាករ​ថៃ​វាយ​យ៉ាង​ចាស់ដៃ​ឡើង​ទ្រម​ខ្លួន​ទៀត​ផង ។

កីឡាករ​ម៉​ន រ​ដ្ឋា មក​ពី​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក បើ​ទោះជា​បាន​បញ្ចេញ​អស់​សមត្ថភាព​តាំងពី​ទឹក​ទី​១ ប៉ុន្តែ​លទ្ធភាព​វាយ​ត្រូវ​ទៅ​លើ​គូប្រកួត គឺ​មិនសូវ​ជា​មាន​ភាគរយ​ច្រើន​ឡើយ ។ អ្វី​ដែល​កត់សម្គាល់​គឺ​កីឡាករ​ថៃ​ឈ្មោះ Deth Div ដែល​មាន​ប្រវត្តិ​ឡើង​ប្រកួត​បាន​៦២​ដង ឈ្នះ​៥៦​ដង ចាញ់​៥​ដង និង​ស្មើ​១​ដង បាន​យក​កីឡាករ​កម្ពុជា​រូប​នេះ​ធ្វើ​ជា​បាវ​សាក់​ក្នុង​ការ​បញ្ចេញ​កណ្ដាប់ដៃ និង​រន្ទះ​ជើង​នោះ​ផង​។ ទោះបី​យ៉ាងណា ម៉​ន រ​ដ្ឋា ដែល​មាន​តួលេខ​ប្រកួត​ច្រើន​ជាង​គឺ​ដល់​ទៅ​៧១​ដង ឈ្នះ​៥៩​ដង ចាញ់​១១​ដង និង​ស្មើ​១​ដង ក៏​បាន​ព្រមាន​មួយ​សា​នៅ​ពេល​មានឱកាស​វាយ​ចូល​នោះ​ដែរ ។ អ្នក​ទស្សនា​យ៉ាង​ហោច​ជាង​ពាក់កណ្ដាល បាន​បង្ហាញ​អារម្មណ៍​ខក​ខិត្ត​នៅ​ពេល​ឃើញ ម៉​ន រ​ដ្ឋា ចាញ់​ពិន្ទុ​នៅ​វគ្គ​ចុង​ក្រោយ ហើយ​ថែម​ទាំង​ត្រូវ​ទ្រម​ខ្លួន​ដោយសារ​តែ​កីឡាករ​ថៃ​វាយ​សន្ធាប់​ឥត​ប្រណី ។ អារម្មណ៍​ស្រងាកចិត្ត​នេះ​កើតឡើង​បន្ទាប់​ពី​ការ​ប្រកួត​ប៉ុន្មាន​លើក​របស់​កីឡាករ​កម្ពុជា​រូប​នេះ មិន​ទទួល​ជោគជ័យ​ភាគច្រើន បើ​ធៀប​នឹង​ការ​ប្រកួត​របស់​គេ​កាលពី​មួយ​រយៈ​មុន ។

យ៉ាងណា​ក៏​ដោយ កីឡាករ​ម៉​ន រ​ដ្ឋា ក៏​បាន​បញ្ចេញ​ក្បាច់គុន​ធ្វើ​ឲ្យ​កីឡាករ​ថៃ​ទទួល​បាន​លទ្ធផល​ឈ្នះ​ដោយ​ការ​តស៊ូ​ដូច​គ្នា ដែល​អាច​និយាយ​បាន​ថា បើ​កុំ​តែ​ក្នុង​ទឹក​ទី​៤ និង​ទី​៥ កីឡាករ Deth Div​មានសំណាង​វាយ​ត្រូវ​ចំ​ចំណុច​គោលដៅ​ល្អ​ជាង នោះ​លទ្ធផល​នឹង​បាន​ទៅ​បង្គោល​ក្រហម​របស់​កម្ពុជា​១០០​ភាគរយ ដោយសារ​តែ​៣​ទឹក​កន្លង​មក កីឡាករ​កម្ពុជា​ក៏​អាច​ស៊ីសង​ជាមួយ​គូប្រកួត​បាន ។

ការ​បរាជ័យ​របស់​គេ​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ និង​គ្រូបង្វឹក​របស់​គេ​សើច​លេង​ចេញ ប៉ុន្តែ​ក៏​មាន​អ្នក​ស្ងើចសរសើរ​មិន​តិច​ដែរ នៅ​ពេល​កីឡាករ​ម៉​ន រ​ដ្ឋា ទោះជា​ត្រូវ​កីឡាករ​ថៃ​វាយ​ឡើង​ទ្រម​ខ្លួន​ក៏​ពិតមែន ប៉ុន្តែ​នៅ​ស៊ូ​ដល់​ទឹក​ចុង​ក្រោយ ហើយ​ថែម​ទាំង​អាចបំ​បុក​ទៅ​លើ​គូប្រកួត​ឱ្យ​ចង់​ផ្ងារជើង​ម្ដង​ៗ ។ គូ​នេះ​មិនដឹង​ថា​នឹង​មានឱកាស​ឡើង​ប្រកួត​សងសឹក​ឬ​យ៉ាងណា​នោះ​ទេ ក្នុង​ពេល​កីឡាករ​កម្ពុជា​ត្រូវ​គេ​មើលឃើញ​ថា​ចាញ់​ប្រៀប​កីឡាករ Deth Div​ដែល​មាន​ន័យ​ថា បើ​ឡើង​ប្រកួត​ម្ដងទៀត ក៏​ពិតជា​ជ័យជម្នះ​នៅ​តែ​ជា​របស់​កីឡាករ​ថៃ​ច្រើន​នោះ​។

មិន​ខុស​គ្នា​ដែរ កីឡាករ​សា​រឿ​ន ច័ន្ទ ដែល​ត្រូវ​គេ​ឱ្យ​ប្រកួត​ជា​គូ​ឯក​អន្តរជាតិ​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​YorthSanan​នោះ រឹតតែ​ចាញ់​ដោយ​អាម៉ាស់មុខ​ទៅ​ទៀត ដោយ​ចាញ់​ក្នុង​លទ្ធផល​សន្លប់​ត្រឹម​ទឹក​ទី​២ ។ គូ​នេះ ប្រកួត​គ្នា​យ៉ាង​ស្វិតស្វាញ​តាំងពី​ទឹក​ទី​១ ប៉ុន្តែ​កីឡាករ​ថៃ​ហាក់​មាន​ប្រៀប​ល្អ​ជាង ដោយសារ​តែ​ការ​ប្រកួត​របស់​គេ គឺ​មានឱកាស​វាយ​ត្រូវ​ចំ​គោលដៅ​ល្អ​ជាង​ទៅ​លើ​គូប្រកួត​។ នៅ​ចុង​ទឹក​ទី​១ កីឡាករ​កម្ពុជា​បាន​ក្លាយជា​ចំណុច​ស៊ី​ប​ដែល​ត្រូវ​កីឡាករ​ថៃ​វាយ​សម្រុក ។ អ៊ីចឹង​ហើយ​ទើប​ឈាន​ដល់​ទឹក​ទី​២ កីឡាករ​កម្ពុជា​បាន​បើក​ឆាក​វាយ​សន្ធាប់​វិញ ប៉ុន្តែ​ក៏​ត្រូវ​សង​វិញ​ដោយ​កណ្ដាប់ដៃ និង​រន្ទះ​ជើង បណ្ដាល​ឱ្យ​គេ​ទ្រម​ខ្លួន ។ អ្វី​ដែល​គេ​កត់សម្គាល់ កីឡាករ​ថៃ​YorthSanan ដែល​មាន​ប្រវត្តិ​ធ្លាប់​ប្រកួត​៦២​ដង និង​ឈ្នះ​៥២​ដង​ដែរ​នោះ​គឺ​បាន​វ័ធ​កែង និង​ម៉ាត់​ពេញទំហឹង​ត្រូវ​ចំ​សៀតផ្កា​សា​រឿ​ន ច័ន្ទ បណ្ដាល​ឱ្យ​សន្លប់​ឈរ​ហើយ​វង្វេងវង្វាន់​តែ​ម្ដង ។

បើ​ទោះជា​បង្គោល​ក្រហម​ព្យាយាម​ក្រោកឈរ ក៏​គេ​ត្រូវ​ដួល​ទៅ​វិញ ដោយសារ​លំនឹង​ក្នុង​ការ​ទប់ខ្លួន​លែង​មាន​ម្ចាស់​ការ​ទៅ​ហើយ ព្រោះតែ​ទម្ងន់ដៃ​របស់​កីឡាករ​ថៃ​ធ្វើ​ឱ្យ​ទ្រម​ខ្លួន ។ នៅ​លើ​បរិវេណ​ចំហៀង​ខ្លួន ក៏​មាន​ស្នាម​ជាំ​ក្រហម មុន​ការ​សម្រេចចិត្ត​បោះបង់ ព្រោះតែ​ទៅ​មុខ​លែង​រួច​នោះ​ផង​ដែរ ។ លទ្ធផល​គូ​នេះ បង្ហាញ​យ៉ាង​ច្បាស់​ថា ក្នុង​ចំណោម​កីឡាករ​កម្ពុជា​ទាំង​២ អត់​មាន​អ្នក​ណា​មានសំណាង​ទេ ហើយ​ក៏​មាន​ន័យ​ថា កីឡាករ​ថៃ​មក​ស្ពាយ​ជោគជ័យ​ត្រឡប់​ទៅ​វិញ​ព្រម​គ្នា​សម្រាប់​ព្រឹត្តិការណ៍​ថ្ងៃ​នោះ​ផង​ដែរ ៕