ប្រទេសវៀតណាម ៖ ការប្រើបច្ចេកវិទ្យាដ៏ទំនើបក្នុងការកែច្នៃគ្រាប់ស្វាយចន្ទីដោយចំណាយតិចនោះ គឺជាហេតុផលមួយដែលវៀតណាមបានក្លាយជាអ្នកនាំចេញគ្រាប់ស្វាយចន្ទីជាប់លំដាប់ថ្នាក់លេខ១ នៅលើពិភពលោក ។
ការកែច្នៃគ្រាប់ស្វាយចន្ទី គឺស្ថិតក្នុងចំណោមឧស្សាហកម្មកម្រមួយដែលបានផលិតឡើងដោយម៉ាស៊ីនរបស់វៀតណាម និងមានអំណោយផងដែរ ។ ម៉ាស៊ីននោះអាចកែច្នៃគ្រាប់ស្វាយចន្ទីប្រកបដោយគុណភាពខ្ពស់ និងមានតម្លៃទាបទៀតផង ។
កាលពីអតីតកាល សហគ្រាសវៀតណាមធ្លាប់ប្រើម៉ាស៊ីនដែលនាំចូលថ្លៃមកពីប្រទេសអីុតាលី ដើម្បីកែច្នៃផលិតផលនេះក្នុងតម្លៃខ្ទង់ប្រមាណជា២៧.០០០អឺរូ ព្រមទាំងទិញសម្ភារបរិក្ខារថ្លៃៗថែមទៀត ហើយត្រូវចំណាយទៅលើថ្លៃផលិតកម្មខ្ពស់ ។
ម៉ាស៊ីនកែច្នៃគ្រាប់ស្វាយចន្ទីមានប្រភពសំខាន់ៗមកពីប្រទេសចិន អីុតាលី និងឥណ្ឌា ។ ទោះជាយ៉ាងណា ការនាំចូលម៉ាស៊ីនទាំងនោះត្រូវបានជំនួសមកវិញដោយផលិតផលដែលផលិតនៅក្នុងស្រុកវិញ ។ បច្ចុប្បន្ន ម្ចាស់សហគ្រាសវៀតណាមបានចំណាយត្រឹមតែ២៥០លានដុងប៉ុណ្ណោះសម្រាប់ម៉ាស៊ីនដែលផលិតក្នុងស្រុក ។
ដើម្បីបង្កើនការប្រកួតប្រជែងឱ្យកាន់តែខ្លាំងឡើង អ្នកកែច្នៃគ្រាប់ស្វាយចន្ទី ស្វែងយល់ថា ពួកគេចាំបាច់ត្រូវបន្ធូរបន្ថយក្នុងការពឹងផ្អែកតែលើការនាំចូលម៉ាស៊ីនពីបរទេស ។
អគ្គនាយក្រុមហ៊ុន Khuon May Viet (Viet Prototype) លោក Nguyen Xuan Khoi បានកត់សម្គាល់ថា ៖ « ម៉ាស៊ីនដែលផលិតនៅវៀតណាម ត្រូវប្រើ៨ដំណាក់កាលក្នុងចំណោមដំណាក់កាលកែច្នៃទាំង៩ ។ ចំណុចនេះអនុញ្ញាតឲ្យសហគ្រាសអាចសន្សំសំចៃបានដល់ទៅរាប់ប៊ីលានដុង និងអាចកាត់បន្ថយការចំណាយបានច្រើនទៀតផង ។ តម្លៃផលិតផលដែលផលិតក្នុងស្រុក គឺស្មើនឹង៥០% ទៅ៨០% នៃការនាំចូល » ។
ម្យ៉ាងទៀត ម៉ាស៊ីនដែលផលិតក្នុងប្រទេសនោះ គឺមិនអន់ជាងផលិតផលដែលយកមកពីបរទេសឡើយ ។ ករណីខ្លះ ម៉ាស៊ីនរបស់វៀតណាមល្អជាងផលិតផលអុីតាលី និងឥណ្ឌាទៅទៀត ។ ជាក់ស្តែង ម៉ាស៊ីនវៀតណាមមានភាគរយនៃការជម្រុះសម្បកគ្រាប់ស្វាយចន្ទី ខ្ពស់ជាងម៉ាស៊ីនរបស់អីុតាលី ។
ឥណ្ឌា គឺជាប្រទេសមួយស្ថិតក្នុងចំណោមបណ្តាប្រទេសដែលប្រើបច្ចេកវិទ្យាកែច្នៃគ្រាប់ស្វាយចន្ទីទំនើប ហើយក៏ជាអ្នកផ្គត់ផ្គង់ម៉ាស៊ីនដល់វៀតណាមនោះ ក៏បានទិញម៉ាស៊ីនពីវៀតណាមទៅប្រើវិញដែរ ។
ទោះជាយ៉ាងណា គេព្យាករថា វៀតណាមអាចកែច្នៃគ្រាប់ស្វាយចន្ទីបានចំនួន១,៣លានតោនក្នុងមួយឆ្នាំ ៕
ចែករំលែកព័តមាននេះ