ទីក្រុងប៉េកាំង ៖ ក្រុមហ៊ុនប្រេងរដ្ឋធំៗរបស់ចិន បានផ្អាកការទិញប្រេងពីរុស្ស៊ី បន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រេងខ្នាតយក្ស Rosneft និង Lukoil របស់ប្រទេសមួយនេះ។ នេះបើតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ដោយស្រង់ប្រភពពីអ្នកដឹងអំពីបញ្ហានេះ។
ការផ្លាស់ប្តូរថ្មីនេះ កើតឡើងនៅពេលដែលបណ្តាក្រុមហ៊ុនចម្រាញ់ប្រេងនៅក្នុងប្រទេសឥណ្ឌា ដែលជាអ្នកទិញដ៏ធំបំផុតមួយរបស់រុស្ស៊ី គ្រោងនឹងកាត់បន្ថយការនាំចូលប្រេងឆៅពីទីក្រុងម៉ូស្គូនៅក្នុងបរិមាណច្រើន ដើម្បីអនុវត្តតាមទណ្ឌកម្មអាមេរិក ដែលបានដាក់លើក្រុមហ៊ុនប្រេង Rosneft និង Lukoil ក្នុងគោលបំណងដាក់សម្ពាធរុស្ស៊ីឱ្យបញ្ចប់សង្គ្រាមលើអ៊ុយក្រែន។ ការធ្លាក់ចុះខ្លាំងនៃតម្រូវការប្រេងពីអ្នកទិញដ៏ធំបំផុតទាំង ២ របស់រុស្ស៊ីនឹងធ្វើបាត់បង់ប្រាក់ចំណូលប្រេង ហើយបង្ខំឱ្យប្រទេសនាំចូលកំពូលរបស់ពិភពលោកស្វែងរកការផ្គត់ផ្គង់ជំនួស និងជំរុញតម្លៃប្រេងសកលផងដែរ។
ក្រុមហ៊ុនប្រេងរដ្ឋចិន PetroChina, Sinopec, CNOOC និង Zhenhua Oil ត្រូវបានរាយការណ៍ថា នឹងបដិសេធធ្វើអាជីវកម្មប្រេងជាមួយរុស្ស៊ីក្នុងរយៈពេលខ្លី ដោយសារតែការព្រួយបារម្ភលើទណ្ឌកម្មរបស់អាមេរិក។ ទោះយ៉ាងណាក៏ដោយ ក្រុមហ៊ុនទាំង ៤ មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។
ប្រទេសចិនបាននាំចូលប្រេងពីរុស្ស៊ីប្រហែល ១,៤លានបារ៉ែលនៅក្នុង១ថ្ងៃ។ ភាគច្រើនប្រេងទាំងនោះ ត្រូវបានទិញដោយក្រុមហ៊ុនចម្រាញ់ឯករាជ្យ និងប្រតិបត្តិករតូចៗ ខណៈដែលការទិញដោយក្រុមហ៊ុនប្រេងរដ្ឋមានការប៉ាន់ប្រមាណតួលេខខុសៗពីគ្នា។ បើតាមក្រុមហ៊ុន Vortexa Analytics បានប៉ានប្រមាណថា ការទិញប្រេងពីរុស្ស៊ីដោយបណ្តាក្រុមហ៊ុនរដ្ឋចិននៅកម្រិតក្រោម ២៥ម៉ឺនបារ៉ែងក្នុង១ថ្ងៃ សម្រាប់រយៈពេល៩ខែដំបូងនៃឆ្នាំនេះ។ ចំណែកក្រុមហ៊ុនប្រឹក្សាទីផ្សារថាមពល Energy Aspects បានប៉ាន់ប្រមាណថាមានចំនួន ៥០ម៉ឺនបារ៉ែលក្នុង១ថ្ងៃ។
ពាណិជ្ជករប្រេងបានអះអាងថា ក្រុមហ៊ុនប្រេង Rosneft និង Lukoil បានលក់ប្រេងភាគច្រើនទៅឱ្យប្រទេសចិនតាមរយៈអន្តរការី ជំនួសឱ្យការលក់ដោយផ្ទាល់។ ពាណិជ្ជករជាច្រើនក៏បានលើកឡើងថា ទន្ទឹមនឹងនោះ បណ្តាក្រុមហ៊ុនប្រេងឯករាជ្យចិន ទំនងជានឹងផ្អាកការទិញ ដើម្បីវាយតម្លៃពីផលប៉ះពាល់នៃទណ្ឌកម្ម ប៉ុន្តែពួកគេនឹងនៅតែបន្តការទិញប្រេងពីរុស្ស៊ីដដែលនៅពេលក្រោយ។
សេចក្តីរាយការណ៍របស់ Reuters ក៏បានឱ្យដែរថា ប្រទេសឥណ្ឌា និងចិនត្រូវបានរំពឹងថានឹងងាកទៅរកការផ្គត់ផ្គង់ប្រេងក្នុងតម្លៃថ្លៃជាងរុស្ស៊ី ជាមួយដៃគូមិនជាប់ទណ្ឌកម្មនៅឯតំបន់មជ្ឈិមបូព៌ា អាហ្វ្រិក និងអាមេរិកឡាទីនជំនួសវិញ៕

ចែករំលែកព័តមាននេះ