រាជធាំនីភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត១គ្រឿងម៉ាកFORD RANGER ពណ៍ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ ២BT-៥៨០៧ ស៊េរីឆ្នាំ២០២៣ សង្ស័យបើកបរមកពីឆ្ងាយ លុះដល់ចំណុចភ្លើងស្តុប ក៏បានឈប់រថយន្តគោរពច្បាប់ចរាចរណ៍ ស្រាប់តែដេកលង់ទាំង៣នាក់ក្នុងរថយន្តជិត១ម៉ោង បង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង និងបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍គោះកញ្ចក់យ៉ាងយូរ ទើបភ្ញាក់ដឹងខ្លួន ហើយសមត្ថកិច្ចណែនាំបើករថយន្តអែបនៅខាង និងសម្រាកសិន តែអ្នកបើកបរថា មិនអីទេ រួចក៏បន្តដំណើរទៅមុខបានប្រហែល២០០ម៉ែត្រ ក៏ទៅបុកដើមគគីរយ៉ាងពេញទំហឹង បណ្ដាលឱ្យខូចខាតរថយន្ត ។
ហេតុការណ៍ខាងលើនេះកើតឡើងកាលវេលាម៉ោង៧ព្រឹកថ្ងៃទី២៤ ខែ តុលា ឆ្នាំ ២០២៥នៅចំណុចភ្លើងស្តុបអនុវិទ្យាល័យចតុមុខ តាមផ្លូវព្រះនរោត្ដមកែងផ្លូវ២១៤ ស្ថិតនៅភូមិ៤ សង្កាត់ ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
យោងតាមលោកអធិការរងខណ្ឌដូនពេញបានអោយដឹងថា មុនកើតហេតុ កម្លាំងសណ្ដាប់ធ្នាប់ចរាចរណ៍បានដើរល្បាតតាមដងផ្លូវ ក៏បានឃើញរថយន្ត១គ្រឿងឈប់ភ្លើងស្តុប តែមិនបើកទៅមុខ នៅពេលមានភ្លើងខៀវ ទើបសន្តិសុខឯកជនថា អ្នកបើកបររថយន្តដេកលក់ជិត១ម៉ោងហៅយ៉ាងម៉េចក៏មិនភ្ញាក់ដែរ រួចលោកអធិការរងខំគោះកញ្ចក់ និងទះទ្វាររថយន្តខ្លាំង ទើបបុរសជាអ្នកបើកបររថយន្តភ្ញាក់ដឹងខ្លួន និងចុចកញ្ចក់ថាងងុយដេក ទើបបើករថយន្តមកពីខេត្តឆ្ងាយ ។
បន្ទាប់មកសមត្ថកិច្ចបានអប់រំណែនាំថា បើងងុយដេក គួរឈប់រថយន្តកន្លែងណាមានសុត្ថិភាពនិងសម្រាកសិន ឬក៏ទៅដេកសណ្ឋាគារណាមួយសិន បើបន្តដំណើរទាំងងងុយដេកអាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯងនិងអ្នកដ៏ទៃទៀត តែបុរសជាអ្នកបើកបរខាងលើថា បើករថយន្តបាន មិនអីទេ រួចក៏បន្តដំណើរទៅមុខទៀតតាមផ្លូវព្រះនរោត្ដមក្នុងទិសដៅពីជើងទៅត្បូង តែមិនបាន២០០ម៉ែត្របុរសជាអ្នកបើកបររថយន្តក៏ទៅបុកដើមគគីរ១ដើមយ៉ាងពេញទំហឹង បណ្ដាលអោយរងយន្តខូចខាតផ្នែកខាងមុខរថយន្ត សំណាងល្អរថយន្តផ្ទុះពោងសុវត្ថិភាពការពារអ្នកបើកបរនិងអ្នករួមដំណើរមិនមានរងរបួស ខូចខាតតែរថយន្តនិងដើមគគីរ ។
សមត្ថកិច្ចបញ្ជាក់ថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើដោយការបើកបរខ្វះការប្រុងប្រយ័ត្នសមត្ថកិច្ចណែនាំហើយថាបើងងុយដេកបើករថយន្តចូលអេបខាងសិនតែមិនស្ដាប់រហូតបង្កគ្រោះថ្នាក់ដូចសមត្ថកិច្ចណែនាំពិតមែនបានទំនាក់ទៅការិយាល័យចរាចរណ៍ផ្លូវគោសស្នងករដ្ឋាននគរបាលរាជធានីភ្នំពេញមកយករថយន្តស្ទួចរថយន្តបង្ករួមអ្នកបើកបររថយន្តទៅការិយាល័យបន្តការសាកសួរនាំ ៕





ចែករំលែកព័តមាននេះ