ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អឺរ៉ុបចង់យកទ្រព្យរុស្សុីជួយអ៊ុយក្រែន លោកពូទីនថា ទណ្ឌកម្មអាមេរិកមិនប៉ះពាល់ធ្ងន់ធ្ងរ

6 ម៉ោង មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ សហភាព​អឺរ៉ុប​ដែល​ប្រកាស ​កាល​ថ្ងៃ​ទី​២២ ​តុលា​ ថា បាន​រក​ឃើញ​កិច្ចព្រម​ព្រៀង​មួយ ដើម្បី​ពង្រឹង​ទណ្ឌកម្ម​របស់​ខ្លួន​លើ​ប្រេងកាត ​និង​ឧស្ម័ន​រុ​ស្ស៊ី និង​រារាំង​ធនធាន​របស់​វិមាន​ក្រឹម​ឡាំង…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ សហភាព​អឺរ៉ុប​ដែល​ប្រកាស ​កាល​ថ្ងៃ​ទី​២២ ​តុលា​ ថា បាន​រក​ឃើញ​កិច្ចព្រម​ព្រៀង​មួយ ដើម្បី​ពង្រឹង​ទណ្ឌកម្ម​របស់​ខ្លួន​លើ​ប្រេងកាត ​និង​ឧស្ម័ន​រុ​ស្ស៊ី និង​រារាំង​ធនធាន​របស់​វិមាន​ក្រឹម​ឡាំង ក្នុង​សង្គ្រាម​របស់​ខ្លួន​ប្រឆាំង​អ៊ុយ​ក្រែ​ន ហើយ​ភ្លាម​ៗ​សហរដ្ឋអាមេរិក​បាន​ធ្វើ​តាម​និង​សម្រេច​ដាក់​ទណ្ឌកម្ម​ប្រឆាំង​បណ្ដា​ក្រុមហ៊ុន​ប្រេង​រុ​ស្ស៊ី​​ដែរ​នោះ ក្នុង​កិច្ចប្រជុំ​កំពូល​របស់​ខ្លួន​កាលពី​ថ្ងៃ​​ទី​២៣​ តុលា បាន​ឲ្យ​គណៈកម្មាធិការ​អឹ​រ៉ុ​បពិនិត្យ​ថា​ តើ​ត្រូវ​រក​ខ្ទង់​ណា ដើម្បី​ជួយ​ខាង​ហិរញ្ញវត្ថុ​ដល់​អ៊ុយ​ក្រែ​ន រយៈពេល​២​ឆ្នាំ​ខាង​មុខ​នេះ​ដោយ​សម្លឹង​ខ្លាំង​លើ​ទ្រព្យ​រុស្ស៊ី ​ដែល​បង្កក​ទុក​ចាប់តាំងពី​ឆ្នាំ​២០២២​មក​។

គម្រោង​នោះ ​នៅ​មិន​ទាន់​ច្បាស់​នៅឡើយ​រង់ចាំ​ជជែក​គ្នា​ដោយ​លម្អិត ក្នុង​កិច្ចប្រជុំ​កំពូល​អឹ​រ៉ុ​ប​នា​ខែធ្នូ​ខាង​មុខ​នេះ​។ សំណុំរឿង​នោះ​ផ្ដោត​លើ​ទឹកប្រាក់​២១០​ពាន់​លាន​អឹ​រ៉ូ របស់​ធនាគារកណ្ដាល​
​រុស្ស៊ី និង​បណ្ដា​អចលនទ្រព្យ​​រុស្ស៊ីនៅ​សហភាព​អឹ​រ៉ុ​ប ដែល​បង្កក​ទុក​ចាប់តាំងពី​​រុស្ស៊ីលុកលុយ​ចូល​អ៊ុយ​ក្រែ​ន​មក ​។ សហភាព​អឹ​រ៉ុ​ប​ចង់​ប្រើ​ទ្រព្យសម្បត្តិ​របស់​​រុស្ស៊ី​នោះ​ជា​ប្រាក់​កម្ចី​របស់​អ៊ុយ​ក្រែ​ន ក្នុង​ទំហំ​ទឹកប្រាក់​១៤០​ពាន់​លាន​អឺ​រ៉ូ​។

បែប​នេះ​ គឺ​ដើម្បី​បញ្ចៀស​ការ​រឹបអូស​យក​ឆៅ​ៗ​នូវ​មូលនិធិ​ទាំងនោះ​ចាត់ជា​បន្ទាត់​ក្រហម ដោយ​រដ្ឋ​ជា​ច្រើន​ជា​សមាជិក​។ ការ​ផ្ដួចផ្ដើម​គំនិត​នេះ​ជួប​ការ​ជំទាស់​ពិសេស​របស់​បែ​ល​ហ្ស៊ិក​ដែល​មានទ្រព្យ​​រុស្ស៊ី​បង្កក​ទុ​​ក​ច្រើន​ជាងគេ​។ ប្រធានាធិបតី​បារាំង​លោក​អេ​ម​ម៉ា​នុយ​អែ​ល​ម៉ា​ក្រុងទទួល​ស្គាល់​​ថា ដំណោះស្រាយ​នោះ​មាន​បញ្ហា​ផ្លូវច្បាប់​ចោទ​ច្រើន​ណាស់ រួម​ទាំង​បញ្ហា​នែ​ការ​បែងចែក​គ្រោះថ្នាក់​គ្នា​ផង​។

ចំពោះ​ទណ្ឌកម្ម​របស់​អា​មេ​រិ​ក​ប្រឆាំង​​រុស្ស៊ី ប្រធានាធិបតី​ប្រទេស​នេះ លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន​គូសបញ្ជាក់​នា​ថ្ងៃ​ទី​២៣ ​តុលា​ ថា ទណ្ឌកម្ម​អា​មេ​រិ​កលើ​​រុស្ស៊ី ពុំ​មាន​ផល​ប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​លោក​ឡើយ​។ ទោះបី​យ៉ាងណា​លោក​ស្នើ​បន្ត​ការ​ចរចា ក្រោយ​លោក​ដូ​ណា​ល់​ត្រាំ​ប្រកាស​លុប​ចោលការ​ជួប​គ្នា​ជាមួយ​លោក​គ្រោង​ធ្វើ​នៅ​ហុង​គ្រី​ក៏​ដោយ​។ លោកពូ​ទី​ន​វាយ​ត​មៃ្ល​ថា ទណ្ឌកម្ម​ដែល​អា​មេ​រិ​ក​ប្រកាស​នា​ពេល​មុន​នេះ​ពិតជា​ខ្លាំង ហើយ​អាច​បង្ក​ផលវិបាក​មួយ​ចំនួន តែ​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​សេដ្ឋកិច្ច​របស់​យើង​ឡើយ​។

លោកពូ​ទី​ន​បន្ត​ទៀត​ថា ទណ្ឌកម្ម​ទាំងនោះ​គ្រាន់តែ​ជា​ការ​ប៉ុនប៉ង​គាបសង្កត់ តែ​គ្មាន​ប្រទេស​ណាមួយ​ឬ​ប្រជាជន​ណាមួយ​ដែល​គោរព​ខ្លួនឯង​ធ្វើ​សេចក្ដី​សម្រេចចិត្ត​បែប​នេះ​ឡើយ​។ លោក​ធានា​ថា​ផ្នែក​ប្រេងកាត​​រុស្ស៊ី​មាន​ទំនុកចិត្ត​ និង​មានការ​តាំងចិត្ត​។ក្រុង​វ៉ា​ស៊ីន​តោន​មុន​នេះ​ប្រកាស ពី​ការ​ពង្រឹង​ទណ្ឌកម្ម​របស់​ខ្លួន​ប្រឆាំង​​រុស្ស៊ី​ ។ ទណ្ឌកម្ម ខ្លាំង​នោះ​គឺ​ប្រឆាំង​ក្រុមហ៊ុន​ប្រេង​​រុស្ស៊ីROSNEFT​និង LUKOIL​។ ហេតុផល​បើ​តាម​ក្រុង​វ៉ា​ស៊ីន​តោន​ថា មក​ពី​ការ​ខ្វះ​ឆន្ទៈ​របស់​​រុស្ស៊ី ក្នុង​ការ​ចូលរួម​ក្នុង​ដំណើរការ​សន្តិភាព​ដើម្បី​បញ្ចប់សង្គ្រាម​អ៊ុយ​ក្រែ​ន​។ ទណ្ឌកម្ម​ទាំងនោះ​មានការ​បង្កក​ភាគហ៊ុន របស់​ក្រុមហ៊ុន​ប្រេង​យក្ស​ទាំង​២​នោះ​នៅ​សហរដ្ឋអាមេរិក ព្រមទាំង​ហាមឃាត់​បណ្ដា​សហគ្រាស​អា​មេ​រិ​ក​មិន​ឲ្យ​រកស៊ីជាមួយ​ក្រុមហ៊ុន​ទាំងនេះ​។

ពេល​ដែល​ទំនាក់ទំនង​រវាង​អា​មេ​រិ​ក ​និង​​រុស្ស៊ីកាន់តែ​ដុនដាប លោកពូ​ទី​ន​កាលពី​ថ្ងៃ​ទី​២៣​តុលា​បាន​គំរាម តបត​វិញ​យ៉ាង​ខ្លាំងក្លា​បំផុត ក្នុង​ករណី​មានការ​វាយប្រហារ​ដែនដី​​រុស្ស៊ី​ដោយ​មី​ស៊ីល​រយៈ​ឆ្ងាយ​អា​មេ​រិ​ក​ធុន​TOMAHAWK ដែល​អ៊ុយ​ក្រែ​ន​ទាមទារ​ចង់បាន​។ ពេល​ទៅ​កាន់​សេត​វិមាន​នា​ពេល​មុន​នេះ​ជួប​ជាមួយ​លោក​ត្រាំ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្សេ​ឡេ​ន​ស្គី បាន​ទទូច​ស្នើ​សុំ​ការ​ផ្គត់ផ្គង់​មី​ស៊ីល​ធុន​នោះ​ដែល​អាច​បាញ់​បាន​ចម្ងាយ ១៦០០​គីឡូម៉ែត្រ​ដែល​អ៊ុយ​ន​ក្រែ​ន​អាច​ប្រើ​វាយប្រហារ​ចូល​ជ្រៅ​ក្នុង​ដែនដី​​រុស្ស៊ី​ជា​ថ្នូរ​នឹង​ដ្រូ​ន​អ៊ុយ​ក្រែ​ន​ច្រើ​ពាន់​គ្រឿង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ