រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន ឯកឧត្តមទេព អស្នារិទ្ធ បានអំពាវនាវសូមបន្តប្រកាន់យកប្រភពព័ត៌មានផ្លូវការ សម្រាប់ការតាមដានស្ថានការណ៍វិវត្តនានាជុំវិញស្ថានភាពកម្ពុជា-ថៃ ដើម្បីការពារខ្លួន និងសហគមន៍យើងកុំឱ្យធ្លាក់ចូលក្នុងឧបាយកលចិត្តសាស្ត្រអាក្រក់ណាមួយដោយសារព័ត៌មានប្រឌិត ការកាឡៃខុសពីការពិត និងព័ត៌មានក្លែងក្លាយ ។
អ្នកនាំពាក្យក្រសួងព័ត៌មានបានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាមថា ប្រភពព័ត៌មានផ្លូវការរួមមាន ៖ ថ្នាក់ដឹកនាំកំពូលរបស់ជាតិ, ក្រសួងការពារជាតិ, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ក្រសួងព័ត៌មាន, ក្រសួងមហាផ្ទៃ, រដ្ឋលេខាធិការដ្ឋានទទួលបន្ទុកកិច្ចការព្រំដែន, និងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ។
អ្នកនាំពាក្យក្រសួងព័ត៌មានបានគូសបញ្ជាក់ថា ត្រូវផ្ទៀងផ្ទាត់ព័ត៌មានជាមួយប្រភពផ្លូវការទាំងនេះ រាល់ពេលប្រើប្រាស់បណ្តាញសង្គម ឬពេលទទួលព័ត៌មានដែលមានប្រភពពីក្រៅប្រទេស ។
អ្នកនាំពាក្យបានលើកឡើងថា ប្រសិនបើមានការសង្ស័យលើព័ត៌មានណាមួយ ដែលគ្មានភាពច្បាស់លាស់ជាការផ្សាយបំភ្លៃខុសពីការពិត ដើម្បីញុះញង់ មួលបង្កាច់ថ្នាក់ដឹកនាំជាតិ និងរាជរដ្ឋាភិបាល ក្នុងចេតនាធ្វើឱ្យប៉ះពាល់ដល់ការរក្សាសាមគ្គីភាពផ្ទៃក្នុង សូមមេត្តាអូសរំលងផុសទាំងនោះ ដាច់ខាតកុំចែករំលែក។
សូមចូលរួម Report ផុស និងគណនីដែលផ្សាយព័ត៌មានក្លែងក្លាយ ព័ត៌មានបែបប្រឌិតផ្ទុយពីស្ថានភាពពិតជាក់ស្តែង និងសូមចូលរួម Report ឬប្លុកគណនីក្លែងក្លាយទាំងនោះ ដើម្បីការពារសហគមន៍ និងគ្រួសារកម្ពុជាពីគ្រោះថ្នាក់ដែលអាចបង្កឡើងពីព័ត៌មានក្លែងក្លាយទាំងនោះរួមចំណែកដល់ការរក្សាសុវត្ថិភាពព័ត៌មាននៅទូទាំងប្រទេស ៕

ចែករំលែកព័តមាននេះ