តាមប្រវត្តិព្រះពុទ្ធសាសនាបានបង្ហាញថា នៅថ្ងៃសម្រេចគុណវិសេសរបស់ព្រះមហាសារីបុត្រ ត្រូវនឹងថ្ងៃពេញបូណ៌មី ខែមាឃ ព្រះបរមសាស្តាទ្រង់ធ្វើចតុរង្គសន្និបាតក្នុងវត្តវេឡុវ័ន ក្រុងរាជគ្រឹះ ហើយប្រទានតំណែងអគ្គសាវកស្តាំឲ្យព្រះសារីបុត្រ និងអគ្គសាវកឆ្វេងឲ្យដល់ព្រះមោគ្គល្លាន ។
ការដែលព្រះបរមសាស្តាប្រទានតំណែងក្នុងឋានៈអគ្គសាវក ដល់មហាព្រះថេរៈទាំងពីររូបនោះ មានភិក្ខុជាច្រើនបានចោទព្រះអង្គថា ទ្រង់ប្រទានតំណែងដោយយល់មុខ ព្រោះថាតាមដែលគួរ ព្រះអង្គគួរប្រទានតំណែងអគ្គសាវកដល់ភិក្ខុទាំងឡាយដែលបួសមុន តែនេះព្រះសាស្តាទ្រង់រំលងភិក្ខុទាំងនោះចោលអស់ បែរជាមកប្រទានតំណែងអគ្គសាវកដល់ភិក្ខុទាំងពីររូបដែលបួសក្រោយទៅវិញ គឺប្រទានដោយយល់មុខប្រាកដណាស់ ។
លុះចំណេរតមក ដំណឹងនេះបានជ្រាបដល់ព្រះអង្គ ទ្រង់ប្រជុំភិក្ខុទាំងឡាយ ហើយបានត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតមិនបានឲ្យតំណែងដល់ពួកភិក្ខុព្រោះយល់មុខឡើយ តថាគតឲ្យតាមបំណងដែលភិក្ខុនោះបានប្រាថ្នាមកផ្សេងៗគ្នាហើយក្នុងអតីតជាតិទេតើ ។
ដូចអញ្ញាកោណ្ឌញ្ញៈធ្វើទានដោយសន្ទូងដ៏ប្រណីត៩លើកក្នុងអតីតជាតិ ក៏មិនបានប្រាថ្នាជាអគ្គសាវកទេ តែបានប្រាថ្នា ដើម្បីឲ្យបានសម្រេចជាព្រះអរិយៈមុនបុគ្គលទាំងពួង និងជាកំពូលខាងរត្តញ្ញូ បួសមុនគេ ព្រះយសព្រមដោយសម្លាញ់៥៥នាក់ទៀត ធ្វើបុណ្យជាច្រើនក្នុងសំណាក់ព្រះសុមេធសម្មាសម្ពុទ្ធ ហើយប្រាថ្នាត្រឹមតែឲ្យជាព្រះអរហន្តប៉ុណ្ណោះ មិនបានប្រាថ្នាតំណែងណាមួយឡើយ ព្រោះធ្លាប់បាននាំគ្នាដុតសព បានអសុភនិមិត្តជាបច្ច័យរឿយៗ នាំឲ្យនឿយណាយក្នុងកាមនៅជាតិនេះ ។
ពួកភទ្ទវគ្គិយភិក្ខុ៣០រូបពីអតីតធ្លាប់រក្សាសីល៥ និងធ្វើកុសលដទៃទៀត ហើយតាំងប្រាថ្នាឲ្យជាព្រះអរហន្តក្នុងសំណាក់ព្រះពុទ្ធទាំងឡាយ មិនបានប្រាថ្នាតំណែងឯតទគ្គៈណាមួយឡើយ ។ ចំណែកឧរុវេលកស្សបៈ ក្នុងកាលរបស់ព្រះបទុមុត្តរសម្ពុទ្ធ បានថ្វាយមហាទាន ហើយប្រាថ្នា ឲ្យជាកំពូលអ្នកមានបរិវារច្រើន តែមិនបានប្រាថ្នាតំណែងអគ្គសាវកដូចសារីបុត្រ និងមោគ្គល្លានទេ ៕ សាន សារិន
ចែករំលែកព័តមាននេះ