ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គុន​ល្បុក្កតោ រំពឹង​​ទទួល​​ការ​គាំទ្រ​ខ្លាំង​ ក្នុង​ព្រឹត្តិ​​ការណ៍​​ជើងឯក​អាស៊ី​អាគ្នេយ៍

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រោយ​ពី​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា ប្រកាស​ពី​គម្រោង​រៀបចំ​ការ​ប្រកួត​កីឡា​គុន​ល្បុក្កតោ​ជើងឯក អាស៊ី​

រាជធានីភ្នំពេញ ៖ ក្រោយ​ពី​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា ប្រកាស​ពី​គម្រោង​រៀបចំ​ការ​ប្រកួត​កីឡា​គុន​ល្បុក្កតោ​ជើងឯក អាស៊ី​អាគ្នេយ៍ ជា​លើក​ដំបូង នា​ខែតុលា ឆ្នាំ​២០២១ បាន​ធ្វើ​អោយ​មាន​ចាប់អារម្មណ៍​មិន​តិច​ទេ ស្រប​ពេល​ដែល​កីឡាករ​គ្រប់​ផ្នែក​ក៏​បង្ហាញ​ពី​ការ​ត្រៀមខ្លួន យ៉ាង​យកចិត្តទុកដាក់​ផង​។ មានការ​រំពឹង​យ៉ាង​ខ្លាំង​ថា ព្រឹត្តិការណ៍​ដែល​នឹង​មាន​កីឡាករ​កីឡាការិនី មក​ពី នៅ​៤​ប្រទេស​ផ្សេង​គ្នា​មក​ប្រកួត​ដណ្ដើម​មេដាយមាស​នេះ នឹង​ធ្វើ​អោយ​កីឡា​ដូនតា​ខ្មែរ​មួយ​នេះ ខ្ទរខ្ទារ​ល្បីល្បាញ​ខ្លាំង​ឡើង​។

លោក អ៊ូ តារា អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា ធ្លាប់​បាន​បញ្ជាក់​ថា សហព័ន្ធ​កំពុង​ដុតដៃដុតជើង ក្នុង​ការ​ទទួល​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​សម្រាប់​ការ​ប្រកួត​មួយ​នេះ​។ នេះ​ក៏​ចាត់ទុកជា​ការ​បន្សាយ​កេរ្តិ៍ឈ្មោះ គុន​ល្បុក្កតោ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ បន្ទាប់​ពី​ប្រទេស​មួយ​ចំនួន​បាន​មក​ហ្វឹកហាត់​ក្បាច់គុន​ល្បុក្កតោ​នៅ​កម្ពុជា និង បន្ទាប់​ពី​អ្នកជំនាញ​ខ្មែរ ត្រូវ​បាន​ប្រទេស​ទាំងនោះ អញ្ជើញ​អោយទៅ​បង្វឹក​ក្បាច់គុន​ល្បុក្កតោ ប្រកបដោយ​គុណភាព​ផង​ដែរ​។ ដ្បិតតែ​កម្ពុជា គឺជា​ម្ចាស់​ក្បាច់​គុណ តែ​មិន​ប្រាកដ​ថា ប្រទេស​ដែល​បាន​បង្វឹក​បន្ត​ពី​កម្ពុជា មិន​ខ្លាំង មិនល្អ​នោះ​ទេ ទើប​មានការ​ប្រកួត​ជើងឯក​អាស៊ី​អាគ្នេយ៍​នៅ​ពេល​ខាង​មុខ នឹង​អាច​កាត់ក្ដី​លទ្ធផល​បាន​។ លោក​ថា​នេះ គឺជា​កិច្ចការ​ធំ​មួយ​របស់​សហព័ន្ធ​ដែល​ត្រូវ​បំពេញ ក្នុង​នោះ​ការ​បណ្តុះបណ្តាល​អាជ្ញាកណ្តាល ចៅក្រម​អន្តរជាតិ និង ការ​បញ្ជូន​អ្នកជំនាញ​គុន​ល្បុក្កតោ​ទៅ​បង្វឹក​កីឡាករ កីឡាការិនី​នៃ​បណ្តា​ប្រទេស​ដែល​ជា​សមាជិក​ក្នុង​អាស៊ី​អាគ្នេយ៍ គឺជា​រឿង​ត្រូវ​បន្ត​ធ្វើ​។

កម្ពុជា ក្នុង​នាម​ជា​ម្ចាស់​ក្បាច់គុន​ព្រលឹង​វប្បធម៌​មួយ​នេះ ក៏​ត្រូវ​តែ​ពង្រឹងគុណភាព​បន្ថែម​លើ​មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត មន្ត្រី​គណៈកម្មការ​បច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម កីឡាករ កីឡាការិនី​ជម្រើសជាតិ​ដូច​គ្នា ដោយ​មិន​អាច​មើល​ស្រាល​បាន​ឡើយ​។ អគ្គលេខាធិការ​រង​រូប​នេះ​បន្ថែម​ថា បណ្តា​ប្រទេស​ដែល​គ្រោង​នឹង​ចូលរួម​ប្រកួតប្រជែង​មេដាយ​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ គឺ​ម្ចាស់ផ្ទះ​កម្ពុជា ហ្វី​លី​ពី​ន ឡាវ វៀតណាម និង​មី​យ៉ា​ន់​ម៉ា ដែល​គ្រោង​នឹង​ប្រកួត​លើ​២០​វិញ្ញាសា ក្នុង​នោះ​មាន​វិញ្ញាសា​សម្តែង​ទម្រង់​មេ​គុន និង​វិញ្ញាសា​ប្រយុទ្ធ​។

ជា​ទូទៅ តាម​គោលការណ៍​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​អនុញ្ញាត​ឲ្យ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា ក្នុង​ការ​ដឹកនាំ គ្រប់គ្រង និង​រៀបចំ​កីឡា​គុន​ល្បុក្កតោ គឺ​ឆ្ពោះទៅ​មុខ ដែល​ក្នុង​រយៈពេល​ខ្លី គឺ​ការ​ប្រកួត​ជើងឯក​អាស៊ី​អាគ្នេយ៍​នេះ នា​ចុងឆ្នាំ​២០២១​នេះ ហើយ​តម្រង់​ទិស​ឆ្ពោះ ទៅ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣​។ រាល់​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ បូក​រួម​ទាំង​ការ​ប្រកួត​អន្តរជាតិ​នានា សហព័ន្ធ​នៅ​តែ​មាន​គោលដៅ​ធំ​ចម្បង​គឺ​ពង្រឹងគុណភាព​អោយ​ច្បាស់ ឆ្ពោះទៅ​កាន់​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ព្រោះ​បើ​កម្ពុជា​មិន​សកម្ម​ក្នុង​ការ​បញ្ជូន​អ្នកជំនាញ​ទៅ​ពង្រឹងសមត្ថភាព​ដល់​កីឡាករ​ប្រទេស​ជា​សមាជិក គឺ​ទោះជា​កម្ពុជា ដណ្ដើម​បាន​មេដាយ​ច្រើន លើ​ប្រភេទ​កីឡា​នេះ ក៏​មិនមែន​ជា​រឿង​អស្ចារ្យ​ផង​ដែរ​។ គម្រោង​ប្រកួត​ជើងឯក​ល្បុក្កតោ អាស៊ី​អាគ្នេយ៍​នោះ ក៏​ជា​ជំរុញ និង បំផុស អោយ​ប្រទេស​នៅ អាស៊ាន មាន​កីឡាករ​ចេះ​ជំនាញ​ល្បុក្កតោ ហើយ​បញ្ជូន​មក​ប្រកួត​នៅ​ឆ្នាំ​២០២៣ អោយ​បាន​គ្រប់​ប្រទេស​ផង​ដែរ ដើម្បី​អាច​អោយ​កម្ពុជា ឈ្នះ​បាន​មេដាយ​ច្រើន ដោយ​កិត្តិយស​។

នៅ​ក្នុង​ការ​រៀបចំ​ជើងឯក​អាស៊ី​អាគ្នេយ៍​កីឡា​គុន​ល្បុក្កតោ ជា​លើក​ដំបូង​នេះ ត្រូវ​បាន លោក អ៊ូ តារា បង្ហាញ​ថា ម្ចាស់ផ្ទះ ម្ចាស់​ក្បាច់គុន​ព្រលឹង​វប្បធម៌ អត្តសញ្ញាណ​ជាតិខ្មែរ​មួយ​នេះ​នឹង​អាច​ជួប​ការ​លំបាក​ខ្លះ​ៗ ដោយ​យើង​ត្រូវ​បំពេញបន្ថែម​នូវ​ចំណុច​ខ្វះខាត​មួយ​ចំនួន ដូច​ជា​ក្រុមបច្ចេកទេស​ជាង​ធ្វើ​ទីលាន​ប្រកួត ដើម្បី​សម្រួល​ឲ្យ​កាន់តែ​មាន​សុវត្ថិភាព​ដល់​ការ​ប្រកួត និង​ផ្តល់​ភាព​ងាយស្រួល​ដល់​ក្រុមការងារ​បច្ចេកទេស​ផង​ដែរ​។ ហើយ​បញ្ហា​កូ​វីត​១៩ ក៏​ជា​ឧបសគ្គ​ផង​ដែរ ប៉ុន្តែ​សហព័ន្ធ​នឹង​ពុះពារ​រៀបចំ​ការ​ប្រកួត​នេះ អោយ​ទទួល​ជោគជ័យ បើ​ទោះជា​ពេលវេលា​ប្រកួត អាច​នឹង​ត្រូវ​ប្រែប្រួល​។

ដក​ស្រ​សម្ដី​នា​ពេល​កន្លង​ទៅ លោក អ៊ូ តារា សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា «​មែនទែន​ទៅ ប្រភេទ​កីឡា​គុន​ល្បុក្កតោ​របស់​កម្ពុជា​យើង ក៏​ដូច​ជា​បណ្តា​ប្រទេស​នានា ជា​ពិសេស​ក្នុង​អាស៊ាន​នេះ យើង​ធ្លាប់​បាន​សិក្សា​ស្វែង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ជាមួយ​គ្នា​យូរ​ឆ្នាំ​ណាស់​មក​ហើយ​ដែរ ដែល​យើង​ធ្លាប់​បាន​ជួប​គ្នា​ទាំង​គ្រូបង្វឹក កីឡាករ កីឡាការិនី នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​យុទ្ធ​សិល្ប៍​ពិភពលោក (World Martial Arts) ដែល​រៀបចំ​ឡើង​ដោយ​សម្ព័ន្ធ​កីឡា​យុទ្ធ​សិល្ប៍​ពិភពលោក នៅ​សាធារណរដ្ឋ​កូរ៉េ កន្លង​ទៅ​។ ដូច្នេះ​គេ​ក៏​បាន​សិក្សា​ពី​ក្បាច់គុន​របស់​យើង ហើយ​យើង​ក៏​បាន​សិក្សា​ពី​ក្បាច់គុន​ប្រពៃណី​របស់​គេ​ដែរ ដែល​នៅ​ក្នុង​ទម្រង់​ក្បាច់គុន​បុរាណ នៅ​ក្នុង​អាស៊ី​អាគ្នេយ៍​មាន​ភាព​ប្រហាក់ប្រហែល​គ្នា ដោយ​កីឡាករ កីឡាការិនី​របស់​បណ្តា​ប្រទេស​អាស៊ាន អាច​ហ្វឹកហាត់​ក្បាច់គុន​ល្បុក្កតោ​របស់​ខ្មែរ​យើង​បាន អាច​គោរព​នូវ​បទបញ្ជា​នៃ​ការ​ប្រកួត​របស់​ក្បាច់គុន​យើង ហើយ​អាច​មក​ចូលរួម​ប្រកួតប្រជែង​ជាមួយ​យើង​បាន​។ ខ្ញុំ​យល់​ថា មិន​ចោទ​ទេ សម្រាប់​បណ្ដា​ប្រទេស​ទាំងនោះ​» ។

ជា​រួម លោក​ថា កីឡាករ កីឡាការិនី​របស់​គេ មិនមែន​ជា​មនុស្ស​ថ្មី ដែល​លេង​កីឡា​នេះ​ទេ គឺជា​អ្នក​ក្បាច់គុន​រួច​ជា​ស្រេច ក៏​ប៉ុន្តែ​ត្រូវការ​ហ្វឹកហាត់​បន្ថែម​ទៅ​លើ​ទម្រង់​សិល្បៈ​ក្បាច់គុន​ល្បុក្កតោ ហើយ​អាច​មក​ប្រកួត​ដោយ​គោរព​តាម​បទបញ្ជា​បច្ចេកទេស​ជាមួយ​កីឡា​របស់​កម្ពុជា​បាន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ