ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថាធិប្បាយ៖ រឿងក្តៅ: ច្នៃឡាន ដើម្បីដឹកកង់ និងសម្ភារៈ សម្រាប់ទេសចរណ៍ និងទំនាស់​ផ្នែកច្បាប់

2 ខែ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នៅពេលសព្វថ្ងៃនេះ ចំនួន​អ្នក​មានឡាន ហើយដាក់តកន្ទុយដែក ​សម្រាប់ដឹកកង់​​ពីក្រោយ និងដាក់រ៉ឺហ្គែរ ឬកាង​លើដំបូល​ សម្រាប់ដឹកឥវ៉ាន់ ឬ​តង់​​គេង​លើដំបូលឡាន មានកាន់តែច្រើន​។…

ភ្នំពេញ៖ នៅពេលសព្វថ្ងៃនេះ ចំនួន​អ្នក​មានឡាន ហើយដាក់តកន្ទុយដែក ​សម្រាប់ដឹកកង់​​ពីក្រោយ និងដាក់រ៉ឺហ្គែរ ឬកាង​លើដំបូល​ សម្រាប់ដឹកឥវ៉ាន់ ឬ​តង់​​គេង​លើដំបូលឡាន មានកាន់តែច្រើន​។ ថ្មីៗនេះ ប៉ូលិ​ស បានចាប់ផាក​ពិន័យ​អ្នក​ដាក់​តឧបករណ៍ដឹកកង់ និងដាក់ឥវ៉ាន់​​លើដំបូល​​ឡាន​​​​។

ការដាក់តកន្ទុយដែក​ដឹកកង់ ឬរ៉ឺហ្គែរ​លើដំបូលឡាន ហើយត្រូវប៉ូលិសចាប់ផាកពិន័យនោះ នាំ​ឲ្យ​មានការជជែក​វែកញែក រកត្រូវខុសផង និងមានជាសំណូមពរ​ដល់ប៉ូលិសចរាចរណ៍ និងក្រសួង​សាធារណការ និងដឹកជញ្ជូនផង​ ឲ្យមានការសម្រប​សម្រួល ឬក៏ត្រូវកែច្បាប់ផង ដើម្បី​ឲ្យ​ក្រុម​អ្នកចូលចិត្តដាក់កង់ ដឹកឥវ៉ាន់​លើដំបូល​ ដោយប្រើរ៉ឺហ្គែរ ចូល​ព្រៃបោះតង់ អាចធ្វើចរាចរណ៍ ដោយគ្មានការផាកពិន័យ​ ក្នុងបំណង​លើកស្ទួយវិស័យ​ទេសចរណ៍​​របស់​យើង​។

កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក នៅខេត្តកំពង់ស្ពឺ​ បាន​ចាប់​ឃាត់​រថយន្ដ​មួយគ្រឿង ម៉ាក​នីសា​ន់ ពណ៌​ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ 2BF-7993 នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​ភ្លើងស្ដុប មុខ​មន្ទីរ​សាធារណការ និងដឹកជញ្ជូន ​ខេត្ដ​កំពង់ស្ពឺ។ ប៉ូលិស បាន​​ផាកពិន័យម្ចាស់ឡាន​នោះ ១៥០ ០០០​រៀល (​មួយ​សែន ​ប្រាំ​ម៉ឺនរៀល​​) ដោយលើកហេតុផលថា ឡាននោះ ​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ដើម្បីដាក់​ឥវ៉ាន់លើដំបូល និងមានកន្ទុយសំរាប់​​ដឹកកង់​។

​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​បង្ហាញថា អ្នកបើកបរឡាននោះ ​មានឈ្មោះ សៅ ប៉ិច​ពន្លឺ ភេទ​ប្រុស អាយុ ​៣២​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ បាន​កែច្នៃ​រថយន្ដ ដាក់​ទ្រុង​ដឹកទំនិញ​​ពី​លើ​ដំបូល និង​ត​កន្ទុយ​ចង្អើរ​ដែក​​ ហួស​តួ​រថយន្ដ នៃ​ផ្នែក​ខាងក្រោយ​។​

​សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ បាន​លើកឡើងថា យោងតាម​ច្បាប់ចរាចរណ៍ផ្លូវគោក ករណីនេះ ​ត្រូវ​កំណត់​ ដូចខាងក្រោម៖ ​ការកែច្នៃ​យានយន្ត​ខុស​បច្ចេកទេស គឺជា​ការកែច្នៃ​បច្ចេកទេស​លើ​យានយន្ត​ខុសពី​រោងចក្រ បាន​ផលិត ដូចជា ការច្នៃ​យាន​ឲ្យ​ដឹក​បាន​ច្រើន ឬ​លូត​កម្ពស់ ឬ​លូត​បណ្តោយ ដែល​កាន់តែ​បន្ថែម​ទម្ងន់​ដល់​យាន ឬ​អាច​ធ្លាក់ អាច​ប៉ះ បង្ក​គ្រោះថ្នាក់​។ ករណី​កែច្នៃ​អាចធ្វើ​ទៅបាន លុះត្រា​មានការ​អនុញ្ញាត​ពី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។ រីឯ​ការកែច្នៃ ដែល​គ្មាន​ការអនុញ្ញាត​ពី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹងត្រូវ​ចាត់ទុកជា​ការច្នៃ​ខុស​បទ​ដ្ឋាន​​បច្ចេកទេស ដែល​ត្រូវផាក​​ពិន័យ​។

ចំពោះ​ការចាប់​ឃាត់ និង​ផាកពិន័យ​ម្ចាស់​រថយន្ត​ខាងលើនេះ ក៏​មានមតិ​មួយចំនួន​ បានបញ្ចេញមតិ ​មានទាំង​ការ​រិះគន់ផង និងមានទាំងការបកស្រាយពី​ចំណាត់ការរបស់​ប៉ូលិស ទាំង​​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ទាំងនៅក្នុងក្រុម​ Messenger និងទាំង​នៅក្រុម​តេឡេក្រាម​ ជាដើម។

អ្នកខ្លះ លើកឡើងថា លោកប៉ូលិស និង​លោកខាងសាធារណ​ការ គួរតែសិក្សា និងកែប្រែច្បាប់ខ្លះ ដើម្បីពលរដ្ឋ ដែលចូល​ចិត្តដំណើរកំសាន្តរបៀបនេះ គឺដឹកកង់ ទៅជិះនៅព្រៃភ្នំ និងដាក់តង់​ ឬឥវ៉ាន់​លើដំបូល​ ចូលព្រៃ អាចធ្វើដំណើរ​បាន​ដោយ​គ្មានការចាប់ផាក​ពិន័យ​។ ដំណើរកម្សាន្ត​បែបនេះ ត្រូវបានគេលើកឡើងថា ជាជ្រុងមួយនៃការ​លើកស្ទួយវិស័យ​ទេស​ចរណ៍​​​នៅកម្ពុជាយើង​។

អ្នកខ្លះទៀត លើកឡើងថា ប្រជាពលរដ្ឋ តែងតែគោរពឯកសណ្ឋានរបស់ប៉ូលិស តែបុគ្គល​មួយចំនួន បានពាក់​ឯកសណ្ឋាន​ប៉ូលិសហើយ ធ្វើអោយប្រជាពលរដ្ឋស្អប់ខ្ពើម។​ សូមពិចារណាផង មុននឹង​ផាកពិន័យ​ពួកគាត់នោះ។​ ១៥ម៉ឺនរៀល​ច្រើនណាស់ សម្រាប់ម្ចាស់ឡាននេះ គួរតែមាន​ការណែនាំ និងអនុគ្រោះ សំរាប់ពួកគាត់ ក្នុងសម័យកូវីតនេះ គាត់ដាក់របស់ទុកហូបខ្លួនឯង ព្រោះ​គាត់ខ្លាចកូវីត។ ច្បាប់ ក៏គួរ​មានមនោសញ្ចេតនាដែរ។​

ចំណែក​អ្នកផ្សេងទៀត លើកឡើងថា មើលទៅខ្ញុំប្រហែល ត្រូវសន្សំលុយអោយបានច្រើន ដើម្បីទិញរថយន្តណា រាងធំ ដើម្បីដាក់កង់ និងសំភារៈ អោយអស់ ក្នុងឡានហើយ។ ប៉ុន្តែ​ឆ្ងល់ថា រាល់ថ្ងៃរថយន្តឈ្នួលប្រភេទតួរីស១២កៅអី ភាគច្រើន​លើសលប់ ដែលដឹកមនុស្ស ដឹកទំនិញ​ឆ្លងស្រុក ឆ្លងខេត្ត បើកបរនៅលើផ្លូវជាតិ សុទ្ធតែតដែក នៅកន្ទុយសម្រា​ប់ដាក់ម៉ូតូ ដាក់ទំនិញលយជិត ១ម៉ែត្រ​ ទៅជាង ១ម៉ែត្រ​  ហើយនៅលើដំបូល មានផ្ទុកទំនិញសំពីងសំពោងទៀត។​ បើគិតតាមច្បាប់ ត្រូវរងនូវការផាកពិន័យលើសថ្លៃឈ្នួលដឹកទៀត ហើយនៅតាមផ្លូវជាតិ មួយស្រុកយ៉ាងហោចណាស់ ក៏មានគោលដៅ​ចរាចរណ៍​ ១កន្លែងយ៉ាងតិច តែនៅតែរកស៊ី​ដឹក​ចំណេញទៀត។

ករណីនេះ ក៏មានអ្នកលើកឡើងថា ប៉ូលិសចាប់ផាក​នោះ មកពី​ឡានតូចពេក បើឡានធំៗ ហើយ​ប្រភេទទំនើបៗ ដឹកកង់​ថ្លៃៗ គឺ​មិនដែលឮថា ប៉ូលិសហៅឃាត់​ ឬចាប់ផាកពិន័យ​អ្វីផង។

យ៉ាងណាក៏ដោយ ក៏មានប៉ូលិសចរាចរណ៍ បាន​ចូលមកបញ្ចេញមតិយោបល់ ដោយ​អះអាងថា ធ្វើជាប៉ូលិស គឺមិនធ្វើលើស​ពីគោលការណ៍ និងច្បាប់កំណត់​នោះទេ​។ ការត​​កន្ទុយ​ដាក់កង់ បើដាក់​ឲ្យត្រូវបច្ចេកទេស គឺមិនខុសច្បាប់ទេ។ នោះគឺ​មិនត្រូវ​ឲ្យ​​បាំងស្លាកលេខ​ឡាន​ទេ​។ រីឯការ​ដាក់​ឥវ៉ាន់លើដំបូល​ឡាន​ បើ​ដាក់​តិចតួច ​មិនខុសទេ តែកុំ​ឲ្យ​ដាក់ឡើងសំ​ពីងសំ​ពោង ដូចឡាន​តួរីស រត់តាក់ស៊ីមួយចំនួន នោះជាការខុសហើយ។

ករណីនេះ ត្រូវបាន​ការិយាល័យ​នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ស្ពឺ បំភ្លឺជូនសាធារណជន ក៏ដូចជាអ្នក​និយមលេង Facebook ​ថា ការចាប់ផាកពិន័យម្ចាស់ឡាន NISSAN ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2BF-7993 កាលពីម៉ោង ៩ព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ដោយសារតែ​រថយន្ត បានដឹកខុសលក្ខណៈបច្ចេកទេស ដែលអាចបង្ក​អោយ​មានគ្រោះថ្នាក់ជាយថាហេតុ​។ យោងតាមអនុក្រឹត្យលេខ ៣៩ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ មាត្រា ៧ថ្មី ត្រង់ចំណុច ៣.(ណ). បើកបរផ្ទុកទំនិញល្មើសនឹងចំណុចទី១ ទី២ ទី៣ ទី៤ ទី៥ មាត្រា៥៦ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ត្រូវផាកពិន័យចំនួន ១៥០.០០០ រៀល ចំពោះរថយន្តធុន​ស្រាល តាមច្បាប់កំណត់។

ជាសរុបមក ប៉ូលិស​ចាប់ផាកពិន័យ​យានយន្ត រាប់ទាំង​ម៉ូតូ និងឡាន ដែលចរាចរណ៍​លើផ្លូវ គឺ​សុទ្ធតែ​យានយន្តទាំងនោះ ល្មើសច្បាប់ ទើបប៉ូលិស ឃាត់​ផាក​ពិន័យ​។ មិនមែនចេះតែនឹកឃើញ​ ប៉ូលិស​ផ្លុំ​កញ្ចែ ចេញស្ទាក់​ ហៅឃាត់​យានយន្ត​ទាំងនោះឡើយ។​ ប៉ុន្តែ​​មុន​នឹងឈានដល់ការផាក​ពិន័​យ ​ក្នុងករណីកូន​ឡាន​ ​​ផ្ទុក​ឥវ៉ាន់លើដំបូល​ នៅ​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ក៏​គួរតែប៉ូលិស យកវិធានការអប់រំ ណែនាំ​ម្ចាស់ឡាន​នោះ ថាដាក់របៀបនេះ ខុស​ ដែល​អាច​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ​ ទាំងខ្លួនឯងផង និង​លើអ្នកធ្វើដំណើរ​ផ្សេងទៀតផង​។

ករណី​តកន្ទុយ​ដែកដាក់កង់ និងរ៉ឺហ្គែរ​លើដំបូលឡាន​ ក៏ដូច​គ្នា។ ប៉ូលិស​ និងក្រសួង​សាធារណការ និងដឹកជញ្ជូន ក៏គួរតែ​ចេញ​ប្រកាសបញ្ជាក់​ច្បាស់លាស់ថា ដែកកន្ទុយ Trailer ឬក៏រ៉ឺហ្គែរ​ ប្រភេទណា ដែល​ត្រឹមត្រូវ​តាមលក្ខណៈ​បច្ចេកទេស​ ហើយ​អនុញ្ញាត​ឲ្យ​ចាប់ភ្ជាប់ឡាន ដែល​ដាក់កង់​ទៅ មិនបង្កគ្រោះថ្នាក់ និងមិន​ត្រូវប៉ូលិសចាប់​។

បើគ្មានការកំណត់​ច្បាស់លាស់ទេ អាចនឹង​អ្នក​មានឡាន​ដឹកកង់ ឬក៏ដាក់រ៉ឺហ្គែរមួយ​ចំនួន មិនដឹង​ ហើយ​ចេះតែទិញ​ចាប់ដាក់ ព្រោះឥឡូវ​ឧបករណ៍ទាំងនេះ សំបូរ​អ្នកលក់​​ផង​​។ ម្យ៉ាងទៀត ក៏អាច​ប៉ូលិស​ខិលខូចមួយចំនួន ចេះតែ​បកស្រាយ ធ្វើម៉េច​ឲ្យ​បានផាកពិន័យ​​លើអ្នកដាក់ឧបករណ៍​តកន្ទុយដឹកកង់ និងរ៉ឺហ្គែរ​លើដំបូល​ឡាន​នោះ​។​

យ៉ាងណាក៏ដោយ​ អ្នកមានឡានដាក់ Trailer ឬក៏តកន្ទុយដែកដឹកកង់ និង​រ៉ឺហ្គែរសម្រាប់ដាក់ឥវ៉ាន់​ ឬដាក់តង់​លើដំបូលឡាន ត្រូវតែ​គិត​មុនគេ​ថា ឧបករណ៍របស់​ខ្លួន​ចាប់ភ្ជាប់ឡាន​នេះ រឹងមាំ​ មិនបង្កគ្រោះថ្នាក់ដល់ខ្លួនឯងផង និងជាពិសេសមិនបង្ក​គ្រោះថ្នាក់ដល់អ្នកដំណើរដទៃទៀត តាមផ្លូវនោះទេ​។ ចូរកុំភ្លេច ធ្វើម៉េច​ កុំ​ឲ្យសប្បាយក្លាយជាទុក្ខ ព្រោះតែ​ចង់​យកកង់ ទៅជិះ​លេង​សប្បាយ​ ឬក៏​ដាក់ឥវ៉ាន់ រួមទាំង​តង់លើដំបូលឡាន​ សម្រាប់ចូល​ព្រៃ ឡើងភ្នំ​ តែ​បើសិន​ជា​បង្កគ្រោះថ្នាក់​ដល់​គេឯង នោះ​ច្បាស់ណាស់ថា ម្ចាស់ឡាន​ ម្ចាស់កង់ ត្រូវទទួលខុសត្រូវ​ ចំពោះមុខច្បាប់ គឺ​មិនត្រឹមតែត្រូវប៉ូលិសហៅឃាត់​ផាក​ពិន័យ​ត្រឹមតែ ១៥ម៉ឺនរៀល​នោះ​ឡើយ​៕

Picture
Picture
Picture
Picture
Picture
Picture