ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​នាំ​គ្នា​មក​ទទួល​ការ​ព្យាបាល​ពី​គ្រូពេទ្យ​យោធា​អា​មេ​រិ​ក​-​ជប៉ុន

13 ឆ្នាំ មុន

ខេត្ដ​ព្រះ​សីហ​នុ ៖ ប្រជាពលរដ្ឋប្រមាណ​៥០០​នាក់ បាន​មក​ជួបជុំ​គ្នា​នៅ​ក្នុងមន្ទីរពេទ្យ​បង្អែក​ចំការ​ចេក ខេត្ដ​ព្រះ​សីហ​នុ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ មិថុនា ដើម្បី​រង់ចាំ​ការពិនិត្យ និង​ព្យាបាល​ជំងឺ​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​យោធា​អា​មេ​រិ​ក​-​ជប៉ុន ដែល​បាន​មកព្យាបាល​ជំងឺ​ទូទៅ​នៅ​ប្រទេស​កម្ពុជា​ដោយទឹកចិត្ដ​មនុស្សធម៌ ។លោក​ចាន់ វិបុល ប្រធាន​មន្ទីរពេទ្យបង្អែក​ចំការ​ចេក ខេត្ដ​ព្រះ​សីហ​នុ បានឱ្យ​កោះសន្ដិភាព​ដឹង​ថា ក្រុម​គ្រូពេទ្យ​យោធា​ដែលមក​ព្យាបាល​ជំងឺ

ខេត្ដ​ព្រះ​សីហ​នុ ៖ ប្រជាពលរដ្ឋប្រមាណ​៥០០​នាក់ បាន​មក​ជួបជុំ​គ្នា​នៅ​ក្នុងមន្ទីរពេទ្យ​បង្អែក​ចំការ​ចេក ខេត្ដ​ព្រះ​សីហ​នុ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ មិថុនា ដើម្បី​រង់ចាំ​ការពិនិត្យ និង​ព្យាបាល​ជំងឺ​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​យោធា​អា​មេ​រិ​ក​-​ជប៉ុន ដែល​បាន​មកព្យាបាល​ជំងឺ​ទូទៅ​នៅ​ប្រទេស​កម្ពុជា​ដោយទឹកចិត្ដ​មនុស្សធម៌ ។លោក​ចាន់ វិបុល ប្រធាន​មន្ទីរពេទ្យបង្អែក​ចំការ​ចេក ខេត្ដ​ព្រះ​សីហ​នុ បានឱ្យ​កោះសន្ដិភាព​ដឹង​ថា ក្រុម​គ្រូពេទ្យ​យោធា​ដែលមក​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​នៅពេល​នេះ មាន​២​ប្រទេស គឺ​ក្រុម​គ្រូពេទ្យយោធា​ជប៉ុន​មាន​១៥​នាក់ និង​ក្រុម​គ្រូពេទ្យអា​មេ​រិ​ក​មាន​ចំនួន​៣០​នាក់ ។ ការ​ព្យាបាលបែប​មនុស្សធម៌​នេះ​មាន​រយៈពេល​៧​ថ្ងៃ គិតចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​២១ មិថុនា ឆ្នាំ២០១០ ។ ចំពោះ​ការ​ព្យាបាល និង​ពិនិត្យ​ជំងឺ គឺ​គ្រប់​ប្រភេទ​ជំងឺ​រួម​ទាំង​ការ​វះកាត់​ភ្នែក ច្រមុះ ដុះសាច់បំពង់ក និង​មាត់​ឆែប​ជាដើម​។ លោក​បន្ដ​ទៀត​ថា គិត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៦ មិថុនា មាន​ប្រជាពលរដ្ឋ​ចំនួន​២៨០​នាក់​រួចហើយ ដែល​បាន​ឡើង​ទៅ​ព្យាបាល​ដោយ​ការវះកាត់​នៅ​លើ​កប៉ាល់​ដែល​ចត​នៅ​កណ្ដាលសមុទ្រ ។

ចំពោះ​តួលេខ​អ្នក​ពិនិត្យ​ជំងឺ​ខាងមន្ទីរពេទ្យ​នៅ​ពុំ​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​។ លោក​ម៉ៃ ម៉ា​រិ​ទ្ធ នាយក​នាវាចរណ៍ និងកណ្ណធារ ​នៃ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បានឱ្យ​ដឹង​ថា នាវា​ក្រុម​គ្រូពេទ្យ​មនុស្សធម៌យោធា​ជប៉ុន និង​អា​មេ​រិ​ក​នេះ បាន​ចូល​ចតនៅ​កំពង់​ផែ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី​១៥ មិថុនា ។ លោក​បន្ដ​ទៀត​ថា ចំពោះ​នាវា​យោធា​ជប៉ុន​មានឈ្មោះ KUN-ISAKI មាន​បណ្ដោយ​១៧៨​ម៉ែត្រទទឹង ២៥,៨​ម៉ែត្រ ជំរៅ​ទឹក៧,៨​ម៉ែត្រ ចូល​ចត នៅ​ថ្ងៃ​ទី​១៥ មិថុនា ចាកចេញ​ទៅ​វិញ​នៅ​ថ្ងៃ ទី​២៨ មិថុនា ខាង​មុខ ។ ឯ​នាវា​គ្រូពេទ្យ​យោធា​អា​មេ​រិ​ក​មាន​ឈោះ USNS MERCY មាន​បណ្ដោយ​២៧២,៥​ម៉ែត្រ ទទឹង​៣៣,១ ម៉ែត្រ ជំរៅ​ទឹក​១០​ម៉ែត្រ មាន​សមាជិក​យោធា​សរុប​៧៣៥​នាក់ ក្នុង​នោះ​មាន​ក្រុម​ការងារ​ស្ម័គ្រ​ចិត្ដជា​ជន​ស៊ី​វិល​ចំនួន​៣៤៨​នាក់ នាវា​នេះ​ចូល​ចត​កាលពី​ថ្ងៃ​ទី​១៥ មិថុនា ដែរតែ​ចំពោះ​ការ​ចាកចេញ​នៅ​ពុំ​ទាន់​កំណត់​នៅឡើយ​ទេ ។

លោកស្រី Ria Delacruz ជា​គ្រូពេទ្យ​អា​មេ​រិ​ក​បានឱ្យ​កោះសន្ដិភាព​ដឹង​ថា លោកស្រី​មាន​សេចក្ដី​សោមនស្ស​រីករាយបំផុត​ដែល​មានឱកាស​មក​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ពេល​នេះ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោកស្រី​បាន​ធ្វើការកោតសរសើរ​ដល់​អត្ដ​ចរិត​របស់​ប្រជាពលរដ្ឋខ្មែរ​ដែល​មាន​លក្ខណៈ​ស្លូតបូត​គួរ​ឱ្យ​ស្រលាញ់ និង​គោរព​អ្នក​ចូល​ចិត្ដ​កម្ពុជា ហើយ​បើ​មានឱកាសលោក​ស្រី​នឹង​មក​ម្ដងទៀត ។ នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន អ្នកស្រី ឆោម ស៊ី​ម៉​ន អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ នៅស្រុក​ឈូក ខេត្ដកំពត បាន​និយាយ​ទាំង​ទឹក មុខ​ញញឹម​ថា ថ្ងៃនេះអ្នកស្រី​សប្បាយចិត្ដបំផុត ដែល​បាន​ទទួល​ការ​ពិនិត្យ និង​ព្យាបាល ជំងឺ​បែប​មនុស្សធម៌​ពី​សំណាក់​ក្រុម​គ្រូពេទ្យយោធា​ទាំង​២​ប្រទេស បើ​ទោះបីជា​គាត់​នៅឆ្ងាយ​ក៏​ដោយ ។

អ្នកស្រី​បន្ដ​ទៀត​ថា គាត់មកនេះ គឺ​មក​ព្យាបាល​កូនប្រុស​គាត់​ដែល តែងតែ​ឈឺ​ក្នុង​ពោះ​ឥត​ឈប់​ឈរ ទោះបីកន្លង​មក ខំ​លេបថ្នាំ​យ៉ាងណា​ក៏​ដោយ ហើយគាត់​សង្ឃឹមថា កូនប្រុស​គាត់​នឹង​ជា​សះស្បើយ​បន្ទាប់​ពី​ទទួល​បានការ​ព្យាបាល​ពី​ក្រុម​គ្រូពេទ្យ​យោធា​ជប៉ុន​-​អា​មេ​រិ​ក ។ស្ដ្រី​ឈ្មោះ​រី មាន​ទីលំនៅ​នៅ​ក្រុង​ព្រះ សីហ​នុ​បាន​និយាយ​ថា ភ្នែក​គាត់​ពេល​នេះ​អាច មើល​អ្វី​ៗ​ឃើញច្បាស់​ហើយ បន្ទាប់​ពី​ទទួលការ​ព្យាបាល​និង​ផ្ដល់​វ៉ែនតា​ដល់​រូប​គាត់​ពី សំណាក់​ក្រុម​គ្រូពេទ្យ​មនុស្សធម៌​បរទេស ធ្វើ​ឱ្យ​រូប​គាត់​រីករាយ​រក​អ្វី​ប្រៀបផ្ទឹម​ពុំ​បានឡើយ ។ ក្នុង​ខណៈនោះ​ដែរ គាត់​ក៏​បាន​ធ្វើការ​អំពាវនាវ សូម​ឱ្យ​ក្រុម​គ្រូពេទ្យ​នេះ​វិលត្រឡប់​មក​កម្ពុជា​ម្ដងទៀត ដើម្បី​ព្យាបាលប្រជាពលរដ្ឋ​ដែល​ពុំ​ទាន់​បាន​ទទួល​ការ​ព្យាបាល​ដ៏​កក់ក្ដៅ​នេះ ៕