ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ​៖ មកដល់​ដើមខែ​កក្កដា​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បានប្រកាសថា ប្រតិបត្តិ​ការរំដោះ​ទន្លេ​ចេញពីផ្ទះ​បណ្តែត​ទឹក និង​បែ​ចិញ្ចឹម​ត្រី នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ កាលពីដើម​ខែមិថុនា សម្រេចបាន​ស្ទើរ​ទាំងស្រុង​ហើយ​។ ប៉ុន្តែ​វិធានការ​នេះ…

ភ្នំពេញ​៖ មកដល់​ដើមខែ​កក្កដា​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បានប្រកាសថា ប្រតិបត្តិ​ការរំដោះ​ទន្លេ​ចេញពីផ្ទះ​បណ្តែត​ទឹក និង​បែ​ចិញ្ចឹម​ត្រី នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ កាលពីដើម​ខែមិថុនា សម្រេចបាន​ស្ទើរ​ទាំងស្រុង​ហើយ​។ ប៉ុន្តែ​វិធានការ​នេះ គួរតែ​បន្តសកម្មភាព​ទប់ស្កាត់ និង​អនុវត្ត​ដូច​ភ្លៀងរលឹម ហើយ​ធ្វើ​ព្រមៗ​គ្នា មិន​ថា នៅ​ភ្នំពេញ ឬ​នៅ​បណ្តា​ខេត្ត​នានា​ទេ ដើម្បី​កុំ​ឲ្យ​ក្រុម​អ្នក​ចិញ្ចឹម​ត្រី និង​អ្នករស់នៅ​លើផ្ទះ​បណ្តែត ចូលមក​បោះទីតាំង​ឡើងវិញ ឬក៏​បន្ត​មាន​វត្តមាន​លើ​ទន្លេ​របស់​យើង​តទៅទៀត​។

​នៅក្នុង​កិច្ចប្រជុំ លើក​ទី​២៦ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២១ នៅ​សាលា​រាជធានី​ភ្នំពេញ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​លើក​បង្ហាញ​របាយការណ៍​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​វិធានការ​រៀបចំ​សណ្តាប់ធ្នាប់ របៀបរៀបរយ ទៅលើ​បែរ​ត្រី ផ្ទះ​បណ្ដែត​ទឹក និង​សំណង់​មិន​រៀបរយ នៅលើ​ផ្ទៃ​ទន្លេ នៅ​រាជធានី​ភ្នំពេញ ដែល​គិតដល់​ពេលនេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ អនុវត្ត​ការងារ​របស់ខ្លួន សម្រេចបាន​ប្រមាណ ៩៥ ភាគរយ​ហើយ​។

​អាជ្ញាធរ​រាជធានី​ភ្នំពេញ ចាត់ទុកថា នេះ​ជាការ​អនុវត្ត​វិធានការ​រៀបចំ​សណ្ដាប់ធ្នាប់​លើ​ផ្ទៃ​ទន្លេ បាន​យ៉ាង​រលូន និង​ទទួលបាន​ជោគជ័យ​។ នោះ​គឺ​រាជធានី​ភ្នំពេញ មាន​ខណ្ឌ​ចំនួន​៦ ដែលមាន​ផ្ទះ បណ្ដែត​ទឹក បែ​ត្រី និង​សំណង់​មិន​រៀបរយ នៅតាម​ដង​ទន្លេ រួមមាន​៖ ខណ្ឌ​ព្រែក​ព្នៅ ខណ្ឌ​ជ្រោយចង្វារ ខណ្ឌឫស្សីកែវ ខណ្ឌចំការមន ខណ្ឌមានជ័យ និង​ខណ្ឌ​ច្បារអំពៅ​។ ផ្ទះ​បណ្ដែត​ទឹក បែ​ត្រី និង​សំណង់​មិន​រៀបរយ នៅតាម​ដង​ទន្លេ មាន​ចំនួន រហូតដល់ ១.៤៧២ ទីតាំង ចែកចេញជា ៤ ប្រភេទ ក្នុងនោះ មាន​ប្រភេទ​ជា​បែ​ត្រី សំណង់​មិន​រៀបរយ ដាយ​ត្រី និង​ទូក​នេសាទ ក្នុង​ចំនួន​នេះ មាន​បងប្អូន​ប្រជាពលរដ្ឋ បាន​ស្ម័គ្រចិត្ត​រុះរើ​ចេញមក​លើគោក មាន​ចំនួន ១.២៤២ ទីតាំង​។​

​ក្នុង​វិធានការ​កន្លងមកនេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បានរៀបចំ​ឲ្យ​ក្រុម​អ្នក​ចិញ្ចឹម​ត្រី​ជា​បណ្តោះអាសន្ន​មួយចំនួន ទៅ​តាំងទី​ចល័ត នៅ ២​ទីតាំង​ផ្សេងគ្នា​។ ទីតាំង​ទី​១ នៅជាប់​ព្រំប្រទល់​រវាង​ស្រុក​ពញាឮ និង​ខណ្ឌ​ព្រែក​ព្នៅ មាន​ចំនួន ១៩៤​បែ​ចិញ្ចឹម​ត្រី​។ ទីតាំង​ទី​២ នៅជាប់​នឹង​ស្រុក​លើកដែក ខេត្តកណ្តាល ចំនួន ១៩​បែ​ចិញ្ចឹម​ត្រី​។

​រដ្ឋបាល​រាជធានី​ភ្នំពេញ លើកឡើងថា ការអនុវត្ត​នូវ​វិធានការ​រៀបចំ​សណ្តាប់ធ្នាប់ របៀបរៀបរយ ទៅលើ​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្ដែត​ទឹក និង​សំណង់​មិន​រៀបរយ នៅលើ​ផ្ទៃ​ទឹក តាម​ដង​ទន្លេ នៅ​រាជធានី​ភ្នំពេញ​នេះ ទទួលបាន​ជោគជ័យ គឺ​ដោយសារ​យើង​មាន​វិធានការ​ចំពោះមុខ​ល្អប្រសើរ សហការ​បានល្អ ជាមួយ​ដៃគូ​ពាក់ព័ន្ធ និង​មានការ​គាំទ្រ​ពី​មហាជន​យ៉ាង​ពេញទំហឹង​។

​កាលពី​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២១ កន្លងមកនេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ តាមរយៈ​បណ្តា​ខណ្ឌ​ជាប់​ដង​ទន្លេ បាន​ប្រើ​វិធានការ​រដ្ឋបាល ចុះទៅ​រុះរើ​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ផ្ទះ​តូចៗ និង​សំណង់​មិន​រៀបរយ នៅលើ​ផ្ទៃ​ទន្លេ ដើម្បី​បើកផ្លូវ​នាវាចរ កុំអោយ​ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូ​ឡូ​ហ្ស៊ី មាន​ចរន្តទឹក​ហូរ គោក​រាក់ ពិសេស​កុំអោយ​បន្ត​ការប្រើប្រាស់​ចំណី សម្រាប់​ចិញ្ចឹម​ត្រី និង​ការបញ្ចេញ​កាកសំណល់ ការ​បន្ទោ​របង់ ពាសវាល​ពាសកាល ក្នុង​ទន្លេ ធ្វើឱ្យ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ដល់​ជីវៈចម្រុះ​ក្នុង​ទឹក ខូចគុណភាព​ទឹក បំពុល បរិស្ថាន និង​ប៉ះពាល់​ដល់​សោភ័ណភាព រាជធានី​ភ្នំពេញ ព្រមទាំង​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ដែល​បាន​ប្រើប្រាស់​ទឹក​មិន​ស្អាត​ផងដែរ​។ ការងារ​នេះ ទទួលបាន​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​។​

​យ៉ាងណាក៏ដោយ នៅមាន​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក និង​សំណង់​មិន​រៀបរយ នៅលើ​ផ្ទៃ​ទន្លេ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ៥% មិនទាន់​រុះរើ​ចេញ ពិសេស​បែ​ចិញ្ចឹម​ត្រី​សរុប ២១៣​បែ​ចិញ្ចឹម​ត្រី ដែល​បន្ត​វត្ត​មាននៅ​បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ជាប់​ស្រុក​ពញាឮ ខេត្តកណ្តាល និង​នៅ​ទន្លេមេគង្គ​ក្រោម ក្នុងភូមិ​សាស្ត្រ​ជាប់​ស្រុក​លើកដែក ខេត្តកណ្តាល​។​

​វត្តមាន​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក និង​សំណង់​មិន​រៀបរយ បន្ត​នៅលើ​ផ្ទៃ​ទន្លេ​ទាំងនោះ នៅតែ​អាច​បង្ក​ផលប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូ​ឡូ​ហ្ស៊ី ដោយសារតែ​ការបន្ត​ប្រើប្រាស់​ចំណី សម្រាប់​ចិញ្ចឹម​ត្រី និង​ការបញ្ចេញ​កាកសំណល់ ការ​បន្ទោរ​បង់​ក្នុង​ទន្លេ ធ្វើឱ្យ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ដល់​ជីវៈចម្រុះ​ក្នុង​ទឹក ខូចគុណភាព​ទឹក និង​បំពុលបរិស្ថាន ជាដើម​។​

​យ៉ាងណាក៏ដោយ វិធាន​ការគួរ​ឲ្យ​អបអរសាទរ​របស់រ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ ពេលនេះ ក៏​ចាត់ទុកថា ជា​សមិទ្ធផល​ថ្មី​មួយទៀត ប្រសើរ​ជាង​ការមិន​បានធ្វើ​អ្វី​សោះ​។ តែ​ដើម្បី​ឲ្យ​ទន្លេ​របស់​យើង ត្រូវ​រំដោះ​បាន​ទាំងស្រុង ហើយ​រក្សាបាន​នូវ​គុណភាព​ទឹក ជីវៈចម្រុះ​ក្នុង​ទឹក និង​កុំ​ឲ្យ​មានការ​បំពុលបរិស្ថាន​តទៅទៀត​នោះ គួរតែ​បញ្ចប់​ទាំងស្រុង​តែម្តង ឈប់​ឲ្យ​មាន​អ្នករស់នៅ​លើទឹក និង​ការចិញ្ចឹម​ត្រី​លក្ខណៈ​អាជីវកម្ម​ធំៗ តាម​បែ​ចិញ្ចឹម​ត្រី​រាប់រយ​ពាន់​ត្រី​ក្នុង​១​បែៗ នៅក្នុង​ទន្លេ​របស់​យើង​តទៅទៀត មិន​ថា នៅ​ភ្នំពេញ ឬ​នៅតាម​ខេត្ត​ណា​ណា​នោះទេ​។​

​វិធានការ​រំដោះ​ទន្លេ​នេះ ត្រូវតែ​ធ្វើ​រួមគ្នា ទាំង​នៅ​ភ្នំពេញ និង​ទាំង​នៅតាម​បណ្តា​ខេត្ត​ជាប់​ដង​ទន្លេ​ទាំងអស់ រាប់ទាំង​ទន្លេសាប រហូតដល់​ទន្លេបាសាក់ និង​ទន្លេមេគង្គ ទាំង​មេគង្គ​លើ និង​ទាំង​មេគង្គ​ក្រោម​តែម្តង​។

​គ្មានអ្វី​ធ្វើ​មិន​បានទេ បើសិនជា​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​រាជធានី​ខេត្ត​ទាំងអស់ ព្រមព្រៀងគ្នា ថា​នឹងធ្វើ​។ ដូច​ករណី​នៅ​ភ្នំពេញ ក្នុង​យុទ្ធនាការ​កាលពី​ខែមិថុនា​កន្លងមក​ថ្មីៗ​នេះ ជា​ឧទាហរណ៍​ស្រាប់​។

​ប៉ុន្តែ​វិធានការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹងមិន​ជោគជ័យ​ទាំងស្រុង​ឡើយ បើសិនជា​បន្ត​ឲ្យ​មាន​អ្នករស់នៅ​ផ្ទះ​បណ្តែត​ទឹក និង​បន្ត​មាន​បែ​ចិញ្ចឹម​ត្រី ទោះជា​ថា ពេលនេះ បាន​អូស​ចល័ត​ចេញពី​កន្លែងចាស់​ហើយក៏​ដោយ​។​

​មិនយូរ​មិនឆាប់​ទេ បើសិនជា​មិនមាន​វិធានការ​ស្រង់​យក​អ្នក​ចិញ្ចឹម​ត្រី និង​អ្នករស់នៅ​លើផ្ទះ​បណ្តែត​ទឹក និង​អ្នករស់នៅ​លើ​ទូក យកមក​លើគោក​។ គឺ​ដូចជា​ចក ឬ​កំ​ផ្លោក យូរៗ​នឹង​រសាត់អណ្តែត ហើយក​កើតជា​សហគម​ន៍​ច្រើន​នាក់​ឡើងវិញ ជាមិនខាន បើសិនជា​អាជ្ញាធរ​មូលដ្ឋាន ភ្លេចខ្លួន ឬក៏​ទទួល​លុយកាក និង​ផលប្រយោជន៍​ពី​ក្រុម​អ្នករស់នៅ និង​អ្នក​ចិញ្ចឹម​ត្រី​ទាំងនោះ​។​

​ដើម្បី​ឲ្យ​ទឹកទន្លេ និង​បរិស្ថាន​ល្អ​ស្អាត នៅតាម​ដង​ទន្លេ គួរតែ​រាជរដ្ឋាភិបាល ក្រសួង​ពាក់ព័ន្ធ ពិសេស​អាជ្ញាធរ​រាជធានី​ខេត្ត ក៏​មិនត្រូវ​ភ្លេច​ចំពោះ​ក្រុម​អ្នក​សាងសង់​ផ្ទះ​រស់នៅ​តាម​ច្រាំងទន្លេ ដែល​សព្វថ្ងៃ មាន​កាន់តែច្រើន​ទៅៗ មិន​ថា នៅ​ភ្នំពេញ ឬ​តាម​ខេត្ត​នោះឡើយ​។ អ្នក​ទាំងនោះ បង្ហូរ​កាកសំណល់ ទឹកលូ​បង្គន់​ចូល​ទន្លេ​តែម្តង​។​

​ម្យ៉ាងទៀត លូបង្ហូរទឹក​ស្អុយ ចូល​ទន្លេ ក៏​គួរតែ​គិតគូ​ឡើងវិញ​ផងដែរ​។ នៅ​ភ្នំពេញ ក៏មាន​ច្រើន មាន​ទាំង​ប្រឡាយ​ទឹកស្អុយ កខ្វក់​ថែមទៀត ត្រូវបាន​បង្ហូរ​ចូល​ទន្លេ​រាប់​ឆ្នាំ​មកហើយ​។ ចំណុច​នេះ មិនត្រូវ​មើលរំលង​នោះទេ ខណៈដែល​កាកសំណល់​សំរាម ក៏ត្រូវ​បាន​គេ​បោះចោល​តាម​ច្រាំងទន្លេ និង​អណ្តែត​តាម​មាត់ទឹក​ច្រើន​គួរសម កាន់តែច្រើន​ទៅៗ​។​

​ជា​សរុបមក វិធានការ​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​កន្លងមក ហាក់ដូចជា​ការចាប់ផ្តើម ក្នុង​យុទ្ធនា​ការរំដោះ​ទន្លេ​ពី​ក្រុម​អ្នករស់នៅ​បណ្តែត​ទឹក និង​ក្រុម​អ្នក​ចិញ្ចឹម​ត្រី ដែល​ភាគច្រើន ជា​ជនជាតិ​វៀតណាម​។ តែ​យុទ្ធនាការ​នេះ នឹងត្រូវ​ការ​ពេល​យូរ​ថែមទៀត បូករួម​នឹង​គោលនយោបាយ​ច្បាស់លាស់​ជាង​នេះ ជាជាង​គ្រាន់តែ​រុញច្រាន​បែ​ត្រី ផ្ទះ​បណ្តែត​ទឹក និង​ទូក ចេញ​តែ​ពី​ទីតាំង​ចាស់​។

​ករណី​នៅ​ខេត្តកំពង់ឆ្នាំង និង​សហគមន៍​តាម​ទន្លេសាប​ជាច្រើន​ទៀត ជា​ឧទាហរណ៍ ដែល​យូរ​ឆ្នាំ​មកហើយ បន្ត​ដល់​សព្វ​នៅតែមាន​ក្រុម​អនិកជន​វៀតណាម រស់នៅ​លើទឹក និង​ចិញ្ចឹម​ត្រី ហើយ​ជា​លទ្ធផល​ទន្លេ​យើង កាន់តែ​ក្សត់​ត្រី​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ដោយសារតែ​ការបំពុល​បរិស្ថាន និង​ការប៉ះពាល់​ដល់​ជីវចម្រុះ​ក្នុង​ទឹក​នេះឯង​៕​