ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង្វល់​អន្តរជាតិ ពិភពលោក​ញាំញី​ដោយ​រងើកភ្លើង​នៃ​ជម្លោះ និង​អំពើ​ភេរវកម្ម

9 ឆ្នាំ មុន

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​ថា មហាសន្និបាត​លើក​ទី​៨​នៃ​សភា​តំបន់​អាស៊ី ក្រោម​ប្រធានបទ «​ការ​ជំរុញ​សន្តិភាព ការ​ផ្សះផ្សា និង​ការ​សន្ទនា​នៅ​តំបន់​អាស៊ី​»

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​ថា មហាសន្និបាត​លើក​ទី​៨​នៃ​សភា​តំបន់​អាស៊ី ក្រោម​ប្រធានបទ «​ការ​ជំរុញ​សន្តិភាព ការ​ផ្សះផ្សា និង​ការ​សន្ទនា​នៅ​តំបន់​អាស៊ី​» ពិតជា​មាន​សារសំខាន់ មិន​ត្រឹមតែ​សម្រាប់​ការ​បំផុសស្មារតី​របស់​យើង​ឱ្យ​រួម​គ្នា​ឆ្លើយ​តប​ទាន់​ពេល​ទៅ​នឹង​សភាពការណ៍​វិវត្តន៍​របស់​តំបន់ និង​ពិភពលោក​ដែល​កំពុង​តែ​ញាំញី​ដោយ​រងើកភ្លើង​នៃ​ជម្លោះ និង​សង្គ្រាម​ព្រមទាំង​ការ​រីក​រាលដាល​នៃ​អំពើ​ភេរវកម្ម​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​មនុស្សជាតិ​ទាំងមូល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​សម្រាប់​ការ​រួមចំណែក​លើកកម្ពស់​ការ​យល់​ដឹង​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ​អំពី​អត្ថន័យ និង​តម្លៃ​នៃ​សន្តិភាព និង​ភាព​ចាំបាច់​ក្នុង​ការ​រួមចំណែក​របស់​យើង​ម្នាក់​ៗ​ដល់​កិច្ច​ប្រឹងប្រែង​ជា​អន្តរជាតិ សំដៅ​ទប់ស្កាត់ កាត់​បន្ថយ និង​បញ្ឈប់​រាល់​ជម្លោះ​ប្រដាប់​អាវុធ និង​សង្គ្រាម​នៅ​គ្រប់​ទីកន្លែង​ទូ​ទាំង​ពិភពលោក​ផង​ដែរ ។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​បែប​នេះ នា​ព្រឹក​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ​រេ​ស៊ី​ដង់​សុខា​ភ្នំពេញ ក្នុង​ពិធី​បើក​មហាសន្និបាត​លើក​ទី​៨​របស់​សភា​តំបន់​អាស៊ី (APA) ដែល​ត្រូវ​បាន​រៀបចំ​យ៉ាង​ឱឡារិក​នៅ​លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ មហា​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​មួយ​នេះ កម្ពុជា​ពិតជា​មាន​មោទនភាព​ដ៏​ខ្ពង់ខ្ពស់ ដែល​ទទួល​បាន​នូវ​មហា​កិត្តិយស​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​មហាសន្និបាត​នៃ​សភា​តំបន់​អាស៊ី ។

ទាក់ទិន​នឹង​ប្រធានបទ​ខាងលើ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​រំលេច​ឱ្យ​ឃើញ​នូវ​តំបន់​មួយ​ចំនួន​នៃ​ពិភពលោក​យើង​បច្ចុប្បន្ន​នេះ សន្តិភាព​កំពុង​ត្រូវ​បាន​គំរាម​ដោយសារ​ជម្លោះ​សង្គ្រាម​និង​អំពើ​ភេរវកម្ម ដែល​ធ្វើ​ឱ្យ​បាត់បង់​ជីវិត​មនុស្ស និង​បំផ្លាញ​ទ្រព្យសម្បត្តិ​អស់​ច្រើន​សន្ធឹកសន្ធាប់ ។ ហេតុការណ៍​ដែល​បាន​កើតឡើង​ថ្មី​ៗ​នៅ​ទីក្រុង​ប៉ា​រី​ស ក៏​ដូច​ជា​ការ​វាយប្រហារ​ទម្លាក់​យន្តហោះ​អ្នកដំណើរ​រុ​ស្ស៊ី ដោយ​ពួក​ភេរវ​ករ​នៅ​ប្រទេស​អេ​ហ្ស៊ី​ប ព្រមទាំង​ការ​បាញ់​សម្លាប់​រង្គាល​នៅ​រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា នៃ​សហរដ្ឋអាមេរិក ប៉ុន្មាន​ថ្ងៃមុន​នេះ បាន​បញ្ជាក់​ជា​ថ្មី​ថា អំពើ​ភេរវកម្ម និង​ចលនា​ជ្រុលនិយម​នៅ​តែ​បន្ត​គំរាមកំហែង​យ៉ា​ង​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ និង​ស្ថិរភាព​នៅ​ក្នុង​ពិភពលោក ។ ទន្ទឹម​នេះ​យើង​សង្កេត​ឃើញ​ថា ចលនា​ជ្រុលនិយម​និង​លទ្ធិ​ជ្រុលនិយម​នេះ កំពុង​តែ​សាយភាយ​មក​ក​ដល់​តំបន់​ផ្សេង​ៗ​រួម​ទាំង​តំបន់​អាស៊ី​របស់​យើង​ផង​ដែរ ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក៏​បាន​លើក​ឡើង​អំពី​ព្រឹត្តិការណ៍​នៅ​មជ្ឈិម​បូព៌ា នៅ​ពេល​ដែល​ជនជាតិ​ប៉ា​គី​ស្ថាន និង​ជនជាតិ​ដទៃ​ទៀត​ស្លាប់​ក្នុង​មួយ​ថ្ងៃ​ៗ​ច្រើន​ណាស់ ក៏​ប៉ុន្តែ​ហាក់ដូចជា​កង្វល់​ជាមួយនឹង​ការ​ទុក្ខសោក​នេះ មិនសូវ​ទទួល​បានការ​ចាប់អារម្មណ៍​ទេ ។

តើ​ដល់​ដំណាក់​កាលដែល​បញ្ជ​ប់​នូវ​មោទនភាព​ស្ដី​ពី​បដិវត្តន៍​ពណ៌​ហើយ​ឬ​នៅ? នេះ​ជា​ចំណុច​ដែល​គួរ​សិក្សា​ផង​ដែរ ។

សម្ដេច​តេ​ជោ​បាន​លើក​ឡើង​ថា ភេរវកម្ម​កើតមក​ពី​អ្វី? ក៏​គួរ​ត្រូវ​បាន​សិក្សា​ស្រាវជ្រាវ​ក្នុង​បរិបទ​នៃ​ពិភពលោក​ក្នុង​សម័យ​ថ្មី​នេះ ។ សូ​ម្បី​ការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​ក៏​មាន​ស្ដង់ដា​២​ដែរ​នៅ​ពេល​ដែល​គេ​វាយ​ប្រទេស​ខ្លះ ប្រទេស​នោះ​ចាត់​ទុក​ថា អ្នក​ដែល​វាយប្រហារ​គឺជា​ភេរវកម្ម​។ ប៉ុន្ដែ​នៅ​ពេល​ដែល​មាន​ភេរវកម្ម​នៅ​ប្រទេស​មួយ​ផ្សេង​ទៀត ប្រទេស​ដទៃ​ចាត់​ទុក​ថា នោះ​ជា​ការ​ទាមទារ​សិទ្ធិ ។

តើ​នេះ​ជា​ចំណុច​ដែល​យើង​ក្នុង​ឋានៈ​ជា​រដ្ឋ​អធិបតេយ្យ​នៅ​ក្នុង​ក្រប​ខណ្ឌ​តំបន់​អា​សុ​ី​របស់​យើង ត្រូវ​ធ្វើការ​ពិនិត្យពិច័យ​ឬទេ?
ការ​ធ្វើ​បដិវត្ដន៍​ពណ៌​នៅ​មជ្ឈិម​បូព៌ា ពី​ទុ​យ​នេ​ស៊ី ដល់​អេ​ហ្ស៊ីប ដល់​លី​ប៊ី ដល់​យេ​ម៉ែ​ន ឥឡូវនេះ​នៅ​ស៊ីរី កំពុង​ក្លាយជា​ប្រធានបទ​ដ៏​ក្ដៅ​គគុក ទន្ទឹម​នឹង​ការ​សម្លាប់​ជា​រៀងរាល់ថ្ងៃ​ពី​សំណាក់​ពួក​អ៊ីស្រា​អែ​ល លើ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន នៅ​តំបន់​កា​ហ្សា ។

តើ​ទាំង​អស់នេះ​ជា​បញ្ហា​អ្វី​ទៅ?
ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ សម្ដេច​តេ​ជោ​បាន​លើក​ជា​សំណួរ​ថា តើ​ពិភពលោក​គួរ​មាន​ស្ដង់ដា​តែ​មួយ ឬ​មាន​ស្ដង់ដា​ពីរ? ឬ​ក៏​មាន​ស្ដង់ដា​បី?
សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​ឯកភាព​ជាមួយ​លោក មៀន រ៉ា​ហ្សា​រ៉ា​បា​នី ប្រធាន​សភា​តំបន់​អា​ស៊ី ហើយ​នៅ​ពេល​បន្តិចទៀត យើង​នឹង​ជួប​គ្នា យើង​មាន​ទស្សនៈ​ស្របគ្នា​នៅ​លើ​ចំណុច​នេះ ។

សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី បញ្ជាក់​ថា ល្មម​ដល់​ពេល​ដែល​ត្រូវ​ធ្វើការ​ដកហូត​បទ​ពិសោធន៍​លើ​បញ្ហា​នេះ ។ ខ្ញុំ​នៅ​ចាំ​បាន​ថា កាលពី​ឆ្នាំ​កន្លង​ទៅ ក្នុង​កិច្ចប្រជុំ​អាស៊ាន​-​អា​មេ​រិ​ក នៅ​ឯ​ណៃ​ពិដោ នៃ​សហភាព​មី​យ៉ា​ន់​ម៉ា ខ្ញុំ​បាន​និយាយ​ត្រង់​ៗ​ទៅ​កាន់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក បាន គី​មូ​ន បន្ទាប់​មក ខ្ញុំ​បាន​និយាយ​ត្រង់​ៗ និង​ចោទ​ជា​សំណួរ​ចំពោះ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក អូ​បា​ម៉ា ។ ខ្ញុំ​បាន​និយាយ​តាម​ហេតុផល​ថា ដៃ​ម្ខាង​វ៉ៃ​អាសា​ដ ដៃ​ម្ខាង​វ៉ៃ ISIS វា​គ្រាន់តែ​ជា​គណិត​វិទ្យា ១-១ ស្មើនឹង​សូន្យ តែ​ប៉ុណ្ណោះ ។

ខ្ញុំ​បាន​សួរ​លោក​ប្រធានាធិបតី អូ​បា​ម៉ា ថា ខ្ញុំ​និយាយ​ដំបូង​ខ្ញុំ​បើកផ្លូវ​ថា ខ្ញុំ​គាំទ្រ​នូវ​នូវ​ការ​វាយប្រហារ​ពួ​ក៉ៃ​ISIS ក៏​ប៉ុន្តែ​នៅ​ពេល​របប អាសា​ដ​ក៏​វ៉ៃ​ISIS កម្លាំង​អន្តរាគមន៍​ដឹកនាំ​ដោយ​អា​មេ​រិ​ក​ក៏​វ៉ៃ​ISIS ពិនិត្យ​ជា​ធម្មជាតិ​របស់​វា​គឺជា​សម្ព័ន្ធភាព ប៉ុន្តែ​នៅ​ពេល​ណាមួយ​ដែល​ធ្វើ​ឱ្យ​របប​អាសា​ដ​ទន់ខ្សោយ គឺជា​ការ​បង្កើន​កម្លាំង​ឱ្យ​ពួក ISIS តែ​ប៉ុណ្ណឹង ។

សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ថា តើ​ល្មម​ដល់​ពេល​ពិនិត្យ​ឡើង​វិញ នូវ​នយោបាយ​ចំពោះ​របប​អាសា​ដ ឬទេ ? ចំណុច​នេះ​មាន​ប្រទេស​ជា​ច្រើន ដែល​មិន​ស្រប​ជាមួយ​គ្នា សូ​ម្បី​តែ​ប្រតិបត្តិការ​បច្ចុប្បន្ន ដែល​កំពុង​វាយ​នៅ​ក្នុង​ប្រទេស​ស៊ី​រី ក៏​មាន​បញ្ហា​រួច​ស្រេច​ទៅ​ហើយ ។

ដូច្នេះ​ចំណុច​ទាំង​អស់នេះ នៅ​ពេល​ដែល​ពួក​ភេរវកម្ម​ធ្វើ​សកម្ម​ឯកភាព ទោះបី​ជ្រក​ក្រោម​ស្លាក ISIS ឬ​អាល់​កៃ​ដា ឬ​តា​លី​បង់ ឬ​ក្រុម​នេះ ក្រុម​នោះ ប៉ុន្តែ​គោលដៅ​របស់​វា​តែ​មួយ​គត់ គឺ​បំផ្លាញ​ជីវិត​មនុស្ស​ដោយ​មិន​រើសមុខ ក្នុង​ពេល​ដែល​កម្លាំង​ប្រឆាំង​ភេរវកម្ម​កំពុង​មានការ​បែកខ្ញែក និង​មាន​គ្រាន់តែ Double Standard ទេ​។ ប៉ុន្តែ​ខ្ញុំ​អាច​និយាយ​បាន​ថា វា​លើស​ពី​២​ស្តង់ដា វា​ទៅ​ជា​៣​ស្តង់ដា​ឯណោះ សម្រាប់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម ។

ខ្ញុំ​សង្ឃឹមថា ស្ថាប័ន​នីតិប្បញ្ញត្តិ​អាច​ជួយ​រួមចំណែក​ដើម្បី​ឱ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយ​ៗ​ពិនិត្យ​ឡើង​វិញ នូវ​នយោបាយ​ប្រឆាំង​ភេរវកម្ម ព្រោះថា​បច្ចុប្បន្ន​នេះ​សកម្មភាព​ដាច់​ដោយឡែក​ៗ​នៃ​រដ្ឋ​នីមួយ​ៗ និង​ការ​មិន​ចុះសម្រុង​គ្នា​ខ្លះ គឺ​បាន​ក្លាយជា​ឧបសគ្គ ។

សម្តេច​តេ​ជោ​មាន​ប្រសាសន៍​បន្ត​ថា នៅ​ពេល​ប្រជុំ​ចុង​ក្រោយ​នេះ​រវាង​អាស៊ាន​-​សហរដ្ឋអាមេរិក ខ្ញុំ​ក៏​បាន​និយាយ​សា​ជា​ថ្មី​ម្តងទៀត ខ្ញុំ​ប្រាប់​ទៅ​ប្រធានាធិបតី​អា​មេ​រិ​ក ថា ខ្ញុំ​ទៅ​មិន​ឆ្ងាយ​នូវ​ប្រធានបទ​ដែល​បាន​កើតឡើង​កាលពី​ឆ្នាំ​២០១៤ នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​នោះ​ទេ ។ តើ​គួរ​ទុក​មួយអន្លើ​នៃ​ជម្លោះ​ខ្លះ ដើម្បី​រួម​កម្លាំង​គ្នា​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម ព្រោះ​សូ​ម្បី​តែ​ដំណាក់កាល​ចុង​ក្រោយ​មានការ​ចោទ​គ្នា​ថា អ្នកខ្លះ​ទិញ​ប្រេង​ពី​ពួក​ISIS​ទៀត​ផង ។ នេះ​ជា​បញ្ហា​ធំ​ណាស់​សម្រាប់​ពិភពលោក ដែល​គំរាមកំហែង​ដោយ​ភេរវកម្ម ។

មុន​នេះ ភេរវកម្ម​កើត​ច្រើន​នៅ​ប៉ា​គី​ស្ថាន នៅ​ឥណ្ឌូ​ណេ​ស៊ី នៅ​ក្នុង​តំបន់​របស់​យើង​នេះ ប៉ុន្តែ​ឥឡូវ​ភេរវកម្ម​នេះ​បាន​វាយប្រហារ​ទៅ​អឺរ៉ុប ទៅ​សហរដ្ឋ​អាម​រិ​ក ហើយ​ក៏​បាន​ទៅ​តំបន់​ផ្សេង​ៗ​ទៀត ដោយ​គ្មាន​រើសអើង រើសមុខ​ទេ ។

សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​ថា កាលពី​ម្សិលមិញ ខ្ញុំ​ជួប​តំណាង​អង្គការសហប្រជាជាតិ ខ្ញុំ​បាន​និយាយ​ថា គេ​និយាយ​ថា ប្រទេស​កម្ពុជា​មិន​មាន​ពួក ISIS ចូល​មក​ដល់ ក៏​ប៉ុន្តែ​កម្ពុជា​ក៏​មិន​ត្រូវ​ភ្លេចខ្លួន ។ គេ​អាច​វ៉ៃ​នៅ​ប្រទេស​ដទៃ​ក្នុង​តំបន់​យើង ក៏​ប៉ុន្តែ​គេ​យក​កម្ពុជា​ធ្វើ​ជា​តំបន់​សុវត្ថិភាព​ទៅ​វិញ ក៏​អាច​ថា​បាន ។ ដូច្នេះ​ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ជាមួយនឹង​បញ្ហា ។

ខ្ញុំ​លើកយក​រឿង​នេះ​មក​និយាយ ប៉ុន្តែ​លោក​ប្រធាន​លើក​រឿង​នេះ​យក​មក​និយាយ​ធ្វើ​ឱ្យ​ខ្ញុំ​ចាប់អារម្មណ៍​ខ្លាំង​ណាស់ ព្រោះ​រឿង​នេះ​គឺ​ស្ថិត​នៅ​ក្នុង​បរិបទ​នៃ​ប្រធានបទ​ដែល​យើង​បាន​លើកយក​មក​ពិភាក្សា ។

បន្ថែម​ពីលើ​នេះ សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​ថា ពិភពលោក​យើង​កំពុង​តែ​បន្ត​ជួប​ប្រទះ​នឹង​បញ្ហា​ប្រឈម​ធំ​ៗ​ជា​ច្រើន​ផ្សេង​ទៀត​រួម​មាន​ដូច​ជា ភាព​ផុយ​ស្រួយ​នៃ​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​អភិវឌ្ឍន៍ ដែល​គួប​ផ្សំ​នឹង​ការ​អូស​បន្លាយ​នៃ​វិបត្តិ​បំណុល​នៅ​តំបន់​អឺរ៉ុប ។ ការ​ថមថយ​នៃ​កំណើនសេដ្ឋកិច្ច​នៅ​ប្រទេស​ដែល​កំពុង​ស្ទុះ​ងើបឡើង ពិសេស​ប្រទេស​ចិន វិបត្តិ​នយោបាយ និង​សង្គម​ដែល​កំពុង​បន្ត​កើត​មាននៅ​មជ្ឈិម​បូព៌​៌ា និង​អាហ្វ្រិក​ខាងជើង ។ បញ្ហា​សន្តិសុខ​ស្បៀង និង​ថាមពល ការ​ប្រែប្រួល​អាកាសធាតុ គ្រោះ​មហន្តរាយ​ធម្មជាតិ ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ជាដើម​…​ដែល​សុទ្ធតែ​អាច​បង្ក​ជា​បច្ច័យ​អាក្រក់​ដល់​ស្ថិរភាព និង​សន្តិភាព​សម្រាប់​ប្រជាជាតិ​ទាំងឡាយ​ទាំង​ក្នុង​កម្រិត​សកល ទាំង​ក្នុង​កម្រិត​តំបន់ ។

ក្នុង​ន័យ​នេះ ការ​ប្រារព្ធ​មហាសន្និបាត​លើក​ទី​៨​នៃ​សភា​តំបន់​អាស៊ី​ក្រោម​ប្រធានបទ «​ការ​ជំរុញ​សន្តិភាព ការ​ផ្សះផ្សា និង​ការ​សន្ទនា​នៅ​តំបន់​អាស៊ី​» នា​ពេល​នេះ គឺជា​ឱកាស​មួយ​ដ៏​សំខាន់​សម្រាប់​ក្រើនរំឭក​អំពី​ភាព​ចាំបាច់​ខ្វះ​ពុំ​បាន​នៃ​ការ​ពង្រឹង​សាមគ្គីភាព ឯកភាព​ជាតិ និង​កិច្ចសហការ​ពួតដៃគ្នា​ជា​ធ្លុង​មួយ​រវាង​បណ្ដា​ប្រជាជាតិ ដើម្បី​ធានា​ថែរក្សា​ឱ្យ​បាន​គង់វង្ស​នូវ​សុខ​សន្តិភាព ទាំង​ក្នុង​កម្រិត​ជាតិ កម្រិត​តំបន់ និង​កម្រិត​ពិភពលោក តាម​រយៈ​ការ​លើកកម្ពស់​វប្បធម៌​អហិង្សា និង​វប្បធម៌​សន្ទនា ការ​អត់ធ្មត់ និង​ការ​យោគយល់​គ្នា​ជា​ភាត​រៈ ការ​និយម​កណ្ដាល និង​ការ​ដោះស្រាយ​ទំនាស់​និង​បញ្ហា​វិវាទ​ធំ​ៗ ដោយ​សន្តិវិធី និង​ដោយ​ឈរ​លើ​គោលការណ៍​នៃ​ច្បាប់​ជាតិ និង​អន្តរជាតិ នៅ​ក្នុង​សង្គម​ជាតិ​របស់​យើង​នីមួយ​ៗ ទាំង​រវាង​ប្រទេស​ជាតិ​យើង​តែ​មួយ ៕