ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំងឺ​ចំនួន​១២​នាក់ ត្រូវ​អនុញ្ញាត​ឱ្យ​ព្យាបាល​នៅផ្ទះ​រៀង​ៗ​ខ្លួន​ក្រោយ​រក​ឃើញ​ផ្ទុក​កូ​វី​ដ​១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

ក្រុម​គ្រូពេទ្យ និង​អាជ្ញាធរ​សង្កាត់​បឹង​ទំពន់​ទី​១ បាន​បន្ត​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​១២​នាក់​ទៀត​ហើយ នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​បឹង​ទំពន់​ទី​១ នៃ​ខណ្ឌមានជ័យ នៅ​វេលា​ថ្ងៃ​ទី

រាជធានី​ភ្នំពេញ ៖ ក្រុម​គ្រូពេទ្យ និង​អាជ្ញាធរ​សង្កាត់​បឹង​ទំពន់​ទី​១ បាន​បន្ត​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​១២​នាក់​ទៀត​ហើយ នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​បឹង​ទំពន់​ទី​១ នៃ​ខណ្ឌមានជ័យ នៅ​វេលា​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០២១ ប៉ុន្តែ​អ្នក​ទាំង​១២​នោះ ពុំ​ត្រូវ​បាន​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ឬ​ទីតាំង​សម្រាប់​សម្រាក​ព្យាបាល​ឡើយ គឺ​ក្រុម​គ្រូពេទ្យ​អនុញ្ញាត​អោយ​មានការ​ព្យាបាល​ដោយ​ខ្លួនឯង​នៅ​ក្នុងផ្ទះ​រៀង​ៗ​ខ្លួន ។

អ្នក​វិជ្ជមាន​ទាំង​១២​នាក់​នោះ គឺ​រស់នៅ​ក្នុងភូមិ​ចំនួន​៣ នៃ​សង្កាត់​បឹង​ទំពន់​ទី​១ មាន​ភូមិ​សន្សំ​កុសល​២ , ភូមិ​ចំរើន​ផល​១ និង​ភូមិ​ចំរើន​ផល​៤ ។

លោក កុយ សា​មឺ​ឌី ស្មៀន​សង្កាត់​បឹង​ទំពន់​ទី​១ បាន​ប្រាប់​អោយ​ដឹង​ថា អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ទាំង​១២​នាក់ ដែល​ត្រូវ​ក្រុម​គ្រូពេទ្យ​អនុញ្ញាត​អោយ​ព្យាបាល​ដោយ​ខ្លួនឯង​នៅ​ក្នុងផ្ទះ គឺ​ក្រុម​គ្រូពេទ្យ​បាន​ធ្វើការ​ពិនិត្យ​លើ​អាកា​រៈ​សុខភាព ឃើញ​ថា មាន​សុខភាព​មាំទាំ​ល្អ ហើយ​ទី​សំណាក់​របស់​ពួក​គេ គឺ​មាន​លក្ខណៈ​ធំ​ទូលាយ មាន​ខ្យល់​គ្រប់គ្រាន់​ចេញ​-​ចូល ទើប​ក្រុម​គ្រូពេទ្យ​សម្រេច​អនុញ្ញាត​អោយ​សម្រាក​នៅផ្ទះ​ព្យាបាល ដោយ​គោរព​តាម​គោលការណ៍​ណែនាំ​មួយ​ចំនួន ជា​ពិសេស​វិធាន​សុខាភិបាល ។

លោក​ស្មៀន​សង្កាត់​ដដែល​បន្ត​ថា អ្នក​វិជ្ជមាន​ទាំង​១២​នាក់ ត្រូវ​បាន​ណែនាំ​អោយ​ដាក់ខ្លួន​នៅ​ដាច់​ដោយឡែក​ពី​សមាជិក​ក្នុង​គ្រួសារ ហើយ​ត្រូវ​ពាក់​ម៉ាស់ បាញ់​អាល់កុល​អោយ​ទៀងទាត់ ត្រូវ​នៅ​កន្លែង​ដែល​មាន​ខ្យល់​ចេញ​-​ចូល ធ្វើ​លំ​ហាត់ប្រាណ​ជា​ប្រចាំ សម្រាក និង​ញុំ​ា​ម្ហូបអាហារ​ដែល​មាន​ជីវជាតិ​គ្រប់គ្រាន់ ក៏​ដូច​ជា​ញុំ​ា​ទឹក​អោយ​បាន​ច្រើន ហើយ​ពិសេស​នោះ បើ​ក្នុង​ករណី​អាកា​រៈ​សុខភាព​មានការ​ធ្វើទុក្ខ​ណាមួយ​នោះ គឺ​ត្រូវ​ទំនាក់ទំនង​ទៅ​កាន់​ក្រុម​គ្រូពេទ្យ​ដែល​ប្រចាំការ​ក្នុង​មូលដ្ឋាន​សង្កាត់ ដើម្បី​ចុះ​ពិនិត្យ​តាមដាន​អាកា​រៈ​សុខភាព​បន្ត​ទៀត ។

លោក​បាន​បន្ត​ថា ចំពោះ​កុមារ​តូច​ៗ ឬ​មនុស្ស​ចាស់ជរា​នោះ គឺ​ពុំ​ត្រូវ​អនុញ្ញាត្តិ​អោយ​មានការ​សម្រាក​ព្យាបាល​នៅផ្ទះ​ឡើយ គឺ​ត្រូវ​ដឹក​យក​ទៅ​ព្យាបាល លើកលែងតែ​ជា​មនុស្ស​ជំទង់ មាន​សុខភាព​មាំទាំ ពេញកម្លាំង​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​អនុញ្ញាត ។
ទន្ទឹម​នឹង​ការ​អនុញ្ញាត​អោយ​សម្រាក​នៅផ្ទះ​ដោយ​ខ្លួនឯង​នោះ គឺ​ពុំ​មានការ​ផ្តល់​ថ្នាំ​សម្រាប់​លេប​ឡើយ ដោយសារ​មិន​ទាន់​មាន​គោលការណ៍​ក្នុង​ការ​ផ្តល់​ជូន​សម្រាប់​លេប ។ ក្នុង​នោះ​ក្រុម​គ្រូពេទ្យ​បាន​ណែនាំ​អោយ​អ្នកជំងឺ​អាច​ពឹងពាក់​បងប្អូន​សាច់ញាតិ ឬ​អ្នក​ស្គាល់គ្នា ជួយ​ទិញ​ថ្នាំ​តាម​ឱសថស្ថាន​មក​លេប​ដោយ​ខ្លួនឯង ឧទាហរណ៍​ថា បើ​មាន​អាកា​រៈ​ឈឺ​.​ក សូម​ទិញ​ថ្នាំ​ឈឺ​.​ក មាន​ឈឺក្បាល​សូម​ទិញ​ថ្នាំ​ព្យាបាល​ជាដើម ។

សូម​បញ្ជាក់​ថា ចំពោះ​ទីតាំង​ដែល​ត្រូវ​រក​ឃើញ​មាន​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​ហើយ​នោះ ក្រុម​អាជ្ញាធរ​បាន​សម្រេច​ធ្វើការ​ឃ្លុំ​ប៉េ​ទីតាំង​ជា​បណ្តោះអាសន្ន ។ ក្នុង​នោះ​ដែរ សមាជិក​ដែល​នៅ​ក្នុង​ទីតាំង ក្រោយ​តេស្ត​សំណាក​ឃើញ​ថា អវិជ្ជមាន​ហើយ​នោះ គឺ​ត្រូវ​តម្រូវ​អោយធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ទាំងអស់​គ្នា ។

គួរ​បញ្ជាក់​ទៀត​ថា ចំពោះ​ការ​អនុញ្ញាត​អោយ​អ្នកជំងឺ​សម្រាក​ព្យ​បាល​នៅផ្ទះ​ដោយ​ខ្លួនឯង​នោះ គឺ​ពុំ​មែន​ជា​ការ​អនុញ្ញាត្តិ​អោយ​ឯកឯង​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​ឡើយ គឺ​ដោយ​មានការ​ស្នើ​សុំ​ពី​អ្នកជំងឺ ហើយ​បន្ទាប់​ពី​មានការ​ស្នើ​សុំ​រួច ក្រុម​គណៈ​ក​ម្មា​ការ មាន​គ្រូពេទ្យ និង​អាជ្ញាធរ​តំបន់ នឹង​ពិនិត្យ រួច​ធ្វើការ​វាយតម្លៃ​ទៅ​លើ​អាកា​រៈ​អ្នកជំងឺ ទីតាំង​សំណាក់​ដែល​កំពុង​រស់នៅ បូក​រួម​ជាមួយ​ចំនួន​សមាជិក​ក្នុង​គ្រួសារ​ជាដើម មុន​នឹង​ឈាន​ដល់​ការ​អនុញ្ញាត​អោយ​សម្រាក​ព្យាបាល​នៅផ្ទះ​ដោយ​ខ្លួនឯង ។ ហើយ​វិធាន​នៃ​ការ​ព្យាបាល និង​ការពារ គឺ​ដូច​បាន​រៀបរាប់​នៅ​ខាងលើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ