ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថាធិប្បាយ៖ សំណុំរឿងប្រាសាទបុរាណ​ទាក់ទងនឹងថៃ​ «ភាពរសើប និងស្មារតីជាតិនិយម»

2 ខែ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ដោយសារតែ​ស្មារតី​ជាតិនិយម​ ហើយ​ស្នាម​ប្រវត្តិ​សាស្ត្រ​ពីអតីតកាលផង នាំ​ឲ្យខ្មែរ​យើងដោយច្រើន​ បាន​បញ្ចេញប្រតិកម្ម​​ប្រឆាំងជំទាស់​ ក្នុងករណី​ប៉ុន្មាន​ថ្ងៃនេះ ដែលថា ថៃ​បាន​សាងសង់​ប្រាសាទថ្ម នៅខេត្តបុរីរម្យ ប្រទេសថៃ…

ភ្នំពេញ៖ ដោយសារតែ​ស្មារតី​ជាតិនិយម​ ហើយ​ស្នាម​ប្រវត្តិ​សាស្ត្រ​ពីអតីតកាលផង នាំ​ឲ្យខ្មែរ​យើងដោយច្រើន​ បាន​បញ្ចេញប្រតិកម្ម​​ប្រឆាំងជំទាស់​ ក្នុងករណី​ប៉ុន្មាន​ថ្ងៃនេះ ដែលថា ថៃ​បាន​សាងសង់​ប្រាសាទថ្ម នៅខេត្តបុរីរម្យ ប្រទេសថៃ ដោយចម្លង​តាម​ប្រាសាទ​អង្គរវត្ត​។ ប៉ុន្តែ​បន្ទាប់​ពីការស្រាវជ្រាវ​ និងប្រមូល​ព័ត៌មាន ចុះដល់កន្លែង សាងសង់​ប្រាសាទនោះរួចមក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសថា សំណង់ នៅក្នុងវត្តមួយ នៅប្រទេសថៃនោះ មិន​បានលួចចម្លងប្លង់ ឬសាងសង់តាមរចនាបថ​ស្ថាបត្យ​កម្ម ​ដូចគ្នាទៅនឹងប្រាសាទអង្គរវត្ត ឬក៏ប្រាសាទបុរាណណាមួយ នៅកម្ពុជាយើងនោះទេ​។

ក្នុង​សេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ស្តី​ពី ការសាងសង់​ប្រាសាទថ្ម នៅខេត្តបុរីរម្យ នៃប្រទេសថៃ ​ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើកឡើងថា តាមរយៈ​បណ្តាញសង្គម ជា​​ពិសេស​ប្រ​ព័ន្ធ​​ហ្វេសប៊ុក​ ពាក់ព័ន្ធនឹងការសាងសង់​ប្រាសាទថ្មមួយ នៅ​ខេត្តបុរី​រម្យ ​ក្នុងប្រទេសថៃ នារយៈពេលប៉ុន្មាន​ថ្ងៃកន្លងមកនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទំនាក់ទំនង និងសហការយ៉ាងជិតស្និទ្ធជាមួយស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ ដើម្បីស្រាវជ្រាវ​ប្រមូលព័ត៌មានបន្ថែម​។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសថា ស្ថានឯកអគ្គរាជទូតកម្ពុជា បានចុះធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និង​ប្រមូលបានព័ត៌មានជាបឋមមួយចំនួន​ ដូចខាងក្រោម៖

១. សំណង់ប្រាសាទនេះ ជាសំណង់មួយ ក្នុងចំណោម​សំណង់​ប្រាសាទថ្មដទៃៗទៀត មានភាព​ចម្រុះគ្នា ជាទីប្រតិ​ស្ឋា​ន​នៃព្រះពុទ្ធរូបសម្រាប់​បូជា ស្ថិតនៅក្នុងវត្តពុទ្ធបាទ​សិលា​ភូម៉ានហ្វា នៃភូមិណងបូឡាយ ឃុំបានស៊ិង ស្រុកណាងរ៉ង ខេត្តបុរីរម្យ នៃព្រះរាជាណាចក្រ​ថៃ​។ សំណង់នេះ ធ្វើពីថ្មភក់​ នៅផ្នែកក្រៅ និងចាក់បេតុងបង្កប់​ដែក​ពីខាងក្នុង​។

២. តាមរយៈការបំភ្លឺ និងបង្ហាញឯកសារ ប្លង់ សំណង់នានា ព្រះចៅអធិការវត្ត បានបញ្ជាក់ថា ការសាង​សង់ប្រាសាទនេះ ​មិន​បានលួចចម្លងប្លង់ ឬសាងសង់តាមរចនាបថ​ស្ថាបត្យ​កម្ម​ ដូចគ្នាទៅនឹងប្រាសាទអង្គរវត្ត ឬក៏ប្រាសាទបុរាណណាមួយ នៅកម្ពុជាឡើយ​​ ពោលគឺសាងសង់តាមគំនូសប្លង់ដោយខ្លួនឯង និងរចនាទៅ​តាមស្ថាបត្យកម្មប្រាសាទមួយចំនួន ដែលមានក្នុងតំបន់នោះ។

៣. តំណាងអ្នកសម្របសម្រួលនៃគម្រោងស្ថាបនាប្រាសាទ ក៏ស្វាគមន៍​ឱ្យមន្ត្រីជំនាញផ្នែក​ស្ថាបត្យកម្មកម្ពុជា ចុះពិនិត្យដោយផ្ទាល់បាន ក្នុងករណីមានការ​​មន្ទិលសង្ស័យ​។

ជាមួយនឹងការប្រកាសដូច្នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បាន​ប្រកាសថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅចំពោះបងប្អូនជនរួមជាតិ ដែលតែងយកចិត្តទុកដាក់​ ការ​ពារ លើកតម្កើង​កិត្យានុភា​ព អត្តសញ្ញាណជាតិ ​ព្រមទាំង​សិល្បៈវប្បធម៌ដ៏ថ្លៃថ្លា​របស់ជាតិ ប្រកបដោយ​សេចក្តីថ្លៃថ្នូរដ៏ខ្ពង់ខ្ពស់។ ក្រសួង ក៏បានបញ្ជាក់បន្ថែមថា នឹង​ធ្វើការ ហើយតាមដាន​ការងារនេះ ដោយ​យកចិត្តទុកដាក់​។

ករណីថ្មីចុងក្រោយនៃការសាងសង់ប្រាសាទ​ថ្ម នៅខេត្តបុរីរម្យ ប្រទេសថៃនេះ ជាករណីសិក្សា ដក​ពិសោធន៍ថ្មីមួយទៀត សម្រាប់ខ្មែរ​យើង​។ ទី១-បង្ហាញថា ស្មារតីជាតិនិយមរបស់​ខ្មែរយើង នៅតែបន្ត​មាន និងមិន​ឲ្យ​នរណាម្នាក់ មកចម្លងស្នាដៃ​របស់​បុព្វបុរស​ខ្មែរយើង ដែល​ជាស្នាដៃ​គ្មានពីរលើលោក​នោះឡើយ។​ ទី២-ការឆ្លើយ​តបរបស់​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ ក៏ធ្វើបាន​លឿន​ និងសហការ​ជាមួយស្ថានទូត ចុះដល់​ទីតាំងផ្ទាល់​ ដើម្បីបង្ហាញការ​ពិតដល់​ប្រជាពលរដ្ឋខ្មែរ​។ ទី៣-ហេតុការណ៍នេះ ក៏បានបង្ហាញពីភាពចាស់ទុំរបស់ខ្មែរយើង ក្នុងសម័យ​ទំនើប ដែល​​មិន​បង្ក​​​ជា​​បា​តុក​ម្ម​ ឈាន​ដល់កុបកម្ម​ ដោយហិង្សា ប្រឆាំងថៃ រហូតដល់​វាយកម្ទេច​ស្ថានទូតថៃ ដូចព្រឹត្តិការណ៍​​កាល​ពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៣ ដោយកាលណោះ ខ្មែរយើង ខឹងសម្បារនឹង​ស្ត្រី​តួកុនថៃម្នាក់ ដែលបាននិយាយថា អង្គរវត្ត ជារបស់ថៃ​។

កុបកម្ម​ប្រឆាំងថៃ កាលពីឆ្នាំ២០០៣ នាំដល់ការវាយបំផ្លាញស្ថានទូតថៃ និងវាយកម្ទេច​អគារពាណិជ្ជ​កម្ម​ថៃ​មួយចំនួន​​នៅភ្នំពេញ ដែល​គិតជាទឹក​ប្រាក់​ប្រមាណជាង ៥០លានដុល្លារអាមេរិក ដែល​រាជរដ្ឋាភិបាលកម្ពុជាយើង ត្រូវសង​ថៃ​ ក្រោយការរំជើបរំជួល​​នោះ។​

​ប្រវត្តិសាស្ត្រ​ខ្មែរ​យើង និងប្រទេសជិតខាង មិនថា​ថៃ វៀតណាម​ ឬឡាវ​ គឺ​មានរឿងរ៉ាវច្រើន ដែល​​ប្រទេសជាប់ព្រំដែនទាំងនេះ បង្កអរិយភាពនឹង​កម្ពុជា​ ពិសេស​លើ​បញ្ហាព្រំដែន​ និងប្រាសាទ​​បុរាណនេះតែម្តង​។ អតីតកាល​ ថៃ​ ឬសៀម ធ្លាប់ចូលឈ្លានពានទឹកដីកម្ពុជា​ ហើយ​សូម្បីតែទឹកដីរបស់ថៃសព្វថ្ងៃ​មួយផ្នែក​ធំ ក៏ជាដែនដី​អាណាចក្រ​ខ្មែរ​យើង កាលពីអតីត​កាល​ដែរ​​។ ស្នាម​​ប្រេះស្រាំ​ និង​​ប្រវត្តិសាស្ត្រ​នេះ មិនអាច​កែ​ប្រែ ហើយ​​ខ្មែរយើង នៅតែ​យល់ថា ថៃ​បន្តចិញ្ចឹម​មហិច្ឆតា ចង់បានប្រាសាទ​បុរាណខ្មែរយើង ដូច​ករណី​នៅ​​ប្រាសាទព្រះវិហារ​ ជាឧទាហរណ៍​​ថ្មីៗ​។

មុននឹង​ចុះបញ្ជីចូល​ក្នុង​សម្បត្តិ​បេតិកភណ្ឌពិភពលោក​ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ គឺ​ថៃ​តែងតែ​ទំនាស់​នឹងកម្ពុជា បើទោះបីជា​តុលាការ​យុត្តិធម៌អន្តរជាតិទីក្រុងឡាអេ បានសម្រេច​ឲ្យ​កម្ពុជាឈ្នះក្តី​ ក្លាយជាម្ចាស់​ស្របច្បាប់​លើ​​ប្រាសាទដ៏ចំណាស់​នេះ នៅក្នុងបូរណភាពដែនដី​កម្ពុជា​ តាមរយៈសាលក្រម​ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ក៏ដោយ។​

ក្រោយ​អង្គការយូណេស្កូ ដាក់បញ្ចូល​ប្រាសាទព្រះវិហារ ចូលជាសម្បត្តិ​បេតិកភណ្ឌពិភពលោក នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨​ គឺមួយសប្តាហ៍ក្រោយមក ថៃ​បានលើកទ័ពចូលឈ្លានពានព្រំដែន​ប្រាសាទព្រះវិហារ ដោយអះអាងថា ​ទឹកដីជុំវិញ​ប្រាសាទព្រះវិហារ ជាទឹកដីរបស់ខ្លួន​​។ វត្តមានរបស់កងទ័ពថៃ ​ចូលឈ្លានពានទឹកដីកម្ពុជា នៅព្រំដែនប្រាសាទព្រះវិហារ បានបង្កជាសង្គ្រាម​រ៉ាំរ៉ៃរាប់ឆ្នាំ រហូតមានការផ្ទុះអាវុធ​ បណ្តាល​ឲ្យ​ស្លាប់ និងរបួសកងទ័ព ព្រមទាំងប្រជាជន​សង្ខាង​ជាច្រើននាក់។

​យ៉ាង​ណា​ក៏​ដោយ ​លើក​​នេះ​ មិន​​​ដូច​​​មុន​ៗ​​ទេ​​​។ ពល​​រដ្ឋ​​ខ្មែរ​​​យើង មានភាពចាស់ទុំ ថ្លឹងថ្លែង និងអត់ធ្មត់ច្រើនជាងមុន ហើយចេញប្រតិកម្ម ត្រឹមតែ​​តាម​​ហ្វេស​ប៊ុក​ប៉ុណ្ណោះ។ ណាមួយ ពេលនេះ ក៏ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ ស្រាយបំភ្លឺ និង​ស្វែងរកព័ត៌មានពិត​ មកបញ្ជាក់ជូនមហាជន​ បានទាន់ពេលវេលា​​។

ដូច្នេះបញ្ហា​ព្រំដែន​ និងសំណុំរឿងប្រាសាទបុរាណ រវាង​កម្ពុជា និងបណ្តាប្រទេសជាប់ព្រំដែនទាំងបី មានថៃ វៀតណាម ឡាវ បាន និងកំពុង ហើយក៏នឹងបន្ត​ជារឿងរសើប ក្រោមស្មារតីជាតិនិយមរបស់ខ្មែរ​យើង។ ប៉ុន្តែអ្វីក៏ដោយ មុន​នឹង​វិនិច្ឆ័យ មុននឹងចេញ​ប្រតិកម្ម គឺទាមទារ​ឲ្យ​មានការថ្លឹងថ្លែង និងស្វែងរក​ព័ត៌មានពិត​។ ដូចពាក្យចាស់លោកថា «ខឹងខុស ខឹង​ខាត​» ឬក៏ «បើខឹង រឿងតូច នឹងក្លាយជារឿងធំ»​៕

Picture
Picture
Picture