រាជធានីភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ជា ត្រូវជាក្មួយប្រុសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសនៅលើបណ្ដាញសង្គមហ្វេសប៊ុកថ្ងៃទី២ កក្កដា ២០២១នេះ សុំទទួលយកសត្វព្រៃ នៅសួនសត្វ ទឹកធ្លាក់តាដា ខេត្តកំពត ក្រោយឃើញសភាពស្គមស្គាំងគួរឲ្យអាណិតអាសូរ ។
លោក ហ៊ុន ជា បានបង្ហោះរូបភាពនិងសរសេរយ៉ាងដូច្នេះថា «ទ្រុងឯងធំម្ល៉េះ ? មួយថ្ងៃៗឯងដើរបានប៉ុន្មានម៉ែត្រដែរ ? អោយវាមកខ្ញុំមក ធានាថា អោយវាស៊ីឆ្ងាញ់ ហើយឆ្អែត ធាត់ហើយ មើលថែសុខភាពវាអោយបានល្អ ។ ពិតជាមើលថែ បានស្គមល្អមែនៗ ហើយម្លប់ត្រជាក់ល្អទៀត ។ អោយគេសុំច្បាប់ចិញ្ចឹមទៅ វាមានសុខភាពល្អ ហើយស៊ីឆ្ងាញ់ នឹងមានអាយុវែង ជាងបាទ! គ្មានជំនាញ តែចង់ធ្វើចឹង» ។
ការប្រកាសរបស់ក្មួយប្រុសសម្តេចតេជោ ហ៊ុន សែន ខាងលើនេះបន្ទាប់ពី ប្រជាពលរដ្ឋខ្មែរជាច្រើននាក់ដែលបាននាំគ្រួសារទៅកម្សាន្តនៅ «ទឹកធ្លាក់តាដាខេត្តកំពត» កាលពីថ្ងៃទី ២៧ មិថុនាកន្លងមកបានបង្ហោះសារនិងរូបភាពអោយដឹងថា សត្វព្រៃច្រើនប្រភេទដូចជា សត្វតោ ខ្លា ឆ្កែព្រៃ និងសត្វឥន្ទ្រីជាដើម កំពុងរស់នៅទីនោះ ក្នុងទ្រុងតូចកខ្វក់ គ្មានដំបូលត្រឹមត្រូវ នៅហាលខ្យល់ ហាលកម្ដៅថ្ងៃ ហាលភ្លៀង គ្មានការថែទាំត្រឹមត្រូវ និងមានសភាពស្គមៗខ្លាំង ។
ជាមួយគ្នានេះ មានមហាជនជាច្រើន សំណូមពរទៅអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance Cambodia) ឲ្យជួយសង្គ្រោះសត្វព្រៃកម្រៗផង ។ និងអ្នកខ្លះទៀត បានស្នើដល់ក្រសួងពាក់ព័ន្ធ សូមជួយពិនិត្យមើលស្ថានភាព នៃការដំណើរការសួនសត្វនេះឡើងវិញ នៅរមណីយដ្ឋានទឹកធ្លាក់ថ្មតាដា ស្ថិតនៅឃុំស្នំប្រាំពីរ ស្រុកទឹកឈូ ខេត្តកំពត ៕






ចែករំលែកព័តមាននេះ