សាខាកាកបាទក្រហមខេត្តសៀមរាប ប្រារព្វទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត
ខេត្តសៀមរាប ៖ លោកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាម និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងលោកជំទាវ គួយណា លីន អនុប្រធាន…
ខេត្តសៀមរាប ៖ លោកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាម និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងលោកជំទាវ គួយណា លីន អនុប្រធាន…
ខេត្តសៀមរាប ៖ លោកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាម និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងលោកជំទាវ គួយណា លីន អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្វទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត កាលពីព្រឹកថ្ងៃទី៥ ធ្នូ ២០១៥ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ។
មានប្រសាសន៍ក្នុងឱកាសនោះដែរ លោកឧកញ៉ា សៀង ណាំ និងលោកជំទាវ គួយណា លីន បានឱ្យដឹងថា នេះជាលើកទី១ហើយនៃការជួបជុំអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដើម្បីបង្ហាញនូវការយកចិត្តទុកដាក់របស់កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ចំពោះការខិតខំចំណាយទាំងកម្លាំងកាយ ស្មារតី និងពេលវេលារបស់បងប្អូនអ្នកស្ម័គ្រចិត្តទាំងអស់គ្នាក្នុងសកម្មភាពមនុស្សធម៌នៅតាមមូលដ្ឋាន ។ យើងបានដឹងហើយថា ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ក្នុងនោះកាកបាទក្រហមកម្ពុជាយើងដែលជាសមាជិក នៃចលនាអន្តរជាតិ តែងប្រកាន់ជាប់នូវគោលការណ៍គ្រឹះទាំង៧គឺ ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព ។
គោលការណ៍ទាំង៧នេះគឺជាវិន័យ ជាបញ្ញត្តិដែលសមាគមជាតិទាំងកាកបាទក្រហម ទាំងអឌ្ឍចន្ទក្រហម បច្ចុប្បន្នមាន១៨៩ប្រទេសក្នុងពិភពលោកយើងត្រូវតែគោរពប្រតិបត្តិតាម ទោះជាក្នុងកាលៈទេសៈណា ឬទីកន្លែងណាក្ដី ។ ក្នុងចំណោមគោលការណ៍គ្រឹះទាំង៧ចំណុចខាងលើនេះ ភាពមនុស្សធម៌គឺជាគោលការណ៍ចម្បង ហើយបើគ្មានសេវាកម្មស្ម័គ្រចិត្តដែលជាគោលការណ៍ទី៥ទេនោះ ការងារមនុស្សធម៌ពិតជាពុំអាចសម្រចបានឡើយ ។ ភាពមនុស្សធម៌ និងសេវាកម្មស្ម័គ្រចិត្ត ជាតុមូលដំបូងគេក្នុងការកកើតចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហមនេះ ។
នៅក្នុងជួរថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំសាខា អនុសាខា ដែលជាគណៈកិត្តិយស ជាគណៈកម្មាធិការ សុទ្ធតែបំពេញការងារមនុស្សធម៌ដោយស្ម័គ្រចិត្ត ហើយពេលខ្លះបានរួមគ្នាបរិច្ចាកថិវកាផ្ទាល់ខ្លួនដើម្បីបានជាស្បៀង សម្ភារៈចាំបាច់ ធ្វើជាអំណោយដល់គ្រួសារ និងជនរងគ្រោះផងដែរ ។ ចំពោះបងប្អូនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជានៅតាមមូលដ្ឋានវិញ បងប្អូនតែងតែបានចូលរួមក្នុងសកម្មភាពមនុស្សធម៌ដែលរៀបចំដោយក្រុមកាកបាទក្រហម ឬដោយស្មារតីភ្ញាក់រលឹកខ្លួនឯងផ្ទាល់ពិសេសក្នុងស្ថានភាពចាំបាច់ដែលត្រូវជួយបន្ទាន់ដល់គ្រួសារ និងអ្នករងគ្រោះ ។
តាមរយៈទិវាដ៏មានអត្ថន័យនេះ លោក ឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាម និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងលោកជំទាវ គួយណា លីន អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ក៏បានជូនលិខិតសរសើរ ប័ណ្ណសរសើរ និងរង្វាន់លើកទឹកចិត្ត និងសំណូមពរសូមឱ្យបងប្អូនអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាទាំងអស់បន្តសកម្មភាពមនុស្សធម៌ដ៏ឧត្តុង្គឧត្តមនេះនៅមូលដ្ឋានជាបន្តទៀត ដើម្បីចូលរួមកាត់បន្ថយទុក្ខលំបាករបស់ប្រជាពលរដ្ឋយើងនៅមូលដ្ឋាន ស្របតាមពាក្យស្លោកដែលបានលើកឡើងថា «ធ្វើឱ្យបានកាន់តែច្រើនជាងមុន បានកាន់តែល្អជាងមុន បានកាន់តែស៊ីជម្រៅជាងមុន និងទៅឱ្យបានកាន់តែឆ្ងាយជាងមុន» ៕
ចែករំលែកព័តមាននេះ