រាជធានីភ្នំពេញ៖ កូវីដ១៩ កំពុងបន្តឆ្លងរាតត្បាត នៅកម្ពុជាយើង ហើយក៏មិនអាចបញ្ចប់ឆាប់ៗនេះដែរ គឺយើងនឹងបន្តរស់នៅជាមួយកូវីដយូរតទៅទៀត។ ប៉ុន្តែរាជរដ្ឋាភិបាល មិនមានផែនការបិទខ្ទប់រាជធានីខេត្តម្តងទៀតឡើយ មានតែវិធានការថ្មីៗមួយចំនួន ពិសេសការបិទខ្ទប់នៅតាមព្រំដែន រួមទាំងការបន្តអនុវត្តវិធានការទប់ស្កាត់ក្នុងប្រទេស តាមរយៈការអប់រំ វិធានការរដ្ឋបាល វិធានការច្បាប់ និងការចាក់វ៉ាក់សាំង។
ក្នុងពេលថ្លែងសារពិសេស ទៅកាន់ជនរួមជាតិ កាលពីព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការសង្ឃឹមថា កូវីដ១៩ ផុតរលត់ វាមិនអាចទៅរួច ក្នុងរយៈពេលដ៏ខ្លីនោះទេ ហើយវានឹងនៅជាមួយយើងរយៈពេលយូរ ដូចជាគ្រុនផ្តាសាយធំ ដែលវាតែងតែកើត ដូច្នេះយើងត្រូវបន្តការខិតខំ ជាមួយនឹងវិធានការថ្មីៗបន្ថែមទៀត។
ក្នុងសារពិសេសជូនជនរួមជាតិ នៅថ្ងៃទី១ ខែកក្កដា សម្តេចតេជោ បានប្រកាសដាក់ចេញនូវយុទ្ធសាស្ត្រថ្មីបន្ថែម ក្នុងការទប់ស្កាត់ការឆ្លង និងការរាលដាលនៃវីរុសកូវីដ១៩ ពិសេសគឺការទប់ស្កាត់ការនាំចូលកូវីដបំប្លែងថ្មី។ កន្លងទៅ ការនាំចូលកូវីដ មានតែប្រភេទធម្មតា បន្ទាប់មកកូវីដ អង់គ្លេស B117 ឬហៅថា Alpha ប៉ុន្តែឥឡូវ ដែលគេចាត់ទុកគ្រោះថ្នាក់បំផុត គឺ Delta ពីឥណ្ឌា។ Alpha ឆ្លងរហ័សនៅខ្មែរ តែ Delta ឆ្លងកាន់តែលឿន ដែលទាមទារឲ្យយើងត្រូវដាក់ចេញនូវយុទ្ធសាស្ត្របន្ត ដើម្បីទប់ស្កាត់។
សម្តេច ហ៊ុន សែន បានបញ្ជាឱ្យអាជ្ញាធរសុខាភិបាល និងអាជ្ញាធរតាមព្រំដែន ពង្រឹងវិធានការទប់ស្កាត់កូវីត១៩ បំប្លែងថ្មី ឱ្យមានប្រសិទ្ធភាព តាមរយៈការធ្វើចត្តាឡីស័ក អោយបានត្រឹមត្រូវគត់មត់ ក្នុងរយៈពេល ២១ថ្ងៃ ធ្វើតេស្ត ដោយប្រើឧបករណ៍តេស្តរហ័សរកកូវីត និងដាក់អោយព្យាបាលអ្នកជំងឺកូវីត១៩ បំប្លែងថ្មី នៅដាច់ដោយឡែកពីអ្នកជំងឺផ្សេងទៀតផងដែរ។ ប្រមុខរាជរដ្ឋាភិបាល ក៏បានជំរុញឲ្យរាជធានីខេត្ត រៀបចំឲ្យមានការព្យាបាលតាមផ្ទះផងដែរ។
រាជរដ្ឋាភិបាល ណែនាំឲ្យពង្រឹងការគ្រប់គ្រងច្រកចេញ-ចូល ទាំងព្រំដែនគោក ផ្លូវទឹក និងផ្លូវអាកាស។ កន្លងមក តាមផ្លូវអាកាស កម្ពុជាធ្វើបានល្អប្រសើរហើយ។ ប៉ុន្តែពេលនេះ នៅព្រំដែនវៀតណាម ជាក្តីបារម្ភថ្មី ខណៈដែលវៀតណាម កំពុងផ្ទុះការឆ្លងរាលដាលកូវីដ នៅជាប់ព្រដែនកម្ពុជា។ ដូច្នេះការហាមឃាត់អ្នកដំណើរ មិនឲ្យឆ្លងដែន ជាវិធានការសំខាន់មួយ ហើយក្នុងនោះ អាជ្ញាធរសមត្ថកិច្ចកម្ពុជា ត្រូវនិយាយត្រង់ៗ ទៅកាន់អនិកជនវៀតណាម ដែលរស់នៅកម្ពុជា មិនឲ្យឆ្លងដែនតែម្តង។
នៅពេលនេះ អ្វីដែលជាកង្វល់ធំរបស់កម្ពុជា គឺព្រំដែនកម្ពុជា-ថៃ។ មិនមែនថៃ ចូលកម្ពុជាទេ តែពលករខ្មែរ ទៅធ្វើការនៅថៃ បានវិលត្រឡប់មកកម្ពុជាវិញ។ ដូច្នេះនៅតាមព្រំដែន ត្រូវធ្វើតេស្តរហ័ស ហើយដាក់ឲ្យអ្នកឆ្លងដែន ទាំងអស់ ត្រូវធ្វើចត្តាឡីស័ក នៅតាមព្រំដែនទាំងអស់។ ការធ្វើតេស្តរហ័ស ត្រូវតែធ្វើ ហើយក្រសួងសុខាភិបាល ត្រូវបើកផ្តល់ឧបករណ៍តេស្តរហ័ស យ៉ាងតិច ១ម៉ឺនតេស្ត ដល់ខេត្តនិមួយៗ។ ក្នុងនោះ ក៏មានចំណែក សម្រាប់ប៉ូលិស ទាហាន និងប៉េអឹម សម្រាប់ធ្វើតេស្តរហ័ស រកកូវីដ។ ចំពោះអ្នកសង្ស័យ ត្រូវធ្វើតេស្តម៉ាស៊ីនធំ។
តាមក្រុមហ៊ុនឯកជន រោងចក្រសហគ្រាសនានា ក៏ត្រូវបានសម្តេចតេជោ អនុញ្ញាតឲ្យទិញឧបរកណ៍តេស្តរហ័ស មកធ្វើតេស្តបុគ្គលិករបស់ខ្លួនផងដែរ។ ការដឹងបានឆាប់រហ័ស គឺអាចគ្រប់គ្រងបានលឿនដែរ។
មេរោគបំប្លែងថ្មី ប្រភេទ Delta ត្រូវបានក្រសួងសុខាភិបាល ប្រកាសថា រកឃើញលើពលករខ្មែរ ដែលឆ្លង ដែនមកពីប្រទេសថៃ។ ដូច្នេះជាវិធានការទប់ស្កាត់កូវីដថ្មីនេះ រាជរដ្ឋាភិបាល សម្រេចឲ្យត្រួតពិនិត្យ និងធ្វើតេស្ត លើអ្នកឆ្លងដែនទាំងអស់ ហើយបើរកឃើញវិជ្ជមាន ត្រូវដាក់ព្យាបាលដាច់ដោយឡែក រួមទាំងការធ្វើចត្តាឡីស័ករយៈពេលយូរជាងធម្មតា គឺរយៈពេលដល់ទៅ ២១ថ្ងៃ ខណៈដែលចត្តាឡីស័ក ជាទូទៅ ត្រឹមតែ ១៤ថ្ងៃ។
ទោះបីជាពេលនេះ ការឆ្លងព្រឹត្តិការណ៍សហគមន៍ ថ្ងៃ២០កុម្ភៈ មិនទាន់បិទបញ្ចប់ ប៉ុន្តែតាមរយៈកិច្ចប្រជុំ កាលពីថ្ងៃទី១កក្កដា ក៏មានការព្រមានថា កម្ពុជាអាចនឹងមានការឆ្លងរលកទី៣ បើមិនមានចំណាត់ការទាន់ពេលវេលាទេ ពីព្រោះ ពេលនេះ មានការរាតត្បាតថ្មី បង្កដោយមេរោគបំប្លែងខ្លួន Delta ហើយមិនមែនតែករណីកម្ពុជានោះទេ គឺជាករណីព្រួយបារម្ភលើពិភពលោក។
ការទប់ស្កាត់កូវីដឆ្លងដែន ទាមទារឲ្យកងកម្លាំងទាំងអស់ រួមគ្នាម្តងទៀត ដូចអ្វីដែលយើងបានអនុវត្តដោយ ជោគជ័យរួចមកហើយ កាលពីអំឡុងប្រទេសថៃ ផ្ទុះការឆ្លងរាលដាលសហគមន៍ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០។ កាលណោះ កម្ពុជាបានអនុវត្តបានល្អ បិទខ្ទប់ព្រំដែន ពិសេសព្រំដែនគោកជាមួយប្រទេសថៃ ហើយអ្នករួចធ្លាយដល់ស្រុកភូមិ ក៏ត្រូវបានរាយការណ៍ភ្លាមៗ និងនាំទៅធ្វើចត្តាឡីស័កយ៉ាងត្រឹមត្រូវ។
ការជួបផ្ទាល់ និងផ្តល់ភាពកក់ក្តៅដល់បងប្អូនពលករ នៅប្រទេសថៃ ក៏ជាការចាំបាច់ ដែលមន្ត្រីទូតកម្ពុជា សហការជាមួយក្រសួងការងារ និងភាគីថៃ ត្រូវធ្វើសកម្មភាពរួមគ្នា ដើម្បីកុំឲ្យពលករទាំងនោះ បន្តរស់នៅ និងនៅធ្វើការក្នុងប្រទេសថៃ។ កម្ពុជាបានសហការជាមួយភាគីថៃរួចហើយ លើករណីពលករខ្មែរ ដែលធ្វើការខុសច្បាប់ក្នុងប្រទេសថៃ ហើយអំឡុងពេលកូវីដនេះ អ្នកធ្វើការមិនស្របច្បាប់ ត្រូវបានភាគីថៃ ចុះឈ្មោះឲ្យធ្វើការស្របច្បាប់ ក្នុងប្រទេសថៃ។
ក្នុងករណីនេះ ពលករខ្មែរយើង នៅប្រទេសថៃ គួរតែបន្តស្នាក់នៅ និងធ្វើការកន្លែងដដែល ព្រោះបើធ្វើដំណើរ ក្នុងកាលៈទេសៈ ដែលថៃ និងកម្ពុជា កំពុងឆ្លងកូវីដ គឺប្រថុយប្រថាន ដែលអាចនឹងឆ្លងកូវីដ អំឡុងពេលធ្វើដំណើរ ឬក៏អាចចម្លងទៅអ្នកដទៃទៀត បើសិនជាពលករនោះ ផ្ទុកកូវីដទៅហើយ។
ការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ ក៏នៅតែចាំបាច់ ហើយត្រូវចាប់ទៅផ្តន្ទាទោស ទាំងមេខ្យល់ និងទាំងពលករលួចឆ្លងដែន ខណៈដែលកន្លងមក ដាក់ទោសតែលើមេខ្យល់។
ជាងនេះទៅទៀត ទាមទារឲ្យមានកិច្ចសហការថែមទៀត ខណៈដែលនៅផ្ទៃក្នុងប្រទេសយើង កូវីដក៏កំពុងឆ្លងរាលដាលរៀងរាល់ថ្ងៃ ចូលដល់រាប់រយនាក់ និងសម្លាប់មនុស្សមិនតិចជាង ២០នាក់ឡើយ ក្នុង ១ថ្ងៃៗ។ គ្រាន់តែរយៈពេល ២៤ម៉ោង កាលពីថ្ងៃទី៣០មិថុនា ក្រសួងសុខាភិបាល ប្រកាសថា មានអ្នកឆ្លងថ្មី ចំនួន ៩៩៩នាក់ ករណីជាសះស្បើយ ៧១៥នាក់ និងស្លាប់ថ្មីបន្ថែម ២៦នាក់ទៀត។
ក្រសួងសុខាភិបាល ក៏បានប្រកាសថា នៅកម្ពុជា គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នៅទូទាំងប្រទេស មានករណីឆ្លងកូវីដ១៩ សរុបចំនួន ៥១៣៨៤នាក់។ ក្នុងនោះ ករណីជាសះស្បើយ សរុបចំនួន ៤៤ ៨៥៨នាក់ និងករណីស្លាប់សរុប ចំនួន ៦២៨នាក់។ ក្នុងចំណោមអ្នកឆ្លងសរុប ៥១៣៨៤នាក់ ត្រូវបាន ក្រសួងសុខាភិបាល ប្រកាសថា មានករណីនាំចូលពីក្រៅប្រទេសសរុប ២៦៨០នាក់។ ករណីនាំចូលពីក្រៅនេះ សំដៅលើអ្នកធ្វើដំណើរតាមយន្តហោះ និងពលករខ្មែរ ឆ្លងដែនមកពីប្រទេសថៃ។
ក្នុងវិធានការទប់ស្កាត់កូវីដ មិនថា ឆ្លងដែន ឬកូវីដក្នុងស្រុកទេ គឺក្រៅតែពីពង្រឹងវិធានការរឹតបន្តឹងតាមព្រំដែន យុទ្ធសាស្ត្រចាក់វ៉ាក់សាំង ក៏ជាវិធានការសំខាន់មួយដែរ។ ត្រឹមបំណាច់ខែសីហាខាងមុខ កម្ពុជានឹងទទួលបានវ៉ាក់សាំងសរុប ២០លានដូស ដែលត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាអាចចាក់ដល់ប្រជាជនកម្ពុជា អាយុចាប់ពី ១៨ឆ្នាំឡើង បានគ្រប់ ១០លាននាក់ តាមផែនការ។ ដូច្នេះប្រជាពលរដ្ឋយើង ដល់វេន ត្រូវចាក់វ៉ាក់សាំង សូមទៅចាក់វ៉ាក់សាំង ទាន់មានវ៉ាក់សាំងចាក់៕
ចែករំលែកព័តមាននេះ