ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​១​ម៉ោង​អណ្តាតភ្លើង​លេប​ត្របាក់​ផ្ទះ​២​ខ្នង​អស់​រាប់​ម៉ឺន​ដុល្លារ ម្ចាស់​នាំ​គ្នា​ស្រែកយំ​ស្ទើរ​គាំង

2 ឆ្នាំ មុន
  • ព្រៃវែង

ផ្ទះក្បឿង​ចំនួន​២​ខ្នង ព្រមទាំង​សម្ភារៈ​នៅ​ក្នុងផ្ទះ​ជា​ច្រើន​ទៀត ត្រូវ​បាន​ព្រះ​អគ្គី​លេប​ត្របាក់​ក្លាយទៅជា​ផេះ​ផង់​ក្នុង​រយៈពេល​តែ​១​ម៉ោង​ប៉ុណ្ណោះ ទោះបី​មិន​បាន​ធ្វើ​អោយ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស ឬ​សត្វ ប៉ុន្តែ​ម្ចាស់ផ្ទះ​នាំ​គ្នា​ស្រែកយំ​ស្ទើរតែ​គាំង ដោយសារ​តែ​

ខេត្តព្រៃវែង ៖ ផ្ទះក្បឿង​ចំនួន​២​ខ្នង ព្រមទាំង​សម្ភារៈ​នៅ​ក្នុងផ្ទះ​ជា​ច្រើន​ទៀត ត្រូវ​បាន​ព្រះ​អគ្គី​លេប​ត្របាក់​ក្លាយទៅជា​ផេះ​ផង់​ក្នុង​រយៈពេល​តែ​១​ម៉ោង​ប៉ុណ្ណោះ ទោះបី​មិន​បាន​ធ្វើ​អោយ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស ឬ​សត្វ ប៉ុន្តែ​ម្ចាស់ផ្ទះ​នាំ​គ្នា​ស្រែកយំ​ស្ទើរតែ​គាំង ដោយសារ​តែ​សោកស្តាយ​ទ្រព្យសម្បត្តិ​របស់​ខ្លួន​។ ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​ត្នោត ឃុំ​រកា ស្រុក​ពារាំង ខេត្តព្រៃវែង​។

ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆាបឆេះ​ទាំង​២​ខ្នង​ខាងលើ​នេះ ជា​ប្រភេទ​ផ្ទះក្បឿង​ដូច​គ្នា ដោយ​ផ្ទះ​ទី​១ មាន​ទំហំ​៨​ម៉ែត្រ​គុណ​៨​ម៉ែត្រ ធ្វើ​ពី​ឈើ និង​ជញ្ជាំង​ក្តារ ដែល​មាន​ម្ចាស់​ឈ្មោះ ឌឿ​ន យ៉េ​ក ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ចំណែក​ផ្ទះ​ទី​២ មាន​ទំហំ ៧​ម៉ែត្រ​គុណ​១១​ម៉ែត្រ ធ្វើ​ពី​ឈើ និង​ជញ្ជាំង​ក្តារ មាន​ម្ចាស់​ឈ្មោះ សឿ​ន ណាត ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ​។ ផ្ទះ​ទាំង​២​នេះ ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​មូលដ្ឋាន បានអោយ​ដឹង​ថា អគ្គិភ័យ​នេះ​កើតឡើង​ដោយសារ​តែ​ផ្ទុះ​កំប៉ុង​ហ្គា​ស ដោយ​ម្ចាស់ផ្ទះ​ឈ្មោះ ឌឿ​ន យ៉េ​ក បាន​បើក​ហ្គា​ស​ដាំបាយ ហើយ​កំប៉ុង​ហ្គា​សបាន​ធ្លាយ​ក៏​ផ្ទុះ​កើតជា​អគ្គិភ័យ​ឆាបឆេះ​ពេញ​ផ្ទះ ហើយ​បន្ទាប់​មក​ក៏​ឆេះ​ឆ្លង​រាលដាល​ទៅ​ដល់​ផ្ទះ​របស់​ឈ្មោះ សឿ​ន ណាត ដែល​នៅ​ជាប់​គ្នា​នោះ​ទៀត​។

ប្រភព​ដដែល​នេះ បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​កើត​មាន​ហេតុការណ៍​នេះ​ភ្លាម ប្រជាពលរដ្ឋ​ក៏​បាន​រាយការណ៍​មក​ខាង​សមត្ថកិច្ច​ភ្លាម ហើយ​សមត្ថកិច្ច​ក៏​បាន​ទាក់ទង​គ្នា​ហៅ​ឡានទឹក​ចេញ​ទៅ​ជួយ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ដោយ​បាន​ប្រើ​ឡានទឹក​ចំនួន​៣​គ្រឿង ហើយ​បាន​បាញ់​ទឹក​អស់​ចំនួន​៥​ឡាន ទើប​អាច​ពន្លត់ភ្លើង​បាន មិន​អោយ​ភ្លើង​បន្ត​ឆេះ​ឆ្លង​ទៅ​ផ្ទះ​ដទៃ​ទៀត ប៉ុន្តែ​ផ្ទះ​ទាំង​២​ខ្នង​នេះ ត្រូវ​បាន​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​ទៅ​ហើយ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ចំពោះ​ការ​ខូចខាត​នៅ​ក្នុង​ហេតុការណ៍​ខាងលើ​នេះ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជាក់​ប្រាប់​ថា ផ្ទះ​ទី​១ របស់​ឈ្មោះ ឌឿ​ន យ៉េ​ក បាន​បាត់បង់​មាស​១​តម្លឹង​៥​ជី ប្រាក់​រៀល​៧​លាន​រៀល ម៉ូតូ​១​គ្រឿង ស្រូវ​៤០​បេ ម៉ាស៊ីនបូមទឹក​៣​គ្រឿង និង​ខូចខាត​សម្ភារៈ​ប្រើប្រាស់​ក្នុងផ្ទះ​ជា​ច្រើន​ទៀត សរុប​ជា​ទឹកប្រាក់​អស់​ប្រមាណ​ជា​៣​ម៉ឺន​៥​ពាន់​ដុល្លារ​។ ចំណែក​ផ្ទះ​ទី​២ ឆេះ​លុយ​អស់​១០​លាន​រៀល និង​ខូចខាត​សម្ភារៈ​ប្រើប្រាស់​ក្នុងផ្ទះ​ជា​ច្រើន​ទៀត​សរុប​ជា​ទឹកប្រាក់​អស់​ប្រមាណ​ជា ៤​ម៉ឺន​៧​ពាន់​ដុល្លារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ