ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ៖ នៅពេលនេះ អត្រាអ្នកឆ្លងកូវីដ១៩ នៅប្រទេស​កម្ពុជា មិនទាន់ថមថយនៅឡើយទេ។ នៅភ្នំពេញ​ និងនៅតាមបណ្តាខេត្តនានា ក៏ឆ្លងកូវីដជាបន្តបន្ទាប់ ហើយកើនឡើង​ជា​រៀងរាល់ថ្ងៃថែមទៀត​​។ នៅផ្សារបឹងកេងកង…

ភ្នំពេញ៖ នៅពេលនេះ អត្រាអ្នកឆ្លងកូវីដ១៩ នៅប្រទេស​កម្ពុជា មិនទាន់ថមថយនៅឡើយទេ។ នៅភ្នំពេញ​ និងនៅតាមបណ្តាខេត្តនានា ក៏ឆ្លងកូវីដជាបន្តបន្ទាប់ ហើយកើនឡើង​ជា​រៀងរាល់ថ្ងៃថែមទៀត​​។ នៅផ្សារបឹងកេងកង ក្នុងរាជធានីភ្នំពេញ ផ្ទុះករណី​ឆ្លងកូវីដ ដែលតម្រូវ​ឲ្យអាជីវករទាំងអស់ ត្រូវទៅធ្វើតេស្តរកកូវីដ ខណៈដែល​ក្រសួងសុខាភិបាល ក៏បានប្រកាសពីការរកឃើញ​វីរុសកូវីដ​បំប្លែងថ្មី លើពលករ​មកពីថៃ ច្រើនករណី​។

​កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១​ នៅ​ជុំវិញ​ផ្សារបឹងកេងកង ក្នុងរាជធានីភ្នំពេញ ត្រូវបានបិទខ្ទប់ ក្រោយរកឃើញអាជីវករ​ឆ្លងកូវីដ១៩​​។ អាជីករក្នុង​ផ្សារបឹងកេងកងទាំងអស់​ ត្រូវបានតម្រូវ​ឲ្យទៅធ្វើតេស្ត យកសំណាក រកមេរោគកូវីដ១៩ នៅក្នុងវិទ្យាល័យ ជាស៊ីម បឹងកេងកង ដែលស្ថិតនៅ​ជិត​ផ្សារ​បឹងកេងក​ង​​​។ ជាលទ្ធផលបណ្តោះអាសន្ន គិតត្រឹមម៉ោង ៣រសៀល ថ្ងៃទី២៨មិថុនា ក្នុងចំណោមអាជីវករ​ផ្សារបឹងកេងកង ដែលបានធ្វើតេស្ត ចំនួន ៨៩១នាក់ គឺមាន ១៩០នាក់ វិជ្ជមាន​កូវីដ១៩​។ ការធ្វើតេស្ត ក៏នៅបន្ត​។

នៅ​​ល្ងាច​ថ្ងៃ​ទី​២៨​​ ខែ​​មិថុនា​ ឆ្នាំ​២០២១​ រដ្ឋបាល​​​រាជធា​នី​ភ្នំពេញ​ បានប្រកាសនូវសេចក្តីសម្រេចបិទខ្ទប់ផ្សារបឹងកេងកង រយៈពេល ២សប្តាហ៍ គិតចាប់ពីម៉ោងសូន្យ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១​ រហូតដល់ថ្ងៃទី១២​មិថុនា ឆ្នាំ២០២១​។

ដោយឡែក ក្រសួងសុខាភិបាល ក៏បានចេញសេចក្តីប្រកាស​ថ្មីមួយទៀត កាល​ពី​ថ្ងៃ​ទី​​២៨ ខែមិថុនា ឆ្នាំ២០២១ ប្រកាស​ឲ្យ​ពង្រឹង​ការអនុវត្តន៍​វិធានការ​​ការពារ ការចម្លង​វីរុស​កូ​វីដ​១៩ រួមទាំង​ពពួក​បំប្លែង​ថ្មី ជាពិសេស​បុគ្គល ត្រូវ​ចូលរួម​​ជា​​ចាំបាច់ ឲ្យ​បាន​ត្រឹមត្រូវ ខ្ជាប់ខ្ជួន និង​ម៉ត់ចត់​។

ក្នុង​លិខិត ក្រសួង​សុខា​ភិបាល បាន​​ជម្រាប​ជូន​​​សាធារណ​ជន និង​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​ថា តាមរយៈ​ការធ្វើ​តេស្ត​លើ​ពលករ​ចំណាកស្រុក​ត្រឡប់​មកពី​ប្រទេស​ថៃ ឃើញថា មានការ​នាំចូល​នូវ​ជំងឺ​កូ​វីដ​១៩ បំប្លែង​ថ្មី​ប្រភេទ ដែល​តា Delta មាន​ច្រើន​ករណី​។ ក្នុងនោះ ដក​ពិសោធន៍​ការចម្លង​នៃ​វីរុស​នេះ នៅ​ប្រទេស​មួយចំនួន មាន​ភាព​សាហាវ​ខ្លាំង​ជាង​វីរុស​កូ​វីដ​១៩ បំប្លែង​មុនៗ ប្រហែល​ដល់​ទៅ ១៥​ដង ខ្លាំង​ជាង​ការចម្លង​ពី​ពេល​កន្លងទៅ​។

​ក្រសួងសុខាភិបាល ក៏បានប្រកាសថា យើង​ក៏​មិនដឹងថា វីរុស​កូ​វីដ​១៩នេះ មាន​អត្ត​ច​រិ​ក​បែបណា និង​នៅ​កន្លែង​ណា​ដែរ រហូតដល់​បច្ចុប្បន្ននេះ ហើយក៏​មិនអាច​ដឹង​ដែរ​ថា តើ​បុគ្គល ដែល​បាន​ឆ្លង​វីរុស​នេះ បាន​ប៉ះពាល់​អ្វីខ្លះ ដែលមាន​វត្តមាន​វីរុស​នេះ ហើយ​បុគ្គល ដែល​កើត​វីរុស​កូ​វីដ​១៩​នេះ ក៏​ប្រហែលជា​មិនដឹង​ខ្លួន​ថា ឆ្លង​ផង​។ ក្នុងនោះ វ៉ាក់សាំង គឺជា​ឧបករណ៍ ដែល​អាចជួយ​កាត់បន្ថយ​នូវ​ភាព​ឈឺធ្ងន់ធ្ងរ ការ​សម្រាក​នៅ​មន្ទីរពេទ្យ និង​អត្រា​ស្លាប់​។

​ប៉ុន្តែ​ក្រសួងសុខាភិបាល​ លើកឡើងថា អ្វីដែល​អ្នកវិទ្យាសាស្ត្រ បាន​ស្រាវជ្រាវ​ដឹង​នោះ គឺ​បណ្តា​លមកពី​កង្វះខាតក្នុងការ​អនុវត្តន៍​វិធានការ​ការពារ​ខ្លួន​បាន​ត្រឹមត្រូវ និង​ដោយ​ម៉ត់ចត់ ជាពិសេស​ហានិភ័យ​ខ្ពស់​នៅពេលដែល​បុគ្គល​ចល័ត ធ្វើដំណើរ​ចេញពីផ្ទះ ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ដោយ​ភ្លេច​អនុវត្តន៍​វិធានការ​ការពារ​ខ្លួន ឬ​អនុវត្ត​មិនបាន​ខ្ជាប់ខ្ជួន និង​គត់​មុត​នូវ​វិធាន​ការ​​ការ​ពារ​​ខ្លួន​​។

​បច្ចុប្បន្ន ក្រសួង​សុខា​ភិបាល ​ក៏បានសង្កេតឃើញថា បុគ្គល​មានការ​ភ្លេចខ្លួន ដែល​​បណ្តាល​ឲ្យ​ការអនុវត្តន៍​វិធានការ​ការពារ​របស់​បុគ្គល មាន​ភាព​ធូររលុង ជាពិសេស​នៅតាម​ទីប្រជុំជន​។​

​ដូច្នេះ​​ហើយ បាន​ជា​​ក្រសួង​សុខា​ភិបាល​ ក្រើនរំលឹក​ហើយ​រំលឹក​ទៀត និង​សូម​អំពាវនាវ​​ដោយ​ទទូច​ដល់​សាធារណជន បងប្អូន​ប្រជាពលរដ្ឋ​យើង​ទាំងអស់ នៅ​ទូទាំងប្រទេស​កម្ពុជា ឲ្យ​បន្ត​ការពារ​ខ្លួន កុំ​ភ្លេចខ្លួន​ឲ្យ​សោះ ដោយ​ត្រូវ​ចេះ​ផ្លាស់ប្តូរ​ទម្លាប់​រស់នៅរ​បស់​ខ្លួន ឲ្យ​ស្រប​តាម​ពាក្យស្លោក ដែលថា «​រៀន​រស់នៅ​ធម្មតា​ជាមួយ​កូ​វីដ​១៩ តាមបែប​គន្លង​ថ្មី ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ សំដៅ​បង្ការ គ្រប់គ្រង និង​កាត់ផ្តាច់​នូវ​ខ្សែចម្លង​នៃ​វីរុស​កូ​វីដ​១៩ ជាពិសេស​ពពួកមេរោគកូវីដ​​ប្រភេទ​បំប្លែង​ថ្មី​នេះ ឬក៏​ប្រភេទ​ថ្មី​ផ្សេងទៀត ដែល​អាច​កើតមាន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជាយថាហេតុ​ណាមួយ​។​

​តាមក្រសួងសុខាភិបាល ការចូលរួមរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដើរតួនាទី​សំខាន់​ណាស់ ដើម្បី​ការពារ​បុគ្គល​ខ្លួនឯង ក្រុមគ្រួសារ​ខ្លួន និង​សហគមន៍​របស់ខ្លួន និង​អ្នកដទៃ ឲ្យ​បានរស់នៅ​ប្រកបដោយ​សុវត្ថិភាព និង​អាច​រក្សា​ជីវភាព​រស់នៅ ឲ្យ​អាច​ប្រព្រឹត្ត​នូវ​ការប្រកបមុខរបរ​ចិញ្ចឹមជីវិត​បាន​។ នេះ​មានន័យថា​ ប្រជាពលរដ្ឋ​ទាំងអស់ ទាមទារ​អនុវត្ត​នូវ​វិធានការ ៣​ការពារ និង ៣​កុំ​។ ៣​ការពារ​៖ ១-​ពាក់​ម៉ាស (​ជាពិសេស​នៅពេល​កំពុង​ពាក់​ម៉ាស់ សូមកុំ​យកដៃ​ប៉ះ​ផ្ទៃមុខ​នៃ​ម៉ាស់ ឬ​ទាញ​ម៉ាស់​ដាក់​ក្រោម​ចង្ការ និង​ត្រូវ​ដូរ​ម៉ាស់​ថ្មី នៅពេល​វា​សើម​)​។ ២-​លាងដៃ​ឲ្យ​ញឹកញាប់ ជាមួយ​សាប៊ូ ក្នុង​រយៈពេល ៤០​វិនាទី ឬ​ជាមួយ​អាល់កុល ជែ​ល​ក្នុង​រយៈពេល ២០​វិនាទី ៣-​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ពីមួយ​ម៉ែត្រ​កន្លះ​ឡើង​៖ ទោះបីជា​បងប្អូន សមាជិកគ្រួសារ សាច់ញាតិ ដែល​មានការ​ស្នាក់​នៅក្នុង​គេហដ្ឋាន​ផ្សេង​ពី​អ្នក ឬក៏​មិត្តភក្តិ​ជិតស្និទ្ធ​ក៏ដោយ​។ ៣​កុំ​៖ ១-​កុំទៅ​កន្លែង​មាន​មនុស្ស​កុះករ​ច្រើន ក្នុងន័យនេះ រាប់ទាំង​ការជួបជុំ​ផឹកស៊ី​ជា​លក្ខណៈ​គ្រួសារ សាច់ញាតិ ដែល​មានការ​ស្នាក់​នៅក្នុង​គេហដ្ឋាន​ផ្សេង​ពី​អ្នក ឬ​មិត្ត​ភ័ក្ត្រ​ជិតស្និទ្ធ​។ ២-​កុំទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល ៣-​កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា កុំ​កៀក​ស្មា​គ្នា សូម្បីតែ​សមាជិកគ្រួសារ សាច់ញាតិ ដែល​មានការ​ស្នាក់​នៅក្នុង​គេហដ្ឋាន​ផ្សេង​ពី​អ្នក ឬ​មិត្ត​ភ័ក្ត្រ​ជិតស្និទ្ធ​។​

​ជាសរុប តាមសភាពការណ៍សព្វថ្ងៃនៃការបន្តឆ្លងរាលដាលជំងឺកូវីដ រួមទាំង​ការនាំចូលកូវីដប្រភេទបំប្លែងថ្មីផងនោះ ទាមទារ​ឲ្យយើងម្នាក់ៗ កុំទាន់ភ្លេចខ្លួន ហើយបន្ត​ចូលរួមអនុវត្ត​វិធានការ ៣​កុំ និង៣ការពារ​​ ឲ្យបានខ្ជាប់ខ្ជួន​ និងដោយយកចិត្តទុកដាក់​ខ្ពស់បន្តទៀត។ មិនមានការ​ចាំបាច់ សូមកុំ​ចេញក្រៅផ្ទះ​។

​អាជ្ញាធរ​មូលដ្ឋាន ក៏សូម​បន្ត​ជំរុញ​ការអនុវត្តន៍ ៣​ការពារ និង​៣​កុំ​នេះ ឲ្យ​បានល្អ​ប្រសើរ ​រួម​ជាមួយនឹង​ការតាមដាន ព្រមទាំង​ដាក់ចេញ​នូវ​ការអនុវត្តន៍​ច្បាប់​ជា​ធរមាន​​។ នោះគឺ​ផាកពិន័យ​​អ្នកមិនពាក់ម៉ាស មិនរក្សាគម្លាត​ ពិសេស​អ្នកមិនធ្វើចត្តាឡីស័ក​ ដែលសំដៅ​ដល់​អ្នក​គេចវេះ​ មិនព្រម​ធ្វើតេស្ត យកសំណាកផង ហើយក្រោយ​យកសំណាកហើយ ក៏មិនព្រមធ្វើចត្តាឡីស័ក​ឲ្យបានត្រឹមត្រូវ ក៏ត្រូវមានទោសដែរ​។ ក្រៅពីនោះទៀត អ្នកគេចវេះ លួចឆ្លងដែនខុសច្បាប់ មិន​ចូល​ពិនិត្យសុខភាព និងមិនធ្វើចត្តាឡីស័ក ក៏ត្រូវមានទោសដូចគ្នា​​នឹងមេខ្យល់ដែរ។

ក្នុងកាលៈទេសៈពេលនេះ គ្មានអ្វីក្រៅតែពីការបន្ត​ប្រកាន់​ឲ្យបានខ្ជាប់ខ្ជួន​នូវវិធានការការពារ ៣កុំ និង៣​ការពារប៉ុណ្ណោះ​។ ការពារ នៅតែប្រសើរជាងការព្យាបាល។ ចូរកុំភ្លេច ត្រឹមតែមួយថ្ងៃ គឺនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ នៅទូទាំងប្រទេសយើង មានអ្នកឆ្លងកូវីដសរុប ៨៨៣នាក់ ជាសះស្បើយ ៦០៧នាក់ និងស្លាប់ ១៦នាក់។ បើគិតសរុប កម្ពុជាយើង មកដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ មានអ្នកឆ្លងកូវីដ សរុប​ចំនួន ៤៨​៥៣២​នាក់ ជាសះស្បើយ​សរុបចំនួន ៤២​៧៦៤នាក់​ និងករណីស្លាប់សរុប កើនឡើងដល់ ៥៥៦​នាក់ហើយ​​៕