ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លា​ពពក ប្រភេទ​សត្វ​ជិត​ផុត​ពូជ​នៅ​លើ​ពិភពលោក មាន​វត្ត​មាននៅ​ឧទ្យាន​ជាតិ​វី​រៈ​ជ័យ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខ្លា​ពពក ស្ថិត​ក្នុង​ក្រុម​ជិត​ផុត​ពូជ និង​មាន​ចុះ​ក្នុង​បញ្ជី​ឧ​ប​សម្ព័ន្ធ​សាយ​តេស ជា​ប្រភេទ​នេះ ទទួល​រង​នូវ​ការ​គំរាមកំហែង​ដោយសារ​តែ​ការ​បរបាញ់ និង​ការ​បាត់បង់​ទីជម្រក ដែល​វា​ធ្លាប់​ស្វែងរក​ចំណី និង​រស់នៅ…

រាជធានី​ភ្នំពេញ ៖ ខ្លា​ពពក ស្ថិត​ក្នុង​ក្រុម​ជិត​ផុត​ពូជ និង​មាន​ចុះ​ក្នុង​បញ្ជី​ឧ​ប​សម្ព័ន្ធ​សាយ​តេស ជា​ប្រភេទ​នេះ ទទួល​រង​នូវ​ការ​គំរាមកំហែង​ដោយសារ​តែ​ការ​បរបាញ់ និង​ការ​បាត់បង់​ទីជម្រក ដែល​វា​ធ្លាប់​ស្វែងរក​ចំណី និង​រស់នៅ ។ ខ្លា​ពពក ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN ថា​ជា​ប្រភេទ​ងាយ​រងគ្រោះថ្នាក់​នៅ​ក្នុង​ពិភពលោក មាន​វត្ត​មាននៅ​ក្នុង​ឧទ្យាន​ជាតិ​វី​រៈ​ជ័យ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ខ្លា​ពពក ចូល​ចិត្ត​រស់នៅ​ក្នុង​ព្រៃស្រោង ព្រៃ​ពាក់កណ្តាល​ស្រោង និង​ព្រៃចម្រុះ ។ ខ្លា​ពពក ជា​សត្វ​រាត្រីចរ ច្រើន​រស់នៅ​ជា​គូ​លើ​ដើមឈើ ។ ជា​ធម្មតា វា ចាប់​ចំណី ដោយ​លោត​ពីលើ​ដើមឈើ​សង្គ្រប់​លើ​សត្វ​នៅ​ដី​ដូច​ជា​ខ្លារខិន​ដែរ ។ អាហារ​របស់​វា មាន​បក្សី ពស់ ជ្រូកព្រៃ ឈ្លូស ប្រើស ស្វា​ជាដើម ។ ខ្លា​ពពក ប្រើ​ក្រ​ញ៉ាំ​ជើង​មុខ​មុត សម្រាប់​សង្កត់​ចាប់​ចំណី រួច​ទើប ខាំ​ជា​ក្រោយ ។ ខ្លា​ពពក អាច​បង្កើតកូន​ម្តង​បាន​ពី ២ ទៅ ៤​ក្បាល បន្ទាប់​ពី​ពពោះ​អស់​រយៈពេល​ប្រហែល ៩០ ទៅ ៩៥​ថ្ងៃ ។

ចំពោះ​របាយ​រស់នៅ ខ្លា​ពពក មាន​ភូមិភាគ​ឥ​សាន និរតី និង​ភាគ​ខាងជើង នៃ​ប្រទេស​កម្ពុជា ។ វា​ត្រូវ​បាន​រក​ឃើញ នៅ​ប្រទេស​បូ​តាន ចិន ឥណ្ឌា ឥណ្ឌូ​នេ​ស៊ី (​កោះ​ស៊ូ​ម៉ា​ត្រា​) ឡាវ ម៉ា​ឡេ​ស៊ី សា​រ៉ា​វ៉ា​ក់ ភូមា នេ​ប៉ា​ល់ ថៃ និង​ប្រទេស​វៀតណាម ។ ខ្លា​នេះ​បាន​ផុត​ពូជ នៅ​ប្រទេស​បង់​ក្លា​ដេ​ស សិង្ហ​បុរី និង​តៃវ៉ាន់ ។

ខ្លា​ពពក មាន​មាឌធំ ជាង​ខ្លា​ភ្ញី​ថ្មកែវ មាន​សម្បុរ​ពណ៌​ក្រ​ម៉ៅ​ប្រផេះ នៅ​លើ​ដងខ្លួន មាន​ផ្ទាំង​ៗ​ដូច​ពពក​ធំ​ៗ នៅ​ផ្នែក​ខាងក្រោយ នៃ​ផ្ទាំង​នេះ​មាន​ពណ៌​ខ្មៅ​ខណ្ឌ ជា​កំណា​តើ​ដុំ​ផ្ទាំង​នីមួយ​ៗ ។ ដុំ​ផ្ទាំង​នេះ​រីក​ធំ នៅ​ផ្នែក​ខាងក្រោយ​ស្មា ដែល​ចាប់ផ្តើម ពីលើ​ខ្នង​រហូត​ស្ទើរ​ដល់​ក្រោម​ពោះ ។ ច្រមុះ​មាន​ពណ៌​ស និង​នៅ​លើ​ថ្ងាស មាន​ស្នាម​អិ​ច​តូច​ៗ ។ វា​មាន​កន្ទុយ​វែង អុច​ៗ នៅ​ផ្នែក​ខាង​គល់ និង​បន្ទះ​ៗ នៅ​ផ្នែក​ខាង​ចុង ។ វា​មាន​ជើង​ខ្លី ប្រអប់ជើង​ធំ​ងាយស្រួល​ក្នុង​ការ​ប្រតោង​មែកឈើ ។ ខ្លា​ពពក ងាយ​ក្នុង​ការ​ចំណាំ​ណាស់ គឺ​យើង​គ្រាន់តែ​ក្រឡេក​មើល​នៅ​លើ​ដងខ្លួន​របស់​វា​មាន ផ្ទាំង​ដុំ​សណ្ឋាន​ដូច​ដុំ​ពពក​រាយ​ពាសពេញ​ដងខ្លួន ៕
(​ប្រភព​ពី​ក្រសួងបរិស្ថាន​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ