រាជធានីភ្នំពេញ ៖ ក្រសួងទេសចរណ៍បានបញ្ជាក់ថា ការជ្រើសរើសយកទីក្រុងបាត់ដំបង ដើម្បីចូលជាសមាជិកបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកម្ហូបអាហារ ដោយសារតាមការវាយតម្លៃរបស់ក្រុមការងារជំនាញទីក្រុងបាត់ដំបងមកថា ខេត្តបាត់ដំបងសម្បូរទៅដោយម្ហូបអាហារជាច្រើនប្រភេទ និងច្រើនទម្រង់ដែលត្រូវបានរៀបចំ និងកែច្នៃ ដើម្បីចែករំលែក និងផ្សព្វផ្សាយលើឆាកអន្តរជាតិ ។
ក្រោយទទួលដំណឹងនេះ មានពលរដ្ឋដែលមានស្រុកកំណើតនៅខេត្តបាត់ដំបងបានបង្ហាញក្តីសប្បាយរីករាយ និងត្រេកអរជាមួយមោទនភាពចំពោះ ទឹកដីកំណើតរបស់ខ្លួន ដែលត្រូវរដ្ឋាភិបាលជ្រើសរើសដាក់បញ្ចូលជាបេក្ខភាព ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកម្ហូបអាហារ របស់ UNESCO ហើយអ្នកខ្លះបានលើកមកបង្ហាញនូវមុខម្ហូបមួយចំនួន ដែលជាអត្តសញ្ញាណខេត្តរបស់ខ្លួន ។
ពលរដ្ឋម្នាក់ដែលអះអាងថា ខ្លួនមានដើមកំណើតនៅខេត្តបាត់ដំបង និងមានឈ្មោះ មុន្នី បានឲ្យដឹងថា អាហារពេលព្រឹកប្រចំាខេត្តនេះ ពេញនិយម និងពិបាករកពិសារនៅតំបន់ផ្សេងនោះគីមីកូឡាមាននំបញ្ចុកទឹកផ្អែម ឬអំព្រឹក បាយដំណើប ទឹកគ្រឿងបាត់ដំបង ផ្អកត្រីប្រៃ អាម៉ុកត្រីបាត់ដំបង ប្រហុកខ្ទិះបាត់ដំបង ស៊ងវ៉ាក់ ឬសង្វាក់ ណែមត្រី បាញ់ហយ ។ ក្រៅពីម្ហូបអាហារដែលរៀបរាប់មិនទាន់អស់នៅបាត់ដំបង មានបង្អែម និងនំ និងផ្លែឈើមួយចំនួនទៀត ដូចជា ៖ នំដង្កូវ ក្រូចពោធិសាត់ ដូងខ្ទិះ ស្វាយខ្ទិះ ម៉ាក់ប្រេងម៉ាក់ប្រាង គូលែន ទុរេន និងមៀន ដែលកំពុងដំាដុះនៅស្រុកសំឡូតជាដើម ។
បណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៤ ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងចំណោមទីក្រុងមានភាពច្នៃប្រឌិតលើសមាសភាពសំខាន់ៗមួយចំនួន ដែលជាកត្តាគន្លឹះសម្រាប់ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព ។ បច្ចុប្បន្ន បណ្តាញនេះមានទីក្រុងចំនួន ២៤៦ នៅជុំវិញពិភពលោក ដែលចែកចេញជា ៧ ប្រភេទ ដែលរួមមាន ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកសិប្បកម្ម និងសិល្បៈប្រជាប្រិយ ។ ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកសិល្បៈនៃការផ្សព្វផ្សាយ ។ ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកខ្សែភាពយន្ត ។ ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែករចនាប័ទ្ម និងការតុបតែង ។ ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកម្ហូបអាហារ ។ ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកអក្សរសាស្ត្រ ។ ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកតន្ត្រី ។
ឯកឧត្តម ថោង ខុន បានបញ្ជាក់ថា ការចូលជាសមាជិកបណ្តាញនេះ នឹងអនុញ្ញាតឲ្យកម្ពុជា មានសិទ្ធិប្រើប្រាស់និម្មិតសញ្ញា (Logo) របស់បណ្តាញ ដើម្បីធ្វើការផ្សព្វផ្សាយសក្តានុពល និងភាពពិសេសៗរបស់ទីក្រុងខ្លួនទៅកាន់ទីក្រុងនានាជាសមាជិកបណ្តាញ និងក្នុងក្របខណ្ឌរបស់អង្គការយូណេស្កូ ក្នុងការលើកស្ទួយនូវវប្បធម៌ សក្តានុពលទេសចរណ៍ទីក្រុង និងមុខមាត់របស់ទីក្រុងជ័យលាភី ក៏ដូចជាប្រទេសជាតិទាំងមូល ពិសេសការតម្រង់ឆ្ពោះទៅរកការផ្សព្វផ្សាយទេសចរណ៍ម្ហូបអាហារ (Gastronomy Tourism) ដែលជានិន្នាការថ្មីរបស់ពិភពលោក ហើយដែលកម្ពុជា ពិសេសទីក្រុងបាត់ដំបងតែម្តង មានសក្តានុពលសម្បូរបែប ៕
ចែករំលែកព័តមាននេះ