ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូត ភូ​ថង ប្រកប​អាជីព 3​ក្នុង​ពេល​តែ​មួយ​ដើម្បី​រក្សា​លំនឹង​គ្រួសារ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ថានភាព​ប្រកួតប្រជែង​ក្នុង​មុខរបរ​លក់​ភី​ហ្សា​តាម​តូប​តូច​ៗ បាន​ធ្វើ​ឲ្យ​លោក​អូត ភូ​ថង និង​ភរិយា ពិបាក​ក្នុង​ការ​រក​ប្រាក់​ចំណេញ​យ៉ាង​ខ្លាំង​ក្នុង​មុខរបរ​មួយ​នេះ ដែល​បាន​ដំណើរការ​យ៉ាង​រលូន​កាលពី​ប៉ុន្មាន​ខែ​មុន ។ ដើម្បី​រក្សា​លំនឹង​គ្រួសារ ប្ដី​ប្រពន្ធ​មួយគូ​នេះ​បាន​បង្ខំចិត្ត​ប្ដូរ​កន្លែង​ទៅ​លក់​នៅ​ទីតាំង​ផ្សេង​ដែល​មាន​តម្លៃ​ឈ្នួល​កន្លែង​ខ្ពស់​ជាង​មុន និង​ត្រូវ​បន្ថែម​អាជីព​លក់​កាបូប​ក្បាល​គីប​ផ្សែផ្សំ​ទៀត​ផង​ក្នុង​ប៉ុន្មាន​ថ្ងៃនេះ ។

រាជធានី​ភ្នំពេញ ៖ ស្ថានភាព​ប្រកួតប្រជែង​ក្នុង​មុខរបរ​លក់​ភី​ហ្សា​តាម​តូប​តូច​ៗ បាន​ធ្វើ​ឲ្យ​លោក​អូត ភូ​ថង និង​ភរិយា ពិបាក​ក្នុង​ការ​រក​ប្រាក់​ចំណេញ​យ៉ាង​ខ្លាំង​ក្នុង​មុខរបរ​មួយ​នេះ ដែល​បាន​ដំណើរការ​យ៉ាង​រលូន​កាលពី​ប៉ុន្មាន​ខែ​មុន ។ ដើម្បី​រក្សា​លំនឹង​គ្រួសារ ប្ដី​ប្រពន្ធ​មួយគូ​នេះ​បាន​បង្ខំចិត្ត​ប្ដូរ​កន្លែង​ទៅ​លក់​នៅ​ទីតាំង​ផ្សេង​ដែល​មាន​តម្លៃ​ឈ្នួល​កន្លែង​ខ្ពស់​ជាង​មុន និង​ត្រូវ​បន្ថែម​អាជីព​លក់​កាបូប​ក្បាល​គីប​ផ្សែផ្សំ​ទៀត​ផង​ក្នុង​ប៉ុន្មាន​ថ្ងៃនេះ ។ អ​ញ្ចឹ​ង​ហើយ​ទើប​គេ​មើលឃើញ​ថា កីឡាករ​រូប​នេះ​កំពុង​ក្ដោប​ក្ដាប់​អាជីព​៣​ក្នុង​ពេល​តែ​មួយ គឺ​អ្នកលក់​ភី​ហ្សា​ផង ជា​អ្នកលក់​កាបូប​ក្បាល​គីប​ផង និង​ជា​គណៈកម្មការ​ផ្ដល់​ពិន្ទុ​នៅ​ប៉ុស្តិ៍​លេខ​៥​ផង ។

អ្នកស្រី​ម៉ែ​ន ដា​លី​យ៉ា ភរិយា​របស់​លោក​អូត ភូ​ថង បាន​ប្រាប់​កោះសន្ដិភាព​ថា ប្រមាណ​៤​ថ្ងៃ​មក​ហើយ​ដែល​អ្នកស្រី និង​ស្វាមី​បាន​សម្រេចចិត្ត​កុម្ម៉ង់​ទិញ​កាបូប​ក្បាល​គីប​មក​ពី​ប៉ោយ​ប៉ែ​ត យក​មក​ដាក់​លក់​បន្ថែម​ពីលើ​រទេះ​ភី​ហ្សា ដោយសារ​តែ​ស្ថានភាព​លក់​ភី​ហ្សា​របស់​ខ្លួន​កាន់តែ​ពិបាក​រក​ប្រាក់​ចំណេញ ។ កាលពីមុន​អ្នកស្រី និង​ស្វាមី​ដាក់​លក់​ភី​ហ្សា​នៅ​ខាង​មុខ​ច្រក​ម្ដុំ​ស្ដា​ត​ចាស់ មិនសូវ​ចោទ​រឿង​ជួល​កន្លែង​គេ​លក់​ក្នុង​តម្លៃ​ខ្ពស់​ប៉ុន្មាន​ទេ ប៉ុន្តែ​ដោយសារ​តែ​មុខរបរ​នេះ​មាន​គេ​លក់​ច្រើន ហើយ​ទីនោះ​ក៏​ច្រើន​កកស្ទះ​ចរាចរណ៍​ពិបាក​ឲ្យ​ភ្ញៀវ​ឈប់​ទិញ  ទើប​អ្នកស្រី និង​ស្វាមី សម្រេចចិត្ត​ទៅ​ជួល​កន្លែង​កែង​ត្រង់​កា​រ៉ា​សសាំង​តេ​ឡា ក្បែរ​រង្វង់​មូល​ជ្រោយចង្វា​(​រង្វង់​មូល​កាំភ្លើង​កួច​កាណុង​) ដើម្បី​លក់​វិញ ។ 

 

នៅ​ទីតាំង​ថ្មី អ្នកស្រី​ប្រាប់​ថា​ស្ថានភាព​លក់ដាច់​ក៏​មិន​ប្រសើរ​ជាង​មុន​ប៉ុន្មាន​ដែរ ប៉ុន្តែ​ចាត់​ទុក​ថា​មិន​ដូច​នៅ​កន្លែង​ចាស់​ដែល​ក្នុង​ថ្ងៃ​ខ្លះ​គឺ​ស្ទើរនឹង​រក​ចំណេញ​អត់​ឃើញ ។ អ្នកស្រី​ប្រាប់​ថា​កន្លែង​ដែល​ជួល​គេ​លក់​នេះ ត្រូវ​ចំណាយ​ក្នុង​មួយ​ខែ​៣០​ម៉ឺន​រៀល​ដែល​ធ្វើ​ឲ្យ​អ្នកស្រី​ទទួល​នូវ​សម្ពាធ​កាន់តែ​ខ្លាំង​ផង​ដែរ បើ​ទោះជា​ផល​ចំណេញ​អាច​ចាត់​ទុក​បាន​គ្រាន់បើ​ជាង​កន្លែង​ចាស់ ។ អ្នកស្រី​និយាយ​ថា ៖«​កាលពី​ខ្ញុំ​បើក​ដំបូង​លក់ដាច់ ប៉ុន្តែ​ឥឡូវ​គេ​លក់​ច្រើន​ពេក​គឺ​អត់​សូវ​ដាច់​ទេ សំណាង​ហើយ​ដែល​ខ្ញុំ​ប្ដូរ​មក​កន្លែង​ថ្មី​ហ្នឹង​កុំ​អី​យ៉ាប់ ប៉ុន្តែ​វា​ពិបាក​ត្រង់​ជួល​កន្លែង​គេ​ថ្លៃ​បន្តិច​!» ។ ក្នុង​មួយ​ថ្ងៃ​អ្នកស្រី​លក់​អស់​តែ​រង្វង់​ជាង​២០​បន្ទះ​ប៉ុណ្ណោះ ខណៈ​ដែល​ផល​ចំណេញ​ក៏​បាន​ត្រឹមតែ​ប្រមាណ​ជា​៣​ម៉ឺន​រៀល ដោយ​ទូទាត់​ថ្លៃ​កន្លែង និង​ឲ្យ​កូនក្មួយ​ដែល​ជួយ​លើក​នោះ​ទម្រាំ​បាន​លក់​គឺ​សឹង​មិន​គ្រប់​ចំណាយ​ឲ្យ​កូន​រៀន និង​ចំណាយ​ថ្លៃ​ម្ហូប​ប្រចាំ​ថ្ងៃ ។ អ្នកស្រី​បាន​សម្រេច​កុម្ម៉ង់​កាបូប​ក្បាល​គីប​មក​លក់​បន្ថែម ដើម្បី​ទប់ទល់​នឹង​ការ​ធ្លាក់​ចុះ​ចំណូល​ពីមុខ​របរ​លក់ភី​ហ្សា​នេះ បើ​ទោះជា​ការ​លក់ដូរ​នៅ​មិន​ទាន់​ប៉ាន់ស្មាន​ដឹង​ពី​ជំហាន​ទៅ​មុខ ។

 

ទោះបី​យ៉ាងណា​អ្នកស្រី​ប្រាប់​ថា មុខរបរ​ថ្មី​បាន​ទទួល​ផ្លែផ្កា​កាក់កប ទើប​ចេះ​តែ​ធ្វើ​ឲ្យ​អ្នកស្រី និង​ស្វាមី​មាន​កម្លាំងចិត្ត​ស្ទុះស្ទា ។ អ្នកស្រី​ពោល​ថា មុខរបរ​លក់​កាបូប ក៏​ជា​ចំណូលចិត្ត​មួយ​របស់​ខ្លួន​ផង​ដែរ ហើយដោយ​មានការ​ណែនាំ​ផង ទើប​អ្នកស្រី​សម្រេចចិត្ត​កុម្ម៉ង់​ទិញ​កាបូប​ល្អ​ៗ​ក្បាល​គីប​មក​ពី​ប្រទេស​ថៃ មក​លក់​ផ្សែផ្សំ​បែប​នេះ ។ កាបូប​ទាំងអស់​ត្រូវ​បាន​អ្នកស្រី និង​លោក​អូត ភូ​ថង ព្យួរ​លក់​រយីងរយោង​នៅ​ជាមួយ​តូប​លក់​ភី​ហ្សា ដោយ​មិនមែន​កន្លែង​ដាក់​តាំង​សមរម្យ​នោះ​ទេ ដែល​នោះ​គឺ​បណ្ដាល​មក​ពី​អ្នកស្រី​បញ្ជាក់​ថា មិន​មាន​លុយ​ជួល​កន្លែង​បន្ថែម​ដើម្បី​តាំង​លក់​។ អ្នកស្រី​បញ្ជាក់​ថា តាំងពី​ដាក់​លក់​មក​ក្នុង​មួយ​ថ្ងៃ​លក់​អស់​២​ទៅ​៣​កាបូប​ដែរ គឺ​មិន​ស្ងាត់​ណាស់ណា​នោះ​ទេ ។ អ្នកស្រី​និយាយ​ថា ៖«​ឥឡូវ​ហ្នឹង​មួយ​ថ្ងៃ​លក់​បាន​២-៣​ដែរ ហើយ​ខ្ញុំ​ទើបនឹង​ដាក់​លក់​បាន​៤-៥​ថ្ងៃ​ហ្នឹង គឺ​ឃើញ​ថា​គ្រាន់បើ ព្រោះ​ភាគច្រើន​អ្នក​ចូល​មក​រើស​កាបូប គេ​ជួយ​ទិញ​ភី​ហ្សា​យើង​អ​ញ្ចឹ​ង​ដែរ គឺ​វា​ដូច​ជា​យោងគ្នា​វិញ​!» ។

អ្នកស្រី​ម៉ែ​ន ដា​លី​យ៉ា បន្ត​ថា ស្វាមី​អ្នកស្រី​គឺ​លោក​អូត ភូ​ថង ឲ្យ​តែ​ទំនេរ​ពី​ការងារ​បង្វឹក​សិស្ស និង​ពី​ការងារ​ធ្វើ​គណៈកម្មការ​ប្រដាល់​នៅ​ប៉ុស្ដិ៍​លេខ​៥ មិន​ដែល​ខកខាន​ក្នុង​ការ​ជួយ​លក់ភី​ហ្សា និង​កាបូប​នោះ​ទេ ដោយ​លោក​គឺជា​អ្នក​ទទួល​កាបូប​ដែល​បាន​ដឹក​មក និង​ត្រូវ​ចាត់ចែង​យក​កាបូប​ទាំងនោះ​មក​ដាក់​លក់​នោះ​ផង ។ បើ​ថ្ងៃ​អនាគត​អ្នកស្រី​មាន​លុយ​គ្រប់គ្រាន់ នោះ​អ្នកស្រី​នឹង​បើក​លក់​កាបូប​ឲ្យ​បាន​ធំដុំ​ដោយសារ​តែ​អាជីព​មួយ​នេះ ក្រៅពី​មិន​ហត់​ដូច​លក់ភី​ហ្សា​ក៏​ជា​ចំណូលចិត្ត​តាំងពី​ណា​ពី​ណី ។ អ្នកស្រី​ពោល​ថា ៖«​ទាំង​លក់​ភី​ហ្សា និង​លក់​កាបូប​ហ្នឹង​ខ្ញុំ​ស្រឡាញ់​ដូច​គ្នា ព្រោះ​មុន​លក់​ភី​ហ្សា​ខ្ញុំ​ធ្លាប់​ធ្វើ​ចុងភៅ​តាម​ហាង​ច្រើន​ដែរ ប៉ុន្តែ​បើ​មាន​លុយ​ខ្ញុំ​ចង់​លក់​កាបូប​ជាង ព្រោះ​កាបូប​បើ​លក់ដាច់​ស្រួល​ចំណេញ​!» ។ អ្នកស្រី​រំពឹង​ថា មុខរបរ​ទាំង​ពីរ​នឹង​ជួយ​ឲ្យ​ជីវភាព​គ្រួសារ​មាន​ភាព​ប្រសើរ​ឡើង បន្ថែម​ពីលើ​ប្រាក់​ចំណូល​របស់​ស្វាមី​ដែល​បាន​ពី​ការ​ធ្វើ​ជា​គណៈកម្មការ​ប្រដាល់ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក​អូត ភូ​ថង បើ​ទោះជា​បាន​ក្លាយ​ខ្លួន​ជា​កីឡាករ​ល្បីឈ្មោះ​កាលពី​មួយ​រយៈ​មុន និង​មាន​ខ្សែក្រវាត់​រាប់​មិន​អស់​មុន​ពេល​ឈប់​ប្រដាល់ ក៏​ស្ថានភាព​រស់នៅ​របស់​លោក​មិន​ខុស​ពី​បងប្រុស​នោះ​ឡើយ ។ មក​ទល់​សព្វថ្ងៃ លោក​មិន​មានផ្ទះ​ផ្ទាល់ខ្លួន​នោះ​ទេ ដោយ​ត្រូវ​សហព័ន្ធ​ផ្តល់​កន្លែង​ឲ្យ​ស្នាក់​នៅ​ក្នុង​បរិវេណ​ស្ដា​ត​ចាស់ គ្រាន់​សម្រួល​បន្ទុក​ជួល​ផ្ទះ​គេ​នៅ ។ លោក​ចាប់ផ្ដើម​ធូរស្រាល​បន្ទាប់​ពី​ប៉ុស្តិ៍​លេខ​៥​អនុញ្ញាត​ឲ្យ​ធ្វើ​គណៈកម្មការ​ផ្ដល់​ពិន្ទុ ហើយ​ភរិយា​ក៏​បែកគំនិត​បើក​លក់​ភី​ហ្សា និង​ចុង​ក្រោយ​បន្ថែម​លក់​កាបូប ៕