ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថាធិប្បាយ៖ ទប់ស្កាត់កូវីដ នៅព្រំដែន ធ្វើបានជោគជ័យរួចមកហើយ

2 ខែ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ការទប់ស្កាត់​កូវីដ នៅតាមព្រំដែន​ ត្រូវបានរឹតបន្តឹងជាថ្មី នៅពេលនេះ ដោយក្រសួងសុខាភិបាល សម្រេច​កំណត់​ឲ្យ​រាល់អ្នកធ្វើដំណើរឆ្លងព្រំដែនទាំងអស់​ ពិសេស​មកពីប្រទេសថៃ ត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ…

ភ្នំពេញ៖ ការទប់ស្កាត់​កូវីដ នៅតាមព្រំដែន​ ត្រូវបានរឹតបន្តឹងជាថ្មី នៅពេលនេះ ដោយក្រសួងសុខាភិបាល សម្រេច​កំណត់​ឲ្យ​រាល់អ្នកធ្វើដំណើរឆ្លងព្រំដែនទាំងអស់​ ពិសេស​មកពីប្រទេសថៃ ត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ នៅខេត្តជាប់ព្រំដែននោះតែម្តង​ ដោយមិនអនុញ្ញាត​ឲ្យដឹកជញ្ជូន មកធ្វើចត្តាឡីស័កតាមភូមិឃុំ​ ដែលសាមីជននោះ រស់នៅទៀត​ឡើយ​។

ការ​អនុវត្តដូ​ច្នេះ​ បន្ទាប់ពី​មួយរយៈចុងក្រោយនេះ មានពលករខ្មែរយើង កាន់តែច្រើនឡើងៗ​ ដែលបាន​ឆ្លងដែន មកពីប្រទេសថៃ ត្រូវបាន​​រកឃើញ​កើតជំងឺកូវីដ១៩ ប្រភេទបំប្លែងថ្មី Delta ក្នុងពេលធ្វើចត្តាឡីស័ក នៅតាមខេត្ត​ ជាស្រុកកំណើតរបស់ខ្លួន​។

នោះគឺកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញករណីឆ្លងវីរុសកូវីដ១៩ ដែលបំប្លែងថ្មី ប្រភេទ B.1.617-2 ( Delta ) ចំនួន ៧នាក់ ដែលជាអ្នកដំណើរវិលត្រឡប់មកពីប្រទេសថៃ នៅខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ខេត្តសៀមរាប កំពង់ចាម និងខេត្តកំពត។ ថ្មីៗនេះទៀត អាជ្ញាធរខេត្តសៀមរាប ក៏បានប្រកាសពីការរកឃើញ​មេរោគកូវីដបំប្លែងថ្មី Delta លើពលករ​ខ្មែរ មកពីថៃផងដែរ​។

​ដូច្នេះហើយ បានជាកាល​ពីយប់​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធ​នឹងជំងឺកូវីដ១៩ លោក​ ម៉ម ប៊ុនហេង ​បានចេញលិខិត​ ជាការប្រញាប់ ជូនអភិបាលរាជធានីខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធ​នឹងជំងឺកូវីដ១៩ ថ្នាក់រាជធានីខេត្ត​។ ក្នុងលិខិត លោក​រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បាន​ជម្រាបជូនអភិបាលរាជធានីខេត្ត ពីការពង្រឹង​វិធានការ​ចត្តាឡីស័ក នៅតាមបណ្តាច្រកព្រំដែននានា និងការពង្រឹងវិធានការរដ្ឋបាលចាំបាច់នានា ដើម្បីប្រយុទ្ធទប់ស្កាត់​ការរីករាលដាលជំងឺកូវីដ១៩ បំប្លែងខ្លួន​ថ្មី ប្រភេទ Delta ក្នុងសហគមន៍​។ នោះគឺអ្នកដំណើរ​ទាំង​អស់ ពិសេសពលករ​មកពីប្រទេសថៃ​ ត្រូវធ្វើចត្តាឡីស័ក នៅតាមព្រំដែន ចាប់ពីថ្ងៃទី២៦មិថុនាតទៅ​។

​ក្នុង​លិខិត​ លោក​រដ្ឋមន្ត្រី ម៉ម ប៊ុនហេង លើកឡើងថា ដោយផ្អែក​តាមសភាពការណ៍នៃការរីករាលដាល​ជំងឺកូវីដ​១៩ បំប្លែងខ្លួនថ្មីប្រភេទ Delta មានវត្តមាននៅកម្ពុជា តាមរយៈការនាំចូល​ពីតាមបណ្តាច្រកព្រំដែន​នានា និងដើម្បី​បង្ការទប់ស្កាត់​ការរីករាលដាល​ជំងឺកូវីដ១៩ បំប្លែងខ្លួន​ថ្មីប្រភេទ Delta នេះ ចូលក្នុងសហគមន៍ គណៈកម្មការ​អន្តរក្រសួងប្រយុទ្ធនឹង​ជំងឺកូវីដ១៩ សូមធ្វើការណែនាំ ៣ចំណុច រួមមាន៖ ១-អនុវត្តវិធានការ​ធ្វើចត្តាឡីស័ក នៅមណ្ឌល​ធ្វើចត្តាឡីស័កមាត់ច្រកព្រំដែន ចំពោះអ្នកដំណើរទាំងអស់ ដែលធ្វើដំណើរ​ឆ្លងចូល​មកក្នុងប្រទេស​កម្ពុជា ដោយមិនធ្វើការដឹកជញ្ជូន​បន្ត ដើម្បីយក​ទៅធ្វើចត្តាឡីស័ក នៅតាមភូមិឃុំទៀតទេ។ គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ថ្នាក់រាជធានីខេត្ត ត្រូវសហការជាមួយអនុគណៈកម្មការ​គ្រប់គ្រង​ច្រកទ្វារចេញចូល និងការធ្វើចត្តាឡីស័ក ដើម្បីកំណត់ទីតាំង​មណ្ឌលចត្តាឡីស័ក ដែលនៅជិតបំផុត សម្រាប់ការធ្វើចត្តាឡីស័កនេះ។ ទន្ទឹមនឹងនេះ អាជ្ញាធរមានសមត្ថកិច្ច​ទាំងអស់ ត្រូវបង្កើន​ការយកចិត្តទុកដាក់​បន្ថែមទៀត ក្នុងការពង្រឹង​វិធានការចត្តាឡីស័កនេះ នៅតាមមណ្ឌល​​ឲ្យានម៉ឺងម៉ាត់​ ស្របតាមគោលការណ៍​ណែនាំ​ផ្នែកសុខាភិបាល​។

២-បង្កើន​ការពង្រឹង​ការគ្រប់គ្រង​ច្រកព្រំដែន ជាពិសេសច្រករបៀង ចៀសវាង​ការជ្រៀតឆ្លងព្រំដែន​ចូលមកក្នុងប្រទេស​កម្ពុជាដោយខុសច្បាប់ ដែលបង្ក​ហានិភ័យ​ក្នុងការចម្លង​មេរោគបំប្លែង​ខ្លួនថ្មី ចូលក្នុងសហគមន៍​។ គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ថ្នាក់រាជធានីខេត្ត ត្រូវចាត់វិធានការ​ពង្រឹង​ការគ្រប់គ្រង​ប្រជាពលរដ្ឋ ធ្វើដំណាកស្រុក ដែលវិលត្រឡប់​មកភូមិឃុំវិញ និងត្រូវអនុវត្ត​វិធានការ​ចត្តាឡីស័ក នៅមណ្ឌល​ចត្តាឡីស័ក​ឲ្យបានម៉ឺងម៉ាត់ ក្នុងករណី ដែលរកឃើញថា ប្រជាពលរដ្ឋទាំងនោះ ពុំបានឆ្លង​កាត់​ការធ្វើចត្តាឡីស័កនៅតាមព្រំដែន​។

៣-ពង្រឹង​ការអនុវត្តវិធានការ​ ទាំងផ្នែករដ្ឋបាល ទាំងផ្នែក​សុខាភិបាល សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់​នូវខ្សែរយៈ​ចម្លង​នៃមេរោគកូវីដ១៩ ប្រភេទថ្មីនេះ នៅតាមមូលដ្ឋាន ដែលត្រូវបាន​រកឃើញអ្នក ដែលបានឆ្លងជំងឺនេះ។

គេនៅចាំបានថា អំឡុងពេលប្រទេសថៃ ផ្ទុះការឆ្លងកូវីដ​ក្នុង​សហគមន៍ជាថ្មីទៀត កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានដាក់​ចេញ​នូវវិធានការរឹតបន្តឹងតាមព្រំដែន​ ដោយ​ត្រូវពិនិត្យ​សុខភាព ធ្វើតេស្តរកកូវីដ និងធ្វើចត្តាឡីស័ក លើអ្នកដំណើរទាំងអស់នៅតាមព្រំដែន ពិសេសពលករខ្មែរយើង ដែលវិលត្រឡប់មកពីប្រទេសថៃ​។ ការធ្វើចត្តាឡីស័ក លើអ្នកដំណើរឆ្លងដែន ត្រូវបាន​ធ្វើឡើង នៅតាមខេត្តជាប់ព្រំដែន​ទាំងនោះតែម្តង​។

ប៉ុន្មានខែក្រោយមក អំឡុងខែ​មីនា ឆ្នាំ២០២១ ដោយសារតែបន្ទុក​​របស់ខេត្តនិមួយៗ ជាប់ព្រំដែន​ថៃ ច្រើនពេកលើ​ក្រុមអ្នកធ្វើចត្តាឡីស័ក ទើបមានគោលការណ៍ជាថ្មី ឲ្យ​អ្នកដែល​ពិនិត្យ​ធ្វើតេស្ត​ ពេលឆ្លងព្រំដែន មិនមានកូវីដទេ គឺត្រូវបានអាជ្ញាធរខេត្តសាមី​និមួយៗ រៀបចំដឹកជញ្ជូន​តាមរថយន្តយោធា យកអ្នកទាំងនោះ ទៅធ្វើចត្តាឡីស័ក​ នៅតាមភូមិឃុំ ស្រុក ឬខេត្ត ដែល​សាម៉ីជនទាំង​នោះ រស់នៅ។

យ៉ាងណាក៏ដោយ វិធានការរឹតបន្តឹង​កូវីដ​ឆ្លងដែនពេល​​នេះ បានធ្វើឡើង ស្របពេល​ដែល​ផ្ទៃ​ក្នុងប្រទេស​យើង បន្តឆ្លងរាលដាល​ជំងឺកូវីដ១៩ ជាបន្តបន្ទាប់ រៀងរាល់ថ្ងៃ មិនថា នៅភ្នំពេញ និងនៅតាមបណ្តាខេត្តនានា នៅ​ទូទាំងប្រទេស​នោះទេ​។ មេរោគបំប្លែងថ្មី ប្រភេទ Delta ដ៏កាចសាហាវ ដែលមានប្រភព​មកពីប្រទេសថៃ ក៏ត្រូវបាន​រកឃើញ​ថែមទៀត លើពលករ​ខ្មែរ មកពីប្រទេសថៃ ហើយធ្វើចត្តាឡីស័ក​ នៅតាមខេត្ត ដែល​ជនទាំងនោះ​ រស់នៅ​។

ដូច្នេះការប្តូរ​គោលនយោបាយ​ធ្វើចត្តាឡីស័ក ដោយ​ឲ្យ​អ្នកដំណើរទាំងអស់ ធ្វើចត្តាឡីស័ក ១៤ថ្ងៃ នៅតាម​ខេត្តជាប់ព្រំដែនថៃ ត្រូវគេមើលឃើញថា កម្ពុជា​នឹង​អនុវត្ត​បាន​ដោយងាយ ហើយជោគជ័យ​បន្តទៀត លើការទប់ស្កាត់​ មិនឲ្យ​មេរោគកូវីដឆ្លងដែន រីកសាយភាយ​ តាមរយៈការដឹកជញ្ជូន​មនុស្សពីព្រំដែន ចូលដល់ផ្ទៃក្នុងប្រទេស ក្នុងពេលនៅផ្ទៃក្នុងសព្វថ្ងៃ ក៏ឆ្លងរាតត្បាតខ្លាំង ហើយខ្លះ រកប្រភព​មិនដឹងថា ឆ្លងមកពីណាថែមទៀត​។

ដើម្បីសម្រាល​បន្ទុក​ចំណាយ​លើក្រុមពលករខ្មែរ និងអ្នកដំណើរមកពីថៃ ដែលត្រូវធ្វើចត្តាឡីស័ក នៅតាមខេត្តជាប់ព្រំដែនថៃ គឺ​សាមីខេត្ត​ ដែលពលករ ឬអ្នកដំណើរទាំងនោះ រស់នៅ ត្រូវតែ​ទទួលខុសត្រូវ​រៀងៗខ្លួន ព្រោះថា កន្លងមក និងមកដល់សព្វថ្ងៃ រាជរដ្ឋាភិបាល បានទម្លាក់ថវិការាប់រយលានរៀល ដល់បណ្តាខេត្តទាំងអស់ សម្រាប់ចំណាយ​លើការធ្វើចត្តាឡីស័ក​នេះឯង​។

តាមខេត្តជាប់ព្រំដែនថៃ ត្រូវ​បង្កើន​ និងបែងចែក​កន្លែង​ចត្តាឡីស័ក សម្រាប់​ខេត្តរាជធានី​ទាំង ២៥ នៅតាម​មណ្ឌលចត្តាឡីស័ក ដែលខេត្តជាប់ព្រំដែនថៃ បានរៀបចំ​​។ ឧទាហរណ៍ថា នៅមណ្ឌល​ចត្តាឡីស័កមួយ ដែលយកសាលារៀន ធ្វើជាកន្លែង​ចត្តាឡីស័ក គឺ​ចែ​កអគារ ឬចែកបន្ទប់សាលារៀននោះ សម្រាប់​ខេត្តរាជធានីទាំង ២៥​ ហើយ​បែងចែក​អ្នកធ្វើចត្តាឡីស័ក តាមខេត្ត​និមួយៗ។ ខេត្តនិមួយៗ សហការជាមួយខេត្តជាប់ព្រំដែន​ រ៉ាប់រង​លើការចំណាយ​ប្រចាំថ្ងៃ ថ្លៃម្ហូបអាហារ អំណោយ ឬក៏ថ្នាំពេទ្យ ជាដើម នៅក្នុងអំឡុងពេលធ្វើចត្តាឡីស័ក​ ១៤ថ្ងៃ​។ លុះពេលចប់​ចត្តាឡីស័កហើយ ខេត្តនិមួយៗ រៀបចំដឹកជញ្ជូន​ពួកគាត់ ទៅកាន់លំនៅដ្ឋាន ដូចបានអនុវត្តកន្លងមក​។

ដូច្នេះ​ខេត្តនិមួយៗ នៅតែមានភារកិច្ច​ និងការទទួលខុសត្រូវ​លើ​អ្នកដំណើរ ដែលត្រូវធ្វើចត្តាឡីស័កដដែល។ គ្រាន់តែចាប់ពីពេលនេះតទៅ ត្រូវបែងចែក​មន្ត្រីទទួលបន្ទុក ទៅប្រចាំការនៅតាមខេត្តជាប់ព្រំដែន​ ពិសេសនៅជាប់ប្រទេសថៃ និង​ខេត្ត ដែលមានអ្នកឆ្លងដែនច្រើន ហើយ​សហការជាមួយ​ខេត្តជាប់ព្រំដែន រៀបចំ​ចាត់ចែង​​ការធ្វើចត្តាឡីស័ក​ដូចពេលកន្លងមកឡើងវិញ​។ 

សម្រាប់អ្នកដំណើរ ឆ្លងដែន ដែល​ត្រូវបានពិនិត្យរកឃើញ​កូវីដ នៅពេលមកដល់​មាតុប្រទេស គឺ​នៅតែត្រូវបាននាំទៅសម្រាកព្យាបាល​ តាមមន្ទីរពេទ្យខេត្តជាប់ព្រំដែនទាំងនោះ ដូចអ្វីដែលបានអនុវត្តកន្លងមកដដែល​។

សរុបមក ការរៀបចំ​ធ្វើចត្តាឡីស័ក​លើអ្នកដំណើរទាំងអស់ នៅតាមខេត្ត​ព្រំដែន ជាការងារ​ដែល​អាជ្ញាធរខេត្តជាប់ព្រំដែន និងបណ្តាខេត្តរាជធានី ដែល​អ្នកឆ្លងដែនរស់នៅ​ បាន​អនុវត្តដោយជោគជ័យ​រួចហើយកន្លងមក​។ អ្វីដែលគេនៅតែ​បារម្ភ​ ហើយត្រូវ​តែខិតខំ​ទប់ស្កាត់​នោះ គឺការលួចឆ្លងដែនខុសច្បាប់ គេចពីការធ្វើចត្តាឡីស័ក​។

ប៉ុន្តែ​បុគ្គល​ ដែលគេចវេះ មិន​ឆ្លងដែនតាមច្រកព្រំដែនស្របច្បាប់ ចាប់ពីពេលនេះតទៅ គួរតែត្រូវមានទោស។ ពោលគឺមានទោសទាំង​អ្នកលួចឆ្លងដែន និងទាំង​មេខ្យល់ ដែលកន្លងមក យើងដាក់ទោសតែលើមេខ្យល់​ប៉ុណ្ណោះ​។

កន្លងមក​ ពេលលួច​ឆ្លងដោយខុសច្បាប់​ចេញពីថៃ បើសិនជា​កងកម្លាំងសមត្ថកិច្ចយើង ចាប់បាននៅព្រំដែន គឺ​ទាំងមេខ្យល់ និងទាំង​អ្នកលួចឆ្លងដែន ត្រូវនាំទៅធ្វើតេស្ត និងធ្វើចត្តាឡីស័ក ហើយ​មេខ្យល់ ត្រូវបានបញ្ជូនទៅតុលាការ កាត់ទោស​។ រីឯ​អ្នកលួចឆ្លងដែន ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ក។ តែចាប់ពីពេលនេះតទៅ គួរតែអនុវត្តនូវការផ្តន្ទាទោស​ទាំងលើ​អ្នកលួចឆ្លងដែន​ដែរ ព្រោះច្បាប់បានកំណត់រួចហើយថា អ្នកគេចវេះ​មិនធ្វើចត្តាឡីស័ក ត្រូវមានទោស ដោយការផាកពិន័យ​ជាប្រាក់ផង ហើយបើ​សិនជារកឃើញថា កើតកូវីដ គឺត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ នៅពេលព្យាបាល​កូវីដជាសះស្បើយ​។

កន្លងមក ករណីគេចវេះ មិនធ្វើចត្តាឡីស័កនេះ ក៏ត្រូវបាន​អនុវត្តរួចមកហើយ លើអ្នកជំងឺកូវីដ១៩ នៅភ្នំពេញ។ នោះគឺក្រោយព្យាបាល​ជាសះស្បើយកូវីដហើយ ត្រូវបាននាំទៅដាក់ពន្ធនាគារ​ ចំពោះទង្វើគេចវេះ ​មិនធ្វើចត្តាឡីស័ក​នេះឯង​៕

Picture
Picture
Picture